ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​យោធា​អ៊ុយក្រែន៖ ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​រារាំង​ការ​ដក​អាវុធ​


សមាជិក​នៃ​កង​កម្លាំង​ទាហាន​អ៊ុយក្រែន​ត្រូវ​បាន​ឃើញ​នៅ​ក្បែរ​តំបន់ Artemivsk ភាក​ខាង​កើត​ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​
សមាជិក​នៃ​កង​កម្លាំង​ទាហាន​អ៊ុយក្រែន​ត្រូវ​បាន​ឃើញ​នៅ​ក្បែរ​តំបន់ Artemivsk ភាក​ខាង​កើត​ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​

យោ​ធា​នៃ​ប្រទេស​អ៊ុយក្រែន​និយាយ​ថា ​ខ្លួន​មិន​អាច​ចាប់​ផ្តើម​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​សមរភូមិ​មុខ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ ស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​បាន​ឡើយ​ ពី​ព្រោះ​តែ​ក្រុម​ឧទ្ទាម​ដែល​គាំ​ទ្រ​ដោយ​ប្រទេស​រុស្ស៊ី ​នៅ​តែ​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ឡើយ។

​ក្រុម​មន្រ្តី​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​មិន​អាច​មាន​ការ​ចរចា​ពី​ការ​ដក​អាវុធ​ទេ​ ដរាប​ណា​ការ​វាយ​ប្រហារ​នៅ​បន្ត។

​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​ម៉ិញ ​ភាគី​ទាំង​២​បាន​ព្រម​ព្រៀង​គ្នាដក​អាវុធ​ធុន​ធ្ងន់​របស់​ខ្លួន​ចេញ​ពី​សមរភូមិ​ ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការអនុវត្ត​ផែនការ​សន្តិភាព​ ដែល​ត្រូវ​បាន​រំលោភ​ម្តង​ហើយម្តង​ទៀត។​

មន្រ្តី​យោ​ធា​ជា​ច្រើន​បាន​និយាយ​ថា​ ក្រុម​ឧទ្ទាម​បាន​យល់​ព្រម​ដក​អាវុធ​ធុន​ធ្ងន់​ទាំង​ស្រុង​នៅ​ពេល​ពីរ​សប្តាហ៍​បន្ទាប់​មក​ទៀត ​ដោយ​មាន​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រាយការណ៍​ថា​ ​ការ​ដក​ចេញ​របស់​ខ្លួន​អាច​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ​(ទី​២២)​។

ការ​ដក​អាវុធ​គឺ​ជា​ការ​តម្រូវ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀងឈប់​បាញ់​គ្នា​ដែល​បាន​ចូល​ជា​ធរមានកាល​ពី​មួយ​សប្តាហ៍​មុន។​

​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​អាទិត្យ​ ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាលអ៊ុយក្រែន​និង​ក្រុម​ឧទ្ទាម​បាន​ធ្វើការ​ដោះ​ដូរ​ក្រុម​អ្នក​ទោស ​ដែល​ជា​សញ្ញា​នៃ​ដំណើរការ​ដ៏​សំខាន់​លើក​ដំបូងសម្រាប់​ការឈប់​បាញ់​គ្នា​ដ៏​ផុយ​ស្រួយ​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ។​ មាន​កងទ័ព​អ៊ុយក្រែន​១៣៩​នាក់​ត្រូវ​បាន​ដោះ​ដូរ​ជាមួយ​ក្រុម​ឧទ្ទាម​៥២​នាក់៕

XS
SM
MD
LG