ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់ព្យុះ Hagupit បានបោកបក់មកលើ តំបន់ភាគខាងកើតហ្វីលីពីន


បុរសម្នាក់កំពុងទប់ខ្លួននឹងខ្យល់និងភ្លៀងបោកបក់ពីខ្យល់ព្យុះ Hagupit នៅ Legazpi ខេត្ត Albay ភាគខាងកើតប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤។
បុរសម្នាក់កំពុងទប់ខ្លួននឹងខ្យល់និងភ្លៀងបោកបក់ពីខ្យល់ព្យុះ Hagupit នៅ Legazpi ខេត្ត Albay ភាគខាងកើតប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤។

ខ្យល់​ព្យុះ​ឈ្មោះ ​Typhoon ​Hagupit ​កំពុង​បក់​បោកកាត់​ប្រទេស​ហ្វីលីពីន​ភាគ​កណ្តាល ក្រោយ​ពី​បាន​ធ្វើឲ្យ​មាន​ការ​បាក់ដី​ឆ្នេរ​ភាគខាង​កើត​អស់​ពេល​មួយយប់។​ ព្យុះ​ដ៏​ធំ​នេះមាន​ល្បឿន​ខ្យល់​ដល់​ទៅ​២១០​គ.ម.​ក្នុង​មួយ​ម៉ោង។ ​ទីភ្នាក់ងារ​ព្យាករណ៍​អាកាស​ធាតុ​ក្នុងស្រុកឈ្មោះ​ Pagasa ​ផ្សាយ​នៅថ្ងៃ​អាទិត្យ​នេះ​ថា ​ព្យុះ​នោះ​បាន​បក់បោក​បំផ្លាញ​សហគមន៍​អ្នក​នេសាទ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៅ​កោះ​ Samar ​ដោយ​បាន​បំផ្លាញ​អគារ​ហើយ​បក់បោក​យកម្ទេច​បាក់បែក​ចូលទៅ​ក្នុងមហា​សមុទ្រ​ប៉ាស៊ីហ្វិក។​

ភ្លើង​អគ្គិសនី​ត្រូវ​ដាច់​ទូទាំង​តំបន់នោះ​ ហើយ​ដើម​ឈើ​ ​និង​ដំបូលផ្ទះ​បាន បាក់ប៉ើង​ទៅ​លើដង​ផ្លូវ។​ រីឯលោក​ ALEXANDER PAMA​ អ្នក​នាំពាក្យ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និយាយថា​ នៅពេល​ផ្លូវ​ហោះ​ហើរ​លែង​មានបញ្ហា​ ប្រតិបត្តិការ​តាម​ផ្លូវ​អាកាស​នឹង​ចាប់​ផ្តើម​ ព្រោះ​ថា ​នៅ​តំបន់​ខ្លះ​ដូចនៅកោះ Samar នៅ​ពេលនេះ ​គេរង់ចាំ​អាកាស​ធាតុ​ស្រឡះ​សម្រាប់​យន្ត​ហោះ​ធ្វើដំណើរ​ បន្ទាប់​មក​ប្រតិបត្តិ​សង្គ្រោះ​នឹង​ចាប់​ផ្តើម។

លោក ​REYNALDO MORALES ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាននិយាយ​ថា​ នៅទី​នេះមាន​ការ​ខូចខាត​ច្រើន​ណាស់។​ ផ្ទះភាគ​ច្រើន​ត្រូវរងការខូចខាត​។ ​កាលពី​យប់​មិញ​ មាន​ទឹក​ជំនន់។

ទីភ្នាក់ងារ​ព្យាករណ៍​អាកាសធាតុ​និយាយ​ថា ​ព្យុះ ​Hagupit ​អាច​នឹង​បក់​បោក​កាត់​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​រយៈ​ពេល​៣​ថ្ងៃ។​ មនុស្ស​ជាង​១លាន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពីភូមិ​នានា​នៅ​តាមមាត់​សមុទ្រ​ ​និងពី​តំបន់​ដែល​អាច​នឹង​មាន​ការ​បាក់ដី ​ហើយ​ពួកគេ​ត្រូវបានដាក់ឲ្យ​នៅ​ជម្រក​បណ្តោះ​អាសន្ន។​

ទីភ្នាក់ងារ​ព្យាករណ៍​អាកាស​ធាតុ​និយាយ​ថា​ ព្យុះ ​Hagupit​ គឺ​ជាព្យុះ​ធំបំផុត​ដែលបានបក់បោក​លើ​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំនេះ ​តែ​មិន​ខ្លាំង​ដូចព្យុះ​ Typhoon​ Haiyan ​កាលពី​ឆ្នាំ​កន្លង​ទៅ​ ដែលបាន​សម្លាប់​មនុស្ស​៧​ពាន់​៣​រយ​នាក់​នោះទេ៕

XS
SM
MD
LG