ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្តេជ្ញា​បន្ត​ជួយ​កម្ពុជា​ក្នុង​វិស័យ​សុខភាព​សាធារណៈ


អ្នកស្រី​វេជ្ជបណ្ឌិត Mandy K. Cohen​ បាន​ជួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់កម្ពុជា។(រូបថត៖ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា)
អ្នកស្រី​វេជ្ជបណ្ឌិត Mandy K. Cohen​ បាន​ជួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់កម្ពុជា។(រូបថត៖ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា)

រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឱ្យ​ដឹង​ពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្នុងកា​រ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សុខភាព​សាធារណៈ​នៅ​កម្ពុជា​ខណៈ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយរូប​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ជួបមន្ត្រី​មួយចំនួន​ ដើម្បី​ពិភាក្សា​កិច្ច​ការចាំបាច់​ជា​ច្រើន​ពាក់​ព័ន្ធនឹង​វិស័យ​សុខាភិបាល។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​។

​សេចក្តី​ប្រកាសព័ត៌មានដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​លើក​ឡើង​ថា​នាយិកា​នៃមជ្ឈ​មណ្ឌល​ប្រយុទ្ធ​ និង​បង្ការ​ជំងឺឆ្លង​(CDC) ​របស់​សហរដ្ឋ​អាមេរិក​ អ្នកស្រី​វេជ្ជបណ្ឌិត Mandy K. Cohen​ បាន​ជួប​ពិភាក្សា​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ និង​ដៃគូ​ធ្វើ​ការ​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក​ ឈាង រ៉ា​ និង​មន្រ្តី​នៅ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ អ្នក​ស្រី​វេជ្ជ​បណ្ឌិត Cohen បាន​រំឭក​ពី​កិច្ច​សហការ​ជាដៃគូ​ដ៏យូរ​មក​ ដែល​មាន​រយៈ​ពេល​ ២២​ឆ្នាំ​រវាង មជ្ឈ​មណ្ឌល​ប្រយុទ្ធ​ និង​បង្ការ​ជំងឺ​ឆ្លង​(​CDC) ​សហរដ្ឋអាមេរិក​ និង​ប្រទេស​កម្ពុជា​ និង​បាន​គូស​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​បន្ត​កិច្ច​សហការ​គ្នា​ នៅ​ក្នុង​ការ​ការ​ពារ​ និង​រក​ឃើញ​ទាន់​ពេល​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ និង​ការ​ឆ្លើយ​តប​ ហើយ​និង​ការ​ត្រៀម​រៀប​ចំ​សម្រាប់​គ្រា​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​។

​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ លោក W. Patrick Murphy ត្រូវបាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា​៖​«ទស្សនកិច្ច​របស់​វេជ្ជ​បណ្ឌិត ​Cohen​ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ ចំពោះ​ការ​លើក​កម្ពស់​វិស័យ​សុខ​ភាព​សាធារណៈ ​នៅ​កម្ពុជា​។ ភាព​ជា​ដៃគូ​ជា​បន្ត​របស់​ CDC អាមេរិក​ បាន​ជួយ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ របេង​ គ្រុន​ចាញ់ ​ផ្តាសាយ​ និង​ជំងឺ​ឆ្កែ​ឆ្កួត»។

លោក​បន្ថែម​ថា៖ «រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​រួម​មាន​ទាំងCDC និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដទៃ​ទៀត​ផ្នែក​សុខភាព​ដែល​កំពុង​ធ្វើការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក៏​បាន​ជួយ​ផង​ដែរ​ដល់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ធ្វើ​ការ​ឆ្លើយ​តប​បាន​ភ្លាម​ៗ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ក្នុង​ចំណោម​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​ក្នុង​ពិភពលោក​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​Covid-19» ។

អ្នកស្រី​វេជ្ជបណ្ឌិត Mandy K. Cohen​ បាន​ជួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់កម្ពុជា។(រូបថត៖ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា)
អ្នកស្រី​វេជ្ជបណ្ឌិត Mandy K. Cohen​ បាន​ជួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់កម្ពុជា។(រូបថត៖ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា)

ចំណែក​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ឈាង រ៉ា​ បាន​ស្វាគមន៍និងថ្លែង​អំណរ​គុណ​ដល់សហ​រដ្ឋអា​មេរិក និងប្រជាជនអាមេរិក តាម​រយៈ​ការផ្តល់ជំនួយ​សហប្រតិបត្តិ​ការ​បច្ចេក​ទេស​ដល់​វិស័យ​សុខាភិបាល តាម​រយៈទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់​ការអភិវឌ្ឍ​អន្តរ​ជាតិ​ហៅ​កាត់​ថា​(USAID) ជា​ពិសេស​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​របស់​អាមេរិក​(US-CDC)ដែល​បាន​សហការ​ចូល​រួម​គាំទ្រក្រសួង​សុខាភិបាល​និង​រួម​ចំណែក​លើក​កម្ពស់​សុខុមាល​ភាព​ប្រជា​ជន​កម្ពុជានិង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធថែទាំ​សុខភាព ដែលមាន​ភាព​ធន់និង​រឹងមាំ​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​នា​ពេល​កន្លង​មក​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យដឹងថាអ្នកស្រី​វេជ្ជ​បណ្ឌិត​ Cohen បាន​បញ្ជាក់​ជំហរ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​រួម​គ្នា​ពង្រឹង​ភាព​ជា​ដៃ​គូ​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​ដែល​ បានកំណត់​ដោយ​ផែនការ​យុទ្ធសាស្រ្ត​សុខាភិបាល​២០២២-២០៣០​ ព្រម​ទាំង​សហការ​បន្ត​ពង្រឹង​សន្តិ​សុខ​សុខ​ភាព​សាកល​បន្ថែម​ទៀត​ តាម​រយៈ​ការ​បន្ត​គាំទ្រ​ការ​បណ្តុះ​បណ្តាល​មន្ត្រី​សុខាភិបាល ដើម្បី​ជួយ​ក្នុង​ការ​អនុវត្ត​កម្មវិធី​សុខ​ភាព​សាធារណៈ​នៅ​កម្ពុជា​ និង​បន្ត​ជួយ​កម្ពុជា​លើការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​នៅ​ឆ្នាំ​២០២៥​។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌កម្ពុជាលោក​វេជ្ជបណ្ឌិត ​អ៊ូច វុទ្ធី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែក​គួរឱ្យកត់​សម្គាល់​ក្នុង​ការ​ស្តា​វិស័យ​សុខាភិបាល​នៅកម្ពុជា ក្នុង​នោះ​គឺ​ការ​លើក​កម្ពស់​សុខភាពសាធារណៈ ដោយ​ភាគី​អាមេរិក​បាន​ផ្តល់​វ៉ាក់​សាំង និង​ថ្នាំពេទ្យ​ជា​ច្រើន​ទៀត​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ផ្សេងៗ​ និងព្យាបាល​ជំងឺ​កុមារនៅកម្ពុជា​។ លោក​បន្ថែមថា​ កម្ពុជា​នៅត្រូវការ​ជំនួយ​បន្ថែម​ទៀត​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ពង្រឹង​វិស័យ​សុខាភិបាល​របស់​ខ្លួន។

លោក​ថ្លែង​ថា​៖«ប្រមុខ​រដ្ឋាភិបាល​អាមេរិក​ត្រូវ​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បន្ត​ទៀត​ ពី​ព្រោះ​យើងមិន​ទាន់​បាន​ជា​ប្រទេស​មួយ​ដែល​មាន គេហៅ​មាន​បច្ចេកវិទ្យា​ជឿន​លឿនដូច​ប្រទេស​ដែល​មហាអំណាច​ធំៗ​ហ្នឹង​ទេ​។ អ៊ីចឹង​ យើង​ត្រូវ​ការ​ជំនួយ​ ដូច​ជា​សម្ភារៈ​ពេទ្យ​ ដូច​ជា​ថ្នាំ​ពេទ្យ​ ដែល​យើង​ត្រូវ​ការ​ជានិច្ច​ហ្នឹង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​»។ ​

វីអូអេ​មិនអាច​ទាក់​ទង​សុំកា​រអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យក្រសួង​សុខាភិបាល​អ្នកស្រី​វេជ្ជ​បណ្ឌិត​ឱ វណ្ណឌីន​បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។ វីអូអេ​ក៏មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​ លោក​វេជ្ជបណ្ឌិត​ លី សូវ៉ាន់ បាន​ដែរ។

អ្នកស្រី​វេជ្ជបណ្ឌិត Mandy K. Cohen​ ត្រួតពិនិត្យ​ផ្សារ​ក្នុងស្រុកនៅ​ទីក្រុង​ភ្នំពេញ​។(រូបថត៖ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា)
អ្នកស្រី​វេជ្ជបណ្ឌិត Mandy K. Cohen​ ត្រួតពិនិត្យ​ផ្សារ​ក្នុងស្រុកនៅ​ទីក្រុង​ភ្នំពេញ​។(រូបថត៖ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា)

អំឡុង​ពេល​កំពុងបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ អ្នកស្រី​វេជ្ជបណ្ឌិត​ Cohen​ បាន​ទៅ​មើល​កន្លែង​លក់​សត្វ​បក្សី​រស់​នៅ​ផ្សារ​អូរឫស្សី​ មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ មន្ទីរ​ពិសោធន៍​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ និង​មជ្ឈមណ្ឌល​CDC​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​ពី​កិច្ច​ប្រឹង​ប្រែង​រួម​គ្នា​ដ៏ខ្លាំង​រវាង​CDC អាមេរិក​ និង​ដៃ​គូនានា​ដើម្បី​ការពារ​តាមដាន​ និង​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​នៃ​វីរុស​ផ្លូវ​ដង្ហើមថ្មីៗ​។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​ទីក្រុង​ភ្នំពេញ។

អ្នក​ស្រី​ក៏​បាន​ចុះពិនិត្យ​ដោយ​ផ្ទាល់​នៅ​មណ្ឌល​សុខភាព​ទួល​គោក​នៅ​ភ្នំពេញ​ អំពី​កិច្ច​សហ​ការ​គ្នា​ជា​ដៃគូ​ក្នុង​មូលដ្ឋាន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជំងឺ​អេដស៍​ និងជំងឺ​ឆ្លង​ដទៃ​ទៀត​។

លើស​ពី​នេះ អ្នកស្រីបាន​ទៅទស្សនា​សារ​មន្ទីរ​ប្រល័យ​ពូជសាសន៍ទួលស្លែង​ផង​ដែរ ដើម្បី​ឈ្វេង​យល់​បន្ថែម​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​នាំ​មក​នូវយុត្តិធម៌ គណ​នេយ្យ​ភាពនិង​ការ​អភិរក្ស​នូវវត្ថុ​ចងចាំ​ពី​ជនរងគ្រោះ​ដោយ​សារ​អំពើ​ឃោរឃៅ។

សហរដ្ឋ​អាមេរិក​បានរួម​ចំណែក​ជួយ​វិស័យ​សុខាភិបាល​កម្ពុជាជាច្រើន​ រួមមាន​កម្មវិធី​របស់​ប្រធានាធិបតី​អាមេរិក​ សំដៅ​ទប់​ស្កាត់​ការចម្លង​ជំងឺ​អេដស៍​ជាបន្ទាន់​(PEPFAR)​ ដើម្បី​ធ្វើ​ឱ្យ​លែង​មាន​ជំងឺអេដស៍​នៅ​ត្រឹម​ឆ្នាំ​២០៣០​ លើក​កម្ពស់​ការ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ លើក​កម្ពស់​សន្តិសុខ​ជា​សាកល​ផ្នែក​សុខភាព​ ការ​ឆ្លើយតប​នឹង​ជំងឺ​Covid-19​និង​ពង្រីក​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ កាត់​បន្ថយ​អត្រា​មរណភាព​មាតា​និង​ទារក​ និង​ការ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG