ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ក្រុង​សេអ៊ូល​បង្ហាញ​អំពី​ការ​រំពឹង​របស់​ពួក​គេ​​ចំពោះ​ជំនួប​​លោក​ត្រាំ​និង​លោក​គីម


រូបឯកសារ៖ រូបតុក្កតាបង្ហាញពីជំនួបរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និង​ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលត្រូវផ្តិតនៅលើអាវយឺត
រូបឯកសារ៖ រូបតុក្កតាបង្ហាញពីជំនួបរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និង​ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលត្រូវផ្តិតនៅលើអាវយឺត

ខណៈ​​ដែល​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក លោក​ដូណាល់​ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​គីម ជុងអ៊ុន ត្រៀម​ខ្លួន​ជួប​គ្នា ពលរដ្ឋ​​ដែល​រស់​នៅ​រដ្ឋធានី​កូរ៉េ​ខាង​ត្បូង​បាន​ចែក​រំលែក​ការ​រំពឹង​របស់​ពួក​គេ​ទាំង​ទង​នឹង​ជំនួប​នេះ។

រដ្ឋធានី​ហាណូយ​នៃ​ប្រទេស​វៀតណាម​កំពុង​ប្រុងប្រៀប​ខ្លួន​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់​ ត្រាំ (Donald Trump) ​និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​គីម ជុងអ៊ុន (Kim Jong Un) ​នឹង​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​អនុវត្ត​បន្ត​នូវ​កិច្ច​ព្រមព្រៀងដែល​ពួក​គេ​បាន​សម្រេច​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន នៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

ថ្លែង​នៅ​ការិយាល័យ​រាង​ពង​ក្រពើ​របស់​លោក​នៅ​ឯ​សេតវិមាន​កាល​ពី​សប្តាហ៍​មុន លោក​ត្រាំ​បាន​បង្ហាញ​អំពី​សុទិដ្ឋិនិយម​អំពី​កិច្ច​ប្រជុំ​ខាង​មុខ៖

«ខ្ញុំ​គិត​ថា​ សប្តាហ៍​ក្រោយ​នឹង​គួរ​ឲ្យ​រំភើប​ណាស់។ វា​ជា​ពេលវេលា​នៃ​កិច្ច​ប្រជុំ​កំពូល​លើកទី​២។ ខ្ញុំ​គិត​ថា​ នឹង​អាច​សម្រេច​បាន​ច្រើន​នៅ​ពេល​នោះ។ យ៉ាង​ហោច​ណាស់​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​នាំ​ឲ្យ​មាន​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ទី​បំផុត»។

ដោយ​ហេតុ​ថា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​លើ​ឧបទ្វីប​កូរ៉េ អ្នក​ស្រុក​ក្រុង​សេអ៊ូល​មាន​ទស្សនៈ​ជា​ច្រើន​ទាក់ទង​នឹង​កិច្ច​ប្រជុំ​ខាង​មុខ។

លោក William Cho ពលរដ្ឋ​អាមេរិក​ដើម​កំណើត​កូរ៉េ ដែល​បាន​រស់​នៅ​ទី​ក្រុង​សេអ៊ូល​ជា​យូរ​មក​ហើយ មិន​ប្រាកដ​ថា​ កិច្ច​ប្រជុំ​កំពូល​ហាណូយ​នឹងអាច​បាន​លទ្ធផលអ្វី​ទេ ប៉ុន្តែ​លោក​បាន​បញ្ចេញ​ទស្សនៈ​ជា​ទូទៅ​បែប​សុទិដ្ឋិនិយម​ថា៖

«ខ្ញុំ​មិន​គិត​ថា​លទ្ធផល​ចាំ​បាច់​ត្រូវ​តែ​ជា​ការ​លុប​បំបាត់​អាវុធ​នុយក្លែអ៊ែរ​នោះ​ទេ ប៉ុន្តែ​លោក (គីម) ចាំបាច់​ត្រូវ​ផ្តល់​អ្វី​មួយ ​ដើម្បី​អាច​ទទួល​បាន​ការ​លើក​លែងទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​ និង​ទណ្ឌកម្ម​របស់​សភា​អាមេរិក ដែល​លោក​ត្រូវការ។ ដូច្នេះ​លោក​ត្រូវ​ធ្វើ​អ្វី​មួយ។ អ្នក​ខ្លះ​គិត​ថា​ លោក​នឹង​មិន​ធ្វើ​រឿង​ហ្នឹង​ទាល់តែ​សោះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ លោក គីម ជុងអ៊ុន នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន រឿង​អ្វី​ដែល​គាត់​ត្រូវ​នៅ​រក្សា​អាវុធ​នុយក្លេអ៊ែរ​នោះ?»

នៅ​ទី​កន្លែង​ធ្វើ​បាតុកម្ម​មួយប្រឆាំង​នឹង​កិច្ច​ប្រជុំ​នេះ អ្នក​នាំ​ពាក្យ​នៃ​ក្រុម Freedom Union ​លោក Kim Sang-jin ស្តី​បន្ទោស​ប្រទេស​កូរ៉េ​ខាង​ជើង​ចំពោះ​ការ​បង្ក​រឿង​ពី​អតីតកាល​ទៅ​លើ​កូរ៉េ​ខាង​ត្បូង ដោយ​លោក​ជឿ​ថា មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ទេ​នៅ​ក្នុង​ទី​ក្រុង​ព្យុងយ៉ាង​ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​ចុង​ក្រោយ​នេះ។ បាតុករ​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖

«ខ្ញុំ​គិត​ថា ​វា​ចាំបាច់​ដែលត្រូវ​ឲ្យ​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ ក្បាល​គ្រាប់​អាវុធ​នុយក្លេអ៊ែរ កាំភ្លើង​បាញ់ និង ត្រូវ​បង្ហាញ​ឈ្មោះ​អ្នក​បច្ចេកទេស ហើយ​វិធានការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នេះ​ត្រូវ​ធ្វើ​ឲ្យ​ចប់​សព្វ​គ្រប់។ ត្រូវ​រក្សា​គោលការណ៍​ជា​ជាង​សម្របសម្រួល។»

អ្នក​ក្រុង​សេអ៊ូល​ម្នាក់​ទៀត​គឺ អ្នកស្រី Kim Eun-sook ថ្លែង​ប្រាប់​ VOA ​ថា ការ​ពិភាក្សា​គ្នា​នេះ​ជា​រឿង​ល្អ ប៉ុន្តែ​អ្នក​ស្រី​មិន​មាន​អារម្មណ៍​ល្អ​ទេ​ចំពោះ​ទស្សនវិស័យ​ទាក់ទង​នឹង​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​និង​ការ​បង្រួប​បង្រួម​កូរ៉េ។ ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ថ្លែង​ថា៖

«ការ​ជួប​ប្រជុំ​គ្នា​រវាង​មេដឹកនាំ​ទាំង​ពីរ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលនឹង​មិន​មាន​អ្វី​សំខាន់​ទេ។ ហើយ​វា​ឆាប់​ពេក​ក្នុង​ការ​រំពឹង​អ្វី​នោះ ព្រោះ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​មិន​ទាន់​ប្រុង​ប្រៀប​ខ្លួន ហើយ​កូរ៉េ​ខាង​ត្បូង​ក៏​មិន​ទាន់​ប្រុង​ប្រៀប​ខ្លួន។ នេះ​មាន​ន័យ​ថា សម្រាប់​ពេល​នេះ កូរ៉េ​ខាង​ត្បូង​ និង​កូរ៉េ​ខាង​ជើង​នៅ​មិន​ទាន់​ទុក​ចិត្ត​គ្នា​នៅ​ឡើយ។»

លោក​ត្រាំ​និង​លោក​គីម​នឹង​ជួប​គ្នា​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី២៧ និង​២៨ ខែ​កុម្ភៈ​នេះ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG