ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ទាហាន​៥៦០​នាក់​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់


​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក​ លោក​ Ash Carter (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​ Khaled al-Obeidi រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អ៊ីរ៉ាក់​ នៅ​ក្រុង​បាកដាដ​កាល​ពី​ថ្ងៃទី​១១ ខែ​កក្កដា។
​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក​ លោក​ Ash Carter (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​ Khaled al-Obeidi រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អ៊ីរ៉ាក់​ នៅ​ក្រុង​បាកដាដ​កាល​ពី​ថ្ងៃទី​១១ ខែ​កក្កដា។

សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ទាហាន​៥៦០​នាក់​បន្ថែម​ទៀត​ទៅ​កាន់ប្រទេស​អ៊ីរ៉ាក់​ ដើម្បី​ជួយ​ប្រយុទ្ធ​យក​ក្រុង​ Mosul ​ពីពួក​រដ្ឋ​ឥស្លាម​ មក​វិញ​ នៅ​ក្រោយ​ការវាយ​យក​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ​នូវ​មូលដ្ឋានកង​ទ័ព​អាកាស​សំខាន់​មួយ​នៅជិត​ក្រុង​នេះ​ដោយ​កង​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់។

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ Ash Carter បាន​ធ្វើសេចក្តី​ប្រកាស​នេះ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​ក្នុង​ក្រុង​បាកដាដ​កាលពី​ថ្ងៃ​ចន្ទ។ ​លោកបាន​មាន​ប្រសាសន៍​ថា ​ក្រុម​ទាហាន​បន្ថែម​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​កង​ទ័ព​អាកាស ​Qayyarah ភាគ​ខាង​លិច​ដែល​ត្រូវ​បានវាយ​យក​បាន​មក​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​៦០គ.ម.​ខាង​ត្បូង​ក្រុង​ Mosul ​ដែល​នឹង​ត្រូវ​ជ្រើស​រើស​ជា​មជ្ឈមណ្ឌល​ផ្តល់ភ័ស្តភារ​និង​មជ្ឈមណ្ឌល​ខាង​អាកាស​សម្រាប់​ក្រុម​ចម្រុះ។

លោក ​Carter ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នកកាសែត​នៅ​មុន​លោក​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ថា៖ «ចំណុច​សំខាន់នៃ​ការ​វាយ​យក​បាន​វាល​យន្តហោះ​នេះ​គឺអាច​បង្កើត​មជ្ឈ​មណ្ឌល​ផ្តល់​ភ័ស្តភារ​និង​មជ្ឈមណ្ឌល​ខាង​អាកាស​នៅ​ជិត​ក្រុង​ Mosul»។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ខាង​កិច្ច​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ថា​ ការ​វាយ​យក​បាន​មូលដ្ឋាន​កង​ទ័ព​អាកាស​នេះ​ បង្ហាញ​ពី​ការ​ប​ញ្ចប់​«វិធានការ​ដំបូងៗ​១០»​ឆ្ពោះ​ទៅ​កាន់​ការ​យក​ជ័យជម្នះ​លើ​ពួក​រដ្ឋ​ឥស្លាម។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​និយាយ​ដោយ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា «Qayarrah ជា​កន្លែង​សំខាន់​បំផុត​នៅ​ក្នុង​បញ្ជី​ ​ដោយសារ​វា​មាន​សារៈ​សំខាន់​ខាង​យុទ្ធសាស្ត្រ​នៅ​ទីនោះ»។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​ទី​បួន​របស់​លោក​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ ក្នុង​ឋានៈ​លោក​ជា​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​អាមេរិកាំង​ លោក​ Carter​ ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ Haider al-Abadi ​និង​លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេសអ៊ីរ៉ាក់​ Khaled al-Obeidi ​នៅ​ក្នុង​ក្រុង​បាកដាដ​ ហើយ​លោក​នឹង​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក ​Masoud Barzani ​ប្រធានាធិបតី​នៃ​តំបន់​ kurdistan ផង​ដែរ៕

XS
SM
MD
LG