ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយការណ៍​អ.ស.ប​សុំ​ឱ្យ​បន្ថយ​កំដៅ​នយោបាយ​និង​វិល​ទៅ​រក​តុ​ចរចា


រូបឯកសារ៖ លោកស្រី​សាស្រ្តាចារ្យ​ រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (នៅ​ វណ្ណារិន​/VOA Khmer)
រូបឯកសារ៖ លោកស្រី​សាស្រ្តាចារ្យ​ រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (នៅ​ វណ្ណារិន​/VOA Khmer)

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត​ (​Rhona Smith​) បាន​បញ្ជាក់​ពី​ក្តីបារម្ភ​ចំពោះ​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) បាន​បញ្ជាក់​ពី​ក្តីបារម្ភ​ចំពោះ​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្រោយ​ពេល​ដែល​មាន​សញ្ញា​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​គណបក្ស​ជំទាស់។ លោក​ស្រី​ហៅ​ស្ថានភាព​នយោបាយ​កម្ពុជា​នា​ពេល​ថ្មី​នេះ​ថា​«ជា​ចំណុច​គ្រោះ​ថ្នាក់​ដ៏​កំ​ពូល​មួយ»។

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នា​រាត្រី​ថ្ងៃ​អង្គារ​ពី​ទីក្រុង​ហ្ស៊ឺណែវ​ ​ប្រទេស​ស្វីស​ ​លោក​ស្រី​ ​រ៉ូណា ស្មីត​ ដែល​កាន់​តំណែង​ជំនួស​លោក​ សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ ចាប់​តាំង​ពី​ដើមឆ្នាំ​២០១៥​ ​នេះ​មក បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារ​ ​លើ​គណ​បក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។​

ក្នុង​នោះ​រួម​មាន​ការវាយ​តប់​លើ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មុខ​រដ្ឋ​សភាជាតិ​ ​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​ ​កឹម សុខា ​ចេញ​ពី​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋ​សភា​ ​កា​រចេញ​ដី​កា​ចាប់​ខ្លួន​ ​លោក ​សម រង្ស៊ី​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ពី​បទ​បរិហា​កេរ្តិ៍​និង​ញុះញង់​ចំពោះ​លោក​ ​ហោ ណាំហុង​ ​តាំង​ពី​ឆ្នាំ​២០០៨​ ​និង​ការ​ដក​រូប​លោក​ចេញ​ពី​រដ្ឋ​សភា​ជា​ដើម។

លោក​ស្រី​ ​រ៉ូណា ស្មីត​ ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា៖«ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​សម្គាល់​ថា​ មាន​ការ​វិវឌ្ឍន៍​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​ចំនួន​រួម​មាន​៖ការ​ឡើង​កំដៅ​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​ធំ​ពីរ​ ព្រឹត្តិ​ការណ៍​ហិង្សា​ ​ការ​គំរាម​កំហែង​លើ​បុគ្គល​មួយ​ចំនួន​ ​និង​ឈាន​ដល់​ការ​ប្រើ​ភាសា​បរិហារ​កេរិ៍្ត​ ​នៅ​ក្នុង​សារ​នយោបាយ​ជា​ដើម»។

លោក​ស្រី​បានបន្ត​ថា៖«ការ​វិវឌ្ឍន៍​នៃ​ហេតុការណ៍​តាន​តឹង​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​ ​អាច​នឹង​នាំ​កម្ពុជា​ទៅ​ដល់​ចំណុច​គ្រោះ​ថ្នាក់​ដ៏​កំពូល​មួយ»។​

​នា​ចុង​ខែ​តុលា​កន្លង​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​បាន​វាយ​ប្រហារ​ពាក្ស​សម្តី​ធ្ងន់ៗ​ទៅ​លើ​គណបក្ស​ជំទាស់​ ​រួម​ទាំង​ថ្លែង​ការ​ពារ​ ការ​ធ្វើ​បាតុកម្ម​ប្រឆំាង​លោក​ កឹម សុខា​ ថា​ជា​«ការ​ជះ​ឥទ្ធិពល»​ពី​ការ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ជា​បន្ត​បន្ទាប់​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​ នៅ​បុរី​ញ៉ីវយ៉ក ​និង​ប៉ារីស​ នឹង​ហៅ​លោក​ សម រង្ស៊ី ​ថា​ជា​«កូន​អាក្បត់​ជាតិ»​មុន​ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆំាង​នឹង​លោក​ សម រង្ស៊ី។

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA Khmer)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA Khmer)

​យ៉ាង​ណា​ក៏ដោយ​លោក​ស្រី រ៉ូណា ស្មីត​ បាន​បញ្ជាក់​ថា៖​«ជាមួយ​នឹង​អំណាច​ដែល​មក​ជា​មួយ​នឹង​ភាព​ទទួល​ខុស​ត្រូវ។ ថ្នាក់​ដឹក​នាំ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​គេ​បោះ​ជូន​នោះមាន​តួនាទី​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​អ្នក​ម្ចាស់​ឆ្នោត។​ ជា​ជាង​ការ​ប្រើ​ភាសា​បំបែក​បំបាក់​ និង​បញ្ឆេះ​ឲ្យ​មា​ន​ការ​រើស​អើង។ ថ្នាក់​ដឹក​នាំ​នយោបាយ​មាន​តួនាទី​ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សង្គម»។

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិរូបនេះ​ក៏​បាន​អំពាវនាវ​ឲ្យគណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​«វប្បធម៌​សន្ទនា»​ ​ឡើង​វិញ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​ចម្រូង​ចម្រាស​ផ្នែក​នយោ​បាយ​ និង​បង្កើន​ការ​គោរ​ពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។

​ទាក់ទិន​នឹង​ការ​អំពាវនាវ​របស់​លោក​ស្រី រ៉ូណា ស្មីត នេះ ​លោក​ សុខ​ ឦសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​ថ្លែង​ប្រាប់​VOA​ថា​៖

​«អញ្ចឹង​ខ្ញុំ​យល់​ថា​ ការ​អំពាវនាវ​របស់​គាត់​ឲ្យ​គណ​បក្ស​ទាំង​ពីរ​វិល​ចូល​តុ​ចរចារ​ គឺ​ជា​មតិយោបល់​របស់​គាត់ គឺ​ជា​ចេតនា​ល្អ​របស់​គាត់​ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ខ្ញុំ​ក៏​សូម​ជម្រាប​អ្នក​សារព័ត៌មាន​ថា វប្បធម៌​សន្ទនា​វា​គ្រប​ដណ្តប់​តែ​ការងារ​នយោបាយ​ទេ មិន​គ្រប​ដណ្តប់​ការងារ​ផ្លូវ​ច្បាប់​ និង​តុលាការ​ទេ»។

លោក​ថា​ករណី​លោក​សមរង្ស៊ី​គឺ​ជា​បញ្ហា​ផ្លូវ​ច្បាប់​រវាង​លោក​ និង​លោក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ មិន​មែន​ជាវិវាទ​ជា​មួ​យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ហើយ​តុលាការ​កម្ពុជា​មាន​សិទ្ធិ​អនុវត្តន៍​ច្បាប់​ចំពោះ​ជន​គ្រប់រូប​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ។

លោក សុខ​ ឦសាន ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​ច្រាន​ចោល​ការ​បារម្ភ​របស់​លោក​ស្រី រ៉ូណា ស្មីត ចំពោះ​ស្ថាន​ភាព​នយោបាយ​ដ៏​គ្រោះ​ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ថ្លែង​ថា៖​«វា​អត់​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ! ​គណបក្ស​ប្រជាជន​ ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ទូ​ទៅ​គេ​អត់​យល់​ដូច​គាត់​ផង​ អត់​មាន​អ្វី​ត្រូវផ្ទុះ​ចំណុច​កំដៅ​ដូច​ភ្នំភ្លើង​ហ្វ៊ីស៊ី​នោះ​កើត។ ​អ្នក​បង្កើត​បញ្ហា​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ហ្នឹង​ គឺ​មិន​ត្រូវ​យក​រួច​ខ្លួន​កើត​នោះ​ទេ»។

​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ដែរ​ លោក កឹម សុខា​ អនុ​ប្រធាន​គណក្ស​ជំទាស់​ និង​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ដែល​រង​របួស​ពី​ការ​វាយដំ​គឺ​លោក​ ញ៉យ ចំរឿន​ និង​លោក​គង់ សភា ​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ក្រោយ​ពេល​ស្នាក់​នៅ​ក្រៅ​ប្រទេស​មួយ​រយៈ​ ខណៈ​ពេល​ដែល​លោក​ ​សម រង្ស៊ី​ ប្រធាន​គណបក្ស​នេះ​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក​ កឹម សុខា​ បាន​បង្ហាញ​ពី​ចេតនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​វិល​ត្រឡប់​មក​រក​តុ​ចរចា​ផង​ដែរ ដើម្បី​បន្ធូរ​បន្ថយ​ភាព​ចម្រូង​ចម្រាស​ផ្នែក​នយោ​បាយ​នៅ​កម្ពុជា។

​លោក​ កឹម សុខា​ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​«យើង​ដឹង​ហើយ​ថា​ស្ថាន​ភាព​វា​អាក្រក់​ហើយ​ ក៏ប៉ុន្តែ​យើង​ត្រូវ​តែ​វិល​ទៅ​រក​ស្ថានភាព​ល្អឡើងវិញ។ ហើយ​ស្ថានភាព​ល្អ​នោះ​គឺ​ទាល់​តែ​យើង​នឹង​ជជែក​គ្នា​ ​អង្គុយ​ជជែក​គ្នា​ ទើប​វិល​ទៅ​រក​ស្ថានភាព​ល្អបាន។ ក៏​ប៉ុន្តែ​អ្វីៗ​ ដែល​ជា​យុត្តិធម៌​សម្រាប់​ជន​ អ្នក​គេវាយ​នេះ​ គឺ​ត្រូវ​តែ​បន្ត​រក​យុត្តិធម៌​ឲ្យ​ខាង​តែ​បាន»។

ការ​សម្តែង​បារម្ភ​ចំពោះ​ស្ថានភាពន​យោបាយ​ក្នុង​ប្រទេស​កម្ពុជា​របស់​អ្នក​រាយការណ៍​ពិសេស​អង្គសហ​ប្រជា​ជាតិ​ស្តី​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក​ Scott Busbyឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ​សិទ្ធិ​មនុស្ស​ ​និង​ពល​កម្ម​ក្នុង​តំបន់​អាស៊ី​បាន​ថ្លែង​ពី​ក្តី​បារម្ភ​ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ លោក​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ ​និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នឹង​មិន​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ទេ ហើយ​អាច​ឈាន​ដល់​អំពើ​ហិង្សា​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG