ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​កំពុង​ធ្វើ​យុទ្ធនាការ​បិទ​សំឡេង​ក្រុម​មតិ​ភាគតិច​សិទ្ធិ​មនុស្ស


រូបឯកសារ៖ លោក​នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ (ផ្តល់​ឲ្យ​ដោយ នី​​ ចរិយា)
រូបឯកសារ៖ លោក​នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ (ផ្តល់​ឲ្យ​ដោយ នី​​ ចរិយា)

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ពួក​ខ្លួន​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រៀបចំ​យុទ្ធនា​ការ​ថ្នាក់​ជាតិ​មួយ​ដើម្បី​បិទ​មាត់​ក្រុម​មតិភាគ​តិច ​និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ថ្ងៃ​អង្គារ​នេះ​ អង្គការ​សង្គម​ស៊ីវិល​ធំៗ​ចំនួន​១៣បាន​បញ្ជាក់​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​សកម្ម​ជន​និង​មន្ត្រី​គណបក្ស​ជំទាស់​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ជា​បន្ត​បន្ទាប់​ នា​ពេល​ថ្មីៗ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ពួក​ខ្លួន​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រៀបចំ​យុទ្ធនា​ការ​ថ្នាក់​ជាតិ​មួយ​ដើម្បី​បិទ​មាត់​ក្រុម​មតិភាគ​តិច ​និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​រួម​មាន​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​កាត់​ថា​ CHRAC​ អង្គការ​សិទិ្ធ​មនុស្ស​ ADHOC​ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ អង្គការ​ SILAKA​ និង​សហភាព​ការងារកម្ពុជា​ CLC​ ជា​ដើម។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល​បាន​ឲ្យ​ដឹង​ថា ​ការវិវត្ត​ថ្មីៗ​នេះ ​រួមទាំង​ការ​ចាប់​ឃុំខ្លួន​លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ​ដោយខុសនីតិវិធី​ និង​ខុស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ទាក់ទិន​នឹង​អភ័យ​ឯក​សិទ្ធិ​របស់​លោក​ កា​រដាក់​ទោស​ទណ្ឌ​ដល់​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ឫស​គល់​តែ​មួយ​ និងការ​ចាប់​ឃុំ​ខ្លួន​យុវជន​បីរូប ​ដែល​ជា​សមាជិក​អង្គការ​មាតា​ធម្មជាតិ​ នៅ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ជា​ដើម​។​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ ​និង​សមាគមដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ​ បាន​សរសេរ​ថា៖​ «ការ​វិវត្ត​ទាំង​នេះ​គឺ​ជា​កត្តា​រួមផ្សំ​យ៉ាង​សំខាន់​ និង​បង្ហាញ​ពី​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ។​ រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​យុទ្ធនាការ​មួយ​ដើម្បី​បិទ​សំឡេង​ក្រុម​ជំទាស់​ ​ដែល​ធ្វើការ​ជំទាស់​យ៉ាង​ខ្លាំង​បំផុត»។

សេចក្តី​ការណ៍​រួម​នេះ​បាន​បន្ត​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​«សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ទង្វើ​ខាងលើ​នេះ​របស់​រដ្ឋាភិបាល និង​សូម​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​របស់​យើង​ខ្ញុំ​ចំពោះ​លទ្ធិ​ប្រជា​ធិតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា»។​

លោក​នី ចរិយា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ថ្លែង​ថា​ អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​យល់​ឃើញ​ថា​ ការ​វិវត្ត​នយោបាយ​ចុង​ក្រោយ​នេះ​គឺ​«វិវត្ត​ទៅ​រក​ភាព​អវិជ្ជ​មាន។ ​ជា​ពិសេស​នៅ​ពេល​ដែល​កំដៅ​នយោ​បាយ​បាន​កើន​ឡើង​ ​វាអាចធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មុនស្ស​កើន​ឡើង​ ​និង​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​សម្តែង​មតិ​ក៏ដូច​ជា​សេរីភាព​ក្នុង​ការ​ចូល​រួម​នយោបាយ​ដែរ»។​

លោក​បាន​បន្ថែម​ថា​ គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរគួរ​តែ​បន្ត​កិច្ច​សន្ទនា​ដើម្បី​ពង្រីង​ស្ថិរភាព​នយោបាយ​និង​ការ​អភិវឌ្ឍ។​

«យើង​ចង់​ឲ្យ​ក្រុម​អ្នក​នយោបាយ​បែរ​មក​ពង្រឹង​ទី​១ ​វប្បធម៌សន្ទនា​ ទី២​ អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់នូវ​គោល​ការណ៍​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ក្រុម​មតិ​ភាគ​តិច ​ក្រុម​មតិភាគ​ច្រើន​នេះ​ ​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​ជាតិ។​ កុំយក​ពេល​វេលា​ទៅ​ប្រើប្រាស់​ វាយ​ប្រហារ​គ្នា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ដោយ​សុខដុមរមនា​របស់​ប្រជា​ពលរដ្ឋ​ផង និង​វា​ខាត​ពេល​វេលា​អត់​ប្រយោជន៍​ផង»។​

លោក​នី ចរិយា​បាន​បន្ត​ថា​ គណបក្ស​ទាំង​ពីរ​គួរ​តែ​កំណត់​អាទិភាពសំខាន់​របស់​ជាតិ​ ​ហើយមិន​គួរ​វាយ​ប្រហារ​គ្នា​ក្នុង​ឆាក​នយោបាយ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ គេ​គួរតែចាប់​ដៃ​ធ្វើការ​ជាមួយ​គ្នា​ ជា​ពិ​សេស​ករណី​ព្រំដែន​ដែល​ត្រូវ​ការ​ការ​ឯកភាព​ជាតិ​នោះ។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ ក្រុម​យុវជន​៣​រូប​របស់​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ខេត្ត​កោះកុង​ បន្ទាប់​ពី​ពួក​គាត់​បាន​ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំងការ​បូម​ខ្សាច់​នា​ខេត្ត​នោះ។​

កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​កក្កដា​ឆ្នាំ​២០១៥​កន្លង​ទៅ​ ​តុលាការ​រាជធានី​ភ្នំពេញ​ បានផ្តន្ទាទោស​លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​១០រូប​ផ្សេង​ទៀត​ ទាក់​ទិន​នឹង​អំពើ​ហិង្សា​ក្បែរទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ឆ្នាំ​មុន។​ ជា​មួយ​គ្នា​នោះ​ដែរ​ សកម្ម​ជន​បីរូប​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​ចូលរួម​បាតុកម្មនោះ​ផង​ដែរ។​

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ឃុំ​ ​និង​ចោទ​លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង​ពី​បទ​«ក្លែង​បន្លំ​ឯក​សារ​សា​ធារ​ណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»។​ ​ការ​ចាប់​ឃុំខ្លួន​នេះ​គឺ​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ បន្ទាប់​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក​សុខ ឦសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ថា៖​ ​ «វា​គ្មាន​ការ​ឡើង​កំដៅ​នយោ​បាយ​អ្វី​នោះ​ទេ»​ ​ហើយ​ការ​ចាប់​ខ្លួន​ពេលថ្មី​នោះ​ទៀតសោត​ក៏​មិន​ទាក់​ទិន​នឹង​រឿង​នយោ​បាយ​អ្វី​នោះ​ដែរ​ ​តែ​ជា​ការ​ប្រព្រឹត្ត​ខុស​របស់​បុគ្គល​ទៅ​វិញ​ទេ។​ លោក​បាន​បន្ត​ថា​ អង្គការ​សង្គម​ស៊ីវិល​ទាំង​១៣​ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​នោះ​គឺ​គ្រាន់​តែ​តំណាង​ឲ្យអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធំ​ ដែល​កំពុង​ប្រតិបត្តិ​ការនៅ​ក្នុង​ប្រទេស​កម្ពុជា។​

«ហើយ​អង្គការ​ប៉ុន្មាន? ​អង្គការ១៣!​ ​ហើយ​ក្នុង​ទូទាំង​ប្រទេស​មានអង្គការជាង​៥៣០០​អង្គការឯ​ណោះ។ ​តើ​ប៉ុន្មាន​ភាគ​រយ​ទៅ? ​វាមិន​បាន​០,១​ ភាគ​រយ​ផង។​ អាហ្នឹង​យើង​គិត​មើល!​ កុំ​យក​អ្នក​១៣​ហ្នឹងធ្វើ​ជា​ច្រើននោះណា៎។ ​កាល​ពី​ពេល​តវ៉ា​អាច្បាប់ ​NGO​ នឹង​ថា​ ​៣០ ​វា​មិន​ដល់​១​ភាគ​រយផងទេ។​ តែ​ឥឡូវ​១៣។ ​១៣​ហ្នឹង​គឺ​វា​តិចមែន​ទែន​ហើយ!​ ​ហើយ​ខ្ញុំ​ប្រឆាំង​នឹង​ទស្សនៈ​ថា​ ​ឡើង​កំដៅ។​ វា​គ្មាន​ឡើង​កំដៅ​អី​នោះ​ទេ។​ អ្នក​ណា​ធ្វើខុស​គឺ​ត្រូវ​តែ​ទទួល​ទោស​នោះ​ហើយ»។​

កាល​ពីព្រឹក​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ ​លោក​សម រង្ស៊ី​បាន​ឲ្យ​ដឹង​ថា​ ​លោក​នឹង​ព្យាយាម​ទម្លាយ​ភាព​ជាប់​គាំង​ ​និង​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ជា​លើក​ទីបីជា​មួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ហើយ​លោក​បន្ត​ថា ​នឹង​មាន​ការ​ធ្វើ​សម្បទាន​ផ្នែក​នយោបាយ​មួយ​ចំនួន​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​ និង​សកម្មជន​របស់​ខ្លួន។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​សុខ ឦសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និងលោកយឹម សុវណ្ណ ​អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ មិន​ទាន់​មាន​ផែនការ​ជួប​ចរចារវាង​ប្រធាន​គណបក្ស​ទាំង​ពីរ​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG