ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នុយ​រស់​ជាតិ​ផ្អែម​បញ្ឆោត​សម្លាប់​មូស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ចាញ់


មូសអាចចម្លងមេរោគគ្រុនចាញ់ពេលវាខាំមនុស្ស។
មូសអាចចម្លងមេរោគគ្រុនចាញ់ពេលវាខាំមនុស្ស។

ក្រុម​អ្នកស្រាវ​ជ្រាវ​អ៊ីស្រាអែល និយាយ​ថា​ពួកគេ​បាន​បង្កើត​នុយ​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​អាច​ទាក់​ទាញ​និង​សម្លាប់​មូស​ដែល​ចម្លង​ជំងឺ​គ្រុនចាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ប៉ុន្តែ​មិន​បង្កឲ្យមាន​ក្តី​អន្តរាយ​អ្វី​ទាំង​អស់​ដល់​មនុស្ស​និង​សត្វ​ដទៃ​ទៀត។

នុយ​ស្ករពុល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ហេប៊្រូ (Hebrew University) នៅ​ក្នុង​ទីក្រុង​ហ្សេរុយសាឡឹម (Jerusalem) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការផ្សំ​បញ្ចូលគ្នា​នៃ​ជាតិ​ទឹកផ្លែ​ឈើ​ដែល​មាន​ការទាក់ទាញ​ចំពោះ​សត្វមូស​និង​អាស៊ីត​បូរិច​ដែល​ជា​ប្រភេទ​ម្សៅគីមី​មាន​ក្លិន​ស្រាល​ដែល​សម្លាប់​សត្វ​ល្អិត​នៅ​ពេល​វា​ស៊ី​ម្សៅ​នេះ។

នៅ​ក្នុង​ការពិសោធ នៅ​ក្នុង​តំបន់​ម៉ាលី​ដែល​មាន​អាកាសធាតុស្ងួត​ពាក់​កណ្តាល​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងលិច​ នុយ​ដែល​នៅ​ក្នុង​ករណី​នេះគឺ​ជា​ការលាយ​បញ្ចូល​គ្នា​នៃ​អាស៊ីត​បូរិច​ជា​មួយ​នឹង​ផ្លែ​ត្របែក​និង​លាយក្លិន​ត្រសក់​ស្រូវទឹកឃ្មុំ​ត្រូវ​បាន​គេ​បាញ់​ដោយ​ប្រើប្រាស់​ប្រដាប់​បាញ់​ដោយ​ដៃ​ទៅ​លើ​បន្លែ​ក្បែរបណ្តុំ​ស្រះ​ទាំង​ឡាយ​ដែល​គេជីកឡើង។ ស្រះ​ទាំង​នេះគឺ​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ដ៏​សំខាន់​នៅ​រដូវ​ក្តៅ​សម្រាប់​អ្នកភូមិ​និង​សត្វចិញ្ចឹម​របស់​ពួកគេ។​ ស្រះ​ទាំងនេះ​ក៏ជា​ប្រភព​ពង​កូន​ពងចៅ​សម្រាប់មូស​ដែក​គោល​ដែល​ជា​ប្រភេទ​មូស​ដែល​ផ្ទុកមេរោគគ្រុនចាញ់​ប្រកប​ដោយ​គ្រោះថ្នាក់​ដល់​ជីវិត​ខ្លាំង​ជាងគេ​បង្អស់។

ដើម្បី​ធ្វើការ​ប្រៀបធៀប​ ក្រុមអ្នកស៊ើប​អង្កេត​បាន​បាញ់​ថ្នាំ​ទៅ​លើ​ស្មៅ​និង​ស្លឹកឈើ ដែល​នៅ​ក្បែរ​ស្រះ​ផ្សេងៗ​ទៀត ជាមួយ​នឹង​សូលុយស្សុងដែល​មាន​ក្លិន​ក្រអូប​ផ្អែម​តែ​ប៉ុណ្ណោះ។ នុយ​ទាំង​ពីរ​ប្រភេទ​មាន​ជ្រលក់​ពណ៌​មួយ​ដែល​បាន​កត់សម្គាល់​សត្វ​មូស​ទាំង​ឡាយ​ណា​ដែល​មក​ទុំ​នៅ​លើ​ថ្នាំ​បាញ់​នេះ ដូច្នេះ អ្នកវិទ្យាសាស្រ្ត​អាច​រាប់​ចំនួន​សត្វ​មូស​ដែល​បាន​មក​ស៊ី​នុយ​បញ្ឆោត​នោះ​ពិត​ប្រាកដ។

ចូសេហ្វ ស្លីន (Josef Schlein) ដែល​ជា​អ្នកវេជ្ជសាស្រ្ត​ខាង​សត្វ​ល្អិត​មួ​យរូប​ដែល​បាន​ដឹកនាំ​ការសិក្សា​នេះ​មាន​ប្រសាសន៍​ថា​លទ្ធផល​បន្ទាប់​ពី​ការពិសោធ​រយៈពេល​៣៨​ថ្ងៃ​បាន​បង្ហាញ​ថា​នុយ​ដែល​មាន​ផ្ទុក​ទាំង​ក្លិនក្រអូប​ផ្អែមនិង​អាស៊ីតបូរិច​ មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​ក្នុង​ការសម្លាប់​សត្វ​មូស។

«នៅ​ក្នុង​តំបន់​ ម៉ាលី យើង​ទទួល​បាន​ការធ្លាក់​ចុះ​នូវ​ចំនួន​សត្វ​មូសញី​ប្រមាណ៨០​ភាគរយ​និង​សត្វ​មូស​ឈ្មោល​ចំនួន​៩០​ភាគរយ។ ប៉ុន្តែ​ តំបន់​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ស្រះតូចៗ​នៅ​ទីនោះ​ ដូច្នេះ វា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ក្នុង​ការបញ្ឈប់​សត្វ​មូស​មិន​ឲ្យ​ហើរ​ពី​ស្រះ​ដែល​មិន​ទទួល​បាន​ការបាញ់​ថ្នាំ​មក​ស្រះ​មួយ​ដែល​ត្រូវ​បាន​បាញ់​ថ្នាំ»។

នៅ​ឯ​តំបន់​ត្រួត​ពិនិត្យ​ដែល​ទទួល​បាន​ការបាញ់​ថ្នាំ​តែ​ជាមួយ​នឹង​ក្លិន​ក្រអូប​ ស្លីន​ និយាយ​ថា ចំនួន​សត្វ​មូស​ដែលចិញ្ចឹម​ជីវិត​ជាមួយ​នឹងនុយ​ក្លែងក្លាយ​កើន​ឡើង​ប្រមាណ​៧៥​ភាគរយ។

ស្លីន​ ពន្យល់​ថា ប្រជា​ពលរដ្ឋ​ជាច្រើន​មិន​បាន​ដឹង​ថា សត្វមូស​ញី​ជា​ធម្មតា​ជញ្ជក់​យក​ទឹកដម​រុក្ខជាតិ​ដែល​មាន​រស់ជាតិ​ផ្អែម​ដើម្បី​រស់នៅ។​ ចំណី​អាហារ​ឈាម​ដែល​សត្វ​មូស​ស្គាល់​ច្បាស់​ជាង​នៅពេល​វា​ខាំ​មនុស្ស​គឺ​ជា​ផ្នែក​មួយ​នៃ​វដ្ត​នៃ​ការបង្ក​កំណើត។

ឥឡូវ​នេះ​ គោលដៅ​របស់​ក្រុម​អ្នកស្រាវជ្រាវ​គឺ​ដើម្បី​បង្កើត​នុយ​បញ្ឆោត​ដែល​កាន់​តែ​ធ្វើឱ្យ​មូស​មិន​អាច​ទ្រាំ​បាន។

អ្នកដឹកនាំ​ការស្រាវជ្រាវ​ ចូសេហ្វ ស្លីន កត់​សម្គាល់​ថា អាស៊ីត​បូរិច​បង្ក​គ្រោះថ្នាក់​តិច​តួច​ដល់​មនុស្ស​និង​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ផ្សេងៗ​ទៀត។ ដូច្នេះ គេអាច​មាន​លទ្ធភាព​ផលិត​នុយ​បញ្ឆោត​សម្លាប់មូស​មួយសម្រាប់​ប្រើ​នៅ​ក្នុង​ផ្ទះ។ ដោយសារ​ភាពងាយ​ស្រួល​នៃ​ភាពគ្មាន​ជាតិ​ពុល​នៃ​នុយ​ប្រភេទ​ថ្មី​មួយ​នេះ អ្នកវិទ្យាសាស្រ្ត​ខាង​សត្វ​ល្អិត​នៃ​សាកល​វិទ្យាល័យ ​ហេបប៊្រូ ​និយាយ​ថា ​វា​គឺ​ជា​វត្ថុ​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នកវិទ្យាសាស្រ្ត​ផ្សេង​ទៀត​មិន​បាន​គិត​ដល់​ឲ្យ​បាន​ឆាប់​ជាង​នេះ។

«បាទ វា​ក៏​ជា​ការភ្ញាក់​ផ្អើល​មួយ​សម្រាប់​យើង។ ប្រសិន​បើ​ពពួក​មូស​ទៅ​កន្លែង​ណា​មួយ​ហើយ​បាន​ទាក់ទាញ​ទៅ​នឹង​អ្វី​មួយ​យ៉ាង​ខ្លាំង​នោះ​ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​ចង់​ធ្វើ​លើ​សត្វ​មូស​ទាំងនោះ ក្រៅពី​សម្លាប់​វា?»

អត្ថបទ​មួយ​ដែល​រៀបរាប់​អំពី​នុយ​សម្រាប់​សម្លាប់​មូស​ដែល​បង្ក​ជំងឺ​គ្រុនចាញ់​ត្រូវ​បាន​បោះ​ពុម្ព​នៅ​លើ​ទិនានុប្បវត្តិ​នៃ​ជំងឺ​គ្រុនចាញ់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG