ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​កាត់​ទោស​ទាហាន​រុស្ស៊ី​២​នាក់​ពី​បទ​ចោទ​ភេរវកម្ម


រូបឯកសារ៖ ទាហាន​រុស្ស៊ី​ទាំង​ពីរ​នាក់​ក្នុង​ពេល​សវនាការ​ក្នុង​ទីក្រុង​ កៀវ កាល​ខែ​កញ្ញា ឆ្នាំមុន ក្រោយ​ពេល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​ឧសភា​ឆ្នាំ២០១៥។
រូបឯកសារ៖ ទាហាន​រុស្ស៊ី​ទាំង​ពីរ​នាក់​ក្នុង​ពេល​សវនាការ​ក្នុង​ទីក្រុង​ កៀវ កាល​ខែ​កញ្ញា ឆ្នាំមុន ក្រោយ​ពេល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​ឧសភា​ឆ្នាំ២០១៥។

តុលាការ​មួយ​ក្នុង​ក្រុង​កៀវ ​បាន​កាត់​ទោស​ទាហាន​រុស្ស៊ី​ពីរ​នាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ឱ្យ​ម្នាក់ៗ​ជាប់​គុក​១៤ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឯទៀតៗ។​

កាល​ពី​ថ្ងៃ​ចន្ទ​ តុលាការ​នេះ​បាន​រក​ឃើញ​ថា​ឈ្មោះ​ Alexander Alexandrov ​និង​មេបញ្ជាការ​របស់​គាត់​ឈ្មោះ Yevgeny Yerofeyev ​មាន​ទោស​ពី​បទ​«ធ្វើសង្គ្រាម​ឈ្លាន​ពានមួយ»​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​ ​ជួយ​ពួក​ភេរវជន​មួយ​ក្រុម ប្រព្រឹត្ត​សកម្មភាព​ភេរវកម្ម​មួយ​ និង​ប្រើ​ប្រាស់​អាវុធ​ដើម្បី​បង្ករឿង​ឱ្យមាន​សង្គ្រាមមួយ។

ទាំង​ឈ្មោះ​ Alexandrov និងឈ្មោះ​ Yerofeyev ​ទទួល​សារភាព​ថា ​ពួក​គេ​ជា​ទាហាន​រុស្ស៊ី​ ក៏​ប៉ុន្តែ​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ​ជន​ទាំង​ពីរ​នាក់​នេះ​បាន​លាលែង​ចេញ​ពី​កាតព្វកិច្ចហើយ ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដោយ​ខ្លួន​ឯង។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​ជន​ទាំង​ពីរ​នាក់​នេះ​មក គេ​យល់​ឃើញ​ថា​ជន​ទាំង​នេះ​អាច​ជា​ជន​ដែល​នឹង​ត្រូវ​ប្តូរ​គ្នា​ជាមួយ​អ្នកស្រី​ Nadiya Savchenko​ អ្នកបើក​យន្តហោះ​អ៊ុយក្រែន​ដែលត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​មុន​ឱ្យ​ជាប់​ពន្ធនាគារ២២ឆ្នាំ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។​

ប្រទេស​រុស្ស៊ី​បានបដិសេធ​ថា ​ខ្លួន​មិន​បាន​បញ្ជូន​ពួក​ទាហាន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ទេ​ ដែល​នៅ​ទី​នោះ​ពួក​ទាមទារ​បំបែក​រដ្ឋ​គាំទ្រ​ដោយ​រុស្ស៊ី​បាន​ប្រយុទ្ធ​ជាមួយ​ពួក​ទាហាន​រដ្ឋាភិបាល​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៤​មក។​ មាន​មនុស្ស​យ៉ាង​តិច​ណាស់​៨១០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នេះ៕

XS
SM
MD
LG