ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ទម្លាក់​បទចោទ​លើសកម្មជន​បឹងកក់​២​នាក់​ក្នុង​ករណី​គំរាម​សម្លាប់


រូបឯកសារ៖ អ្នកស្រី ង៉ែត ឃុន ស្រ្តីសកម្មជន​ដីធ្លី​តំបន់​បឹងកក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅខាង​ក្រៅ​សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)
រូបឯកសារ៖ អ្នកស្រី ង៉ែត ឃុន ស្រ្តីសកម្មជន​ដីធ្លី​តំបន់​បឹងកក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅខាង​ក្រៅ​សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

តុលាការ​កំពូល​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្រេច​ទម្លាក់​ចោល​ការ​ផ្តន្ទាទោស​លើ​សកម្ម​ជន​ដី​ធ្លី​បឹងកក់​ពីរ​រូប​ ដែល​ត្រូវ​ចោទ​ពី​បទ​ «គំរាម​ថា​នឹង​សម្លាប់» ​សមាជិក​សហគមន៍​បឹងកក់​ម្នាក់​ទៀត​ កាល​ពីជាង​ ១០ ​ឆ្នាំ​មុន។​

​កាល​ពី​ឆ្នាំ​២០១២​ អ្នក​ស្រី ​ង៉ែត ឃុន​ អាយុ​ ៨៣ ​ឆ្នាំ ​ហៅ​យាយ​ម៉ាមី ​និង​អ្នក​ស្រី​ ឆេង លាភ​ អាយុ​ ៥៨ ​ឆ្នាំ​ ត្រូវ​បាន​សមាជិក​សហគមន៍​បឹងកក់ម្នាក់​ទៀត​គឺ​អ្នកស្រី ​លី មុំ ​ប្តឹង។​ អ្នក​ទាំង​ពីរត្រូវ​បាន​សាលា​ដំបូង ​និង​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ៦ ​ខែ ​ពី​បទ​គំរាម​ថា​នឹង​សម្លាប់​កាល​ពី​ខែ​មីនា​ ឆ្នាំ ​២០១២។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អង្គការ​លីកាដូ​លោក ​អំ សំអាត​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ សកម្ម​ជន​ដីធ្លី​ទាំង​ពីរ​រូប​បាន​រង​ភាព​អយុត្តិ​ធម៌​អស់​រយៈ​ពេល​ ១២ ​ឆ្នាំ​មក​ហើយ​ ចំពោះ​បទ​ល្មើស​ដែល​ពួក​គេ​មិន​បានប្រព្រឹត្ត។​ លោក​ថា​ ការ​សម្រេច​របស់​តុលាការ​កំពូល​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ទាំង​ពីរនាក់។ ​

លោក​ថ្លែង​ថា៖​ «នេះ​គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ ​និង​ភាព​ស្អាត​ស្អំ​សម្រាប់​គាត់​ទៅ​ហើយ។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ទម្រាំ​តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ និង​ភាព​ស្អាត​ស្អំ​សម្រាប់​គាត់​នេះ​ ​គឺ​គាត់​ត្រូវ​ដំណើរ​ការស្វែង​រក​យុត្តិធម៌​ហ្នឹង​រយៈ​ពេល​ ១២ ​ឆ្នាំ​ហើយ។​ តាំង​ពី​ ២០១២ មក​ដល់​ពេល​នេះ​ វា​រយៈ​ពេល ​១ ២​ឆ្នាំ​ តាំង​ពី​សាលាដំបូង​ ហើយ​នឹង​សាលា​ឧទ្ធរណ៍»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​លីកាដូ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ សមាជិក​សហ​គមន៍​បឹងកក់​នៅ​រាជធានី​ភ្នំពេញបាន​ប្រឈម​នឹង​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ជួល​បឹងកក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ឆ្នាំ​ ២០០៧។ ​សមាជិក​សហគមន៍​ជា​ច្រើន​នាក់​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ និង​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ទាក់​ទង​នឹង​ការ​ការ​ពារ​ផ្ទះ​របស់​ពួក​គេ​ និង​ហ៊ាន​និយាយ​តវ៉ា​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។​

ការ​ចោទ​ប្រកាន់លើ​អ្នកស្រី ​ង៉ែត​ ឃុន​ ​និង​អ្នកស្រី​ ឆេង លាភ​ មាន​ទំនាក់​ទំនង​នឹង​ហេតុ​ការណ៍​ដែល​មាន​ក្រដាស​សរសេរ​ជា​ច្រើន​សន្លឹក​ ​គំរាម​ថា​នឹង​សម្លាប់​អតីត​សមាជិក​សហគមន៍​ម្នាក់​ឈ្មោះ​ ​លី មុំ។ ​ក្រដាស​ទាំង​អស់​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​រាយ​ប៉ាយ​នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នក​ស្រី ​លី មុំ។​ ​អ្នកស្រី​ ​លី មុំ​ ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​សមាជិក​សហគមន៍​បឹងកក់​ ៦ នាក់​ ​ដែល​ក្នុង​នោះ​រួម​ទាំង​អ្នកស្រី​ ​ង៉ែត​ ​ឃុន​ ​និង​អ្នកស្រី​ ​ឆេង​ ​លាភ ​ផង​ដែរ។​ ស្រ្ដី​ទាំង​ ៦ ​នាក់នោះ​ បាន​អះអាង​ថា​ ​ពួកគេ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​គំរាម​កំហែង​នោះ​ទេ។​ នេះ​បើតាម​អង្គការ​លីកាដូ។​

រូបឯកសារ៖ អ្នកស្រី​ង៉ែត ឃុន សកម្មជនសហគមន៍​បឹងកក់ ត្រូវ​ក្រុមសមត្ថកិច្ច​ចាប់​ឲ្យ​នៅ​មួយកន្លែង​ខណៈពេល​ដែល​តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី ​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។
រូបឯកសារ៖ អ្នកស្រី​ង៉ែត ឃុន សកម្មជនសហគមន៍​បឹងកក់ ត្រូវ​ក្រុមសមត្ថកិច្ច​ចាប់​ឲ្យ​នៅ​មួយកន្លែង​ខណៈពេល​ដែល​តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី ​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។

​រូប​ថត​ថត​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា ឆ្នាំ២០១១​នេះ ​បង្ហាញ​ទិដ្ឋភាព​ថត​ពី​លើ​នៃ​បឹងកក់​រាជធានី​ភ្នំពេញ ដែល​ត្រូវ​លុប ហើយ​ដែល​នៅ​ទី​នោះ​មាន​ពលរដ្ឋ​ច្រើន​ពាន់​នាក់​បាន​រង​ការ​បណ្តេញ​ចេញ។
​រូប​ថត​ថត​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា ឆ្នាំ២០១១​នេះ ​បង្ហាញ​ទិដ្ឋភាព​ថត​ពី​លើ​នៃ​បឹងកក់​រាជធានី​ភ្នំពេញ ដែល​ត្រូវ​លុប ហើយ​ដែល​នៅ​ទី​នោះ​មាន​ពលរដ្ឋ​ច្រើន​ពាន់​នាក់​បាន​រង​ការ​បណ្តេញ​ចេញ។

អ្នក​ស្រី ​ង៉ែត ឃុន ​សកម្ម​ជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ​យល់​ថា ​ការ​សម្រេច​របស់​តុលាការ​កំពូល​ជា​ការ​ផ្តល់​យុត្តិធម៌​ជូន​រូប​គាត់​ដែលតែង​តវ៉ា​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ជា​ហូរហែ​មក​ ក្រោយ​រង​ពាក្យ​បណ្តឹង​របស់​អតីត​សមាជិក​សហគមន៍​បឹងកក់​ គឺ​អ្នកស្រី​លី មុំ។​

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ ​«ខ្ញុំ​យល់​ឃើញ​ថា ​ខ្ញុំ​អី​ចឹង​ ខ្ញុំក៏​អរគុណ​ប្រព័ន្ធ​តុលាការ​កំពូល​ ដែល​បាន​រក​ភាព​យុត្តិធម៌​សម្រាប់​ខ្ញុំ​ហ្នឹង​ បាន​លើក​លែង​ទោស​ឱ្យ​ខ្ញុំ​រួច​ខ្លួន។ ​អ៊ីចឹង​ គឺ​តុលាការ​កំពូល​គាត់​យុត្តិ​ធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ពិត​ប្រាកដ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយពី​អ្នកស្រី​ ​ម៉ៅ ធីតា ​អ្នក​នាំពាក្យ​តុលាការ​កំពូល​បាន​ទេ​ ដោយ​អ្នកស្រី​ថា​ អ្នកស្រី​ត្រូវការ​ពេល​វេលា​ពិនិត្យ​ការ​ជំនុំ​ជម្រះ​លើ​ក្តីក្តាំ​របស់​សកម្ម​ជន​ដីធ្លី​ទាំង​២​នាក់។​

​ក្នុង​សំណុំរឿង​គំរាម​ថា​នឹង​សម្លាប់​នេះ​ អ្នក​ស្រី​ លី មុំ​ បាន​ដក​ពាក្យ​បណ្តឹង​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ប៉ុន្តែ​សកម្ម​ជន​ដីធ្លី​ទាំង ​៦ ​នាក់ ​នៅ​តែ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស ​ដោយយោង​តាម​មាត្រា​ ២៣៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ កាល​ពី​ថ្ងៃទី ​៤ ​ខែ​សីហា​ ឆ្នាំ​ ២០១៨​ ប៉ុន្តែ​ទោស​ពន្ធនាគារ​ចំនួន ​៦ ​ខែ​ត្រូវ​បាន​ព្យួរ។​ នេះ​បើ​តាម​អង្គការ​លីកាដូ។​

អ្នកស្រី ​ង៉ែត ឃុន​ និង ​អ្នកស្រី​ ឆេង លាភ​ គឺ​ជា​ជនជាប់​ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ប្តឹង​សាទុក្ខ​ទៅ​កាន់​តុលាការ​កំពូល។ ​អ្នកស្រី ​ង៉ែត ឃុន ​បញ្ជាក់​ប្រាប់​វីអូអេ​ឱ្យ​ដឹង​ថា​ ជន​ជាប់​ចោទ​ខ្លះ​ ដូច​ជា​អ្នកស្រី ​ទេព វន្នី​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ខ្លះ​ប្តូរ​លំនៅដ្ឋាន​ និង​ខ្លះ​ទៀតបានចុះ​ចូល​ជាមួយ​នឹង​ខាង​អាជ្ញាធរ។

អ្នក​ស្រី ​ង៉ែត ឃុន​ ឱ្យ​ដឹង​ទៀត​ថា ​អ្នក​ស្រី​នៅ​មាន​បណ្តឹង​របស់​អតីត​សកម្ម​ជន​ដីធ្លី​បឹងកក់​មួយ​ទៀត​ដែល​ប្តឹង​អ្នកស្រី​ទៅ​តុលាការ​ករណី​ប្រើ​អំពើ​ហិង្សា​ ក្រោយ​ការ​តវ៉ា​អស់​រយៈ​ពេល​ជិត ​១២ ​ឆ្នាំ​មក​នេះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG