ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​​សរសើរ​ក្រសួង​មហា​ផ្ទៃ​ផង ​ព្រមាន​ផង


ជនជាតិ​ម៉ុងតាញ៉ា​នៃ​ប្រទេស​វៀតណាម​ចំនួន​១៣នាក់ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ផង​បាន​ចេញ​ពី​កន្លែង​លាក់ខ្លួន​ក្នុងព្រៃ​នៅ​ខេត្តរតនៈគីរី​ដើម្បី​សុំ​ការជួយ​ការពារ​ពី​អង្គការ​សហ​ប្រជាជាតិ។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​ Adhoc)
ជនជាតិ​ម៉ុងតាញ៉ា​នៃ​ប្រទេស​វៀតណាម​ចំនួន​១៣នាក់ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ផង​បាន​ចេញ​ពី​កន្លែង​លាក់ខ្លួន​ក្នុងព្រៃ​នៅ​ខេត្តរតនៈគីរី​ដើម្បី​សុំ​ការជួយ​ការពារ​ពី​អង្គការ​សហ​ប្រជាជាតិ។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​ Adhoc)

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​បាន​កោត​សរសើរ​ក្រសួង​មហា​ផ្ទៃ​របស់​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​សហ​ការ​ស្វែង​រក​ជនជាតិ​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម​ដែលភៀស​ខ្លួន​ចូល​ក្នុងព្រៃ​នៃ​ខេត្ត​រតនគីរី។​ ក៏​ប៉ុន្តែ​មន្ត្រី​ដដែល​នោះ​បាន​ព្រមានឲ្យ​ប្រទេស​កម្ពុជា​អនុវត្ត​តាម​គោល​ការណ៍​ច្បាប់​ត្រឹម​ត្រូវ​នៅ​ថ្ងៃ​អនាគត។​

លោកស្រី​ Ravina Shamdasani ​អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស មានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា ​អង្គការ​សហ​ប្រជាជាតិ​«អរគុណ​ក្រសួង​មហាផ្ទៃ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ ​បើ​ទោះ​ជាមាន​ការ​លំបាក​ជាមួយ​អាជ្ញា​ធរ​ខេត្ត​ក៏ដោយ»។​

លោក​ស្រី​បាន​រំឭក​ពីការព្រមាន​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ចាប់​បញ្ជូនជន​ភៀស​ខ្លួន​ម៉ុង​តាញ៉ា​តំបន់​ភ្នំ​វៀតណាម​នេះ​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​នៅ​តំបន់​ខ្ពង់​រាប​វិញ។

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ដដែល​ពិពណ៌នាអំពីការ​ខ្វះ​ខាត​ផ្នែក​ការពារ​និង​ចំណី​អាហារ​សម្រាប់​ជន​ភៀស​ខ្លួន​ និង​បញ្ជាក់​ថា ​នៅ​ពេល​ដែល​ជន​ភៀស​ខ្លួន​ទាំង​១៣​នាក់ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​នោះ​«ពួក​គេ​ស្គាំង​ស្គម ​អស់​កម្លាំង​ខ្លាំង​ សក់​កន្ទ្រីង​កន្រ្ទើង​ និង​មាន​ជំងឺ​ជាច្រើន​ ​ក្រោយ​ពី​ពួក​គេបាន​ស្ថិត​នៅ​ក្នុង​ព្រៃ​អស់​រយៈ​ពេល​ប្រាំពីរ​សប្តាហ៍​ដោយ​ដេក​ផ្ទាល់​នឹង​ដី​ ដោយ​មាន​ចំណី​អាហារ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

លោកស្រី​ Ravina Shamdasani ​ព្រមាន​ថា ​អង្គការ​សហ​ប្រជាជាតិនៅ​តែ​បន្ត​«ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​ធានា​ថា​ ​ករណី​ណា​មួយ​នៅ​ពេល​អនាគត​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ស្រប​ទៅ​នឹង​បទដ្ឋាន​ច្បាប់​អន្តរជាតិ»។​

ក្រុម​ជនជាតិ​កុល​សម្ព័ន្ធ​តំបន់ភ្នំវៀតណាម ​ឬ​ហៅ​ថា​ ម៉ុងតាញ៉ា​ទាំង​១៣​នាក់​ត្រូវ​គេ​ដឹង​ថា ​បាន​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ពី​អាជ្ញាធរ​ក្រុង​ហាណូយ​ និង​បាន​ចូល​មក​ជ្រក​កោន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតន​គីរីនៅ​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ។​

ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ និង​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ប្រទះ​ឃើញពួក​គេ​នៅក្នុង​ព្រៃ​កាល​ពីចុង​សប្តាហ៍​មុន។ ​ហើយ​ពួក​គេ​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ​ បន្ទាប់​ភ្លាមៗ​នោះ​ដែរ។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ស្វាគមន៍ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ ហើយ​បាន​អះអាង​ថា​ មន្ត្រី​កម្ពុជា​នឹង​ព្យាយាម​គោរព​តាម​សន្ធិសញ្ញា​ស្តីពី​ជន​ភៀស​ខ្លួន​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ​នោះ។​

«កម្ពុជា​នៅ​តែ​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុ​សញ្ញា​ឆ្នាំ​១៩៥១​ស្តី​ពី​ជន​ភៀស​ខ្លួនតាំង​ពី​ដើម​រៀង​មក​ រហូត​ថ្ងៃ​អនាគត»។​

លោក​ស្រី​វី វៀនតាន់ ​(Vivian Tan)​ អ្នក​នាំ​ពាក្យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​តំបន់ ​មាន​ប្រសាសន៍តាម​សារ​អេឡិច​ត្រូនិច​ឬ​អ៊ីមែលនៅ​ថ្ងៃ​នេះ​ ពេល​ដែល​រដ្ឋា​ភិបាលនៃ​ប្រទេស​កម្ពុជាកំពុង​ដំណើរ​ការនីតិវិធី​សម្ភាស​ជន​ភៀស​ខ្លួន​ចារ៉ាយវៀតណាម​ទាំង​១៣​នាក់​ ​ហើយ​ករណីនេះ​នឹង​ត្រូវ​ការ​ពេលវេលា​ចាំបាច់​មួយ។​

កាល​ពី​ម្សិល​មិញ​ មន្ត្រី​ផ្លូវ​ការ​កម្ពុជា​បញ្ជាក់​ថា​ ជនជាតិ​តំបន់​ភ្នំវៀតណាម​ចំនួន​៥​នាក់​ក្នុង​ចំណោម​១៣​បាន​ទទួល​ការ​សម្ភាសន៍​រួច​ហើយ។​ប៉ុន្តែ​លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​មិន​អាច​បញ្ជាក់​បន្ថែម​លើ​ព័ត៌មាន​វិវត្ត​ថ្មីៗ​ជុំវិញ​ជនភៀស​ខ្លួន​នេះ​ទេ។​

ការ​ធ្វើ​សម្ភាសន៍​លើ​ជន​ភៀស​ខ្លួន​វៀតណាម​នេះ​ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Truong Tan Sang​ ប្រធានាធិបតី​វៀតណាម​ នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក៏​ប៉ុន្តែ​មន្ត្រី​កម្ពុជា​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រមុខ​ដឹកនាំ​វៀតណាម​មិន​បាន​លើក​បញ្ហា​នេះ​មក​ជជែក​ជាមួយ​មន្ត្រី​ដឹក​នាំ​កម្ពុជា​នោះ​ទេ។​

ប្រទេស​វៀតណាម​ ថ្មីៗ​នេះ​ត្រូវ​សារ​ព័ត៌មាន​មួយ​ចំនួន​រាយ​ការណ៍​ថា​ បាន​ព្យាយាម​ដាក់​សម្ពាធ​មក​លើ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​ចាប់​បញ្ជូន​ជនជាតិ​តំបន់​ភ្នំ​ម៉ុង​តាញ៉ា​ត្រឡប់​ទៅ​វៀតណាម​វិញ៕

XS
SM
MD
LG