ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ពន្យារ​ពេល​ជំរឿន​ប្រជារាស្ត្រ​ឆ្នាំ​២០២០​ដោយសារ​មេរោគ​វីរុស​កូរ៉ូណា


រូបឯកសារ៖ នេះ​ជា​សំបុត្រ​ធ្វើ​ជំរឿន​សម្រាប់​ឆ្នាំ២០២០ ផ្ញើ​ទៅ​ពលរដ្ឋ​អាមេរិក​ក្នុង​ក្រុង Glenside រដ្ឋ Pennsylvania នៅ​ក្នុង​រូបថត​កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០​នេះ។
រូបឯកសារ៖ នេះ​ជា​សំបុត្រ​ធ្វើ​ជំរឿន​សម្រាប់​ឆ្នាំ២០២០ ផ្ញើ​ទៅ​ពលរដ្ឋ​អាមេរិក​ក្នុង​ក្រុង Glenside រដ្ឋ Pennsylvania នៅ​ក្នុង​រូបថត​កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០​នេះ។

ស.រ.អា.​ពន្យារ​ពេល​ជំរឿន​ប្រជារាស្ត្រ​សម្រាប់​ឆ្នាំ​២០២០​ចំនួន​ពីរ​សប្តាហ៍​ជា​ការ​ឆ្លើយតប​នឹង​ការ​រាត​ត្បាត​មេរោគ​វីរុស​កូរ៉ូណា។​ ការព្យារ​នេះ​​ធ្វើ​ឡើង​ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ផ្អាក​កិច្ច​ប្រតិបត្តិការ​ចុះ​ធ្វើ​ប្រជារាស្ត្រ​តាម​ផ្ទះ​ចំនួន​ពីរ​អាទិត្យ​ដែរ។

ការ​រាប់​ចំនួន​ប្រជារាស្ត្រ​នៅ​ក្នុង​ស.រ.អា.​រៀង​រាល់​១០​ឆ្នាំ​ជួយ​កំណត់​ភាព​តំណាង​នៅ​ក្នុង​សភា​ស.រ.អា.​នៅ​ក្នុង​រដ្ឋ​ទាំង​៥០​នៃ​ប្រទេស​អាមេរិក​ ហើយ​វា​ក៏​ជួយ​រដ្ឋាភិបាល​សហព័ន្ធ​ក្នុង​ការ​បែង​ចែក​ជំនួយ​សហព័ន្ធ​ចំនួន​១៥០​ម៉ឺនលាន​ដុល្លារ​ផង​ដែរ។​

ពីរ​ថ្ងៃ​ក្រោយ​ពី​ការិយាល័យ​ជំរឿន​ប្រជារាស្ត្រ​បាន​និយាយ​ថា​ ខ្លួន​នឹង​បញ្ឈប់​កិច្ច​ប្រតិបត្តិ​ការ​ចុះធ្វើ​ប្រជាសាស្ត្រ​តាម​ផ្ទះ​រហូត​ដល់​ថ្ងៃទី១​ ខែ​មេសា​លោក​ Tim Olson ​នាយក​ការិយាល័យ​កិច្ច​ប្រតិបតិការ​ចុះធ្វើ​ប្រជាសាស្ត្រ​តាម​ផ្ទះ​បាន​និយាយ​ថា​ កិច្ចប្រតិបត្តិការ​ចុះធ្វើ​ប្រជាសាស្ត្រ​តាម​ផ្ទះនឹង​ត្រូវ​ពន្យារ​ពី​ថ្ងៃទី៣១ ​ខែ​កក្កដា ​ដល់​ថ្ងៃទី១៤​ ខែ​សីហា​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ការ​រាល​ដាល​នៃ​មេរោគ​វីរុស​ COVID-19 មាន​ល្បឿន​យឺត។​

អ្នក​ស្រុក​ភាគ​ច្រើន​នៅ​ក្នុង​ស.រ.អា.​អាច​ចាប់​ផ្តើម​ឆ្លើយ​តប​នឹង​ការ​ធ្វើ​ជំរឿន​ប្រជា​រាស្ត្រ​សម្រាប់​ឆ្នាំ​២០២០​នៅ​ពេល​គេហ​ទំព័រ ​my2020census.gov ​របស់​ការិយាល័យ​ជំរឿន​ប្រជា​រាស្ត្រ​ដំណើរ​ការ​ ​ហើយ​ប្រជា​រាស្ត្រ​បាន​ទទួល​សេចក្តី​ប្រកាស​ឱ្យ​ចូល​រួម​ក្នុង​ការ​ធ្វើ​ជំរឿននេះ​តាម​ប្រៃសណីយ៍។​

លោក ​Al Fontenot ​នាយក​កម្ម​វិធី​ជំរឿន​ដែល​ធ្វើ​រៀង​រាល់​១០​ឆ្នាំ​នៃ​ការិយាល័យ​ជំរឿន​ប្រជា​រាស្ត្រ បាន​និយាយ​ថា​ ប្រជាជន​១៨​លាន​៦​សែន​គ្រួសារ​បាន​ឆ្លើយ​នឹង​សំណួរ​គិត​មក​នៅ​ត្រឹម​ថ្ងៃ​សុក្រ​ទី២០​ខែ​មីនា​ ដោយ​ភាគ​ច្រើន​បាន​ឆ្លើយ​តាម​បណ្តាញ​អ៊ីនធឺណិត។ ​ការិយាល័យ​នេះ​ឲ្យដឹង​ថា​មាន​ពលរដ្ឋ​ប្រមាណ​១២០​លាន​គ្រួសារ​នៅ​ក្នុង​ស.រ.អា.។​

ការិយាល័យ​នេះ​ក៏​បាន​លើក​ពេល​មួយ​ខែ​សម្រាប់​ការ​រាប់​ចំនួន​មនុស្ស​គ្មាន​ផ្ទះ​សម្បែង​គឺ​ជា​យុទ្ធនាការ​ដែល​កំណត់​ថា​ នឹង​បើក​ធ្វើ​នៅ​ដំណាច់​ខែ​មីនា។​

ការិយាល័យ​នេះ​សង្ឃឹម​ថា​នឹង​ជួល​អ្នក​ធ្វើការ​បណ្តោះ​អាសន្ន​រហូត​ដល់​២​សែន​៥​ម៉ឺន​នាក់​ដោយ​ភាគ​ច្រើន​សម្រាប់​បំពេញ​យុទ្ធនាការ​គោះ​ទ្វារ​តាម​ផ្ទះ ក៏​ប៉ុន្តែ​ពួក​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២០​ ខែ​មីនា​ថា​ គេ​ប្រហែល​ត្រូវ​ជួល​អ្នក​ធ្វើ​ការ​បន្ថែម​ទៀត​ដោយ​សារ​មាន​ការ​រាល​ដាល​មេរោគ​វីរុស​កូរ៉ូណា។

ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យ​ការិយាល័យ​ជំរឿន​ប្រជា​រាស្ត្ររាយការណ៍​អំពី​ចំនួន​ប្រជារាស្ត្រ​តាម​រដ្ឋ​ទៅ​ប្រធានាធិបតី​មិន​ឱ្យ​ហួស​ពី​ថ្ងៃទី៣១ ​ខែ​ធ្នូ។ ​នៅ​ពេល​ត្រូវ​សួរ​កាលពី​ថ្ងៃ​សុក្រ​ថា​ តើ​ការិយាល័យ​របស់​លោក​អាច​បំពេញ​ការ​ងារ​តាម​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​នេះ​ ឬ​ទេ ​ លោក​ Fontenot​ បាន​និយាយ​ថា «យើង​មិន​ចង់​ទស្សន៍ទាយ​ស្មានៗ​អំពី​អ្វី​ដែល​នឹង​កើត​មាន​ក្នុង​ពេល​អនាគត​ទេ»។​

ការ​ធ្វើ​ជំរឿន​ជាក់លាក់​សម្រាប់​ឆ្នាំ​២០២០​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​មួយ​ផ្នែក​ដោយសារ​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ពួក​ជន​អន្តោប្រវេសន៍​ដែល​មិនចង់ផ្តល់​ព័ត៌មាន​ទៅ​ឱ្យ​រដ្ឋាភិបាល​សហ​ព័ន្ធ។​ រដ្ឋបាល ​លោក Trump​ បាន​ព្យាយាម​ដោយ​គ្មាន​ជោគជ័យ​ក្នុង​ការ​បន្ថែម​សំណួរ​មួយ​ដែល​ថា​តើ​ពួក​គេ​ជា​ពលរដ្ឋ​ស.រ.អា.​ឬ​ទេ ​ហើយ​ការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​សហគមន៍​ពួក​ជន​អំបូរ​ Latino ​និង​ពួក​ជន​អន្តោប្រវេសន៍​ដែល​បារម្ភ​ថា​ចម្លើយ​របស់គេ​អាច​ត្រូវ​ប្រើ​ប្រឆាំង​នឹង​ពួក​គេ។​

អ្នកស្រី​ Terri Ann Lowenthal ​អតីត​ប្រធាន​ផ្នែក​ជំរឿន​របស់​សភា​ស.រ.អា.​បាន​និយាយ​ថា​ការ​ពន្យារ​ពេល​របស់​ការិយាល័យ​ជំរឿន​ប្រជា​រាស្ត្រ​ប្រហែល​មាន​ផល​មិន​ល្អ​ដល់​ការ​រាប់​ចំនួន​ប្រជារាស្ត្រ​ក្នុង​រយៈ​ពេល​ខ្លីក៏​ប៉ុន្តែ​ការ​បង្អាក់អាច ​«បង្កើន​ហានិភ័យ​ដល់​លទ្ធផល​ជាក់​លាក់​នៃ​ការ​ធ្វើ​ជំរឿន​ប្រជារាស្ត្រ​ដែល​មិន​អាច​ទទួល​យក​បាន ​ឬ​មិន​យុត្តិធម៌»។​

អង្គការ​សិទ្ធិ​មនុស្ស​ឈ្មោះ​ Leadership Conference on Civil and Human Rights បាន​អប​អរសាទរ​សេចក្តី​សម្រេច​របស់​ការិយាល័យ​នេះ​ក្នុង​ការពន្យារ​ពេលការ​ធ្វើ​ជំរឿន​ប្រជារាស្ត្រ ​ដោយ​និយាយ​ថា​ ការណ៍​នេះ​អាច​ពង្រីក​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ប្រជារាស្ត្រ​ និង​ការ​ចូល​រួម​របស់​ប្រជារាស្ត្រ​ថែម​ទៀត​ផង៕

ប្រែសម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG