ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​គួរ​បង់​ប្រាក់​លោះ​ឲ្យ​ក្រុម​ភេរវកម្ម​ដែរ​ឬ​ទេ?


រូបថត​ពី​វីដេអូ​​​ដែល​ផ្សាយ​ដោយ​ក្រុម Islamic State (IS) ហើយ​ដែល​ត្រូវ​អ្នក​ជំនាញ​កំណត់​ថា​ជា​រូប​លោក​អ្នក​កាសែត​អាមេរិកាំង Steven Sotloff ក្នុង​សម្លៀក​បំពាក់​លឿង​ទុំ។
រូបថត​ពី​វីដេអូ​​​ដែល​ផ្សាយ​ដោយ​ក្រុម Islamic State (IS) ហើយ​ដែល​ត្រូវ​អ្នក​ជំនាញ​កំណត់​ថា​ជា​រូប​លោក​អ្នក​កាសែត​អាមេរិកាំង Steven Sotloff ក្នុង​សម្លៀក​បំពាក់​លឿង​ទុំ។

បន្ទាប់​ពី​ការ​ស្លាប់​របស់​អ្នក​កាសែត​ជនជាតិ​អាមេរិក​ លោក James Foley និងSteven Sotloff ការ​ជជែក​ដេញ​ដោល​គ្នា​មួយ​បាន​ធ្វើ​ឡើង​ អំពី​ថា​តើ​សហរដ្ឋ​អាមេរិក​ពេល​នោះ​គួរ​តែ​ផ្តល់​ប្រាក់​លោះ​ទៅ​ឲ្យ​ក្រុម​ Islamic State (រដ្ឋ​អ៊ីស្លាម) ដែរ​ឬ​ទេ ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះលែង​របស់​ពួក​គេ។

មាន​សេចក្តី​រាយការណ៍​នានាបាន​លើក​ឡើង​ថា ក្រុម ​Islamic State បាន​ទាមទារ​ ទឹកប្រាក់​រាប់​លាន​ដុល្លារ​មុន​ពេល​សម្លាប់​លោក​ Foley ដោយ​ថត​ដាក់​កាមេរ៉ា​សម្រាប់​ផ្សព្វផ្សាយ។​ គេ​មិន​ដឹង​ទេ​ថា​តើ​ មាន​ការ​ទាមទារ​ស្រដៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះដូរ​លោក​ Sotloff មុន​ពេល​ពួក​គេ​សម្លាប់​រូប​គាត់​ ឬ​យ៉ាង​ណា​នោះ​ទេ។​

លោក Philip Balboni នាយក​កាសែត​ GlobalPost ដែល​ជា​ភា្នក់ងារ​ព័ត៌មាន​ផ្សាយ​តាម​អ៊ីនធឺណិតមួយ​ ដែល​លោក James Foley បំរើ​ការ​ បាន​និយាយ​ថា​ ឪពុកម្តាយ​របស់ Foley បាន​ដឹង​ថា រដ្ឋាភិបាល​អាមេរិក​ បាន​ហាម​មិន​ឲ្យ​មាន​ការ​បង់​ប្រាក់​លោះ​ទៅ​ដល់​ពួក​ចាប់​ជំរិត​នោះ​ទេ ហើយ​ពួកគេ​បាន​ព្យាយាម​ជួយ​កូន​របស់​ពួក​គេ​ តាម​រយៈ​ការ​រៃ​អង្គាស។ គាត់​បាន​និយាយ​ថា អាជ្ញាធរ​អាមេរិក​ បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ការ​ព្យាយាម​ជួយ​របស់​ឪពុកមា្តយ​របស់​លោក​ Foley ប៉ុន្តែ​ពួកគេ​មិន​បាន​រារាំង​នោះទេ។

លោក Philip Balboni ថ្លែង​ថា៖ «គ្រួសារ​នេះ​បាន​ប្តេជ្ញា​ក្នុង​ការ​ប្រមូល​ថវិកា​ដើម្បី​បង់ប្រាក់​លោះ។ ពួក​អ្នក​ចាប់​ជំរិត​នោះ​មិន​ដែល​បាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​គេ​ចង់​បាន​នោះ​ទេ។​ ការ​កំណត់​ចំនួន​ទឹក​ប្រាក់​នេះ មិន​ដែល​ស្ថិត​នៅ​ក្នុង​ការ​ចរចា​ចុង​ក្រោយ​នោះ​ទេ។ វា​ច្បាស់​ប្រាកដ​តាំង​ពីដើម​ដំបូង​ម្ល៉េះ ដែល​ថា​គ្រួសារ​នេះ​នឹង​ប្រគល់​ប្រាក់​លោះ​ប្រសិន​បើ​ពួក​គេ​មាន​ឱកាស​នោះ។»

អ្នកស្រី Deborah Pearlstein​ សាស្រាចារ្យ​នៅ​សាលាច្បាប់ Cardozo របស់​សាកលវិទ្យាល័យ Yeshiva បាន​មាន​ប្រសាសន៍​ថា បច្ចប្បន្ន​នេះ​នេះ​មិន​មាន​ច្បាប់​ដែល​រារាំង​មិន​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បង់​ប្រាក់​លោះ​ ឬ​ចរចា​ជាមួយ​ក្រុម​ភេរវកម្ម​នោះ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «ជា​គោលការណ៍​ សភា​(សហរដ្ឋ​អាមេរិក)​អាច​អនុម័ត​ច្បាប់​មួយ​ដែលហាម​ឃាត់​ស្ថាប័ន​នីតិប្រតិបតិ្ត​មិន​ឲ្យ​ធ្វើ​ការ​បង់ប្រាក់​លោះ​ដល់​ក្រុម​ភេរវកម្ម​ ប៉ុន្តែ​សភា​មិន​ដែល​អនុម័ត​ច្បាប់​នោះ​ទេ។ ដូច្នេះ​នៅ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​ និយាយ​ថា ពួក​យើង​មិន​ចរចា​ជាមួយ​នឹង​ក្រុម​ភេរវកម្ម​ មិន​បង់​ប្រាក់​លោះ​ឬ​ក៏​អំពើ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ ពួក​គេ​កំពុង​តែ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ អំពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ វា​មិន​មែន​ជា​អ្វី​ដែលច្បាប់តម្រូវឲ្យ​ធ្វើ​តាម​នោះ​ទេ។»

ប៉ុន្តែ​លោក John O. McGinnis សាស្ត្រាចារ្យ​ច្បាប់​នៅ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ Northwestern បាន​កត់​សម្គាល់​ថា​ វា​អាច​នឹង​ខុស​ច្បាប់​ក្នុង​ការ​បង់ប្រាក់​លោះ​ទៅ​ដល់​ក្រុម​ជាក់លាក់​មួយ​ចំនួន​ ទោះបី​ជា​ការ​បង់ប្រាក់​លោះ​ជាទូទៅ​មិន​ខុស​ច្បាប់​ក៏ដោយ។

លោក​ពន្យល់​ថា៖ «ខ្ញុំ​គិត​ថា​ បើ​យោង​ទៅ​តាម​ច្បាប់​សហព័ន្ធ​ ជាទូទៅ​ ច្បាប់​អាមេរិក​មិន​រារាំង​បុគ្គល​ឯកជន​ក្នុង​ការ​ផ្តល់​ប្រាក់ទៅ​ដល់​អ្នក​ចាប់​ជំរិត​នោះ​ទេ​ ប៉ុន្តែ​ច្បាប់​បាន​ហាម​ឃាត់​មិន​ឲ្យ​បង់​ប្រាក់លោះ​ឲ្យ​ក្រុម al-Qaida ឬ​ក្រុម​ភេរវកម្ម​ដទៃៗ​ទៀត​ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទទួល​បាន​មូលនិធិ​អាមេរិក​ តាម​រយៈ​ បទបញ្ញត្តិ​របស់​រតនាគារ​ជាតិ។»

លោក Daniel Benjamin​ អតីត​អ្នក​សម្របសម្រួល​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​មជ្ឈមណ្ឌល​កិច្ចការ​ផ្លាស់​ប្តូរ​និស្សិត​លក្ខណៈ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ Dartmouth​ College​ មាន​ ប្រសាសន៍​ថា ច្បាប់​ទាំង​នោះ​មិន​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ​នៅ​ក្នុង​ករណី​ប្រាក់​លោះ​នេះ។

«ខ្ញុំ​គិត​ថា តាម​បច្ចេកទេស សហរដ្ឋ​អាមេរិក​ អាច​កាត់​ទោស​ប្រជាជន​ពី​បទ​គាំទ្រ​ភេរវកម្ម​ ប្រសិន​បើ​ពួកគេ​ប្រគល់​ប្រាក់​លោះ ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​ បាន​សម្រេច​មិន​កាត់​ទោស​ពួក​គេ​ពីព្រោះ​ថា​ វា​មិន​ជា​រឿង​ល្អ​នោះ​ទេ​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មនុស្ស​ដែល​ជួប​ប្រទះ​សោកនាដកម្ម​ដូច​ជា​ការ​ចាប់​ជំរិត​សមាជិក​គ្រសារ​របស់​ពួក​គេ។»

នា​ពេល​បច្ចុប្បន្ន មាន​សន្ធិសញ្ញា​អន្តរជាតិ​ជា​ច្រើន​ ​និង​សេចក្តី​សម្រេច​របស់​កុ្រមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​បញ្ជូន​មូលនិធិ​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ មក​ទល់​ពេល​នេះ មិន​មាន​បុគ្គល​ឬ​ក្រុមហ៊ុន​ណា​មួយ​ត្រូវ​ទទួល​ទណ្ឌកម្ម​ផ្នែក​ច្បាប់​មួយ​នេះ​ ដោយសារ​តែ​ការ​បង់​ប្រាក់​លោះ​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម​ ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះលែង​សមាជិក​គ្រួសារ​ ឬ​នយោជិត​នោះ​ទេ។

(សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​ក្រុម​ផ្សាយ​វីអូអេ​ភាសា​ចិន​កុកងឺ)

ប្រែសម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG