ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឪពុក​ម្ដាយ​​ជនជាតិ​​សូម៉ាលី​​​កើត​ទុក្ខ​​ចំពោះ​​ការ​​បាត់​ខ្លួន​​ជន​​ចំណាក​ស្រុក


រូបឯកសារ៖ ជនចំណាកស្រុក​សូម៉ាលី​ឈ្មោះ Amsa អាយុ១៦ឆ្នាំ ឈរ​មើល​ព្រះអាទិត្យលិច​ នៅ​កោះ Lampedusa នៃ​កោះ Sicilian ប្រទេស​អ៊ីតាលី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣។
រូបឯកសារ៖ ជនចំណាកស្រុក​សូម៉ាលី​ឈ្មោះ Amsa អាយុ១៦ឆ្នាំ ឈរ​មើល​ព្រះអាទិត្យលិច​ នៅ​កោះ Lampedusa នៃ​កោះ Sicilian ប្រទេស​អ៊ីតាលី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣។

នៅ​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០០៩ លោក Abdulkadir Mohamud បាន​ទូរសព្ទ​ទៅ​ម្តាយ​របស់​លោក​នៅ​ទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋ​អាមេរិក ដើម្បី​ប្រាប់​ម្តាយ​របស់​លោក​ថា លោក​នឹងជិះ​ទូក​ពី​ប្រទេស​លីប៊ី​នៅ​ល្ងាច​នោះ រួម​ជាមួយ​បងប្អូន​ជីដូន​មួយ​របស់​លោក​ឈ្មោះ Nasteha Mohamed Hassan ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីតាលី។

មនុស្ស ៩៦ នាក់​ បាន​ឡើង​ជិះទូក​ជ័រ​ដែល​មាន​ភាព​ប្រថុយ​ប្រថាន​មួយ ប៉ុន្តែ​វា​នឹង​មិន​បញ្ឈប់​ពួកគេ​ទេ ខណៈ​ដែល​ពួកគេ​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ក្នុង​ការសម្រេច​ឱ្យ​បាន​នូវ​ការធ្វើ​ដំណើរ​ដែល​ពួកគេ​រង់ចាំ​ជាយូរ​មកហើយ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។

ជាង ​១៤ ​ឆ្នាំ​ក្រោយ​មក ទូក​និង​អ្នកធ្វើ​ដំណើរ​ទាំងនោះ​នៅ​តែ​បាត់​ខ្លួន។

ម្តាយ​របស់​លោក Abdulkadir Mohamud អ្នកស្រី Nurto Mohamed Mohamud បាន​និយាយ​ថា «យើង​មិន​បាន​ឮ​ពី​កូន​ថា ស្លាប់​ឬ​រស់​នោះ​ទេ‍»។

ម្តាយមីង​របស់​លោក Abdulkadir Mohamud ដែល​ត្រូវជា​ម្តាយ​របស់​នាង Nasteha Mohamed Hassan អ្នកស្រី Maka Mohamud Ali និយាយ​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ទូក​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទៅ​ដល់​ច្រាំង​នោះ​ទេ។

កាលពី​ពេល​ថ្មីៗ​នេះ អ្នកស្រី Maka Mohamud Ali បាន​ប្រាប់​វីអូអេ​ដោយ​សំឡេង​សោកសៅ និង​អស់សង្ឃឹម​ថា៖ «ប៉ុន្តែ​យើង​ជា​ឪពុក​ម្តាយ យើង​មិន​អាច​រាថយ​ក្នុង​ការ​ស្វែង​រក​កូន​ដែល​យើង​មិន​ទាន់​បាន​ទទួល​ការបញ្ជាក់​ពី​ការស្លាប់​របស់​ពួកគេ​នោះ​ទេ‍។ យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច​ទេ។ មាន​តែ​ព្រះ​ប៉ុណ្ណោះ ទើប​ទ្រង់​ញ្ញាណ​ដឹង»។

អ្នកស្រី Ali និយាយ​ថា កូនស្រី​របស់​អ្នកស្រី​ជា​សិស្ស​ដែល​មាន​ភាព​វៃឆ្លាត។ នាង​នៅ​សល់​ប្រហែល​មួយ​ឆ្នាំ​កន្លះ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​ទីក្រុង​ម៉ូហ្គាឌីស្យូ។ ក៏ប៉ុន្តែ នាង​មិន​អាច​ទប់​ខ្លួន​នឹង​ការល្បួង​ឱ្យ​ធ្វើ​ចំណាកស្រុក​ទៅ​អឺរ៉ុប​បាន ដោយសារ​មនុស្ស​ដែល​នាង​ស្គាល់​បាន​ធ្វើ​ចំណាកស្រុក។

អ្នកស្រី Ali បាន​និយាយ​បន្ត​ថា៖ «សិស្ស​ដែល​នាង​កំពុង​រៀន​ជាមួយ​បាន​ធ្វើ​ចំណាកស្រុក សូម្បី​តែ​គ្រូ​របស់​នាង​ក៏​បាន​ធ្វើ​ចំណាកស្រុក​ដែរ‍»។

អ្នកស្រី Ali បាន​និយាយ​បន្ថែម​ថា៖ «នាង​ច្របូក​ច្របល់​ក្នុង​ចិត្ត ការធ្វើ​ចំណាកស្រុក​បាន​ចូល​ទៅក្នុង​ផ្នត់គំនិត​របស់​នាង ហើយ​នៅ​ទីបំផុត​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​នាង​ថា «កូន​ទៅ​ចុះ!» ម៉ែ ជូន​ពរ​កូន»។

ភាព​សោកសៅ​ចំពោះ​ការ​មិន​បាន​ទទួល​ព័ត៌មាន​អំពី​អ្វី​ដែល​បាន​កើត​ឡើង​បាន​ធ្វើ​ឱ្យ​មាន​ការប៉ះទង្គិច​ផ្លូវចិត្ត​របស់​ឪពុក​ម្តាយ​របស់​បងប្អូន​ជីដូន​មួយ​ទាំង​ពីរ​នោះ​យ៉ាងខ្លាំង។

សេចក្តីប្រកាស​ស្វែងរក​នាង Nasteha Mohamed Hassan ដែល​ឪពុក​ម្តាយ​របស់នាង​បាន​អំពាវនាវ​ជាច្រើន​ឆ្នាំមក​ហើយ។
សេចក្តីប្រកាស​ស្វែងរក​នាង Nasteha Mohamed Hassan ដែល​ឪពុក​ម្តាយ​របស់នាង​បាន​អំពាវនាវ​ជាច្រើន​ឆ្នាំមក​ហើយ។

អ្នកស្រី Mohamud បាន​និយាយ​ថា៖ «ការបាត់​ខ្លួន​របស់​ពួកគេ​ធ្វើឱ្យ​យើង​សោកសៅ​គ្រប់​ពេល​វេលា។ មាន​គេ​និយាយ​ថា មាន​មនុស្ស​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ទាសករ​ដែល​ត្រូវ​គេ​ដាក់​ច្រវាក់ ឮ​ដូច​នេះ ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទេ»។

កាលពី​ឆ្នាំ​មុន អ្នកស្រី Mohamud បាន​ទាក់ទង​អ្នក​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ដែល​បាន​តាមដាន​អ្នក​បាត់ខ្លួន និង​បាន​ធ្វើ​បទសម្ភាសន៍​មួយ។ ក៏ប៉ុន្តែ បទសម្ភាសន៍​នោះ​បែរ​ជា​នាំ​មក​ឱ្យ​អ្នកស្រី​នូវ​ជន​បោកប្រាស់​ដែល​មាន​បំណង​កេងចំណេញ​លើ​ស្ថានភាព​ងាយ​រងគ្រោះ​របស់​អ្នកស្រី​ទៅ​វិញ។

អ្នកស្រី Mohamud បាន​និយាយ​ថា៖ «មនុស្ស​ជាច្រើន​បាន​ទាក់ទង​មក​ខ្ញុំ។ អ្នក​ខ្លះ​និយាយ​កុហក​ខ្ញុំ ហើយ​និយាយ​ថា មាន​មនុស្ស​ដែល​ត្រូវ​គេ​ចាប់​ជា​ចំណាប់​ខ្មាំង​នៅ​លើ​សមុទ្រ»។

អ្នកបោកប្រាស់​ម្នាក់​ជា​ស្ត្រី​ដែល​ធ្វើ​រឿង​ជាច្រើន​រហូត​ដល់​អ្នកស្រី Mohamud ផ្តល់​ការទុកចិត្ត ហើយ​បាន​បោកប្រាស់​អ្នកស្រី​បាន​សម្រេច។

អ្នកស្រី Mohamud បាន​រៀបរាប់​ថា៖ «ស្ត្រី​ម្នាក់​បាន​ទូរសព្ទ​មក​ខ្ញុំ​ដោយ​យំ​រៀបរាប់​ថា គាត់​បាន​ជួបជុំ​ជាមួយ​កូនប្រុស​របស់​គាត់ ដែល​បាន​បាត់ខ្លួន ហើយ​និយាយ​ទៀត​ថា កូនប្រុស​របស់​គាត់​ត្រូវបាន​គេ​រកឃើញ បន្ទាប់ពី​ជាប់​ឃុំឃាំង​នៅ​លើ​សមុទ្រ‍»។

