ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​បឋម​នៅ​ពេល​ខាងមុខ ​អាច​​ពង្រឹង​បេក្ខជន​ប្រធានា​ធិបតីនាំ​មុខ


លោក​ស្រី​ គ្លីនតុន ​ជួប​ជាមួយ​អ្នក​ចូល​រួម​យុទ្ធនាការរបស់​លោក​ស្រី​ កាល​ពីថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៦ នៅ​សាកលវិទ្យាល័យ​ Bridgeport ក្នុង​ក្រុង Bridgeport រដ្ឋ​ connecticut។
លោក​ស្រី​ គ្លីនតុន ​ជួប​ជាមួយ​អ្នក​ចូល​រួម​យុទ្ធនាការរបស់​លោក​ស្រី​ កាល​ពីថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៦ នៅ​សាកលវិទ្យាល័យ​ Bridgeport ក្នុង​ក្រុង Bridgeport រដ្ឋ​ connecticut។

ការ​ប្រកួត​ប្រជែង​ដើម្បី​ឲ្យបាន​ទទួល​ការ​តែងតាំង​ជាបេក្ខជន​ប្រធានា​ធិបតី ឡើង​កំដៅ​​នៅ​សប្តាហ៍​នេះ​នៅ​ពេល​ដែល​រដ្ឋ​៥​នៅ​ភាគ​ឦសាន្ត ​ធ្វើ​ការ​បោះ​ឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ។​

ការ​ប្រកួត​ប្រជែង​ដើម្បី​ឲ្យបាន​ទទួល​ការ​តែងតាំង​ជាបេក្ខជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​ឡើង​កំដៅ​យ៉ាង​ខ្លាំង​នៅ​សប្តាហ៍​នេះ​នៅ​ពេល​ដែល​រដ្ឋ​៥​នៅ​ភាគ​ឦសាន្ត ​ធ្វើ​ការ​បោះ​ឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ។​ ភាព​មិន​ច្បាស់​លាស់មាន​កម្រិត​ខ្ពស់​បំផុត​នៅខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ពេល​ដែល​ពួក​អ្នក​បោះឆ្នោត ​អាច​បង្កើន​ឬ​បំផ្លាញ​សេចក្តី​សង្ឃឹម​របស់​លោក ​Donald Trump បេក្ខជន​នាំ​មុខ​ដើម្បី​បាន​ទទួល​ការ​តែងតាំង។

បន្ទាប់​ពីបាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​ធំ​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​ដែល​ជា​រដ្ឋ​កំណើត​របស់​លោក ​ពាណិជ្ជករ​ Donald Trump ​កំពុង​សង្ឃឹម​ថា ​នឹង​ទទួល​ជ័យ​ជម្នះ​នៅ​បណ្តា​រដ្ឋ​ជិតៗ​នោះ​ដើម្បី​បង្កើន​ការ​នាំ​មុខ​ចំនួន​ប្រតិភូ​យ៉ាង​ខ្លាំង​របស់​លោក។ សារ​របស់​លោក ​នៅ​ដដែល គឺ​«គ្រប់​ប្រទេស​ទាំងអស់​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​យើង ​គេ​បាន​កេង​ប្រវ័ញ​យើង ​ដូចយើង​ជា​មនុស្ស​ល្ងង់​អញ្ចឹង។​ ហើយ​តើ​លោក ​អ្នក ​ដឹងទេ? ​ការណ៍​នេះ​នឹង​ផ្លាស់​ប្តូរ‍»។

ខណៈ​ដែល​លោក​ Trump​ ស្វះស្វែងឲ្យ​បានទទួលការ​តែងតាំងជា​បន្ទាន់ ​លោក​ Ted Cruz ​ដែល​ជា​គូប្រកួត​ប្រជែង​កំពុង​ប្រុង​ប្រៀប​សម្រាប់​ការប្រកួត​ប្រជែង​យក​ប្រតិភូ​ឡើង​វិញ​នៅ​ក្នុងសន្និបាត​គណបក្ស​នៅ​ខែ​កក្កដា។ ដោយ​លើក​ស្ទួយ​ប្រតិភូ​ដែល​ស្មោះ​ត្រង់​នឹង​លោក​ លោក Cruz ​នឹង​បង្កើន​ឱកាស​ជា​អតិបរមានៅ​ក្នុង​ករណី​មិនមាន​អ្នក​ទទួល​បាន​ការតែង​តាំង​ជា​បេក្ខជន​ប្រធានា​ធិបតី ​បាន​ត្រូវ​ជ្រើស​រើស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​នៅ​សន្និបាត​គណបក្ស។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ជា​គណបក្ស​សាធារណរដ្ឋ ​យើង​ចង់​ឈ្នះ។ ហើយ​ប្រសិន​បើ​លោក Donald Trump ជា​អ្នក​បាន​ទទួល​ការតែង​តាំង ​លោកស្រី ​Hillary Clinton ​នឹង​ឈ្នះ។ លោក​ស្រី​ នឹង​ឈ្នះ​ដោយ​ចំនួន​ច្រើន​លើស​លប់។ វា​ជា​ជ័យ​ជម្នះ​យ៉ាង​ខ្លាំង​សម្រាប់​លោក​ស្រី​ Hillaryប្រសិន​បើ​លោក Donald Trump ​ជា​អ្នក​បាន​ទទួល​ការតែង​តាំង​ជាបេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នោះ‍»។

ក៏ប៉ុន្តែ ​លោក​ Cruz ​ដែល​ជា​សមាជិក​ព្រឹ​ទ្ធសភា​រដ្ឋ​ភាគ​ខាង​ត្បូង​នោះ ​ត្រូវ​ការ​សំឡេង​ឆ្នោត​ពី​ពួក​ប្រឆាំង​លោក ​Trump ​ដើម្បី​ទទួល​ការតែង​តាំង។ នៅ​ក្នុង​តំបន់​ភាគ​ឦសាន្ត ​លោកJohn Kasich ​អភិបាល​រដ្ឋ Ohio មាន​ប្រៀប​ខាង​ភូមិ​សាស្រ្ត។ រដ្ឋ​របស់​លោក ​មាន​ព្រំ​ដែន​ជាមួយ​រដ្ឋ ​Pen​nsylvania ​ដែល​មាន​ប្រតិភូ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម​ពហុរដ្ឋ​នៅ​ថ្ងៃ​អង្គារ​នេះ។

«លោក ​អ្នក ​នឹង​ទៅ​ចូលរួមសន្និបាត​គណបក្ស។ គ្មាន​នរណា​ម្នាក់​នឹងមាន​ប្រតិភូ​គ្រប់​គ្រាន់​ទេ។​ ហើយ ​ពួកគេ​នឹង​ពិនិត្យ​មើល​ហើយ​សម្រេច​លើ​បញ្ហា២៖ ​ទី​មួយ ​តើ​នរណា​អាច​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដូវ​ស្លឹក​ឈើជ្រុះ? ហើយ​ទី២ ថា​តើ​នរណា ​អាចជា​ប្រធានា​ធិបតី​របស់​សហរដ្ឋ​អាមេរិក‍»។

ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​វិញ ​ប្រតិភូ​របស់​លោកស្រី ​Hillary Clinton​ អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាននាំ​មុខ ក៏ប៉ុន្តែ មិន​បាន​ប្រតិភូ​សំឡេងច្រើន​លើស​លប់​នោះទេ។ ប៉ុន្តែ សមាជិក​ព្រឹទ្ធ​សភា ​Bernie Sanders ​មិន​បោះ​បង់​ចោល​ការ​ប្រកួត​ប្រជែង​ទេ។

«វា​យឺតពេល​ហើយ​សម្រាប់​ប្រព័ន្ធ​នយោបាយ​បច្ចុប្បន្ន​ឬ​ប្រព័ន្ធ​សេដ្ឋកិច្ច​បច្ចុប្បន្ន។ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ ​ពលរដ្ឋនៅ​រដ្ឋ​ម៉ារីឡេន ​អាច​និយាយ​ថា ​វាជា​ពេល​វេលា​សម្រាប់​បដិវត្តន៍​ខាង​នយោបាយ​ហើយ‍»។

នៅ​ពេល​ទន្ទឹម​គ្នា​នេះ ​លោក​ស្រី​ គ្លីនតុន ​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការវាយ​ប្រហារ​ពួក​គណបក្ស​សាធារណរដ្ឋ។

«អស់​លោក អ្នក ​ដឹង​ហើយ ​ពួកគណបក្ស​សាធារណរដ្ឋទាំង​អស់​នាំ​គ្នានិយាយដូចៗ​គ្នា​ថា ​ការងើប​ឡើង​វិញ​នូវ​សេដ្ឋ​កិច្ច​មានការ​យឺតយ៉ាវ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ពួកគេ​ហ៊ាន​និយាយ​បែប​នេះ​ផង។ យើង​មិន​ចាំបាច់​ត្រូវការ​ការ​ស្តាសេដ្ឋ​កិច្ច​ទេ។ប្រសិនបើ​ពួកគេ​មិន​បាន​បំផ្លាញ​សេដ្ឋ​កិច្ច​កាល​ពី​ដំបូង​ទេ​នោះ‍»។

ការ​ប្រកួត​ប្រជែងការ​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ​នេះ ​ជារង្វាន់​ប្រតិភូ​ដ៏​ធំបំផុត​សម្រាប់​រយៈ​ពេល​៦​សប្តាហ៍​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG