ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ដែល​ត្រូវ​បណ្តេញ​​ចេញ​ពី​ផ្ទះ​សម្បែង​ប្រឈម​នឹង​អសន្តិសុខ


រូបឯកសារ៖ ពលរដ្ឋ​ដែល​ជា​​ជន​រងគ្រោះ​ដោយសារ​ការបណ្តេញ​ចេញ​ពី​ដីធ្លី និង​លោកសង្ឃ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​ប្រមូល​ផ្តុំ​គ្នា​មួយ​នៅ​ខាង​មុខ​សភា​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលរដ្ឋ​ដែល​ជា​​ជន​រងគ្រោះ​ដោយសារ​ការបណ្តេញ​ចេញ​ពី​ដីធ្លី និង​លោកសង្ឃ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​ប្រមូល​ផ្តុំ​គ្នា​មួយ​នៅ​ខាង​មុខ​សភា​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៤។

ទំនាស់​ដីធ្លីបាន​បង្ក​អសន្តិសុខ​ក្នុង​ជីវភាព​រស់នៅរបស់​ក្រុម​ប្រជា​ពលរដ្ឋ​រងគ្រោះ។​ អសន្តិសុខ​ផ្នែក​ជីវភាព​ មាន​ដូចជា​ការប្រឈម​នឹង​ភាព​ក្រីក្រ​ កង្វះ​អាហារ​ និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទៀត​ផង។ ​នេះ​បើ​តាម​របាយការណ៍​ស្ទង់​មតិមួយ​ដែល​ចេញ​ផ្សាយ​កាលពី​ដើម​សប្តាហ៍​មុន។​

របាយការណ៍​កម្រាស់​ជាង​១០០​ទំព័រ​ដែល​មាន​ឈ្មោះ​ថា​ «សន្តិសុខ​មនុស្ស​និង​សិទ្ធិដី​ធ្លី​នៅ​កម្ពុជា»​ ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព ​មាន​ការ​ជួប​សម្ភាស​ជន​រង​គ្រោះដោយសារ​ទំនាស់​ដីធ្លី​ជិត​៤០០​នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​រតនគីរី​ ក្នុង​នោះ​ក៏​មាន​ប្រជា​ពល​រដ្ឋ​នៃសហគមន៍​បូរី​កីឡា និង​បឹងកក់ផង​ដែរ។​

របាយការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​អសន្តិសុខ​ដីធ្លី​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ ​ប៉ះពាល់​បរិស្ថាន​នៃ​ការ​រស់​នៅ​ និង​អាច​នាំ​ឲ្យ​មាន​អសន្តិសុខ​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។​ ហើយ​ប្រជាជន​ក្រីក្រ​ ដែល​មាន​ការ​អប់រំ​តិចតួច​ និង​ស្ត្រី​មេម៉ាយ​គឺ​ជា​អ្នក​ដែល​ងាយ​ទទួល​រងគ្រោះ​ជាង​គេ។​

ដោយ​ឡែក ​ការ​តាំង​ទីលំនៅ​ថ្មី​របស់​សហគមន៍​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ ក៏​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ផង​ដែរ​ ដូចជា​ឱកាស​ការងារ​ ឬ​ក៏​សេវា​សាធារណៈ។ ​នេះ​បើ​តាម​ចម្លើយរបស់​សហគមន៍​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពីផ្ទះ​សម្បែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

ឆ្លើយ​នឹង​សំណួរ​ថា៖​ «តើ​អ្វី​ទៅ​ជា​បញ្ហា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​សហគមន៍?»​ ​ប្រជា​ពលរដ្ឋ ​ដែល​បាន​ចូលរួម​ក្នុង​ការ​ស្ទង់មតិភាគ​ច្រើន​ បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ចម្បងរបស់​ពួក​គាត់​គឺ​ភាព​ក្រីក្រ​ បន្ទាប់​មក​គឺ​ការ​រំលោភ​យកដី​ អំពើ​ពុក​រលួយ​ និង​កង្វះ​អាហារ។​ ផ្ទុយ​ទៅវិញ​ ប្រជាជន​ដែល​ចូលរួម​ធ្វើ​ការ​ស្ទង់​មតិនេះឲ្យ​ដឹង​ថា ​កម្ម​សិទ្ធិ​ដី​ធ្លី​ជា​ប្រភព​ដ៏​សំខាន់​តែ​មួយ​គត់​សម្រាប់​ធានា​ដល់​សន្តិសុខ​ដីធ្លី​របស់​ពួក​គាត់។​

លោក​ពូ សុវចនា​ អ្នក​និពន្ធ​របាយការណ៍​នៃ​ការ​ស្ទង់​មតិនេះ​ និង​ជា​អនុប្​រធាន​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ មាន​ប្រសាសន៍​ថា ​ស្ត្រី​គឺ​ជា​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​បំផុត​ ដោយសារ​ទំនាស់​ដី​ធ្លី​នេះ។​

«យើង​សិក្សា​បន្ថែម​រឿង​សុខភាព​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​របស់​គាត់​ ​ដែល​ភាគ​ច្រើន​មិន​ចេញ​ជា​លក្ខណៈ​ឲ្យ​យើង​ឃើញ​ទេ។​ ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​របស់​គាត់​ ​មាន​ការ​វេទនា​ និង​មាន​ភាព​ពុះ​កញ្ជ្រោល​ខ្លាំង​ណាស់​លើ​ការ​គាប​សង្កត់ ​និង​ការ​យក​ដីធ្លី​របស់​គាត់។​ អ្នករង​ការ​ប៉ះពាល់​ធំ​បំផុត​នោះ​គឺ​ស្ត្រី»។​

លោក​បាន​បន្ថែម​ថា​ ការ​ស្ទង់មតិនេះ​នឹង​ត្រូវដាក់​ជូន​ក្រសួង​ដែល​ពាក់ព័ន្ធ​ដើម្បី​សិក្សា​បន្ត​ទៀត។​

«ពួក​ខ្ញុំ​ជឿ​ជាក់​ថា​ នេះ​គឺ​ជា​សំឡេង​ មតិរបស់​ប្រជា​ពលរដ្ឋ​ ដែល​យើង​សិក្សា​តែ​ម្តង​ ដើម្បី​ឲ្យ​គាត់​អាន​ ​ហើយ​យល់​អំពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មួយ​ចំនួន ​ដែល​យើង​ស្រាវជ្រាវ​បាន​ ហើយ​លើក​ជា​យុទ្ធ​សាស្រ្ត​មួយ​ដើម្បី​កែ​ទម្រង់ ធ្វើ​ម៉េច​ឲ្យ​ពួក​គាត់​មាន​ជីវភាព​ និង​សេចក្តី​ថ្លៃថ្នូរ»។​

កញ្ញា​ឡុង គឺមហ៊ាង​ មន្ត្រី​នៃ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន ​យល់​ថា ​របាយការណ៍​ខាង​លើ​នេះ​គឺ​ឆ្លុះបញ្ចាំង​នូវអ្វី​ដែល​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​នោះ​ បាន​ជួប​ប្រទះ។ ​លើស​ពី​នេះ​ទៀត​ ពួកគាត់កំពុងតែ​ប្រឈម​នឹង​ការ​ជំពាក់​បំណុល​ និង​ការ​បាត់បង់​ការ​សិក្សា​របស់​កូនចៅ​ពួក​គាត់​ទៀត​ផង។​

«ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ហ្នឹង​ គឺ​គាត់​មាន​ជីវភាព​ក្រីក្រ។ ​គាត់​បាត់បង់​លំនៅដ្ឋាន។ គាត់​ប្រឈម​នឹង​ជំងឺ​វិបត្តិ​ផ្លូវ​ចិត្ត។ ​គាត់​ប្រឈម​ទៅ​នឹង​រឿង​ផ្សេងៗ​ទៀត។​ វា​អាច​គាត់​មាន​បញ្ហា​ដល់​ការ​ជំពាក់​បំណុល​គេ​និង​កូន​ចៅ​បាត់បង់​សាសារៀន។​ វា​មាន​លើស​ហ្នឹង​ទៀត​ ហើយ​រឿង​នេះ​គឺ​វា​ពិត​មែន»។​

ក៏​ប៉ុន្តែ​ លោក​ផៃ​ ស៊ីផាន​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ច្រាន​ចោល​របាយការណ៍​មួយ​នេះ ​ដោយ​លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​លើ​រឿង​នេះ​មួយ​ជំហាន​រួច​មក​ហើយ។​ ហើយ​របាយការណ៍​មួយ​នេះ​ទៀត​សោត​គឺ​មិន​តំណាង​ឲ្យ​តថភាព​នៅ​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ​ ដោយ​ការស្ទង់មតិមួយ​នេះ​ធ្វើ​ឡើតែ​កន្លែង​ដែល​មាន​ការ​ប៉ះពាល់​ដីធ្លី​ប៉ុណ្ណោះ។​

«ការ​លើក​ឡើង​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ក្រោយ​ស្ថានភាព​ដែល​រដ្ឋាភិបាល​បាន​ដើរ​ពីរ​បី​ជំហាន​រួច​មក​ហើយ។ ​ករណី​ខ្លះ​គួរ​ឲ្យ​ស្តាយ​ ពីព្រោះ​មាន​ការ​ករណី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ច្រើន​ណាស់​កំពុង​តាក់តែង​តួលេខ​ឬ​របាយការណ៍​គ្រាន់​តែ​ជា​និន្នាការ​ក្នុង​ការ​វាយ​ប្រហារ​ឬ​បំភ្លៃ​ពី​ការណ៍​ពិត​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ»។​

ការ​ស្ទង់មតិ​ «សន្តិសុខ​មនុស្ស​និង​សិទ្ធិ​ដី​ធ្លី​នៅ​កម្ពុជា»​ នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ដែរថា​ ប្រជាជន​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​យុទ្ធសាស្រ្ត​សម្រាប់ការ​ប្រើ​ប្រាស់​ និង​កម្ម​សិទ្ធិ​ដីធ្លី ដោយ​ផ្តោត​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជាជាង​ការ​វិនិយោគ​ និង​នយោបាយ។​ ជាង​នេះ​ទៅ​ទៀត​ ភាព​អយុត្តិធម៌​និង​ការ​បំពាន​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​គួរត្រូវ​បាន​ដោះ​ស្រាយ ​ហើយ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ម្ចាស់​កម្មសិទ្ធិ​ទាំងអស់ ​ជាពិសេស​អ្នក​ដែល​មាន​ដី​តូចៗ៕

XS
SM
MD
LG