ស្ត្រី​នោះ​បាន​បញ្ចុះបញ្ចូល​អ្នកស្រី Mohamud ថា មាន​បុរស​ម្នាក់​ដែល​ជួយ​ដោះលែង​មនុស្ស​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​កណ្តាល​សមុទ្រ។

មួយរយៈ​ក្រោយ​មក អ្នកស្រី Mohamud ត្រូវ​បាន​ភ្ជាប់​ជាមួយ​បុរស​នោះ​តាម​ទូរសព្ទ។

តាម​រយៈ​សេវា​ផ្ទេរ​ប្រាក់​តាម​ទូរសព្ទ​អ្នកស្រី Mohamud បាន​បង់​ប្រាក់​ចំនួន ២.០០០ ដុល្លារ​ដែល​បុរស​នោះ​ស្នើ​សុំ។ នោះ​ជា​លើក​ចុង​ក្រោយ​ដែល​អ្នកស្រី​បាន​និយាយ​ជាមួយ​អ្នក​បោក​ប្រាស់​ទាំងនោះ ដោយសារតែ​ពួកគេ​បាន​បិទ​ទូរសព្ទ។

អ្នកស្រី Mariam Yassin Hagi Yussuf បេសកជន​ពិសេស​របស់​ប្រទេស​សូម៉ាលី​ទទួល​បន្ទុក​កិច្ចការ​ចំណាក​ស្រុក​និង​កុមារ​បាន​និយាយ​ថា អ្នក​បោក​ប្រាស់​ទាំងនោះ​ជា​រឿង​ធម្មតា។

មន្ត្រី​សូម៉ាលី​បាន​ប្រាប់ VOA ថា៖ «យើង​បាន​ឃើញ​ករណី​ជាច្រើន​ដែល​មនុស្ស​បាន​ស្លាប់​ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ អ្នក​រត់ពន្ធ​មនុស្ស​នៅ​តែ​ប្រមូល​លុយ​ពី​ក្រុម​គ្រួសារ​ពួកគេ»។

«អ្វី​ដែល​បាន​កើត​ឡើង​នោះ គឺ​ពួកគេ​បាន​វាយដំ​ជនចំណាកស្រុក​ម្នាក់​ក្នុង​ចំណោម​ជនចំណាកស្រុក​ដែល​ស្ថិត​នៅ​ក្រោម​ការឃុំឃាំង​របស់​ពួកគេ ហើយ​ពួកគេ​ធ្វើ​ទារុណកម្ម និង​គំរាម​សម្លាប់​ពួកគេ ប្រសិនបើ​ពួកគេ​មិន​ហៅ​ទូរសព្ទ​ទៅ​ក្រុមគ្រួសារ​ដែល​ងាយរងគ្រោះ​របស់​ពួកគេ​ទេ​នោះ។ ពួកគេ​បញ្ជា​ជន​ជាប់​ឃុំឃាំង​ទាំងនោះ​ឱ្យ​ប្រាប់​ក្រុមគ្រួសារ​ដែល​ងាយ​គ្រោះ​របស់​ពួកគេ​ថា ពួកគេ​បាន​ឃើញ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​បាត់​ខ្លួន»។

រហូត​មក​ដល់​ពេល​នេះ លោក Ahmed Mohamud Dhuhyare បាន​ផ្ញើ​ប្រាក់​ចំនួន​ ១៤.៥០០ ដុល្លារ​ដល់​កូនប្រុស​របស់​លោក​ឈ្មោះ Suldan ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​លីប៊ី។

Suldan Dhuhyare អាយុ ២៣ ឆ្នាំ​បាន​ធ្វើ​ដំណើរ​ពី​ក្រុង Bosaso នៅ​ប្រទេស​សូម៉ាលី​កាលពី​ខែមីនា ឆ្នាំ ២០២២ ទៅកាន់​ប្រទេស​យេម៉ែន ហើយ​ពីរខែ​ក្រោយ​បាន​ទៅដល់​ប្រទេស​លីប៊ី ដែល​ដំណើរ​របស់ Suldan នេះ ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញ​ពី​ការសហការ​គ្នា​នៅក្នុង​ចំណោម​អ្នករត់ពន្ធ​មនុស្ស។

ក្រោយ​ពី​ជាប់​ឃុំឃាំង​អស់​រយៈពេល ​៥ ​ខែ Suldan បាន​ទាក់ទង​ទៅ​ឪពុក​របស់​ខ្លួន​តាម​ការហៅ​ទូរសព្ទ​ជា​វីដេអូ។ លោក Dhuhyare បាន​និយាយ​ថា លោក​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ស្ថានភាព​របស់​កូនប្រុស​របស់​លោក។

លោក Dhuhyare បាន​និយាយ​ថា៖ «‍ដៃ​ ទ្រូង និង​មុខ​របស់​កូនខ្ញុំ​នៅ​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង មើល​មិន​ស្គាល់​ទេ»។

នៅក្នុង​ការហៅ​ទូរសព្ទ​ជា​វីដេអូ​នោះ Suldan Dhuhyare ដែល​ជា​កូនប្រុស​បាន​និយាយ​ថា ខ្លួន​ត្រូវបាន​អ្នករត់ពន្ធ​មនុស្ស​វាយដំ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្មីៗ​នេះ ដោយសារតែ​របួស​របស់​ខ្លួន។ Suldan ក៏​បាន​និយាយ​ផងដែរ​ថា ខ្លួន​បាន​ឆ្លង​ជំងឺ​របេង ហើយ​ត្រូវបាន​ផ្តល់​ថ្នាំ​ដោយ​បុគ្គលិក​មក​ពី​អង្គការ​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍ ហៅ​កាត់​ថា IOM នៅ​ទីក្រុង​ទ្រីប៉ូលី។ Suldan បាន​និយាយ​ថា ខ្លួន​មាន​អារម្មណ៍​ល្អ​ឥឡូវ​នេះ។

Suldan Dhuhyare បាន​បង់​ថ្លៃ​ទូក ហើយ​កំពុងរ​ង់ចាំ​ការធ្វើ​ដំណើរ​ទៅកាន់​ទ្វីប​អឺរ៉ុប ដោយ​មិន​ដឹង​ថា​នឹង​មាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ។

រូបឯកសារ៖ ជនចំណាកស្រុក​ធ្វើដំណើរតាម​នាវា​ បន្ទាប់ពី​ឆ្មាំការពារ​សមុទ្រ​ទុយនីស៊ីបង្ក្រាបការ​ឆ្លងដែន​តាម​សមុទ្រ​ខុសច្បាប់របស់ពួកគេ​ពី​ឈូងសមុទ្រ Sfax នៃ​ប្រទេស​ទុយនីស៊ី ទៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ ជនចំណាកស្រុក​ធ្វើដំណើរតាម​នាវា​ បន្ទាប់ពី​ឆ្មាំការពារ​សមុទ្រ​ទុយនីស៊ីបង្ក្រាបការ​ឆ្លងដែន​តាម​សមុទ្រ​ខុសច្បាប់របស់ពួកគេ​ពី​ឈូងសមុទ្រ Sfax នៃ​ប្រទេស​ទុយនីស៊ី ទៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។

ជន​ដែល​បាន​វិល​ត្រឡប់

ទោះបីជា​ការធ្វើ​ដំណើរ​ដ៏​មាន​គ្រោះថ្នាក់ និង​បទពិសោធន៍​ដ៏​រន្ធត់​ក៏ដោយ ក៏​លំហូរ​នៃ​ជនចំណាក​ស្រុក​ចេញ​ពី​ប្រទេស​សូម៉ាលី​នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ។

យោង​តាម​អង្គការ IOM បាន​ឱ្យ​ដឹង​ថា ការធ្វើ​ដំណើរ​សរុប​មាន​ចំនួន ​២៦.៣៥២ ដោយ​ក្នុង​ចំនួន​នេះ (ការធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​សូម៉ាលី​មាន​ ៧១% និង​ចូល​ប្រទេស​សូម៉ាលី​មាន​ ២៩%)។ តាម​ការសង្កេត​ទៅ​លើ​ការឆ្លង​កាត់​ព្រំដែន​បាន​ឃើញ​ថា ក្នុង​ខែតុលា ឆ្នាំ ២០២៣ មាន​ការកើនឡើង ​៦% បើ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ ២០២៣ ដែល​នៅ​ក្នុង​ខែ​នោះ​ការធ្វើ​ដំណើរ​សរុប​មានចំនួន ​២៤,៨១៦។ ភាគច្រើន​នៃ​ប្រជាជន​ដែល​ចូល​ទៅ​ក្នុង​ប្រទេស​សូម៉ាលី គឺជា​ជនចំណាកស្រុក​អេត្យូពី។

អង្គការ IOM ដែល​ផ្តល់​ការគាំទ្រ​ផ្នែក​រដ្ឋបាល ភស្តុភារ និង​ហិរញ្ញវត្ថុ​ដល់​ជនចំណាកស្រុក​សូម៉ាលី បាន​ទទួល​អ្នកវិល​ត្រឡប់​ទៅ​ប្រទេស​សូម៉ាលី​វិញ​ដោយ​ស្ម័គ្រចិត្ត​ពី​ប្រទេស​លីប៊ី​ចំនួន​ ១៣២ ​នាក់ ចាប់តាំងពី​ដើម​ឆ្នាំ ២០២៣ ​មក។

ម្នាក់​ក្នុង​ចំណោម​អ្នកវិល​ត្រឡប់​ទៅ​ប្រទេស​សូម៉ាលី​វិញ​នោះ គឺ​លោក Khadar Hassan Ibrahim ដែល​បាន​ចូល​ទៅ​ប្រទេស​លីប៊ី​ក្នុង​ខែមីនា ឆ្នាំ ២០២០។

នៅ​ដើម​ខែមេសា ឆ្នាំ ២០២២ លោក Ibrahim ស្ថិត​ក្នុង​ចំណោម​ជនចំណាកស្រុក​ជាង​៩០​នាក់ ដែល​បាន​ជិះទូក​ជ័រ​ចេញ​ពី​ឆ្នេរ​សមុទ្រ​នៃ​ក្រុង Az Zawiyah នៅ​ប្រទេស​លីប៊ី។

លោក Ibrahim បាន​ថ្លែង​ថា៖ «យើង​ចេញ​ដំណើរ​នៅ​ម៉ោង​ប្រហែល ៣ ទៀប​ភ្លឺ យើង​យឺត ព្រោះ​តាម​ពិត​ទៅ​យើង​គួរ​តែ​ចេញ​ដំណើរ​មុន​នេះ​ដើម្បី​ទៅ​ឱ្យ​បាន​ឆ្ងាយ ដើម្បី​គេច​ពី​ការចាប់​ខ្លួន និង​ការស្ទាក់​ចាប់‍​របស់​ឆ្មាំ​សមុទ្រ»។

លោក Ibrahim បាន​ថ្លែង​បន្ត​ថា ប្រហែល​ជា​ពេល​ថ្ងៃត្រង់ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ហោះ​ពី​លើ​ទូក​របស់​ពួកគេ ថតរូប និង​បញ្ជូន​ទីតាំង​របស់​ពួកគេ​ទៅ​ឱ្យ​ឆ្មាំ​សមុទ្រ។ កប៉ាល់​ដែល​នៅ​ជិត​បំផុត​បាន​ចាប់​ពួកគេ ហើយ​បង្វែរ​ទិស​ពួកគេ​មក​ច្រាំង​វិញ។

នៅ​ខែកក្កដា ឆ្នាំ ២០២២ លោក Ibrahim បាន​ទៅ​ស្ថានទូត​សូម៉ាលី និង​អង្គការ IOM ហើយ​បាន​ចុះ​ឈ្មោះ​ដើម្បី​វិល​ត្រលប់​ទៅ​ប្រទេស​សូម៉ាលី​វិញ។ លោក Ibrahim ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​អ្នករង់ចាំ​រហូត​ដល់​ការវិលត្រលប់​របស់​លោក​នៅ​ក្នុង​ខែឧសភា ឆ្នាំ២០២៣។

លោក Ibrahim អាយុ​ ២៤ ​ឆ្នាំ​បាន​ត្រឡប់​ទៅ​ក្រុង Wajale ដែល​ជា​ក្រុង​កំណើត​របស់​លោក​វិញ ហើយ​ជាមួយនឹង​ប្រាក់​ដែល​លោក​ទទួល​បាន​ពី​ឪពុកម្តាយ​របស់​លោក​និង ពី​អង្គការ IOM ចំនួន ​១,៣៨៧ ដុល្លារ​បន្ថែម​ទៀត លោក​បាន​ទិញ​ម៉ូតូ​កង់បី ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដែល​ការ​រត់​ម៉ូតូ​កង់បី​នោះ​គឺ​ជា​មុខ​របរ​ចាស់​របស់​លោក៕

សេចក្តីការណ៍​នេះ​ត្រូវ​បាន​ផ្សាយ​ជាលើក​ដំបូង​នៅ​ក្នុង​កម្មវិធី Investigative Dossier ដែល​ជា​កម្មវិធី​វិទ្យុ​នៃ VOA ផ្សាយ​ជា​ភាសា​សូម៉ាលី។

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG