ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិន្នផល​ស្រូវ​កើន​​ទោះបី​មាន​ទឹក​ជំនន់


កសិករ​ខ្មែរ​កំពុង​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​ក្នុង​រដូវ​ច្រូត​កាត់​នៅ​តំបន់​សាលា​គំរូ ខេត្ត​ពោធិ៍សាត់។
កសិករ​ខ្មែរ​កំពុង​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​ក្នុង​រដូវ​ច្រូត​កាត់​នៅ​តំបន់​សាលា​គំរូ ខេត្ត​ពោធិ៍សាត់។

បើ​ទោះ​បី​ជា​កម្ពុជា​បាន​ទទួល​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​តែ​ទឹក​ជំនន់​ កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​រាប់​ម៉ឺន​ហិកតា​ក៏​ដោយ ​ក៏​ក្រុម​អ្នក​ជំនាញ ​និង​ក្រុម​អ្នក​ប្រកប​របរ​ស្រូវ​បាន​និយាយ​ថា​ស្រូវ​ឆ្នាំ​នេះ​ល្អ​ប្រសើរ ​សម្រាប់​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ។

លោក​ ភូ​ ភួយ ​ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា ​បាន​និយាយ​ថា​ ថ្វើ​បើ​ខេត្ត​មួយ​ចំនួន​ទទួល​រង​នូវ​ផលប៉ះពាល់​ទឹក​ជំនន់​ ក៏​ប៉ុន្តែ​ខេត្ត​ដែល​មិន​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់​ ផល​ស្រូវ​ឆ្នាំ​នេះ​បាន​ល្អ​ប្រសើរ​ច្រើន។

លោក​បាន​បញ្ជាក់​ថា ការ​នាំ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ល្អ​ជាង​មុន​បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១០ ​និង​ឆ្នាំ​២០១១។

«យើង​ឧទាហរណ៍ ​ដូច​ជា​ការ​សល់​ស្រូវ​របស់​ប្រទេស​កម្ពុជា ​ដែល​យើង​ក្រោយ​ពី​ហូប​ចុក ​សល់​បួន​លាន​ នៅ​ឆ្នាំ​២០១១។ ហើយ​បើ​ទោះ​បី​ជា​ឆ្នាំ​២០១២​នេះ ​វា​ខូចខាត​មួយ​ចំនួន​ អស់​ឧទាហរណ៍​ថា​៥០​ម៉ឺន​ ទៅ​៧០​ម៉ឺន​ ឬ​វា​លើស​ទៅ​តិចតួច​ទៀត​នោះ​ វា​ក៏​នៅ​សល់​បី​លាន​តោន​ទៀត​ដែរ»។

ទិន្ន័យ​របស់​ក្រសួង​កសិកម្ម​ ដែល​បាន​ចេញផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ បាន​ឲ្យ​ដឹង​ថា​ផ្ទៃដី​ប្រមាណ​៣៦​ម៉ឺន​ហិកតា ​ត្រូវ​បាន​ប្រមូលផល​គឺ​ស្មើ​នឹង​១៦​ភាគរយ​ នៃ​ផ្ទៃ​ដី​ដាំ​ស្រូវ​សរុប។

លោក ​ភូ ​ភួយ ​បាន​មាន​ប្រសាសន៍​ថា ​សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​កំពុង​តែ​ប្រមូលផល​នៅ​តំបន់​ដែល​មិន​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់។ ចំណែក​ឯ​តំបន់​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ មាន​ការ​ខូចខាត​យ៉ាង​ច្រើន។ លោក​បាន​បញ្ជាក់​ថា ​ស្រូវ​ឆ្នាំ​នេះ ​សម្បូរ​ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ ខ្លាចក្រែង​គ្មាន​ប្រាក់​ទិញ​ស្រូវ​ពី​កសិករ។ លោក​បាន​មាន​ប្រសាសន៍​ថា ​ស្រូវ​ដែល​មាន​គុណភាព​ខ្ពស់ ​បាន​កើន​ឡើង​ថ្លៃ​ពី​១​តោន​តម្លៃ​៣៤៧​ដុល្លារ​ ដល់​៣៩៧​ដុល្លារ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ​កន្លង​ទៅ​នេះ ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​ នឹង​បង្កើត​ការិយាល័យ​ផ្តល់​សេវាកម្ម​មួយ ​ដល់​រោងម៉ាស៊ីន​កិន​ស្រូវ​ និង​អ្នក​ជំនួញ​នាំ​ស្រូវ​ចេញ​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​ការិយាធិបតេយ្យ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ឲ្យ​ឈាន​ទៅ​រក​ការ​នាំចេញ​ស្រូវ​ឲ្យ​បាន​រាប់​លាន​តោន​ នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក ​សេង ​ប៊ុនសួរ ​ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខេត្ត​បាត់ដំបង ​បាន​និយាយ​ថា​ លោក​បាន​ទិញ​ស្រូវ​ប្រមាណ​២៤​ពាន់​តោន​ពី​កសិករ ​ហើយ​លោក​រំពឹង​ថា ​ការ​នាំចេញ​ស្រូវ​ឆ្នាំ​នេះ​ នឹង​មាន​ការ​កើន​ឡើង​ប្រមាណ​២០​ភាគរយ។

«ខ្ញុំ​នៅ​តំបន់​ភ្នំ​សំពៅ​នេះ។ មើល​ទៅ​ដូចជា​ឥត​ខ្វះ​ទេ​ស្រូវ។ ស្រូវ​ច្រើន។ ស្រូវ​ខ្ញុំ​ឃើញ​ល្អ​ច្រើន​ណាស់​ជាង​ឆ្នាំ​ទៅ​មិញ​ទៀត»។

លោក ​អ៊ួន​ សុផល ​ប្រធាន​បណ្តាញ​កសិករ​ខេត្ត​តាកែវ ​បាន​និយាយ​ថា​ ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ​បាន​ល្អ​ប្រសើរ​ដោយសារ​តែ​ទឹកជំនន់​បាន​បំផ្លាញ​ផល​ស្រូវ​ប្រមាណ​តែ​២០​ភាគរយ​តែ​ប៉ុណ្ណោះ។ លោក​បាន​និយាយ​ថា​ របាយ​ទឹក​ភ្លៀង​ឆ្នាំ​នេះ​បាន​ល្អ​ប្រសើរ​ចាប់​ពី​ដើម​ឆ្នាំ​ រហូត​ដល់​ចុង​ឆ្នាំ ​ហើយ​បច្ចុប្បន្ន​នេះ ​នៅ​ក្នុង​ស្រែ​មួយ​ចំនួន​ដែល​កសិករ​កំពុង​តែ​ច្រូត​កាត់​នោះ​ នៅ​មាន​ទឹក​នៅ​ក្នុង​ស្រែ​នៅ​ឡើយ។

«ខ្ញុំ​គិត​ថា ​បើទោះ​បី​ជា​បញ្ហា​ទឹក​ជំនន់​ប៉ុណ្ណឹង ​ក៏​មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​ប៉ុន្មាន​ដែរ។ វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​តូច​សម្រាប់​កម្ពុជា។ បាទ! អីញ្ចឹង​ យើង​នៅ​មាន​ឱកាស​ច្រើន​ទៀត​ ហើយ​ការ​នាំ​ស្រូវ​ចេញ ​ខ្ញុំ​គិត​ថា​មិន​ខកខាន​ដែរ ​ប៉ុន្តែ​គ្រាន់​ថា​បាន​ប៉ុន្មាន ​ឥត​ទាន់​វាយ​តម្លៃ​ច្បាស់»។

លោក ​យ៉ង ​សាំងកុមា​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា ​និង​អភិវឌ្ឍន៍​កម្ពុជា ​ដែល​ហៅ​កាត់​ថា ​CEDAC ​បាន​និយាយ​ថា ​នៅ​ខេត្ត​កំពង់ធំ ព្រៃវែង ​និង​សៀមរាប​ ដែល​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ជាង​គេ ​ការ​ប្រមូល​ផល​ស្រូវ​មិន​បាន​ល្អ​ទេ ​ក៏ប៉ុន្តែ​សម្រាប់​ទិន្ន័យ​នៅ​ទូទាំង​ប្រទេស​ ស្រូវ​ឆ្នាំ​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន។

«យ៉ាង​ក្នុង​រយៈពេល​ចុង​រដូវ​ក្រោយ​វិញ ​ជំហាន​ទិញ​ស្រូវ​នៅ​ស្រុក​ខ្មែរ​ ឥត​ច្រើន​ទេ​ ហើយ​ណា​មួយ​ទៀត​ធ្វើ​ម៉េច ​ឲ្យ​យើង​មាន​ស្រូវ​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន​ ដើម្បី​ទុក​នាំ​អង្ករ​ចេញ ​វា​ចំណេញ​ជាង។ អាហ្នឹង​ជា​បញ្ហា​ដែរ​យើង​ត្រូវ​គិត​គូរ​ឲ្យ​បាន​ច្រើន»។

លោក ​គង់ ​ពុទ្ធារ៉ា ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ ​និង​ព័ត៌មាន ​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា ​រហូត​មក​ដល់​ពេល​នេះ ​លោក​មិន​ទាន់​បាន​ទិន្ន័យ​នៃ​ការ​នាំ​ស្រូវ​ទៅ​ក្រៅ​ប្រទេស​ នៅ​ឡើយ​ទេ ​ក៏​ប៉ុន្តែ​លោក​រំពឹង​ថា ​ការ​នាំចេញ​ស្រូវ​ឆ្នាំ​នេះ ​នឹង​មាន​ការ​កើន​ឡើង។

«កំណើន​ដូច​យឺត​បន្តិច ​ប្រៀប​ដូច​ជា​ទំនិញ​មួយ​ដែល​រដ្ឋាភិបាល​ជំរុញអី​ទេ​ព្រោះ​អី​អា​នេះ​ស្រូវ។​ គាត់​លក់​ជាមួយ​ឈ្មួញ​វៀតណាម។ ​គាត់​ទិញ​យក ​ទិញ​យក​តែ​ម្តង​ទៅ​ប្រុយ»។

លោក​បាន​មាន​ប្រសាសន៍​ថា ​មាន​តែ​វៀតណាម ​និង​ថៃ​0តែ​ប៉ុណ្ណោះ​ដែល​ជា​ទីផ្សារ​ធំ​បំផុត ​សម្រាប់​ការ​នាំចេញ​ស្រូវ​ពី​ប្រទេស​កម្ពុជា៕

XS
SM
MD
LG