ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ចាប់ផ្តើម​រុករក​អ្នក​ភៀសខ្លួន​ម៉ុងតាញ៉ា


ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។
ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។

ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​និង​ទទួល​បន្ទុក​ផ្នែក​ជន​ភៀ​ស​ខ្លួន​បាន​ចាប់​ផ្តើម​ស្វែង​រក​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​ម៉ុងតាញ៉ា​ចំនួន​១៣​នាក់​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃខេត្ត​រតនគីរី​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ។​

បេសកកម្ម​នេះ​ធ្វើ​ឡើង​មួយ​សប្តាហ៍​គត់បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​ផ្តល់​ភ្លើង​ខៀវ​ក៏​ប៉ុន្តែ​អាជ្ញា​ធរ​ខេត្តនៅ​តែ​មិន​ព្រម​សហការ​ភ្លាមៗ។

​លោកស្រី​វីវៀន តាន់​( Vivian Tan) ​អ្នក​នាំពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​(UNHCR)​ប្រចាំ​តំបន់មាន​ប្រសាសន៍​តាម​សារ​អេឡិក​ត្រូនិក​(អ៊ីម៉ែល)​នៅ​ថ្ងៃ​នេះ​ថា៖​«បុគ្គលិក​របស់​ក្រសួង​មហា​ផ្ទៃ ​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​សហប្រជាជាតិសម្រាប់​សិទ្ធិ​មនុស្សនិង​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​កំពុង​តែ​ស្ថិត​នៅ​ខេត្ត​រតន​គីរី​ដើម្បី​ជួប​ជាមួយ​ជន​ភៀស​ខ្លួន​ម៉ុង​តាញ៉ា»​ប៉ុន្តែ​លោកស្រី​មិន​ទាន់​ទទួល​បាន​ដំណឹង​ចុង​ក្រោយ​ទាក់ទង​នឹង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​និង​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ។

​យោង​តាម​លោក​ឆាយ ធី ​អ្នក​សម្រប​សម្រួល​សមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតន​គីរី​បាន​ឲ្យ​ដឹង​ថា​ក្រុមចម្រុះបាន​ចុះ​ជួប​លោក លី វិន ​អភិបាល​រង​ខេត្ត​ភាគ​ឥសាន្ត​នេះកាល​ពី​ព្រឹក​មិញ​នេះ ​ប៉ុន្តែ​លោកលី វិន ​មិន​ព្រម​សហការ​ភ្លាមៗ​នោះ​ទេ​ដោយ​សំអាង​ថា​មិន​មាន​បញ្ជា​ដោយ​ផ្ទាល់​ពី​ក្រសួង​មហាផ្ទៃ។

ប៉ុន្តែលោក​ឆាយ ធី​ បញ្ជាក់​ថា​លោក​បាន​ទទួល​ដំណឹង​ពី​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ថា​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​តាម​ទូរស័ព្ទ​ឲ្យ​អាជ្ញាធរ​ខេត្ត​សហការ​ជាមួយ​ក្រុម​ចំរុះ​ហើយ។​ប៉ុន្តែ​លោក​អភិបាលរង​ខេត្ត​នៅ​តែ​អះអាង​ថា​មិន​ទាន់​បាន​ទទួល​ដំណឹង​អ្វី​នោះទេ។

«គាត់​បាន​បញ្ជាក់​ថា​ខាង​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​អន្តរា​គម​ទៅ​ក្រសួង​ហើយ។​ហើយ​ក្រសួង​មហា​ផ្ទៃ​បាន​ទូរស័ព្ទ​មក​អភិបាល​រង​ខេត្ត​ឲ្យ​សហការ។​ក្រុម​មន្ត្រី​ក្រុម​ចំរុះ​ទូរស័ព្ទ​ទៅ​អភិបាល​រងខេត្ត​ដដែល លោកលី វិន ​តែ​លោកថា​នៅ​តែ​មិន​ទាន់​ទទួល​ដំណឹង​បាន​ទេ។​ដូច្នេះ​គេ​ព្យាយាម​ទូរស័ព្ទ​ទៅ​ភ្នំពេញ​ម្តង​ទៀត​ដើម្បី​ឲ្យ​ក្រសួង​មហាផ្ទៃ​អន្តរាគម​មក​គាត់។​តែយើង​នៅ​តែរង់ចាំ​ដដែល»។

លោក​អភិបាល​រង​ខេត្ត​រតនគីរី​លី វិន ​បាន​ធានា​អះអាង​ថា​អាជ្ញាធរ​បាន​ត្រៀម​សហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ហើយ​ក៏​ប៉ុន្តែ​លោករង់​ចាំ​ស្តាប់​បញ្ជា​ផ្ទាល់​ពី​ក្រសួង​មហា​ផ្ទៃ​តាម​ទូរស័ព្ទ។​

«ការជួប​គ្នា​នេះ​យើង​សហការ​ហើយ​ប៉ុន្តែ​ខ្ញុំ​ជា​អភិបាល​រង​ ខ្ញុំ​គ្រាន់​តែ​ថា​ឲ្យ​ឯក​ឧត្តម​(ក្រសួងមហា​ផ្ទៃ)​ទូរស័ព្ទ​ជួប​ខ្ញុំ​បន្តិច​ទៅ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​គាត់។​គាត់​ក៏​យល់​ព្រម​ដែរ។​ខាង​ណា​ក៏​ដោយ​ឱ្យ​តែ​ក្រសួង​មហាផ្ទៃ​ ហើយ​ជំរាប​មក​ឯក​ឧត្តម​អភិបាល​មក ​ខាង​ខ្ញុំ​ធ្វើ​តាម​ឋានានុក្រម»។​

​លោក​ឧត្តមសេនីយ៍​សុខ ផល ​អគ្គ​នាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហា​ផ្ទៃ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

​នេះ​ជាលើក​ទី២​ហើយ​ដែល​ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​ចុះ​ទៅ​កាន់​ខេត្ត​រតនគីរី​ដើម្បី​ស្វែង​រក​ជួយ​ជន​ជាតិ​ភាគតិច​តំបន់​ភ្នំ​ម៉ុងតាញ៉ា​វៀតណាមដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្តរតន​គីរី​ប៉ុន្តែមិន​ទទួល​បាន​កិច្ច​សហការ​ពី​មន្ត្រី​ដែន​ដីនោះ​ទេ។

​ជនជាតិ​ដើម​ភាគ​តិច​ទាំង១៣​នាក់​នេះ​ត្រូវ​គេ​រាយការណ៍​ថា​បាន​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញរបស់​អាជ្ញាធរ​វៀតណាម​ផ្នែក​សេរី​ភាព​សាសនា ​សេរីភាព​ក្នុ​ងការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​និង​សិទ្ធិ​ដីធ្លី​ហើយ​ពួក​គេ​បាន​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​ចាប់​តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ​ដើម្បី​ស្វែង​រកសិទ្ធិ​ជ្រក​កោណ​នៅ​ប្រទេស​ទី៣។

ក្នុ​ង​ចំណោម​ជនភៀស​ខ្លួន​ទាំង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​របស់​រដ្ឋការ​ក្រុង​ហាណូយ។

លោកស្រី​វីវៀន តាន់ ​បញ្ជាក់​ឡើងវិញ​ថាប្រសិន​បើ​ក្រុម​ចំរុះ​នេះ​«រក​ឃើញថា​ជនជាតិ​ដើម​ភាគ​តិចតំបន់​ភ្នំវៀតណាម​នេះ​មាន​បំណង​ស្វែង​រក​សិទ្ធិ​ជ្រក​កោណ​នោះ ពួក​គេ​នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​កាន់​រាជ​ធានី​ភ្នំពេញ​ដើម្បី​ឲ្យ​អាជ្ញា​ដំណើរ​ការ​នីតិវិធី​ហើយ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួននឹង​ជួយ​ប្រសិន​បើមាន​ការ​ចាំ​បាច់»៕

XS
SM
MD
LG