ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​​អាមេរិកនៅ​រុស្ស៊ី​ផ្អាក​​ផ្តល់​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ពី​ព្រោះ​តែការ​កំណត់​បុគ្គលិក


អាគារ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។
អាគារ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ដំណើរការ​ផ្តល់ទិដ្ឋាការ​មិន​មែន​អន្តោ​ប្រវេសន៍​នៅ​ឯ​ស្ថាន​កុង​ស៊ុល​របស់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​ បន្ទាប់​ពី​ពួក​អាជ្ញាធរ​រុស្ស៊ីបាន​បញ្ជាឲ្យ​កាត់​បន្ថយ​បុគ្គលិក​ការទូតសហរដ្ឋ​អាមេរិកជាង​ពាក់​កណ្តាល​នៅ​ក្នុងការ​សង​សឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​រុស្ស៊ី​ លើ​ការ​ចោទ​ប្រកាន់​ថា ​រុស្ស៊ី​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​រៀប​ចំការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​កាលពី​ឆ្នាំ​ទៅ។

រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​ពិចារណា​ ថា​តើ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​នោះ​យ៉ាង​ដូចម្តេច​ នៅ​ក្នុង​ចំណាត់​ការ​ឆ្លើយ​តប​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ទំនាក់​ទំនង​ការទូត​។

សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា​ ការ​ដាក់​កំហិត​របស់​រុស្ស៊ី​ទៅ​លើ​បុគ្គលិក​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​គឺជា​មូលហេតុ​ដែល​ឈាន​ដល់​ការ​ផ្អាក​ដំណើរ​ការ​ទិដ្ឋាការ​នេះ។

ការផ្តល់​ទិដ្ឋាការ​ឡើង​វិញធ្វើឡើង​នៅ​ថ្ងៃ​ទី​១ខែ​កញ្ញា ​ក៏ប៉ុន្តែ ​នៅតែ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​មូស្គូ​ ប៉ុណ្ណោះ។​

ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅក្នុង​ទីក្រុង​ St. Petersburg​ ទីក្រុង​ Vladivostok និង​ទីក្រុង​ Yekaterinburg ​នឹង​នៅ​តែ​បន្ត​ឈប់​ផ្តល់​ទិដ្ឋាការ​ដដែល។ លោក Stepan ​ជា​អ្នក​និយាយ​វិទ្យុបាន​និយាយ​ថា៖ «ខ្ញុំ​មិន​ពេញ​ចិត្ត​អំពីការ​ផ្អាក​នេះ​ទាល់​តែ​សោះ។​ ជា​អកុសល្យ ​មិត្ត​ភ័ក្រ្ត​របស់​ខ្ញុំ​ម្នាក់ត្រូវ​សម្ភាសន៍​នៅ​ថ្ងៃ​ទី​២៤ ​ខែ​សីហា ​នៅ​ក្រុង ​Yekaterinburg ​ហើយ​នាង​ប្រហែលជា​មិនទទួល​បាន​ទិដ្ឋាការ​នោះ​ទេ‍»។

ពលរដ្ឋ​រុស្ស៊ី​បាន​សម្តែង​នូវការ​រកាំ​ចិត្ត​ពី​ផល​ប៉ះ​ពាល់​ដល់​ពួក​អ្នក​ធ្វើ​ដំណើរ​ទៅ កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ទេសចរណ៍ ​ពាណិជ្ជកម្ម​និង​ការសិក្សា​អប់រំ។ លោកស្រី ​Inna ​ជា​វេជ្ជបណ្ឌិត​បាន​និយាយ​ថា៖ «វា​ជា​ការ​ឆោត​ល្ងង់។ ខ្ញុំ​គិតថា វាជា​ការ​ឆោត​ល្ងង់។ ហេតុអ្វី​បាន​ជាពលរដ្ឋ​ត្រូវ​ទទួល​រង្គ្រោះ​ពី​ព្រោះ​តែ​បញ្ហា​កើតឡើង​រវាងប្រទេសយើងទាំង​២​នោះ?‍»។

លោក ​Sergei Lavrov​ រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​បានប្រកាស​ថា ​ការ​ផ្អាកដំណើរ​ការ​ទិដ្ឋាការ​នេះ​ប៉ុន​ប៉ងធ្វើ​ឲ្យ​មាន​ការទោមនស្ស​ក្នុង​ចំណោម​ពលរដ្ឋ​រុស្ស៊ី​អំពី​សកម្ម​ភាព​របស់​អាជ្ញា​ធរ​រុស្ស៊ី។ រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​និយាយថា៖ «ចំពោះ​ការ​ឆ្លើយ​តប​របស់​យើង ​ដូចជា​ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា ​វា​ជា​ការ​ចាំ​បាច់ដើម្បី​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់​អំពី​ការ​សម្រេច​ចិត្ត​ដែល​បាន​ប្រកាស​ដោយ​ភាគី​អាមេរិក​នៅ​ថ្ងៃ​នេះ។​ យើង​នឹង​ឃើញ​ហើយ​ខ្ញុំ​អាច​និយាយថា យើង​នឹង​មិន​ធ្វើ​បាប​ពលរដ្ឋ​អាមេរិកាំង​ទេ‍»។

កាល​ពី​ខែកក្កដា ​រុស្ស៊ី​បាន​ធ្វើ​ការ​សងសឹក​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដោយ​បណ្តេញ​បុគ្គលិកស្ថាន​ទូតអាមេរិក​ចេញ​ពីបរិវេណការ​ទូត​ហើយ​ទាមទារ​ឲ្យកាត់​បន្ថយ​ចំនួន​បុគ្គលិក​ការទូត​អាមេរិកជាង​៧០០​នាក់។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​ពលរដ្ឋ​រុស្ស៊ី​រាប់​រយ​នាក់​ដែល​បាន​បម្រើការ​នៅឯ​ស្ថាន ទូត​សហរដ្ឋ​អាមេរិក​ត្រូវគេ​រំពឹងថា​ ភាគ​ច្រើន​នឹងបាត់​បង់​ការងារ​៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG