ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រកូល​ស៊ន​យក​កីឡា​លើក​មុខមាត់​កម្ពុជា


កញ្ញា​ ស៊ន សៀវម៉ី អាយុ​១៩​ឆ្នាំ បង្ហាញ​មេដាយ​មាស​របស់​កញ្ញា​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤។ កញ្ញា សៀវម៉ី ជា​កីឡាការិនី​ដែល​បាន​ឈ្នះ​មេដាយ​មាស​ដំបូង​បំផុត​របស់​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី Asian Games ដោយ​បាន​ឈ្នះ​នៅ​ក្នុង​វិញ្ញាសា​កីឡា​តេក្វាន់ដូ​ក្នុង​ការ​ប្រកួត​កីឡា​ Asian Games ទី​១៧​នៅ​ទី​ក្រុង​អ៊ីនឈិន​ប្រទេស​កូរ៉េ​ខាង​ត្បូង។ (REUTERS)
កញ្ញា​ ស៊ន សៀវម៉ី អាយុ​១៩​ឆ្នាំ បង្ហាញ​មេដាយ​មាស​របស់​កញ្ញា​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤។ កញ្ញា សៀវម៉ី ជា​កីឡាការិនី​ដែល​បាន​ឈ្នះ​មេដាយ​មាស​ដំបូង​បំផុត​របស់​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី Asian Games ដោយ​បាន​ឈ្នះ​នៅ​ក្នុង​វិញ្ញាសា​កីឡា​តេក្វាន់ដូ​ក្នុង​ការ​ប្រកួត​កីឡា​ Asian Games ទី​១៧​នៅ​ទី​ក្រុង​អ៊ីនឈិន​ប្រទេស​កូរ៉េ​ខាង​ត្បូង។ (REUTERS)

ប្រទេស​កម្ពុជា​ទទួល​បាន​មេដាយ​មាស​លើក​ដំបូង​ពី​កីឡា​អាស៊ី​បន្ទាប់​ពី​បាន​ចូល​រួម​ប្រកួត​ដោយ​មិន​បាន​ជោគជ័យ​ដល់​កម្រិត​កំពូល​អស់​រយៈ​ពេល​៦០ឆ្នាំ។

នាង​ស៊ន សៀវម៉ី​ គឺ​ជា​កីឡា​ប្រដាល់​ក្បាច់​តៃក្វាន់ដូ​ក្រោម​ទម្ងន់​៧៣គីឡូក្រាម​ដែល​បាន​នាំ​ជោគជ័យ​នេះ​មក​ដល់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។ នាង​សៀវម៉ី​ និង​បងស្រី​និង​បងប្រុស​ម្នាក់​ទៀត​សុទ្ធ​តែ​ជា​អ្នក​បម្រើ​វិស័យ​កីឡា​ដូចគ្នា។

វា​ជា​រឿង​កម្រ​ដែល​មនុស្ស​ក្នុង​គ្រួសារ​តែ​មួយ​មាន​ឧបនិស្ស័យ​ដូចគ្នា ​ក្នុង​ការធ្វើអ្វី​មួយ។ ប៉ុន្តែ​ស៊ន អេលីត ស៊ន ដាវីន​និង​ស៊ន សៀវម៉ី គឺ​ជា​បងប្អូន​បង្កើត​ក្នុង​គ្រួសារ​តែ​មួយ​ដែល​មាន​ឧបនិស្ស័យ​ក្នុង​កីឡា​តៃក្វាន់ដូ​ដូចគ្នា។ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ពួកគេ​គឺជា​ម្ចាស់​មេដាយ​មាស​និង​មេដាយ​ប្រាក់​នៃ​កីឡា​តៃក្វាន់ដូ​ក្នុង​ការប្រកួត​កីឡា​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ហៅថា ​Sea Games​ផងដែរ​ដោយ​ឈ្នះ​ការប្រកួត​កាលពីខែធ្នូឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា(ភូមា)។

ជា​កីឡា​ការិនី​វ័យ​១៩​ឆ្នាំ​ ស៊ន សៀវម៉ី ​បាន​បង្កើត​ប្រវត្តិ​ឯកទគ្គកម្ម​ចំនួន​ពីរ​សម្រាប់​កម្ពុជា​ដោយ​លើក​ទីមួយ​ទទួល​បាន​មេដាយ​មាស​ពី​ការប្រកួត​ SEA GAMES ​ហើយ​នោះ​គឺជា​មេដាយ​មាស​ដំបូង​គេ​ក្នុង​ការប្រកួត​កីឡា​តៃក្វាន់ដូ​នៅ​ SEA GAMES ​សម្រាប់​ប្រទេស​កម្ពុជា។

កញ្ញា​ ស៊ន សៀវម៉ី កាន់​ទង់​ជាតិ​កម្ពុជា​នាំ​មុខ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​នៅ​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទី​ក្រុង​ Incheon កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ REUTERS/Issei Kato
កញ្ញា​ ស៊ន សៀវម៉ី កាន់​ទង់​ជាតិ​កម្ពុជា​នាំ​មុខ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​នៅ​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទី​ក្រុង​ Incheon កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ REUTERS/Issei Kato

ក្នុង​បទ​សម្ភាស​ន៍​ក្រោយ​ពី​ទទួល​បាន​មេដាយ​នោះ​នាងស៊ន សៀវម៉ី​បាន​បញ្ជាក់​ថា៖

«អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ឈ្នះ​បាន​គឺ​មុខ។ មាន​ប្រៀប​ជាង​គេ​ដោយសារ​ខ្ញុំ​មាន​កម្ពស់​ខ្ពស់​ជាង​គេ។ គឺ​ទាត់​ពោះ ​ជាពិសេស​ត្រូវ​ការពារ​ច្រើន ​ពេល​គេ​ចូល​មក​ចឹង​ យើង​ធាក់​ដើម្បី​កុំឲ្យ​គេ​ចូល​មក​ជិត​យើង​បាន។ យើង​ឆ្លាត​ត្រង់​ថា​នៅ​ពេល​ពិន្ទុ​យើង​ឈ្នះ ​យើង​អាច​ចេះ​ការពារ​ ចេះ​បិទ​ពិន្ទុ​កុំ​ឲ្យ​គេ​ចូល​ទាត់​យើង​បាន»។

កញ្ញា ​ស៊ន សៀវម៉ី​ មាន​កម្ពស់​១,៨២ម៉ែត្រ។ នាង​ជា​សិស្ស​ថ្នាក់​ទី​១២ ​នៃ​វិទ្យាល័យ​ឫស្សីកែវដែល​ស្ថិត​នៅ​ ជាយ​រាជធានី​ភ្នំពេញ។ នាង​ទើបតែ​ប្រឡូក​ក្នុង​វិស័យ​តៃក្វាន់ដូ​បាន​រយៈពេល​២ឆ្នាំ​ប៉ុណ្ណោះ។ នាង​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ចំនួន​៥ដង ​គឺ​នៅ​កូរ៉េខាងត្បូង​ឆ្នាំ​២០១៤ ​មីយ៉ាន់ម៉ា​ឆ្នាំ​២០១៣​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំ២០១១ ​ប្រទេស​វៀតណាម​ និង​ឡាវ។ កញ្ញា​ស៊ន សៀវម៉ី​ទទួលបាន​មេដាយ​ចំនួន​៥​ មេដាយ​មាស​២​ និង​មេដាយ​សំរឹទ្ធ៣ ក្រៅពី​នោះ​នាង​ក៏​ទទួល​បាន​មេដាយ​មាស​ពីរ​ផ្សេង​ទៀត​ពី​ការប្រកួត​ជើងឯក​នៅ​ប្រទេស​ខ្មែរ​ទាំង​ពីរ​លើក។

មាន​សម្បុរស ​និង​មាន​រាងស្តើង​ កញ្ញា ស៊ន សៀវម៉ី​ ជា​ប្អូនស្រី​ពៅ​ក្នុង​ត្រកូល​ស៊ន​ដែល​មាន​បងប្អូន​សរុប​៦​រូប​ និង​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ។ កញ្ញា​រៀបរាប់​ពី​កត្តា​ជំរុញ​ឲ្យ​កញ្ញា​ចូល​ហាត់​កីឡា​តៃក្វាន់ដូ​ និង​លើក​ពី​អត្ថប្រយោជន៍​ដែល​មាន​បងប្អូន​ទាំង​បី​រូប​នៅ​ក្នុង​វិស័យ​តែ​មួយ​ដូច្នេះ​ថា៖

«ពេល​ដំបូង​អត់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចង់​ហាត់​ទេ​ ចូល​ទៅ​លេង​ ហើយ​ឃើញ​បងស្រី​ចេញ​ទៅ​ប្រកួត​ ហើយ​ខ្ញុំ​អត់​បាន​ចេញ​ទៅ ​ហើយ​គាត់​ទៅ​ណា​ក៏​គេ​ស្គាល់​ច្រើន​ ហើយ​ឃើញ​បិទ​រូប​នៅ​តាម​ផ្លូវ​ ក៏​មាន​អារម្មណ៍​ថា​ចង់​ធ្វើ​ដូច​គាត់។ បងប្អូន​ខ្ញុំ​បី​នាក់​ ហាត់​ជុំ​គ្នា​ល្អ​ម្យ៉ាង​ ព្រោះ​នៅ​ពេល​ខ្ញុំ​មាន​អី​ខុស​មួយ ​បងប្រុស​បងស្រី​ខ្ញុំ​អាច​ជួយ​កែ​ខ្ញុំ​បាន ​អាច​ប្រាប់​គ្នា​ទៅវិញ​ទៅ​មក​បាន។ ហើយ​ពេល​ដែល​ហាត់យើង​គេង​ ញ៉ាំ ​ចឹង​ជុំ​បងប្អូន​ក៏ស្រួល»។

កញ្ញា ស៊ន ដាវីន​ វ័យ២១ឆ្នាំ​ ជា​បងស្រី​បង្កើត​របស់​ ស៊ន សៀវម៉ី។ មាន​កម្ពស់​១,៨០​ម៉ែត្រ​ នាង​ជា​និស្សិត​គរុកោសល្យ​ឆ្នាំទី២ ​នៃ​សាលា​អប់រំ​កីឡា​ផង​ដែរ។

ដាវីន ​ជា​ម្ចាស់​មេដាយ​ប្រាក់​ពី​ការប្រកួត​SEA GAMES​លើក​ទី​២៧ ​ប៉ុន្តែ​នាង​ហាក់​ដូចជា​មាន​អារម្មណ៍​ខកចិត្ត​ពីការ​ប្រកួត​លើក​នោះ។

«ពេល​វាយ​ទឹក​ទីមួយ​ ទឹក​ទីពីរ​ឈ្នះ​ហើយ។ ក៏​ប៉ុន្តែ​ទឹក​ទី៣ ​ពិន្ទុ​ឈ្នះ​ដាច់​ហើយ​ តែ​អត់​ចេះ​ការពារ​ ដល់​ពេល​ចឹង​ទៅ​កីឡា​ការិនី​គាត់​ប្តូរ​ក្បាច់​ ខ្ញុំ​ភ្លាត់​ស្នៀត​របស់​គាត់។ បើ​ខ្មែរ​យើង​គេ​ហៅ​ថា​ក្បាច់​កាប់ចាន​ គាត់​ពូកែ​ខាង​ហ្នឹង ​ដល់​ពេល​ចឹង​ទៅ​ភ្លាត់​ស្នៀត​កន្លែង​នឹង​មា៎តិច​ ហើយ​កៀក​ម៉ោង​ពេក​ដេញ​អត់​ទាន់។ ខ្ញុំ​វាយ​រាង​កាច​ ខ្ញុំ​អត់​ចង់​ការពារ​ អត់​ចង់​រត់ ​ពីព្រោះ​ធម្មតា​ពេល​ឈ្នះ​ គេ​ត្រូវ​រត់​ដើម្បី​ពន្យា​ម៉ោង​ ប៉ុន្តែ​ខ្ញុំ​អត់​រត់​ ខ្ញុំ​សម្រុក​រហូត​ ទៅ​ជា​ការភ្លាត់​ស្នៀត​របស់​ខ្ញុំ»។

ឆ្លងកាត់​ការហ្វឹកហាត់​និង​ការប្រកួត​កីឡា​តៃក្វាន់ដូ​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​នេះ​ ដាវីន​ធ្លាប់​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៥​ពី​ការប្រកួត​របស់​ខ្លួន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ដែល​មាន​មេដាយ​មាស​ចំនួន​៣ ​មេដាយ​ប្រាក់​ចំនួន​៥ ​និង​មេដាយ​សំរិទ្ធិ​ចំនួន​៧។

កញ្ញា​ ដាវីន ​មាន​សម្បុរ​ស្រអែម​ និង​មាន​មាឌ​ធំ​ដំបង។ កីឡាការិនី​តៃក្វាន់ដូ​រូប​នេះ​ ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​ដើរ​ម៉ូត​ ដូច​ដែល​ខ្លួន​ធ្លាប់​មាន​ក្តី​ស្រម៉ៃ​កាលពី​កុមារភាព​ផង​ដែរ។ ដាវីន​រំពឹងថា​ខ្លួន​នឹង​អាច​ទទួល​បាន​ជោគជ័យ​ទាំង​វិស័យ​ដើរ​ម៉ូត​ និង​វិស័យ​កីឡា។ ទោះជាយ៉ាង​នេះ​ក្តី​ ដាវីន​ហាក់​ដូចជា​ផ្តល់​អាទិភាព​ទៅ​ផ្នែក​កីឡា​ជាង​ដោយ​ហេតុថា​ ភាព​ជោគជ័យ​របស់​ខ្លួន​ជា​កីឡាការិនី​ឆ្នើម​នេះ​ បាន​រួម​ចំណែក​ក្នុង​ការលើក​កម្ពស់​តម្លៃ​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​ចង់​ល្បី​ខាង​កីឡា ​ជាង​សិល្បៈ។ ខ្ញុំ​គិត​ថា​កីឡា​ល្បី​បែប​អន្តរជាតិ​ ចឹង​ពេល​ខ្ញុំ​ប្រកួត​អន្តរជាតិ​គេ​ស្គាល់​ខ្ញុំ​ច្រើន ​ហើយ​ប្រជាជន​ខ្មែរ​ភាគច្រើន​គាត់​ឲ្យ​តម្លៃ​កីឡា​ខ្លាំង​ ដោយសារ​យើង​ជា​មនុស្ស​ស្រី​ ហើយ​យើង​អាច​យក​មេដាយ​បាន​ វា​ល្អ​ក្នុង​នាម​យើង​ជា​ស្រ្តី​ខ្មែរ»។

លោក ស៊ន អេលីត ​គឺជា​បងប្រុស​បង្កើត​របស់​កីឡាការិនី​ ស៊ន ដាវីន ​និង​ស៊ន សៀវម៉ី។ ស្ថិត​ក្នុង​វ័យ​២៨ឆ្នាំ ​លោក​មាន​កម្ពស់​រហូត​ដល់​១,៩៧ម៉ែត្រ។ លោក​អេលីត​ ហាត់​តៃក្វាន់ដូ​ អស់​រយៈពេល​៥ឆ្នាំ​ហើយ។ លោក​ធ្លាប់​ចូលរួម​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ នៅ​ប្រទេស​វៀតណាម​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ឆ្នាំ២០១១ ​នៅ​ប្រទេស​ឡាវ​ឆ្នាំ២០០៩ ​នៅ​ប្រទេស​ថៃ​ឆ្នាំ២០០៧​និង​ជា​ចុងក្រោយ​លោក​អេលីត​ ប្រកួត​SEA GAMES​ នៅ​ប្រទេស​ភូមា​ឆ្នាំ២០១៣។

លោក​បាន​រំលឹក​ពី​ពេល​ដែល​ប្អូន​ស្រី​បាន​ឈ្នះ​មេដាយ​មាស​នៅ ​SEA Games ​ជាលើក​ដំបូង​ថា៖

«មិនមែន​ថា​ត្រឹមតែ​សប្បាយ​ធម្មតា​ទេ។ ថ្ងៃ​ដែល​សៀវម៉ី​វាយ​បាន​មេដាយ​មាស​ ខ្ញុំ​ហ៊ោៗ​ គ្រាន់តែ​វា​វាយ​បាន​មេដាយ​មាស​ចប់​ ខ្ញុំ​ចង់​ទន់​ជង្គង់​ទៅ​ហ្មង។ អរពេក»។

លោក​អេលីត​ បាន​ឲ្យ​ដឹង​ថា​ កាល​ដែល​បងប្អូន​របស់​លោក​ទាំង​៣​រូប​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ជា​រឿង​ចៃដន្យ​ដែល​នឹក​ស្មាន​មិន​ដល់។

លោកអេលីត ​កោត​សរសើរ​ពី​ប្អូន​ស្រី​របស់​ខ្លួន​គឺ​នាង​ដាវីន​ដែល​បាន​ឈាន​ជើង​ចូល​ប្រកួត​ដល់​កីឡា​អូឡាំពិក​ និង​ការដែល​នាង​សៀវម៉ី​បាន​នាំ​មក​ឲ្យ​កម្ពុជា​នូវ​មេដាយ​មាស​ពី​ការប្រកួត ​SEA GAMES ​ផ្នែក​តៃក្វាន់ដូ​លើក​ទីមួយ។

«អត់​នឹកស្មាន​ ដូចខ្ញុំ​បាន​ចូល​ដល់​អឺរ៉ុប ​ហើយ​ប្អូនស្រី​ខ្ញុំ​ដាវីន​ ក៏​បាន​ចូល​ដល់​អឺរ៉ុប​ដែរ​ទៅ​ដល់​អង់គ្លេស​ ប្រកួត​អូឡាំពិក។ ហើយ​អាម៉ី​នេះ​ គេ​ឡើង​ខ្ពស់​ជាង​ពីរ​នាក់​ខ្ញុំ​ឆ្ងាយ។ ដូច​ដាវីន​ គេ​បាន​ចូល​អូឡាំពិក​លើក​ទីមួយ ​សម្រាប់​ប្រទេស​កម្ពុជា​សម្រាប់​តៃក្វាន់ដូ​ហ្មង​ ហើយ​ម៉ី​គេ​បាន​មេដាយ​មាស​ដំបូង​គេ​បំផុត​សម្រាប់​តៃក្វាន់ដូ​សម្រាប់​SEA GAMES»។

លោក ស៊ន អេលីត​ ធ្លាប់​បាន​ធ្វើ​ជា​កម្មករ​រោងចក្រ​ ជា​កីឡាករ​ប្រដាល់​ ជា​ជ័យ​លាភី​មេដាយ​មាស​ក្បាច់​គុនវ៉ូស៊ូ​វៀតណាម​ពី​World Championship ​និង​ចុង​ក្រោយ​នេះ​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​តៃក្វាន់ដូ។ គិត​មក​ត្រឹម​ឆ្នាំ​ ២០១៣​ ​នេះ​ កីឡាករ​រូប​នេះ​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ប្រមាណ​ជា​ជាង​១០​លើក​ និង​ទទួល​បាន​មេដាយ​សរុប​ជាង​ដប់។

កីឡាករ​ កីឡាការិនី​ជម្រើស​ជាតិ​ ស៊ន អេលីត ​ស៊ន ដាវីន​និង​ស៊ន សៀវម៉ី​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កោះកុង។ ពួកគេ​រស់​នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ ​រាជធានី​ភ្នំពេញ ​ជាមួយ​ម្តាយ​ដែល​ជា​ស្រ្តី​មេម៉ាយ។

នៅឆ្នាំ​២០២៣​ខាង​មុខ​នេះ ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការប្រកួត​SEA GAMES​ជា​លើក​ដំបូង​ បងប្អូន​ត្រកូល​ស៊ន​ទាំង​៣​ រំពឹង​ថា​ពួកគេ​នឹង​អាច​ជួយ​បណ្តុះ​បណ្តាល​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ឈាន​ចូល​ជា​កីឡាករ​អន្តរជាតិ​នៅ​ក្នុង​ការប្រកួត​SEA GAMES​នៅ​កម្ពុជា​នេះ​ហើយ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាពិក​របស់​កម្ពុជា​បាន​សំឡឹ​ងមើល​នាង​ស៊ន សៀវម៉ី​ថា​ជាបេក្ខជន​ដែល​មាន​សក្តានុពល​ខ្ពស់​អាច​ចូល​រួម​ប្រកួត​នៅ​កីឡា​អូឡាំពិក​នៅ​ឆ្នាំ២០១៦​នា​ប្រទេស​ប្រេស៊ីល៕

XS
SM
MD
LG