ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​​ក្នុង​កម្មវិធី​ស្រូវ​អង្ករ


កសិករ​ម្នាក់​ធ្វើការ​នៅ​ក្នុង​វាល​ស្រែ​របស់​គាត់​ក្នុង​ខេត្ត ​Nakhonsawan ។ រដ្ឋាភិបាល​ថៃ​បាន​ផ្តល់​ស្រូវ​2​លាន​តោន​និង​កៅស៊ូ ​200.000តោន​ទៅ​កាន់​ប្រទេស​ចិន​​ នេះ​បើ​តាម​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ខណៈ​ដែល​រដ្ឋាភិបាល​បាន​ព្យាយាម​លក់​ស្រូវ​ដែល​ស្តុក​ច្រើន​លើស​លុប​នោះ។
កសិករ​ម្នាក់​ធ្វើការ​នៅ​ក្នុង​វាល​ស្រែ​របស់​គាត់​ក្នុង​ខេត្ត ​Nakhonsawan ។ រដ្ឋាភិបាល​ថៃ​បាន​ផ្តល់​ស្រូវ​2​លាន​តោន​និង​កៅស៊ូ ​200.000តោន​ទៅ​កាន់​ប្រទេស​ចិន​​ នេះ​បើ​តាម​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ខណៈ​ដែល​រដ្ឋាភិបាល​បាន​ព្យាយាម​លក់​ស្រូវ​ដែល​ស្តុក​ច្រើន​លើស​លុប​នោះ។

លោកស្រី​ Yingluck Shinawatra ​អតីត​នាយករដ្ឋមន្រ្តី​នៃ​ប្រ​ទេស​ថៃ ​នៅ​តែ​ស្ថិត​នៅ​ក្រោមការ​ពិនិត្យ​ពិច្ច័យ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​ខក​ខាន​មិន​បាន​បញ្ឈប់​ការ​ខាត​បង់​និង​អំពើ​ពុករលួយ​ដ៏​ធំមួយ​ នៅ​ក្នុង​គម្រោង​គាំទ្រ​តម្លៃ​ស្រូវ​អង្ករ​ដ៏​ចម្រូង​ចម្រាស់របស់​ប្រទេស​នោះ។​

ក្រសួង​ហិរញ្ញ​វត្ថុ​ថៃ ប៉ាន់​ស្មាន​ថា ​ប្រទេស​នេះ​បានចំណាយ​ប្រាក់​ជាង​២១.០០០ពាន់​លាន​ដុល្លារដើម្បី​ទ្រទ្រង់កម្មវិធី​តម្លៃ​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាលក្នុង​រយៈ​ពេល​ជាង​១​ទសវត្សរ៍​កន្លងមក​នេះ។

​ ផែនការ​គាំទ្រ​តម្លៃ​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​បានចាប់​ផ្តើម​ដោយអតីត​មេដឹកនាំ Yingluck Shinawatra ​ហើយ​និងគណបក្សភឿថៃ​របស់​លោកស្រី ​បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១១។

ផែនការ​នេះ ​បាន​សន្យា​ដល់​ពួក​កសិករ​នូវ​តម្លៃ​ស្រូវ​លើស​តម្លៃ​ទី​ផ្សារ​។ ​ពួកអាជ្ញា​ធរ​សង្ឃឹម​ថា ​ផែនការ​នោះ​នឹង​ផ្តល់​ឲ្យ​ពួកគេ​ត្រួត​ត្រា​កាន់​តែ​ខ្លាំង​ឡើង​លើ​ការ​នាំ​ចេញស្រូវ​អង្កររបស់​ថៃ ​ហើយ​នឹង​នាំ​ឲ្យ​ពួកគេ​ពង្រឹង​តួនាទី​របស់​ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។

ក៏​ប៉ុន្តែ ​ប្រទេស​ផលិត​អង្ករ​ក្នុង​តំបន់​ដូចជា​ ឥណ្ឌា​ វៀតណាម​និង​មីយ៉ាន់ម៉ា​ បាន​បង្កើន​ផល​ស្រូវ​របស់​ខ្លួន​ហើយ​បាន​លក់ការ​នាំ​ចេញ​ស្រូវ​អង្ករ​កាន់​តែ​ខ្លាំង​ឡើង​នៅ​លើ​ទី​ផ្សារ បំពេញ​តម្រូវការច្រើន​ជាងដែល​ពួកគេបាន​ធ្វើ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ រឿង​នេះ​នាំ​ឲ្យ​អង្ករ​ថៃ​លក់​មិន​ចេញ ​ហើយ​មាន​ការ​ពន្យា​ពេលក្នុង​ការ​បង់​ប្រាក់​ទៅ​ឲ្យ​កសិករ​។ រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ស្តុក​ទុក​ស្រូវ​អង្ករ​ដែល​មិន​បាន​លក់​ ​ដែល​ពួក​អាជ្ញាធរ​ឥឡូវនេះ​បាន​ប៉ាន់​ស្មាន​ថា ​មាន​ប្រហែល​១៩​លាន​តោន។

លោក Viroj na Ranong ​ជា​សេដ្ឋ​វិទូ​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អភិវឌ្ឍន៍ថៃ (Thailand Development Research Institute)​ ដែល​ជាអង្គការ​ស្រាវជ្រាវ​ឯករាជ្យ​និយាយ​ថា ការ​ខាត​បង់​ដែល​បាន​ប៉ាន់ស្មាន​ដោយក្រសួង​ហិរញ្ញវត្ថុ​ ​អាច​កើន​ឡើង នៅពេល​ដែល​រដ្ឋាភិបាល​យោ​ធា​បាន​ប៉ុនប៉ង​បោស​សម្អាត​ការ​ស្តុកទុកស្រូវ​អង្ករ​ដ៏​ច្រើន​នោះ។

«តាម​ការ​ពិត​ រឿង​ដែល​អាក្រក់​នោះ​មិនត្រឹម​តែ​រដ្ឋាភិបាលរបស់​គណបក្សភឿថៃ ​គ្មាន​សមត្ថភាព​ដើម្បី​លក់​អង្ករ​របស់​ខ្លួន​នោះ​ទេ ការ​រំពឹង​ទុក​របស់​ខ្ញុំគឺថា ស្រូវ​អង្ករ​ភាគ​ច្រើន​នឹង​ស្ថិតនៅ​ក្នុង​ឃ្លាំង​យ៉ាង​យូរ​មុន​ពេល​ពួក​យោ​ធា ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ស្រូវ​អង្ករ​នេះ​បាន»។

ក្រសួង​ហិរញ្ញវត្ថុថៃ ​បាន​ប៉ាន់​ស្មាន​ថា ​ការ​ខាត​បង់ពី​ផែនការ​ស្រូវអង្ករនៅ​ក្រោមរដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋ​មន្រ្តី Yingluck Shinawatra ​មាន​តម្លៃ​សរុប​ជាង​១៦​ពាន់​លាន​ដុល្លា​។ ក្រសួង​នោះ បាន​ប្រាប់ឲ្យ​ដឹង​ថា កម្មវិធី​ប្រហាក់​ប្រហែល​គ្នា ​មាន​តាំង​ពី​ឆ្នាំ​២០០៤ដែល​បាន​នាំ​ឲ្យ​មាន​ការ​ខាត​បង់​សរុប​ទាំងអស់​លើស​ពី​២១​ពាន់លាន​ដុល្លា។

​ពួក​អ្នក​រិះគន់​កម្មវិធី​ស្រូវ​អង្ករ​និយាយ​ថា ​កម្មវិធី​នោះក៏​បាន​ខាត​បង់​ថវិការ​យ៉ាង​សម្បើម​តាម​រយៈ​ការ​ពុករលួយ។ សមាជិក​របស់​គណបក្ស​លោកស្រី Yingluck ​និយាយ​ទទួច​ថា ​អ្នក​ទទួល​បាន​អត្ថ​ប្រយោជន៍​ដ៏​សំខាន់​ពី​កម្មវិធី​នោះ គឺ​ពួក​កសិករ​ដាំ​ស្រូវ​របស់​ថៃ។

ក៏ប៉ុន្តែ ​គណបក្ស​ប្រ​ជាធិបតេយ្យដែល​ជា​គណបក្ស​ប្រឆាំង ​បាន​ចេញ​ផ្សាយ​សេចក្តីរាយការណ៍​លម្អិត​ស្តីពីកម្មវិធី​ស្រូវ​អង្ករ ដែល​ផ្អែកលើការ​ផ្តល់​ព័ត៌មាន​ដោយ​ពួកការិយា​ធិបតេយ្យ​និង​ពួក​មន្រ្តី​នៅ​ក្នុងក្រសួង​រដ្ឋាភិបាលហើយ​នឹង​ធនាគារ​ដែល​ត្រួតត្រា​ដោយ​រដ្ឋ។

លោក Warong Dechgitvigrom ​សមា​ជិក​គណបក្ស​ប្រ​ជា​ធិបតេយ្យ ​និយាយ​ថា ​អំពើ​ពុក​រលួយ ​មាន​ការ​ពាក់​ព័ន្ធ​រោង​ចក្រ​កិនស្រូវ ​ធនាគារ​ដែល​ត្រួតត្រា​ដោយ​រដ្ឋ​និង​ពួក​អ្នក​តាម​ដាន​ពិនិត្យ​មើលផ្លូវ​ការ​ដែល​បាន​បញ្ជូន​ការ​វាយ​តម្លៃគុណ​ភាព​ស្រូវ​អង្ករ។ ការ​ត្រួតត្រាការលក់ពី​រដ្ឋាភិបាល​ទៅ​រដ្ឋាភិបាលឬ G to G ក៏​ចោទ​ជា​បញ្ហា​ដែរ។

«ពួក​អ្នក​តាម​ដានពិនិត្យ​មើល ​ក៏​ពុក​រលួយ​ដែរ។ ហេតុ​នេះ​ហើយ ​បាន​ជា​ស្រូវ​អង្ករមាន​គុណ​ភាព​មិន​ល្អ ពណ៌​លឿង ឬ​ស្រូវ​អង្ករ​មក​ពី​កម្ពុជា​ឬ​មីយ៉ានម៉ា​ ​ត្រូវ​បានគេ​បញ្ជូន​ទៅ​កាន់​ឃ្លាំង។ ​ហើយ ​នៅ​ទី​បញ្ចប់ពេល​ដែល​រដ្ឋាភិបាល​លក់​ស្រូវ​អង្ករ​ ពួកគេ​ក៏​ពុក​រលួយ​ ក្លែង​បន្លំ​ផែនការ​ G-G វា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ»។ លោកស្រី​ Yingluck ​ដែល​ជា​ប្រធាន​គណៈកម្មាធិការត្រួត​ពិនិត្យកម្មវិធី​ស្រូវ​អង្ករ​នោះ ​ប្រឈម​ការ​ចោទ​ប្រកាន់ពី​ការ​ធ្វេស​ប្រហែស ហើយមាន​កំណត់​ពេល​បង្ហាញ​ខ្លួន​នៅ​មុខសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា។ ​ប្រសិន​បើ​មាន​ការ​ប្តឹងចោទ​ប្រកាន់​នៅ​មុខ​តុលាការ​ ​លោកស្រី​នឹង​ត្រូវ​រារាំង​មិន​ឲ្យ​ធ្វើ​នយោបាយរយៈ​ពេល​៥ឆ្នាំ។

សេដ្ឋវិទូ Viroj ​និយាយ​ថា គណៈកម្មការ​ជាតិប្រឆាំង​អំពើ​ពុក​រលួយ​(NACC) ​ចាត់​វិធានការផ្តោត​លើ​អតីត​មេដឹកនាំ​Yingluck ​បង្ហាញ​ពីការ​ពាក់​ព័ន្ធ​ខាង​នយោ​បាយ​ដែល​ផ្អែក​លើការ​ចោទ​ប្រកាន់​ខ្សោយលើ​តួនាទី​របស់​លោកស្រី​ជា​ប្រធាន​កម្មវិធី​ស្រូវ​អង្ករ​ជាតិដែល​លោកស្រី ​ត្រូវ​តែ​មាន​ការ​ទទួល​ខុសត្រូវ​នោះ។

ក៏ប៉ុន្តែ លោក Warong Dechgitvigrom ​ជាសមាជិក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ ​និយាយ​ថា ​ចំណាត់​ការ​ខាង​ផ្លូវ​ច្បាប់​ប្រឆាំងលោកស្រី Yingluck ​អាច​ទទួល​ជោគ​ជ័យ ​មួយ​ផ្នែកពីព្រោះ​តែ​ កសិករ​ដាំ​ស្រូវ​ជា​ច្រើន ​បាន​ខឹង​សម្បារ​ដោយ​ការ​ពន្យា​ពេលការ​សងប្រាក់​នោះ។

«ខ្ញុំ​ជឿ​ជាក់​ថា ​ការ​ប្តឹងចោទ​ប្រកាន់​នៅ​មុខ​តុលាការ​នឹង​ទទួល​បាន​ជោគ​ជ័យហើយ​ខ្ញុំ​ជឿ​ជាក់​ថា នៅទី​បញ្ចប់​តុលាការ​កំពូល ​ក៏​នឹង​បាន​ទទួល​ជោគ​ជ័យ​ដែរ។ ជោគជ័យ​ទាំង​២។​ ​ ពលរដ្ឋ​ក្រី​ក្រ ​ក៏​យល់​ស្រប​ជាមួយ​តុលាការ​ដែរ គឺ​អ្នក​នយោបាយ ​ត្រូវ​តែ​ទទួល​ខុសត្រូវចំពោះ​អំពើ​ពុក​រលួយ​និង​អំពី​ការ​ប្តឹងចោទ​ប្រកាន់​នៅ​មុខ​តុលាការហើយ​និង​សកម្មភាព​ឧក្រិដ្ឋ​កម្ម»។

​ពួក​អ្នក​នាំ​ស្រូវ​អង្ករ​ចេញ​ឯក​ជន ​នៅ​តែ​មាន​ទំនុកចិត្ត​ថា ​ប្រទេស​ថៃ​នឹងទទួល​បាន​តួនាទី​របស់​ខ្លួន​ជា​ប្រទេស​នាំស្រូវ​អង្ករ​ចេញ​ដ៏​ធំ​បង្អស់​របស់​ពិភពលោក​ឡើង​វិញក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។

​ក្រុម​នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​ស្រូវ​អង្ករ​ព្យាករណ៍​ថា ​ថៃ​នឹងដឹកនាំ​អង្ករ​ចេញ​ប្រហែល​ពី​១០​ទៅ​១២​លាន​តោន​នៅ​ឆ្នាំ​២០១៤ ​ដោយ​ស្ថិត​នៅ​ក្នុង​ជួរ​ជា​មួយប្រទេស​ឥណ្ឌា​ដែល​មាន​ចំនួន​១០​លាន​តោន៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG