ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ សម រង្ស៊ី​ ប្រកាស​យក​គំរូ​ភូមា​ដោយ​មិនសងសឹក​ក្រោយ​ពី​ឈ្នះឆ្នោត


ប្រធាន​គណបក្ស​ជំទាស់​លោក សម រង្ស៊ី (ឆ្វេង) និង​លោកស្រី Aung San Suu Kyi (ស្តាំ) មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា។
ប្រធាន​គណបក្ស​ជំទាស់​លោក សម រង្ស៊ី (ឆ្វេង) និង​លោកស្រី Aung San Suu Kyi (ស្តាំ) មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា។

​ប្រធាន​គណ​បក្ស​ជំទាស់​លោក​សម រង្ស៊ី​ប្រកាស​ថា​គណបក្ស​របស់​លោក​​នឹង​ដើរ​តាម​គន្លង​របស់​​លោក​ស្រី​ ​អង់សាន ស៊ូជី​ ​(Aung San Suu Kyi)​ នៃ​ប្រទេស​មីយ៉ាន់ម៉ា ​​ដោយ​មិន​ ​«គុំគួន​ មិន​សង​សឹក​ ​មិន​ប្រើ​អំពើ​ហិង្សា»​ ​ជា​មួយ​គណ​បក្ស​កាន់​អំណាច​នោះ​ទេ ​បើ​ខ្លួន​ជាប់ឆ្នោត​នា​ពេល​ខាង​មុខ។​

​ប្រធាន​គណ​បក្ស​ជំទាស់​លោក​សម រង្ស៊ី​ប្រកាស​ថា​គណបក្ស​របស់​លោកនឹង​ដើរ​តាម​គន្លង​របស់លោក​ស្រី​ ​អង់សាន ស៊ូជី​ ​(Aung San Suu Kyi)​ នៃ​ប្រទេស​មីយ៉ាន់ម៉ា ដោយ​មិន​ ​«គុំគួន​ មិន​សង​សឹក​ ​មិន​ប្រើ​អំពើ​ហិង្សា»​ ​ជា​មួយ​គណ​បក្ស​កាន់​អំណាច​នោះ​ទេ ​បើ​ខ្លួន​ជាប់ឆ្នោត​នា​ពេល​ខាង​មុខ។​ ​ក៏​ប៉ុន្តែមន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ថា​សម្តី​នេះ គឺ​មិន​អាច​ជឿទុក​ចិត្ត​បាន​ទេ។​

ការ​លើក​ឡើង​របស់​ ​ប្រធាន​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៊ី​ ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ ​គឺ​ធ្វើ​ឡើង​ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិសេស​មួយ​របស់​គណបក្ស​របស់​លោក​ ​នា​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​ក្នុង​ទី​ក្រុង​ ​មានីល​ប្រទេស​ ​ហ្វីលីពីន។​ ក្នុង​កិច្ចប្រជុំ​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ ​យក​គោល​ការណ៍​«ស្ងៀមស្ងាត់»​ ​ដោយ​មិន​ឆ្លើយ​ឆ្លង​ទៅ​នឹង​ការ​វិវឌ្ឍ​នយោបាយ​នានា​ ​សម្រាប់​ត្រៀម​ខ្លួន​ ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​ ​២០១៨​ខាង​មុខ។​

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​VOA​ តាម​ទូរស័ព្ទ​ពី​ទី​ក្រុង​មានីល​ ​លោក សម រង្ស៊ី​ថ្លែង​ថា​៖ «យើង​ត្រូវ​តែ​យក​គំរូ​តាម​ប្រទេស​ភូមា​ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គណ​បក្ស​កាន់អំណាច​ ឥឡូវនេះ​គឺជា​គណបក្ស​ប្រឆំាង​ទេ​តែ​បន្តិច​ទៀត​នឹង​ក្លាយ​ជា​គណបក្ស​កាន់អំណាច​ហើយ​ ដែល​ដឹក​នាំដោយ​លោក​ស្រី​ ​អង់សាន ស៊ូជី​ ​(Aung San Suu Kyi)។​ ​អ្នកស្រី​ ​អង់សាន ស៊ូជី​ ​(Aung San Suu Kyi)​គឺ​គាត់​តែង​តែ​ប្រកាស​ថា​គាត់​នឹង​រក្សា​ វប្បធម៌​អហិង្សា​ ​គឺ​មិន​គុំគួន​ គឺ​មិន​សងសឹក​ គឺ​មិន​ប្រើ​អំពើ​ហិង្សា​ ​បើ​មាន​ការ​ផ្លាស់​ប្តូគឺ​ធានា​ ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ​គ្រប់​និន្នាការ​នយោ​បាយ​ទាំង​អស់​បានសុខ​»។​

លោក​បន្ត​ថាគណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើការ​ជា​មួយ​គណបក្ស​ផ្សេង​រួម​ទាំង​គណ​បក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន ​ផង​ដែរ។​

«យើង​ក៏​អី​ចឹង​ដែរ​ នៅ​ប្រទេស​កម្ពុជា​គណបក្ស​សង្គ្រោះ​ជាតិ​ ​ឈ្នះ​ឆ្នោត​ខ្ញុំសូម​ធានា​ថា​ខ្មែរ​ទាំងអស់​នឹង​បាន​សុខ​ ខ្មែរ​ឈប់​រក​រឿង​ខ្មែរ​ ខ្មែរ​ឈប់​ធ្វើ​បាប​ខ្មែរ​ ខ្មែរ​ចាប់​ផ្តើមចាប់​ដៃ​គ្នា​ដើម្បី​កសាង​ប្រទេស​ជា​មួយ​គ្នា​ ហ្នឹង​ហើយ​ជា​គំរូ​មក​ពី​ប្រទេស​ភូមា។ ​យើង​ត្រូវ​យក​គំរូ​បែប​ហ្នឹង​»។​

ប្រទេស​ ​ភូមា​ ឬ​មីយ៉ាន់ម៉ា​ ​ដែល​គេ​ដឹង​ថា​ ​កាន់​កាប់​ដោយ​ក្រុម​យោធា​ជា​ច្រើន​ទសវត្សរ៍​ ​កំពុង​តែ​រៀបចំ​ធ្វើ​ការ​ផ្ទេរ​អំ​ណាច​ ​ឲ្យ​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​(NLD)​ ​របស់​លោក​ស្រី​ អង់សាន ស៊ូជី​ក្រោយពីគណ​បក្ស​ ​លោកស្រី​ ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូកដី​ លើស​គណ​បក្ស​កាន់​អំណាច​ នៅ​ក្នុង​ការ​បោះឆ្នោត​នា​ដើម​ខែ​វិច្ឆិកាកន្លង​មក​ ​លោក​ស្រី​ ​អង់សាន ស៊ូជី​សន្យា​ថា​មិន​យាយី​ ​មន្ត្រី​គណបក្ស​កាន់​អំណាច​នោះ​ទេ។​ ​ការ​សន្យា​បែបនេះ​បានធ្វើ​ឲ្យ​មានការ​ផ្ទេ​អំណាច​ដោយ​សន្តិវិធី។​ ​កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​ ​សភា​ជាន់​ទាប​របស់​មីយ៉ាន់ម៉ា​ ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ ​ធីន ច​ ( Htin Kyaw)​ ជា​ប្រធានា​ធិបតី​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​លោក​នឹង​ឡើង​កាន់​តំណែង​នា​ពេល​ឆាប់ៗ​ខាង​មុខ។​

ស្រប​គ្នា​នោះ​ដែរ​ ​ប្រ​ទេស​កម្ពុជា​នឹង​រៀបចំធ្វើ​ការ​បោះ​ឆ្នោត​ ​ឃុំ​សង្កាត់​ នា​ឆ្នាំ​ ២០១៧​ និងបោះ​ឆ្នោត​ដើម្បីជ្រើស​តាំង​តំណាង​រាស្ត្រ​និង​បក្ស​កាន់​អំណាច​បន្ត​នា​ឆ្នាំ​បន្ទាប់។​

លោក​ សុខ ឦសាន្ត​ អ្នក​នាំ​ពាក្យ​នៃ​គណ​បក្ស​កាន់អំណាច​គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្លែង​ប្រាប់​VOA​ថា​ការ​ធានា​របស់​ ​លោក​ សម រង្ស៊ី​ នេះ​គឺ​មិន​អាច​ «​ជឿ​ជាក់​»​បាន​ទេ​ដោយ​ ​វា​ផ្ទុយ​នឹង​អ្វី​ដែល​លោក​ធ្លាប់បាន​លើក​កន្លង​មក​ ​ហើយ​តែង​តែ​សម្តែង​ភាព​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​អ្នកមាន​ ​អ្នក​កាន់​អំណាច ​និង​អ្នក​វិនិ​យោគទុន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។​

«ខ្ញុំ​យល់​ថា​ការ​សន្យា​នេះ​គឺ​វា​មិន​ទាន់​ក្លាយ​ជា​ការ​ពិត​នោះ​ទេ​ ​ពីព្រោះ​កន្លង​ទៅ​ក្នុង​ការ​ឃោសនា​ផ្សេងៗ​នេះ​ ​គាត់​តែង​តែ​ចង​កំហឹង​ ​ជា​មួយ​ នឹង​អ្នកមាន​ ជាមួយ​នឹង​ថៅកែ​ ជាមួយ​វិនិយោគិន​ជា​មួយ​លោក​ឧកញ៉ា​មួយ​ចំនួន​ ហើយ​ជាពិសេស​ ​ជា​មួយ​គណបក្ស​កាន់​អំណាច​ហ្នឹង។​ ​គាត់​ថា​សុទ្ធ​តែ​ ​អ្នក​កាន់​អំណាច​ហ្នឹង​ផ្តាច់ការ​ ​ឧកញ៉ា​ហ្នឹង​ចិត្តខ្មៅ​ ​ថៅ​កែ​ចិត្ត​ខ្មៅ​អីចឹង ហ្នឹង​កន្លង​ទៅ។​ ​ហើយ​អីចឹង​ទង្វើ​របស់​គាត់​ហ្នឹង​គឺវា​អញ្ចឹង​មែន​ គាត់​ធ្វើ​ហ្នឹង​គឺ​ដើម្បី​យក​ចិត្ត​ប្រជា​ពលរដ្ឋ​ ​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​»​។​

ស្រដៀង​នឹង​អ្វី​ដែល​លោក​ ហ៊ុន សែន​ធ្លាប់​បាន​លើក​ឡើង​កន្លង​នោះ​ លោក​ សុខ ​ ឦសាន្ត​ ​ថា​ការ​សន្យា​ដ៏​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​ ​រួម​ទាំង​ការឲ្យ​អំណាច​ដល់​មន្ត្រី​ខ្លួន​ ​ការ​ដក​ហូត​ដីធ្លី​សម្បទាន​ពី​ក្រុម​ហ៊ុន​ឯកជន​ ការ​បន្ថែម​ចំនួន​មន្ត្រី​រាជការ​ដោយ​មាន​កូតា​បក្ស​សង្គ្រោះ​ជាតិ​ និង​ការ​រឹតបន្តឹង​ចំពោះ​អ្នក​មាន​ទ្រព្យធន​ព្រម​ទាំង​អ្នក​កាន់​អំណាច​នោះ​ អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លា​ក់​ក្នុង«​សង្គ្រាម​ស៊ីវិល​»​ ​វិញ​បើ​បក្ស​ជំទាស់​ឡើង​នេះ​កាន់​អំណាច។

«ហ្អា​នេះ​ ​ហើយ​សុទ្ធ​តែ​ជា​ការ​សន្យា​មួយ​ដែល​គេ​ហៅ​ថា​ចំណេះ​ជិះ​ក​ឯង​។​ ​វា​មាន​បញ្ហា​អីចឹង​ បាន​គេ​សន្និដ្ឋាន​ថា​ប្រ​សិន​បើ​គាត់​ឈ្នះ​ឆ្នោតមែន​ ​សង្គ្រាម​និង​កើតឡើង​ ​ដោយ​សារតែ​បញ្ហា​ទាំង​អស់​នេះ​ទេ​ មិនមែន​ដោយ​សារ​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​បង្កើត​សង្គ្រាម​ដោយ​សារ​តែ​គាត់​ឈ្នះ​ឆ្នោត​នោះ​ទេ។​ ​នេះ​គឺ​ជា​នយោបាយ​របស់​គាត់​ដែល​បង្កើត​ឡើង​ឲ្យ​ទៅ​ជា​ទំនាស់​នៅ​ក្នុង​ សង្គម​កម្ពុជា​តែ​ម្តង ​បាទ!​»​ ។​

យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​រូប​នេះ​ ​យល់​ថា​ ​«​ការ​ស្រម៉ៃ​ចង់​ឈ្នះ​»​ ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ដោយ​សារ​ ការ​ធ្លាក់​ចុះ​ប្រជា​ប្រិយ​ភាព​របស់​គណ​បក្ស​ជំទាស់​របស់​លោក​សម រង្ស៊ី​ និង​ការ​បាត់​បង់​ជំនឿ​ពី​អ្នក​គាំ​ទ្រ​មួយ​ចំនួន​នោះ។​ លោក​ថា​ ​ការ​បោះ​ឆ្នោត​ ​នា​ឆ្នាំ​២០១៣​គឺ​ការ​ឡើង​ដល់​ចំណុច​កំពូល​របស់​គណបក្ស​ជំទាស់​មួយ​នេះ​ ​ហើយ​អាសនៈ​របស់​បក្ស​ជំទាស់​និង​មាន​ការ​ថមថយ​មក​វិញ​ នា​ពេល​បោះ​ឆ្នោត ​ខាង​មុខ​។​

ការ​បោះ​ឆ្នោត​ អណត្តិ​កន្លង​មក​ ក្នុងឆ្នាំ​ ២០១៣​ ​បាន​ធ្វើ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ ​សម រង្ស៊ី​ ​កើន​អាសនៈក្នុង​រដ្ឋសភា​ ដ​ល់​ ​៥៥​កៅ​អី​ ខណៈ​ពេល​ដែល​គណ​បក្ស​កាន់​អំ​ណាច​របស់​លោក​ហ៊ុន សែន​បាន ថម​ថយ​កៅ​អីពី​៩០​មក​នៅ​ត្រឹម​៦៨។​

លោក​អ៊ូ វីរៈនាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​ ​យល់​ឃើញ​ថា​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​គឺ​មាន​ «ភាព​សាំញ៉ាំ​និង​ផ្តាស់ប្តូរ‍»​ដោយ​គ្មាន​ភាព​ទៀង​ទាត់​ ដោយ​ហេតុ​នេះ​ហើយ​ ​បាន​ធ្វើ​គណ​បក្ស​កាន់​អំណាច​ ​គ្មាន​ទំនុក​ចិត្ត​នោះ​។​ ​

លោក​ថ្លែង​ថា​៖ ​«ដោយសារ​តែ​ ​ស្រពិច​ស្រពិល​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​មិន​ទុកចិត្ត។​ ​ហើយ​ដូច​ខ្ញុំ​ថា​អីចឹង​ដែរ​គឺ​គឺវា​ត្រូវការ​ពេល​វេលា​ ​ដោយ​សារតែ​វា​មិន​នឹង​ធឹង​។​ ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ខ្ញុំមើល​ទៅ​វា​មិនសូវ​មាន​គេ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ទេ​ ​ក៏​ប៉ុន្តែ​ទៅ​អនាគត​ប្រសិន​បើ​គាត់នៅ​បន្ត​ផ្ញើសារ​ដែល​នឹង​ធឹង​ប្រ​ហែល​ជា​អាច​ទៅ​រួច។ ​ប៉ុន្តែ​បើ​តាម​ការ​ ដែល​ខ្ញុំ​តាម​ដាន​លោក​សម រង្ស៊ី​ ​កន្លង​មក​គឺ​សារ​របស់​គាត់​ភាគ​ច្រើន​គឺ​មិន​នឹង​ធឹង​នោះ​ទេ។​ ​តាំង​ពី​ដើម​មក​ ​ទោះ​បី​ជា​គាត់​និយាយ​អីចឹង​មែន​ថា​ឈរ​លើ​ជំហរ​នឹង​ធឹងមែន​ ​ក៏​ប៉ុន្តែជាក់​ស្តែង​ ​ថ្ងៃ​ណា​មួយ​គាត់​នឹក​ឃើញ​អ្វី​មួយ​ ​គាត់​និយាយ​អ្វី​ផ្សេង​ទៅ​។​ ​ដោយ​សារ​អញ្ចឹង​ហើយ​បាន​ខ្ញុំ​ មិន​ជឿ​ថា​គាត់​មាន​សារ​អ្វី​មួយ​ដោយ​នឹង​ធឹង​និង​យូ​អង្វែង​នោះ​ទេ​បាទ!​»​។​

ថ្វី​បើ​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​តាម​ដាន​ការវិវឌ្ឍ​នយោបាយ​រូបនេះ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ ​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​ គឺ​ជាជម្រើស​តែ​មួយ​គត់​ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សន្តិវិធី​និង​គ្មាន​ហិង្សា​ដូច​ ​នៅ​ក្នុង​ប្រទេស​ភូមា​ ​ក៏ប៉ុន្តែ​កម្ពុជា​ហាក់​ដូច​ជា​មិន​ទាន់​អាច​ដើរ​ដល់​ចំណុច​នោះ​ទេ​ ដោយ​សារ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ស្ថិត​នៅ​ក្រោម​អំណាច​បក្ស​នៅ​ឡើយ។​

«វា​មិន​មែន​ជា​ច្រក​ចេញ​ដ៏​ល្អ​ទេ។ ​ក៏​ប៉ុន្តែ​វា​គឺជា​ជម្រើស​ដ៏​អន់​បំផុត​ ​ប៉ុន្តែ​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ជម្រើស​ផ្សេងៗ​ ​បើ​ជម្រើស​ផ្សេង​ៗ​គឺ​ជា​ជម្រើស​អស្ថិភាព​ និ​ង​ជម្លោះ​គ្នា​ សងសឹក​គ្នា​ ​ហ្នឹង​គឺ​ជា​ជម្រើស​មួយ​ដ៏​អាក្រក់​ជាង​នេះ​ទៀត។​ ​បើ​តាម​ល្អ​គឺ​ត្រូវ​មាន​ការ​ប្តូរ​ដោយ​ មិនមាន​ការ​ភ័យខ្លាច​ដោយ​មិន​ចាំ​បាច់​ចរចា​អ្វី​ទាំង​ ​ហើយ​ដូរ​អំណាច​ដោយ​រលូន​ ​ហើយ​ស្ថាប័ន​ជាតិ​ឯករាជ្យ​នៅ​តែ​ជា​ស្ថាប័ន​ជាតិ​ឯក​រាជ្យ​ដដែល ​ហ្អាហ្នឹង​ទើប​វា​ល្អ​ក៏ប៉ុន្តែ​ ​ជាក់​ស្តែង​បើ​តាម​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​សេវា​មិន​អីចឹង​ទេ។​ ​ដោយ​សារ​អីចឹង​ហើយ​ ខ្ញុំ​មើល​ទៅ​ អ្នក​នយោ​បាយ​គឺគ្មាន​ជម្រើស​អ្វីក្រៅ​ពី​ការ​ចរចា​គ្នា​ទេ​បាទ​!​»។​

គេ​មើល​ឃើញ​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​ ​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​ ​បាន​ទទួល​ការ​គាប​ ​សង្ក​ត់ជា​បន្ត​បន្ទាប់។​ ​ក្នុង​នោះ​សមាជិក​និង​សកម្មជន​របស់​គណ​បក្ស​នេះ​ជាង​១០​រូប​ ត្រូវ​បាន​តុលាការ​ចាប់​ឃុំឃាំង​ទាក់​ទិន​នឹង​បញ្ហា​ព្រំដែន​និង​ក្លែង​បន្លំ​ឯក​សារ។​ ​ប្រធាន​គណ​បក្ស​ជំទាស់​ គឺ​លោក​សម រង្ស៊ី​ ​ត្រូវ​បាន​តុលាការ​ប្រកាស​តាម​ចាំ​ខ្លួន​ ​ទាក់​ទិន​នឹងរឿង​បណ្តឹង​របស់លោក​ ហោ ណាំហុង​រដ្ឋ​មន្ត្រី​ការបរទេស។​ ​ស្របគ្នា​នោះ​ដែរ​ ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ជន​មួយ​ក្រុម​វាយដំ​នា​មុខ​រដ្ឋ​សភាជាតិ​។​ ​ដោយ​ឡែក​ ​អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​ដែល​មាន​តែ​សមាជិក​ពី​បក្ស​កាន់​អំណាច​ ​ទម្លាក់​ពី​តំណែង​ ​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ ​មុន​ពេល​ផ្ទុះ​រឿង​ខ្សែអាត់​សំឡេង​ដែល​គេ​ចោទ​ថា​ជា​សំឡេង​សារសង​ស្នេហា​ ​របស់​លោក​និង​ស្ត្រីវ័យ​ក្មេង​ជា​ច្រើនរូប៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG