ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​២នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​រៀប​ផែនការ​បង្កើត​គ្រាប់​បែក​បដិសេធ​មិន​ទទួល​កំហុស


នៅ​ក្នុង​គំនូរ​ក្នុង​បន្ទប់​សវនការ​ ជន​ជាប់​ចោទ​ Noelle Veletzas (រូប​កណ្តល​ឆ្វេង) និង​ Asia Siddiqui បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​ជាមួយ​នឹង​មេធាវី​របស់​ពួកគេ​ កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។
នៅ​ក្នុង​គំនូរ​ក្នុង​បន្ទប់​សវនការ​ ជន​ជាប់​ចោទ​ Noelle Veletzas (រូប​កណ្តល​ឆ្វេង) និង​ Asia Siddiqui បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​ជាមួយ​នឹង​មេធាវី​របស់​ពួកគេ​ កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។

ស្រ្តី​២​នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មុន​ពី​ការ​រៀប​ចំ​ផែនការ​ធ្វើ​គ្រាប់​បែក​ហើយ​និង​ធ្វើ​សង្គ្រាម​ជីហាដ​ក្នុង​ទីក្រុង​ញូវយ៉ក​មិន​បាន​សារភាព​ទទួល​កំហុស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​អំឡុងពេល​នៃ​ការ​បង្ហាញ​ខ្លួន​រយៈ​ពេល​ខ្លី​ក្នុង​តុលាការ​សហព័ន្ធ​ក្នុង​សង្កាត់ Brooklyn នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន Associated Press។

Noelle Velentzas ​អាយុ​២៨​ឆ្នាំ ​ហើយ​និង Asia Siddiqui អាយុ​៣១​ឆ្នាំ​ អ្នក​ទាំង​២​បាន​ពាក់​សម្លៀកបំពាក់​អ្នក​ទោស​ពណ៌ខៀវនៅ​ពេល​ដែល​មេធាវី​របស់​ពួកគេ ​បាន​ចូល​អង្វរ​ជំនួស​ពួកគេ​ដល់​ការ​ចោទ​ប្រកាន់​ពួកគេ​ថា ​ពួកគេ​បាន​ឃុប​ឃិត​គ្នា​ប្រើ​អាវុធ​ប្រល័យ​លោក​ហើយ​និង​បង្រៀន​ពី​របៀប​ធ្វើ​គ្រឿង​ផ្ទុះ។ Siddiqui ​ក៏​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​ការ​ភូតកុហកទីភ្នាក់ងារ FBI ដែរ។

មេធាវី​របស់ Siddiqui ​និយាយ​ថា លោក​មាន​ផែនការ​ប្រឆាំង​នឹង​ការ​ចោទប្រ​កាន់​នេះ។ Velentzas ដែល​មានស្បៃ​រំ​ក្បាល​តាម​របៀប​អ៊ីស្លាម​បាន​ញញឹម​ដាក់​ក្រុម​អ្នក​គាំទ្រនៅ​ផ្លូវ​ចូល​នៅពេល​ដែល​គេ​នាំ​គាត់​ចូល​ក្នុង​តុលាការ។ ក្រុម​អ្នក​គាំទ្រ​ទាំង​នោះ​បដិសេធ​មិន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន។

ស្រ្តី​ទាំង​នោះ​បាន​ត្រូវ​ភ្នាក់​ងារ FBI និង​មន្រ្តី​ប៉ូលីស​ក្រុង​ញូវយ៉ក​ចាប់​ខ្លួនកាល​ពី​ខែ​មុន​បន្ទាប់​ពី​កិច្ច​ប្រតិបត្តិការដែល​ពាក់​ព័ន្ធ​នឹង​មន្រ្តី​ប៉ូលីស​បង្កប់​ខ្លួន​ដែល​ស្រី្ត​ម្នាក់។ ការ​ឆែកឆេរ​ផ្ទះ​របស់​ពួកគេនៅសង្កាត់ Queens មាន​ធុង​ដាក់​ឧស្ម័ន៣ ជី​គីមី ឆ្នាំងដែល​មាន​គំរប​បិទ​ជិត​មិន​ឲ្យ​ចេញ​ចំហាយ លិខិត​សរសេរ​ដោយ​ដៃ​ស្តី​ពី​របៀប​ធ្វើ​គ្រាប់​បែក ​ហើយ​និង​ភាសា​ជីហាដ​និយម ​នេះ​បើ​យោង​តាម​ឯកសារ​របស់​តុលាការ៕

XS
SM
MD
LG