ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​អំពាវនាវ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​ការ​ជួញ​ដូរ​សត្វ​ខុស​ច្បាប់


កូន​ខ្លា​មួយ​ក្នុង​ចំណោម​កូន​ខ្លា​១៦ក្បាល​ដែល​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ​ពី​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។ គេ​ជឿ​ថា កូន​ខ្លា​មួយ​នេះ​ត្រូវ​បាន​គេ​ចញ្ចឹម​នៅ​កសិដ្ឋាន​ខ្លា​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ និង​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២។
កូន​ខ្លា​មួយ​ក្នុង​ចំណោម​កូន​ខ្លា​១៦ក្បាល​ដែល​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ​ពី​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។ គេ​ជឿ​ថា កូន​ខ្លា​មួយ​នេះ​ត្រូវ​បាន​គេ​ចញ្ចឹម​នៅ​កសិដ្ឋាន​ខ្លា​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ និង​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម​ ឬ​ហៅ​កាត់​ថា ​UNODC​ បាន​អំពាវនាវ​ឲ្យ​តំបន់​អាស៊ី​អាគ្នេយ៍​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​ការ​សហការ​គ្នា​តាម​តំបន់​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ ​និង​ឈើ​ខុស​ច្បាប់។ ​​សេចក្តី​អំពាវនាវ​នេះ​ត្រូវ​បាន​ដាក់​ចេញ​ ខណៈ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​បង្កើន​ការ​ស៊ើប​អង្កេត​ទៅ​លើ​កសិដ្ឋាន​ចិញ្ចឹម​ខ្លា ​ក្រោយ​ពី​ការ​ចុះ​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ​មួយ​ដែល​បាន​រក​ឃើញ​គ្រឿង​គ្រៅ​សត្វ​ខ្លា​ ដូច​ជា​ស្បែក​ ឆ្អឹង​ជាដើម ​នៅ​វត្ត​ពុទ្ធ​សាសនា​មួយ​ក្នុង​តំបន់​ខាង​លិច​នៃ​ប្រទេស​ថៃ។​

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​ប្រទេស​ថៃ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កន្លែង​រត់​ពន្ធ​ដ៏​សំខាន់​ ក៏​ដូច​ជា​ចំណុច​គោលដៅ​នៃ​ការ​ជួញ​ដូរសត្វ​ព្រៃ​ខុស​ច្បាប់ ​តាំង​ពី​ការ​នាំសត្វ​ខ្លា​ចូល​ពី​ទ្វីប​អាហ្វ្រិក ​និង​ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ខ្លា​ពូជ​ឥណ្ឌូចិន​ក្នុង​ប្រទេស​ថៃ​ដោយ​ផ្ទាល់។​

នៅ​ក្នុង​ឆ្នាំ​២០០៧ ​ប្រទេស​ថៃ​បាន​អនុម័ត​ទទួល​យកសេចក្ដី​សម្រេច​នៃ​អនុសញ្ញា​ស្តី​អំពី​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​លើ​ពូជ​សត្វ​ព្រៃ ​និង​រុក្ខជាតិ​ជិត​ផុត​ពូជ ​ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ​ស៊ីតេស ​(CITES)។ ​សេចក្ដី​សម្រេច​នេះ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បង្កាត់​ពូជ​សត្វ​ខ្លា​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម​ដែល​កំពុង​តែ​កើន​ឡើង​យ៉ាង​ខ្លាំង។​

ប៉ុន្តែ​លោក ​Edwin Wiek ​ស្ថាបនិក​នៃ​មូលនិធិ​មិត្ត​សត្វ​ព្រៃ ​ឬ ​Wildlife Friends Foundation​ បាន​មាន​ប្រសាសន៍​ថា​ ចំនួន​សត្វ​ខ្លា​នៅ​តាម​កសិដ្ឋាន ​និង​សួន​សត្វ ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​ចំនួន​៦៦០​ក្បាល​ក្នុង​ឆ្នាំ​២០០៧ ​ទៅ​ដល់​១៥០០​ក្បាល​ក្នុង​ឆ្នាំ​២០១៦​ នៅ​តាម​កសិដ្ឋាន​ប្រមាណតែ​៣០​ប៉ុណ្ណោះក្នុង​ប្រទេស​ថៃ។​

លោក​ Wiek ថ្លែង​ថា ​ប្រទេស​ថៃ​ក៏​ដូច​ជា​ប្រទេស​ឡាវ ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​ដែរ ​មិន​បាន​រក្សា​ការ​សន្យា​របស់​ខ្លួន​ក្នុង​កិច្ចព្រមព្រៀង​នៃ​អនុសញ្ញា​ស៊ីតេស ​(CITES)​ នេះ​ទេ។​

ឆ្អឹង ​និង​លិង្គ​សត្វ​ខ្លា​គឺ​ត្រូវ​នឹង​តម្រូវ​ការ​ទី​ផ្សារយ៉ាង​ខ្លាំង​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន និងប្រទេស​វៀតណាម​ ដើម្បី​យក​ទៅ​ប្រើ​ជា​ឱសថ​បុរាណ។ ​ឆ្អឹង​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ប្រភេទ​ថ្នាំ​គ្រាប់​ ហើយ​លក់​នៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​តម្លៃ​រហូត​ទៅ​ដល់​៣០០​ដុល្លារ។​

ការ​ចាប់​អារម្មណ៍​សារ​ជា​ថ្មី​ទៅ​លើ​កសិដ្ឋាន​ចិញ្ចឹម​ខ្លា ​និង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ការ​ជួញ​ដូរ​សត្វ​ខុស​ច្បាប់​ ​ដើម្បី​ទទួល​បាន​លាភសក្ការៈ​ច្រើន​នេះ ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចុះ​បង្ក្រាប​នៅ​វត្ត​ពុទ្ធ​សាសនា​មួយ​ដែល​ល្បី​ឈ្មោះ​ខាង​ចិញ្ចឹម​សត្វ​ខ្លា ​កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​នេះ។ វត្ត​នេះ​មាន​ឈ្មោះ​ថា ​វត្ត​ប៉ា​លួង​មហា​បួ ​(Wat Pa Luang Maha Bua) ​នៅ​ក្នុង​ខេត្ត​កញ្ចនា​បុរី​ (Kanchanaburi)​ ភាគ​ខាង​លិច​នៃ​ប្រទេស​ថៃ។​

សត្វ​ខ្លា​ជាង​១៤០​ក្បាល​ត្រូវ​បាន​ឃុំ​ទុក​ក្នុង​បរិវេណ​វត្ត ​និង​តាម​សួន​សត្វ​ ដែល​ក្នុង​ចំណោម​នោះ​ សត្វ​ខ្លា​ និង​កូន​ខ្លា​សរុប​ចំនួន​១៥​ក្បាល​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ទស្សនា​សម្រាប់​ការ​ថត​រូប ​និង​លេង​កម្សាន្ត​ជា​រៀងរាល់​ថ្ងៃ។​

រឿង​អាស្រូវ​អំពី​ការ​ចិញ្ចឹម​សត្វ​ខ្លា​នៅវត្ត​នេះ​ត្រូវ​បាន​បែក​ធ្លាយ​នៅ​ពេល​ដែល​មន្ត្រី​នៃ​ក្រសួង​ឧទ្យាន​ជាតិ​ថៃ​បាន​រក​ឃើញ​សាកសព​កូន​ខ្លា ​និង​គ្រឿងគ្រៅ​ខ្លា​ដែល​ត្រូវ​បាន​គេ​បង្កក​ដាក់​ក្នុង​ដប​ចំនួន​៦០​ដប ​និង​កន្លែង​លាក់​គ្រឿងគ្រៅ​សត្វ​ជិត​ផុត​ពូជ​មួយ​ចំនួន​ផ្សេង​ទៀត ​ព្រម​ជាមួយ​នឹង​ស្បែក​ខ្លា​ដែល​រក​ឃើញ​នៅ​ក្នុង​កុដិ​របស់​ចៅ​អធិការ​វត្ត​ ខណៈ​ពេល​ដែល​មន្ត្រី​នាយកដ្ឋាន​ឧទ្យាន​ជាតិ​កំពុង​ដឹក​ជញ្ជូន​សត្វ​ខ្លា​ទៅ​មណ្ឌល​ថ្មី​បណ្ដោះ​អាសន្ន។​

លោក ​Wiek ​បន្ត​ថា៖

«រូបភាព​នៃ​កូន​ខ្លា​ដែល​ស្លាប់​ទាំង​នោះ ​និង​ចំនួន​របស់​ពួក​វា​គឺ​ពិត​ជា​គួរ​ឲ្យ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​ ជាង​៦០​ក្បាល​គឺ​ជា​ចំនួន​មួយ​ដ៏​រន្ធត់។​ ប៉ុន្តែ​ការ​បង្កាត់​ពូជ​ខ្លា​ដោយ​ប្រើ​ពូជ​តែ​មួយ​គឺ​ពិត​ជា​ការ​បង្កាត់​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។​ ការ​បង្កាត់​ដោយ​ប្រើ​ពូជ​តែ​មួយ​ ពី​១​ជំនាន់​ទៅ​១​ជំនាន់​បែប​នោះ ​វា​នឹង​បង្កើត​បាន​ពូជ​សត្វ​មួយដែល​មាន​កម្លាំង​ខ្សោយ។​ ដូច្នេះ​កូន​សត្វ​ភាគ​ច្រើន​ពិត​ជា​មិន​អាច​រស់​រាន​មាន​ជីវិត​ឡើយ»។​

សត្វ​ខ្លា​ដែល​នៅ​មាន​ជីវិត​ផ្សេង​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុងបរិវេណ​ដោយ​ឡែក​មួយ​ទៀត​ ដែល​ហ៊ុមព័ទ្ធដោយ​របង​ នៅ​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រពី​វត្ត​ប៉ា​លួង​មហា​បួ​ ដែល​ប៉ូលិស​ចោទ​ប្រកាន់​ថា​ ជា​កន្លែងទុក​ខ្លា​ មុន​ពេលយក​ទៅ​សម្លាប់​ដើម្បី​យក​ស្បែក​ សាច់ ​និង​ឆ្អឹង។​

លោក Wiek ​បន្ថែម​ថា៖​

«វា​ច្បាស់​ណាស់​ថា​ មាន​មនុស្ស​មួយ​ក្តាប់​តូច​ដែល​ជាប់​ទាក់​ទិន​នឹង​ការ​ជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់​ពី​វត្ត​នេះ។ ​វា​ច្បាស់​ណាស់ ​ក៏​ប៉ុន្តែ​វា​ក៏​មិន​មែន​អាក្រក់​ខ្លាំង​រហូត​ដល់​ថ្នាក់​មាន​ការ​សម​គំនិត​ទាំង​អស់​គ្នា​ ដូច​ដែល​មនុស្ស​ម្នា​និយាយនោះ​ទេ។ ​ខ្ញុំ​មិន​ជឿ​ថា​ អញ្ចឹង​ទេ»។​

គេ​ក៏​បាន​រក​ឃើញ​វត្ថុ​មន្ត​អាគមន៍​រាប់​រយ​ធ្វើ​ពី​គ្រឿងគ្រៅ​សត្វ​ខ្លា ​ត្រសេក ​សាកសព​កូន​ខ្លា​ គ្រោង​ឆ្អឹង ​និង​សត្វ​ខ្លា​ឃ្មុំ។​

អ្នក​នាង Tanya Erzinlioglu ​ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ និង​ធ្លាប់​ធ្វើ​ការ​នៅ​វត្ត​នេះ​អស់​រយៈ​ពេល​៦​ឆ្នាំ​នោះ​ បាន​និយាយ​ថា ​ខណៈ​ពេល​ដែល​អ្នក​នាង​មាន​ការ​សង្ស័យ​នោះ​ ​អាទិភាព​របស់​អ្នក​នាង​គឺ​ការ​ថែទាំ​សុខភាព​របស់​ខ្លា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​របស់​អ្នក​នាង។​ ប៉ុន្តែ​ការ​សង្ស័យ​របស់​អ្នកនាង ​Erzinlioglu នោះ​ក៏​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ដែល​សត្វ​ខ្លា​៣​ក្បាលបាន​បាត់​កាល​ពី​ឆ្នាំ​២០១៤។​

អ្នក​នាង​ថ្លែង​ថា៖​

«មុន​ពេល​បាត់​ខ្លា​បីក្បាលនោះ​ ខ្ញុំ​មិន​ដែល​មាន​កូន​ចិត្ត​បារម្ភ​អំពី​រឿង​ហ្នឹង​ទាល់​តែ​សោះ។ ​តែ​ការ​បាត់ខ្លា​បីក្បាល​បាត់ភ្លាមៗ​នោះ​ គឺ​ជា​ភស្តុតាង​ច្បាស់​លាស់​មួយ​ដែល​បញ្ជាក់​ថា ​វា​ច្បាស់​ជា​មាន​រឿង​អី​មួយ​កើត​ឡើង ​គ្រាន់​តែ​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​ផ្ទាល់​ភ្នែក»។​

វត្ត​នេះ​គឺ​ជា​កន្លែង​ទេសចរណ៍​មួយ​ដ៏​ពេញ​និយម ​ដែល​រក​បាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ​ជាង​៣​លាន​ដុល្លារ។​

ការ​ស៊ើប​អង្កេត​ក៏​កំពុង​តែ​ត្រៀម​ដាក់​ឲ្យចុះ​ប្រតិបត្តិ​នៅ​តាម​សួន​សត្វ ​និង​មណ្ឌល​រក្សា​សត្វ​ខ្លា​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ។ ​ក្រុម​ការពារ​សត្វ​ព្រៃ​និយាយ​ថា ​គោល​នយោបាយ​នៃ​ការ​អនុញ្ញាត​ឲ្យ​បើក​សួន​សត្វ​នៅ​ក្នុង​ប្រទេស​ថៃ ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កាត់​ពូជ​សត្វ​ខ្លា​ផង​នោះ ​បាន​ជំរុញ​ឲ្យ​មាន​ការ​ជួញ​ដូរ​ខុស​ច្បាប់​កាន់​តែ​ច្រើន​ ជា​ជាង​ការ​ទប់​ស្កាត់។​

លោក ​Jeremy Douglas ​អ្នក​តំណាង​នៃ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម​ ប្រចាំ​តំបន់​អាស៊ី​ បាន​និយាយ​ថា ​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ ​ ចាំបាច់​ត្រូវ​ការ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង។ ​អ្នក​វិភាគ​តែង​តែ​ទម្លាក់​កំហុស​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង ​ឬ​ក៏​អំពើ​ពុករលួយ​ដែល​បណ្ដាល​ឲ្យ​ការ​ជួញ​ដូរ​ខុស​ច្បាប់​នេះ​នៅ​តែ​បន្ត​ទៅ​បាន។​

លោក​ Douglas បាន​ប្រាប់​ VOA ថា៖​

«ការ​ព្រួយ​បារម្ភ​ដែល​ពួក​យើង​កំពុង​ផ្ដោត​ជា​សំខាន់​នោះ​គឺ​ការ​បំបែក​ខ្សែ​សង្វាក់​ទីផ្សារ»។​

លោក​បន្ត​ថា៖​

«វាចាំ​បាច់​ណាស់​ក្នុង​ការ​អនុវត្ត​ច្បាប់តឹង​រ៉ឹង ​និង​ការ​ដាក់​ទោស​ទៅ​លើ​បទ​ឧក្រិដ្ឋ​នានា​តាម​ផ្លូវ​តុលាការ ​ដើម្បី​កំណត់​ថា​ នេះ​គឺ​ជា​បទឧក្រិដ្ឋ ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បណ្ដាញ​ដែល​ពាក់​ព័ន្ធ​ក្នុង​ខ្សែ​សង្វាក់​បទ​ឧក្រិដ្ឋ ​និង​ទី​បំផុត​គឺបំបែក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទៅ​ដល់ទី​ផ្សារ»។​

ក្រុមសុខុមាលភាព​សត្វ​ព្រៃ​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ពង្រឹង​ច្បាប់​ដើម្បី​ការពារ​រាល់​ប្រភេទ​សត្វ​ព្រៃ​ទាំង​អស់ ​រួម​មាន​ការ​ផ្ដន្ទាទោស​ឲ្យ​ធ្ងន់​ជាង​មុន​ ដែល​ក្នុង​នោះ​បង្កើន​ការ​ដាក់​ពន្ធនាគារ​យ៉ាង​តិច​៤​ឆ្នាំ​ចំពោះ​ការ​ជួញ​ដូរ​ខុស​ច្បាប់ ​និង​ឲ្យ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ ច្រើន​ជាង​មុន​ពី​សំណាក់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ថែ​ទាំ​សត្វព្រៃ​ដែល​ត្រូវ​បាន​រឹប​អូស​រួច​ហើយ៕

ប្រែ​សម្រួល​ដោយ ​ហឿន សុភ័ក្ត្រ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG