ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ទទួល​បាន​យន្តហោះ​ចម្បាំង នៅពេល​ដែល​មន្ត្រី​ក្រុង Mariupol ព្រមាន​ពី​ការ​ប្រ​ឈម​«ថ្ងៃ​ចុង​ក្រោយ»


ទិដ្ឋភាព​នៃ​អគារ​ដែល​រង​ការខូចខាត​ក្នុង​អំឡុង​ពេល​សង្គ្រាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ក្នុង​ក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២។
ទិដ្ឋភាព​នៃ​អគារ​ដែល​រង​ការខូចខាត​ក្នុង​អំឡុង​ពេល​សង្គ្រាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ក្នុង​ក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២។

អ៊ុយក្រែន​បាន​ទទួល​យន្តហោះ​ចម្បាំង​ដើម្បី​ជួយ​ទប់ទល់​ការឈ្លានពាន​របស់​រុស្ស៊ី​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​បង្កើន​ការវាយ​ប្រហារ​របស់​ខ្លួន​នៅ​ផ្នែក​ខាង​កើត​ ជា​ទីកន្លែង​ដែល​មន្ត្រី​ម្នាក់​នៅ​ក្នុង​ទីក្រុង Mariupol ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា កងទ័ព​របស់​លោក​កំពុង​ប្រឈម«ថ្ងៃ​ចុង​ក្រោយ​របស់​ខ្លួន»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រទេស​លោក​ខាង​លិច បាន​ឆ្លើយតប​ដល់​រុស្ស៊ី​ដែល​បាន​បន្ត​រុលចូល​ក្នុង​តំបន់ Donbas ដោយ​ការបញ្ជូន​អាវុធ​ថ្មីៗដល់​រដ្ឋាភិបាល​អ៊ុយក្រែន ​ហើយ​នឹង​បង្កើន​ការជំរុញ​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ឯកោ​ពី​អន្តរជាតិ។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា អ៊ុយក្រែន​កាលពី​ពេល​ថ្មីៗនេះ បាន​ទទួល​យន្តហោះ​ចម្បាំង​និង​គ្រឿង​បម្លាស់​ដើម្បី​ពង្រឹង​កងទ័ព​អាកាស​របស់​ខ្លួន។ ក្រសូង​ការពារ​ជាតិ​អាមេរិក បាន​បដិសេធ​ពុំ​ព្រម​បញ្ជាក់​ពី​ចំនួន​យន្តហោះ​និង​ប្រភពដើម​នៃ​យន្តហោះ​នោះ​ទេ។

រដ្ឋាភិបាល​អ៊ុយក្រែន បាន​សុំ​ដៃគូ​ប្រទេស​លោក​ខាង​លិច​ ឲ្យ​ផ្តល់​យន្តហោះ​ប្រភេទ MiG-29s ដែល​អ្នក​បើកបរ​របស់​ខ្លួន​បាន​ដឹង​ពី​របៀបប្រើប្រាស់​ហើយ​ប្រទេស​អឺរ៉ុប​ខាង​កើត​មួយ​ចំនួនកំពុង​មាន​នោះ។

ការ​កាន់កាប់​តំបន់ Donbas និង​ទីក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ ​បង្កើតច្រក​របៀង​ភាគ​ខាង​ត្បូង​ទៅកាន់​ឧបទ្វីបCrimea ​ដែល​ខ្លួន​បាន​ត្រួតត្រា​នៅ​ឆ្នាំ២០១៤ ដែល​បាន​ដកហូត​ឆ្នេសមុទ្រ​ភាគច្រើន​របស់​អ៊ុយក្រែន។

ក្នុង​ឱសានវាទ​នៅ​ពេល​ថ្មីៗនេះ​ ដែលត្រូវ​បាន​ដាក់ចេញ​នៅ​ក្នុង​ការប្រយុទ្ធ​របស់​ខ្លួន​ដើម្បី​កាន់កាប់​ទីក្រុង Mariupol នោះ​ រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ធ្វើ​ការអំពាវនាវ​មួយ​ដល់​ពួក​អ្នក​ការពារ​ទីក្រុង​នេះ​ ​ឲ្យ​ទម្លាក់​អាវុធចុះចាញ់​នៅ​ម៉ោង២រសៀល​ ម៉ោង​នៅ​ក្នុង​ក្រុង​មូស្គូ​ ត្រូវ​នឹង​ម៉ោង​១១​សាកល ហើយ​បាន​ប្រកាសពី​ការបើកច្រក​របៀង​មនុស្សធម៌​សម្រាប់​កងទ័ព​អ៊ុយក្រែន​ណា​ដែល​បាន​យល់ព្រម​ទម្លាក់​អាវុធ​ចុះ​ចូល​នោះ។

នៅពេល​ដែល​កាលកំណត់​ជិត​មក​ដល់ មេបញ្ជាការ​ម្នាក់​នៅរោងចក្រ​ថាមពល Azovstal ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​នោះ បាន​ចេញ​ការ​អង្វរករ​មួយ​ដើម្បី​ឲ្យ​មាន​ការ​ជួយ​ដោយ​និយាយ​ថា ទាហាន​ម៉ារីន​របស់​លោក «ប្រហែល​ប្រឈម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ មិន​មែន​រយៈ ពេល​ប៉ុន្មាន​ម៉ោង​ទេ»។

លោក Serhiy Volyna មក​ពី​កងពល​តូច​ទី៣៦ បាន​និយាយ​ថា៖ «សត្រូវកំពុង​មាន​ចំនួន​ច្រើន​ជាង​យើង​១០ដង»។

លោក​បាន​និយាយ​ទៀត​ថា៖ «យើង​អំពាវនាវ​និង​អង្វរករ​ដល់​មេដឹកនាំ​ពិភពលោក​ទាំង​អស់​ឲ្យ​ជួយ​យើង។ យើងសុំ​ឲ្យ​ពួកគេ​ប្រើ​ប្រាស់​នីតិវិធី​បន្ថែម​ទៀតដើម្បី​យក​យើង​ចេញហើយ​នាំ​ពួកយើង​ទៅ​កាន់​ទឹកដី​របស់​រដ្ឋ​ដែល​ជា​ភាគី​ទី៣»។

កងទ័ព​និង​ជន​ស៊ីវិល​រាប់​ពាន់​នាក់ បាន​ស្ថិត​នៅ​ក្នុង​រោងចក្រ​ថាមពល​នោះ។

ទីប្រឹក្សា​អភិបាល​ក្រុង Mariupol បាន​ពណ៌នា​អំពី​«ស្ថានភាព​នោះ​គួរឲ្យ​រន្ធត់»​នៅ​ក្នុង​បរិវេណ​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ហើយ​បាន​រាយការណ៍​ថា មនុស្ស​រហូត​ដល់​២ពាន់​នាក់ ភាគ​ច្រើន​ជា​ស្ត្រី​និង​កូន​ក្មេង មិន​មាន​ទឹក​បរិភោគ ម្ហូប​អាហារ​ និង​ខ្យល់​សម្រាប់​ដក​ដង្ហើម​នោះ​ឡើយ។

ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍ CNN កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Pavlo Kyrylenko ដែល​មើល​ការខុសត្រូវ​រដ្ឋបាល​យោធា​តំបន់ Donetsk បាន​និយាយ​ទទូច​ថា ទីក្រុង Mariupol កំពុង​ស្ថិត​នៅ​ក្នុង​ការប្រទាញ​ប្រទង់​គ្នា​នៅ​ឡើយ៕

XS
SM
MD
LG