ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ជាប់ចោទ​បី​នាក់​ពី​បទ​សម្លាប់​អ្នក​កាសែត


ពី​ឆ្វេង​ទៅ​ស្តាំ គឺ ឡា ណារ៉ុង ខឹម ភក្តី និង​ពិន ហ៊ាង ជា​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​បទចោទ​ប្រកាន់​ថា បាន​សម្លាប់​លោក តាំង ទ្រី ជា​អ្នកកាសែត និង​ជា​សមាជិក​នៃ​សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ (រូបថត៖ សមាគម​សារព័តមាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ)
ពី​ឆ្វេង​ទៅ​ស្តាំ គឺ ឡា ណារ៉ុង ខឹម ភក្តី និង​ពិន ហ៊ាង ជា​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​បទចោទ​ប្រកាន់​ថា បាន​សម្លាប់​លោក តាំង ទ្រី ជា​អ្នកកាសែត និង​ជា​សមាជិក​នៃ​សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ (រូបថត៖ សមាគម​សារព័តមាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ)

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សាក​សួរ​អស់​រយៈពេល​ពីរ​ថ្ងៃ​ ​តុលាការ​ខេត្ត​ក្រចេះ​បាន​សម្រេចចេញ​ដីកា​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ចំនួន​បី​នាក់​ដើម្បី​រង​ចាំ​ជំនុំ​ជម្រះទោសពី​បទ​សង្ស័យ​ថា​ បាន​បាញ់​សម្លាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​រស់ សាមឌី​ ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​ក្រចេះ​ដើម្បី​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ ​តែ​មិន​អាច​ទាក់ទង​បាន​ទេ​ ​ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ។​ ក៏ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ព្រះ​រាជ​អាជ្ញា​រង​ ធុច បច្ចសន្តិភាព​បាន​មាន​ប្រសាសន៍​ថា​ លោក​ចៅ​ក្រម​បាន​ចេញ​ដីកា​សម្រេចឃុំ​ខ្លួន​ ហើយ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ជនជាប់​ចោទ​ទាំង​បី​នាក់​ទៅ​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន​ហើយដើម្បីរង​ចាំ​ការ​កាត់ទោស។

លោក​បាន​និយាយ​ថា៖ ​«ឃុំ​ហើយ ​កុំបាច់​ឆ្ងល់​ធ្វើ​អ្វី។​ បទ​ល្មើស​ឧក្រិដ្ឋ ​គេ​មិន​ដែល​មិន​ឃុំ​បណ្តោះ​អាសន្ន​ទេ។​ គេ​នឹង​ស៊ើប​អង្កេត​ឃុំ​ហើយ​ដើម្បី​មើល​ភស្តុតាង​ហ្នឹង ​វាមាន​ដាក់​បន្ទុក​ឬ​ដក​បន្ទុក​អ្វី ​បាន​គេ​ដោះ​តាម​ក្រោយ»។​

លោក​តាំង ទ្រី​ អាយុ​៤៨​ឆ្នាំ​ ជា​សមាជិក​សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​និង​ជា​អ្នក​យក​ព័តមាន​ឲ្យកាសែត​ក្នុង​ស្រុក​មួយ​ឈ្មោះ​វាល​ឥន្ទ្រី​ ​ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​ដោយ​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​ថ្ងាស​ បណ្តាល​ឲ្យស្លាប់​ភ្លាមៗ​កាល​ពី​ថ្ងៃ​អាទិត្យ។​

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មានការ​បាញ់​សម្លាប់​លោក​តាំង ទ្រី ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ មាន​ឈ្មោះ​ឡា ណារ៉ុង​ អាយុ​៣២​ឆ្នាំ​ ជា​អតីត​មន្ត្រី​យោធា​ខេត្ត​មណ្ឌល​គីរី​ ឈ្មោះ​ខឹម ភក្តី​ អាយុ​២៧​ឆ្នាំ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផ្នែក​អន្តរាគមន៍​ដែល​ជាម្ចាស់​កាំភ្លើង​ខ្លី​ និង​ជនសង្ស័យ​ទី​៣​ឈ្មោះ​ពិន ហ៊ាង​ អាយុ​៣១​ឆ្នាំ។​

ក្រោយ​មក​ ​តុលាការ​ចោទ​ប្រកាន់​ថា ​លោក​ឡា ណារ៉ុង​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ឃាតកម្ម​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ ខឹម ​ភក្តីត្រូវ​បាន​ចោទប្រកាន់​ពីបទ​ផ្សំ​គំនិត​ក្នុង​អំពើ​ឃាតកម្ម​ ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ ចំណែក​ឯ​លោក​ពិន ហ៊ាង​ ​ត្រូវ​បានចោទ​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​និង​ពី​បទ​មិន​ប្តឹង​បរិហារ​បទ​ឧក្រិដ្ឋ​ បទ​មជ្ឈឹម​ដោយ​អ្នក​រាជការ​សារធារណៈ​ជា​អាទិ។​

លោក​ សុខ សុវណ្ណ​ ប្រធាន​សមាគម​សារព័តមាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​ មាន​ប្រសាសន៍​ថា​ ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​បី​នាក់​គឺ​ជា​រឿង​ត្រឹម​ត្រូវ។​ ​

លោក​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា ​ទោស​ហ្នឹង​គួរ​តែ​ដាក់​ឲ្យគាត់​ធ្ងន់​បន្តិច​ទៅ​ ពី​ព្រោះ​គាត់​មាន​ចេតនា​សម្លាប់​ពិត​ប្រាកដ ​មិន​មែន​ជា​ការ​សម្លាប់​ដោយ​អចេត​នា​ទេ។ ​បើ​យើង​មើល​ឃើញ​ដំណើរ​រឿង​មក​ រហូត​ដល់​គាត់​បើក​រថ​យន្ត​ត្រឡប់​ទៅ​វិញ​គឺ​មាន​បំណង​សម្លាប់​តែ​ម្តង»។​

ការ​បាញ់​សម្លាប់​លោក​តាំង ទ្រី​ អ្នក​យក​ព័ត៌មាន​ឲ្យកាសែត​វាល​ឥន្ទ្រី​គឺ​ជា​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​កាសែតទី​១៣​ហើយ​ចាប់​តាំង​ពី​ក្នុង​អំឡុង​ទស​វត្ស​ទី​១៩៩០​មក។​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការ​បាញ់​សម្លាប់​លោក​តាំង ទ្រី​នេះ។​

លោក​ស្រី ចក់ សុភាព​ នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា ​ឃាតកម្ម​ទៅ​លើ​អ្នក​កាសែត​ជា​អំពើ​មួយ​ដែល​យើង​ថ្កោល​ទោស​ ហើយ​វាជា​សញ្ញាគំរាម​កំហែង​ដល់​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន។

លោក​ស្រី​មាន​ប្រសាសន៍​ថា​ លោក​ស្រី​សង្ឃឹម​ថា​ អ្នក​កាសែត​ដទៃ​ទៀត​ដែល​បាន​បាត់​បង់​ជីវិត​កន្លង​មក​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​សើររើ​និង​ស៊ើប​អង្កេត​ដើម្បី​រក​យុត្តិធម៌​ដល់​ជនរង​គ្រោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG