ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​វៀតណាម​ប្រកាន់ខ្ជាប់​ភាព​សកម្ម​លើ​ផ្នែក​បរិស្ថាន


សមាជិក​ក្រុម​គាំពារ​បរិស្ថាន​ The Carp Team ឬ​ក្រុមត្រី​ព្រួល​ បាន​ធ្វើ​ការ​ជំរុញ​ឲ្យ​ក្រុម​អ្នក​បើកបរ​ទោចក្រយានយន្ត​តាម​បណ្តោយ​ស្ពាន​ Long Bien មិន​ឲ្យ​បោះ​ចោល​ថង់​ប្លាស្ទិច​នៅ​ក្រុង​ Hanoi នា​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៤​។
សមាជិក​ក្រុម​គាំពារ​បរិស្ថាន​ The Carp Team ឬ​ក្រុមត្រី​ព្រួល​ បាន​ធ្វើ​ការ​ជំរុញ​ឲ្យ​ក្រុម​អ្នក​បើកបរ​ទោចក្រយានយន្ត​តាម​បណ្តោយ​ស្ពាន​ Long Bien មិន​ឲ្យ​បោះ​ចោល​ថង់​ប្លាស្ទិច​នៅ​ក្រុង​ Hanoi នា​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៤​។

ការ​ផ្លាស់ប្តូរ​របស់​វៀតណាម​ពី​ភាព​ក្រីក្រ​ មក​សេដ្ឋកិច្ច​ដែល​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​មួយ​ បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​លើ​បរិស្ថាន​ ប៉ុន្តែ​អ្នក​ដែល​នឹង​ទទួល​រង​ផលវិបាក​ខ្លាំង​ជាង​គេ​ គឺ​ជន​វ័យក្មេង​ ដែល​កំពុង​តែ​ចាត់​វិធានការ​ផ្សេងៗ​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ។​ អ្នកស្រី Marianne Brown ​រាយការណ៍​ អំពី​រឿង​នេះ​ពី​ទីក្រុង​ហាណូយ ។

នៅ​តាម​ផ្លូវ​ដើរ​ឆឆេតឆឆូត​តាម​បណ្តោយ​ស្ពាន​ Long Bien ដែល​ជា​កន្លែងដ៏ល្បី​ឈ្មោះ​មួយ​នៅ​ទីក្រុង​ហាណូយ​ គេ​ឃើញ​មាន​មនុស្ស​ដែល​ពាក់​អាវ​យឺត​ដូចគ្នា​មួយ​ចំនួន។ ពួកគេ​បាន​ហៅ​ខ្លួន​គេ​ថា​ «The Carp Team» ឬ​ក្រុម​ត្រី​ព្រួល ហើយ​នាំ​គ្នា​កាន់​បដា​ដែល​មាន​អក្សរ​ថា​ «​កុំ​ទម្លាក់​ថង់​នីឡុង​ជាមួយ​នឹង​ត្រី»។

នាង Le Thi Lai ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​។ នាង​បាន​និយាយ​ថា ប្រាំ​ពីរ​ថ្ងៃ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ វា​ជា​ប្រពៃណី​សម្រាប់​ជនជាតិ​វៀតណាម​ នៅ​ក្នុង​ការ​លែង​ជាង​បីក្បាល​ដើម្បី​អម​ជាមួយ​នឹង​ ជំនៀងផ្ទះ ដែល​ជា​ទេវតា​មួយ​ដែល​នៅ​ចង្រ្កាន​បាយ​ នៅ​ពេល​ដែល​ទេវតា​នោះ​ត្រឡប់​ទៅ​រាយការណ៍​ប្រាប់​អធិរាជ​ថ្មយក់​ នៅ​ស្ថាន​សួរគ៌។

នាង​ Lai​ បាន​បន្ត​ថា​ បញ្ហា​នោះ​គឺ​ថា​ មនុស្ស​ជា​ច្រើន​បាន​បោះ​ទាំង​ថង់​ប្លាស្ទិកចូល​ក្នុង​ទឹកជាមួយ​ត្រី​ដែរ​។ នេះ​មិន​ត្រឹម​តែ​បំពុល​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​អាច​សម្លាប់​ត្រី​ផង​ដែរ។​ ដំណោះស្រាយ​របស់​ក្រុម​ Carp Team​ គឺ​ប្រមូល​ថង់ប្លាស្ទិក​ទាំង​នោះ​ដើម្បី​ច្នៃ​ប្រើប្រាស់​ឡើង​វិញ និង​ឲ្យ​មនុស្ស​ចុះ​ដល់​មាត់​ទឹក​ ដើម្បី​អាច​លែង​ត្រី​ទាំងនោះ​នៅ​ទី​នោះ​។

នាង Hoang Hong Vi និយាយ​ថា​ ក្រុម​សិស្សនិស្សិត​មិន​ត្រឹម​តែ​មាន​ភាព​សកម្ម​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​តែប៉ុណ្ណោះ​ទេ​។

នាង​បាន​លើក​ឡើង​ថា​ ពួកគេ​ក៏​ធ្វើ​ការ​គាំទ្រ​ដល់​កម្មវិធី​ Earth Hour និង​កំពុង​ធ្វើ​ការ​រៀបចំ​កម្មវិធី​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​នៅ​ក្នុង​ខែ​មិថុនា​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​ការ​ធ្វើ​ឲ្យ​ទឹក​កខ្វក់។ ការងារ​របស់​ពួកគេ​ជា​ផ្នែក​មួយ​ នៃ​ភាព​ជា​សកម្មជន​ថា្នក់​មូលដ្ឋាន​ ដែល​បាន​រីក​ធំ​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ស្រប​ជាមួយ​នឹង​កំណើន​នៃ​ការ​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​បរិស្ថាន​។

កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​វៀតណាម​បាន​បង្ក​ផលវិបាក​ខ្លាំងក្លា​មក​លើ​បរិស្ថាន​ ជាមួយ​នឹង​ផ្លូវទឹក​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​កខ្វក់​ និង​ការ​បាត់​បង់​ជីវៈ​ចម្រុះ​យ៉ាង​ច្រើន​។ ប្រទេស​វៀតណាម​ មាន​ចំណាត់ថ្នាក់​១៣៦ នៅ​ក្នុង​ចំណោម​ ១៧៨​ប្រទេស​ក្នុង​សន្ទស្សន៍​សកម្មភាព​ផ្នែក​បរិស្ថាន​ឆ្នាំ ២០១៤​ (2014 Environmental Performance Index) ដែល​ក្នុង​នោះ​ប្រទេស​វៀតណាម​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៧០ សម្រាប់​គុណភាព​ខ្យល់​។ ការ​នេះ​នាំ​ឲ្យ​ចាត់​ចំណាត់ថ្នាក់​សម្រាប់​សកម្មភាព​បរិស្ថាន​សរុប​របស់​វៀតណាម​ស្ថិត​នៅ​ក្រោយ​ប្រទេស​ចិន​ ដែល​មាន​ចំណាត់ថ្នាក់​លេខ​ ១១៨​ ប៉ុន្តែ​ខ្យល់​កខ្វក់​នៅ​វៀតណាម​មិន​មាន​សភាព​អាក្រក់​ខ្លាំង​ដូចនៅ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ប្រទេស​ចិន​ដែល​ មាន​ផ្សែង​អព្ទ​រហូត​ដល់​ឈ្លក់​នោះ​ទេ។

មន្រ្តី​ជាន់​ខ្ពស់នៃកម្មវិធី​របស់​មូលនិធិអាស៊ី​សម្រាប់​បរិដ្ឋាន លោក Nguyen Tri Thanh បាន​មាន​ប្រសាសន៍​ថា​ ដោយសារ​បញ្ហា​បរិស្ថាន​មាន​សភាព​កាន់​តែ​ដុនដាប​ទៅ​នៅ​ក្នុង​ទីក្រុង​ធំៗ​ ដូចជា​ទីក្រុង​ហាណូយ​ និង​ ហូជីមិញ ជាដើម ប្រជាជន​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​បរិស្ថាន​ ពី​ព្រោះ​វា​ប៉ះពាល់​ទៅ​ដល់ជីវិត​ និង​កូនចៅ​របស់​ពួកគេ​។

«នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ទីក្រុង​ហាណូយ​ អ្នក​អាច​ឃើញ​មនុស្ស​វ័យ​ក្មេង​ជាមួយ​ខ្លះ កាន់​បដា​ដែល​និយាយ​ថា​ បើ​លោក​អ្នកបញ្ឈប់​ម៉ូតូ លើស​ពី ​៣០​វិនាទី​ សូម​មេត្តា​ពន្លត់​ម៉ាស៊ីន​ដើម្បី​សន្សំសំចៃ​ថាមពល​ និង​ជួយ​ដល់​បរិស្ថាន​។ ពួកគេ​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​សកម្មភាព​របស់​មនុស្ស​ទូទៅ។ ពួកគេ​ពិត​ជា​ព្យាយាម​លើកកម្ពស់​សកម្មភាព​ជួយ​សំអាត​បរិស្ថាន​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ធំៗ​នា​ពេល​ឥឡូវ​នេះ»។

ការ​បំពុល​ខ្យល់់​ គឺ​ជា​ការព្រួយបារម្ភ​ជាក់លាក់​មួយ​សម្រាប់​គ្រួសារ​នានា​នៅ​ក្នុង​ទីក្រុង​ធំៗ​។ ម៉ាស៊ីន​ចំហេះ​នៅ​តាម​រថយន្ត​ និង​ទោចក្រយានយន្ត​ ជាកត្តា​បង្ក​ឲ្យ​មាន​ការ​បំពុល​ឈាន​មុខ​គេ​នៅ​វៀតណាម​ ដែល​បញ្ហា​នេះ​នឹង​អាច​មាន​សភាព​កាន់​តែ​ដុនដាប​ឡើង​នៅ​ពេល​ដែល​ចរាចរណ៍​បាន​កើន​ឡើង​។ យោងទៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក មាន​ទោចក្រយានយន្ត​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ចំនួន​ ៣៧​លាន​គ្រឿង​នៅ​ក្នុង​ប្រទេស​ ដែល​កើន​ពី​៣២លាន​គ្រឿង​នៅក្នុង​ឆ្នាំ​ ២០០៨។

នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល វិធានការ​មួយ​របស់​រដ្ឋាភិបាល​នឹង​ ពង្រឹង​ស្តង់ដារ​នៃ​ការ​បញ្ចេញផ្សែង​ពុល សម្រាប់​យានជំនិះ​នៅ​ក្នុង​ឆ្នាំ​ ២០១៧ និង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ ឆ្នាំ​ ២០២២។ ស្តង់ដារ​ដែល​កាន់​តែ​មាន​ភាព​តឹងរឹង​នេះ​ ត្រូវ​បាន​កំណត់​ដោយ​សហភាព​អឺរ៉ុប​ ដើម្បី​គ្រប់គ្រង​ទៅ​លើ​សារធាតុ​បំពុល​ខ្យល់​ ដែល​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​។

ទោះ​ជារដ្ឋាភិបាល​វៀតណាម​ទទួល​ស្គាល់​បញ្ហា​នេះ​ក៏ដោយ ក៏​ការ​ដោះស្រាយ​ការ​បំពុល​ខ្យល់​មិន​មែន​ជា​អាទិភាព​នា​ពេល​នេះ​ ទេ ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ផោ្តត​ការ​ប្រឹងប្រែង​ខ្លាំង​ជាង​នៅ​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​ទឹក​កខ្វក់ នេះ​បើ​តាម​សម្តី​របស់​លោក​ Thanh នៃ​មូលនិធិ​ Asia។

«​ខ្ញុំ​ស្គាល់​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​តឹងរឹង​ជាង​មុន​ទៅ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្វល់​កខ្វក់​ ប៉ុន្តែ​ច្បាប់​នោះ​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ។ ខ្ញុំ​គិត​ថា​ នា​ពេល​អនាគត​ ក្រសួង​បរិស្ថាន​នឹង​ធ្វើ​ការ​ជាមួយ​នឹង​ក្រសួង​សំណង់​ និង​ដឹកជញ្ជូន​ដើម្បី​អនុម័ត​នូវ​ច្បាប់​ស្តី​ពីការ​សំអាត​ខ្យល់​កខ្វក់ ថែម​ទៀត​»។

នាងLai បាន​និយាយ​ថា​ នាង​គិត​ថា​ ការ​ការពារ​បរិស្ថាន​មិន​គួរ​ជា​ការ​ទទួល​ខុសត្រូវ​របស់មនុស្ស​មួយក្រុម​ទេ។

នាង​និយាយ​បន្ត​ថា​ ការ​បំពុលបរិដ្ឋាន ​ប៉ះពាល់​មនុស្ស​ទាំងអស់​គ្នា​ ដូច្នេះ​វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​មនុស្ស​គ្រប់​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​៕

ប្រែសម្រួលដោយ៖ ណឹម​ សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG