ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះហៅ​ លោក​ ទាវ វណ្ណុល​ រឿង​អត្ថាធិប្បាយ​ជាមួយ​បណ្តាញ​ព័ត៌មាន


លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

តំណាង​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ចេញដីកាកោះ ​មេដឹកនាំ​គណបក្ស​ជំទាស់ លោក​ទាវ វណ្ណុល ឱ្យ​ចូល​ខ្លួន តាម​ពាក្យ​បណ្តឹងមេធាវីរបស់​រដ្ឋាភិ​បាល​ពាក់​ព័ន្ធ​ការ​អត្ថា​ធិប្បាយរបស់​លោក​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពីខែ​កុម្ភៈ អំពី​បញ្ហាលទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​។

គណបក្ស​ភ្លើង​ទៀន​បាន​ឱ្យដឹង​នៅ​ក្នុងសេចក្តី​ប្រកាស​ព័ត៌​មាន ចុះថ្ងៃទី​៥ខែ​មេសា​នេះ​ថា លោក​ទាវ​ វណ្ណុល​ ត្រូវ​បានមេធាវី​តំណាង​រដ្ឋាភិបាល​កម្ពុជា​ ប្តឹង​ពី​បទធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រមុខរដ្ឋា​ភិបាល​ ពាក់ព័ន្ធ​ការ​ផ្តល់​បទ​សម្ភាសន៍​ដល់​សារ​ព័ត៌មាន​Nikkei Asia​របស់​ជប៉ុន និង​អង្គ​ភាព​ព័ត៌មាន​មួយ​ទៀត​ គឺ​វិទ្យុ​បារាំង​ (RFI)ក្នុង​អំឡុង​ពេល​លោក​មាន​វត្តមាន​នៅ​ប្រទេស​ជប៉ុន​។ ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូបនេះ​ ​នឹង​ត្រូវ​ចូល​ទៅកាន់​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១០ខែ​មេសា​ ខាង​មុខ​នេះ​។

អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន​ លោក ​លី សុធារ៉ាយុត្តិ ​ប្រាប់​វីអូអេ​ថា​ ការ​កោះហៅ​លោក​ ទាវ វណ្ណុល​ ដែល​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​មួយ​រូប​មិនអាច​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ ហើយ​អ្វី​ដែល​លោក​បាន​អត្ថាធិប្បាយ​ជាមួយបណ្តាញ​ព័ត៌មាន​គឺ​ជា​ការសម្តែង​មតិ​។ ​

លោក​ប្រាប់វីអូអេ​ជា​អក្សរ​តាមប្រព័ន្ធទំនាក់​ទំនង​តេឡេ​ក្រាម​ថា៖ «​ការ​ប្តឹង​លោក​ប្រធាន​ ទាវ វណ្ណុល​ និង​ការ​កោះ​ហៅ​គាត់​ឆ្លើយបំភ្លឺនៅតុ​លាការ​ ដោយ​អយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ គឺ​វាមិន​សូវ​ល្អ​សម្រាប់​ដំណើរ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​សារ​តែ​ការ​សម្តែង​មតិ​យល់​ឃើញ​របស់​គាត់​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ម្នាក់​»។

លោក​បន្ថែមថា​ នៅ​ក្នុង​ករណី​លោក​ ទាវ វណ្ណុល នេះ ​គួរតែមាន​ការស្នើសុំ​កែ​តម្រូវ​នូវ​សម្តី​ដែល​បាន​បញ្ចេញ​ ឬនិយាយ​នោះ​ បើ​សិន​រក​ឃើញ​ថា​វា​ខុស​ពី​ការពិត ​ជា​ជាង​ប្រើតុ​លាការ​ប្តឹង​លើ​អ្នក​នយោ​បាយ​ដែល​នាំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​។

លោក ទាវ វណ្ណុល​ បានទៅបំពេញ​បេសកកម្មការងារ​នៅទីក្រុង​តូក្យូ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤។ វិទ្យុ​បារាំង​ដែល​ផ្សាយជាភាសាខ្មែរ​ក៏​បាន​ធ្វើ​សេច​ក្តីរាយការណ៍​អំពី​ជំនួ​បមួយ​របស់​លោក ​ទាវ វណ្ណុល​ ជាមួយ​អគ្គ​លេខា​ធិការ​បក្សកុម្មុយនីស្ត​ជប៉ុន​ និង​ជាសមាជិកសភា​Akira Koike ហើយ​នៅ​ក្នុង​ជំនួប​នោះ​លោក ទាវ វណ្ណុល​បាន​ប្រាប់លោក Akira Koike អគ្គ​លេខាធិការ​បក្សកុម្មុយនីស្ត​ជប៉ុន​និង​ជា​សមាជិកសភា​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​កាំមេរ៉ា​ ឃ្លាំ​មើលនៅ​ខាងមុខ​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​។

បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ពាក្យ​សម្តី​របស់ ​លោក ​ទាវ វណ្ណុល ​ដោយ​អង្គភាព​ព័ត៌មាន Nikkei Asia ​និងវិទ្យុ​បារាំង​ (RFI) ​រដ្ឋា​ភិបាល​កម្ពុជា​បានប្រតិកម្មថា លោក​ ទាវ វណ្ណុល មាន​ចេតនា​អាក្រក់ ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​រាជ​រដ្ឋា​ភិបាល នៅ​មុន​ពេល​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ដក​ស្រង់​សម្តី​របស់​លោក​ ទាវ វណ្ណុល​ ដែល​បាន​និយាយ​ថា រដ្ឋា​ភិបាល​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ាណែត​ កាន់​តែ​អាក្រក់ទៅ​ទាក់​ទង​នឹង​ប្រជាធិប​តេយ្យ​ ដោយ​បាន​បន្ត​ចាប់ខ្លួន​ក្រុម​ប្រកួតប្រជែង​នយោបាយ​ និង​ប្រជាពល​រដ្ឋ​ដែល​រិះគន់​រាជ​រដ្ឋាភិបាល​។

សេចក្តី​ថ្លែងការណ៍​ដដែល​ឱ្យ​ដឹង​ទៀតថា កា​រថ្លែង​របស់​លោក​ ទាវ វណ្ណុល​ យ៉ាង​ដូច្នេះ ជា​«​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​ទាំង​បំពាន​ និង​ខុស​ពី​ការ​ពិត​»។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក​ ប្លង់ សុផល បញ្ជាក់​វីអូអេ​ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះថា​ តំណាង​អយ្យ​ការ​ពិត​ជាបាន​កោះហៅ​លោក ​ទាវ វណ្ណុល​ ដូច​តាម​កា​រប្រកាស​របស់​គណបក្ស​ភ្លើងទៀន​។

ចំណែក​អ្នកនំាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ឥសាន​ ប្រាប់​វីអូអេនៅ​ថ្ងៃសុក្រនេះថា ការ​ថ្លែង​របស់​ប្រធាន​គណបក្ស​ភ្លើងទៀន​ ប៉ះពាល់មុខមាត់​រដ្ឋាភិបាល ទើបមានការប្តឹងផ្តល់​បែប​នេះ។​

លោក​បញ្ជាក់​ថា​៖ «​អាហ្នឹង​មាន​ពិរុទ្ធភាព​ហើយបានគេប្តឹង បើថាគ្មាន​ពិរុទ្ធភាពទេ ​គេប្តឹងធ្វើអី វាអត់​ប្រយោជន៍»។ ​

ថ្នាក់​ដឹកនាំមួយចំនួនរបស់​គណបក្សភ្លើង​ទៀន​ ត្រូវ​បាន​គេ​សង្កេត​ឃើញថា បាន​រង​ការ​ប្តឹងផ្តល់​នៅតុលា​ការ​តាម​បណ្តឹង​របស់​មេធាវី​រដ្ឋាភិបាល​កម្ពុជា ដែល​ភាគច្រើន​ពាក់​ព័ន្ធនឹង​ការនិយាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្សកាន់​អំណាច​ ដូច​យ៉ាង​លោក​ ថាច់ សេដ្ឋា​ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន៣ឆ្នាំ​ចំពោះ​ការ​ថ្លែង​សារ​នយោបាយ​ពាក់​ព័ន្ធ​នឹង​ថ្ងៃ​៧​មករា ​និង​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG