ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​មាន​ភាព​ប្រសើរ​ឡើង​បន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​វិជ្ជមាន


រូប​ឯកសារ៖ ប្រធានាធីបតី​ហ្វីលីពីន​លោក Rodrigo Duterte ចាប់​ដៃ​ជាមួយ​​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​មុន​កិច្ច​ប្រជុំ​មួយ​នៅ​ក្រុង​ប៉េកាំង​កាលបី​ខែ​មេសា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ ប្រធានាធីបតី​ហ្វីលីពីន​លោក Rodrigo Duterte ចាប់​ដៃ​ជាមួយ​​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​មុន​កិច្ច​ប្រជុំ​មួយ​នៅ​ក្រុង​ប៉េកាំង​កាលបី​ខែ​មេសា ឆ្នាំ​២០១៩។

អ្នក​វិភាគ​នានា​ជឿ​ថា កិច្ច​ពិភាក្សា​បែប​សុទិដ្ឋិនិយម​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​កាលពី​ខែ​ឧសភា​បន្ទាប់ពី​មាន​ការ​ប្រឈម​ដាក់​គ្នា​នៅ​ដែន​សមុទ្រ​កើតឡើង​មក អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​ប្រសើរ​ឡើង។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ស្នូល​នៃ​បរិបទ​ជម្លោះ​បូរណភាព​ដែន​ទឹក​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​និង​អាប់អួរ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

កាលពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ប្រទេស​ទាំង​ពីរ​បាន​រៀបចំ​កិច្ច​ពិភាក្សា​លើក​ទី ៦ របស់​ខ្លួន​ស្តី​ពី​យន្តការ​ប្រឹក្សា​យោបល់​ទ្វេភាគី​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ដែន​ទឹក​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​អធិបតេយ្យ​ជាមួយ​គ្នា។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​បង្កើត​យន្តការ​ប្រឹក្សា​យោបល់​នេះ​ឡើង​កាលពី​ឆ្នាំ ២០១៦ ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ផ្សេងៗ។

កាលពី​ខែ​មីនា​និង​ខែ​មេសា មន្រ្តី​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចូល​សំចត​របស់​នាវា​នេសាទ​ចិន​ចំនួន ២២០ គ្រឿង នៅ​តំបន់​ថ្ម​ប៉ប្រះទឹក Whitsun Reef ដែល​ជា​តំបន់​ជម្លោះ​ស្ថិត​នៅ​ក្នុង​ប្រជុំកោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​លើកឡើង​នៅ​លើ​វិបសាយ​របស់​ខ្លួន បន្ទាប់ពី​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ថា៖ «ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ភាព​រាក់ទាក់​និង​ស្មោះត្រង់​ជុំវិញ​ស្ថានភាព​ទូទៅ​និង​បញ្ហា​ជាក់លាក់​នានា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ភាគី​ទាំង​ពីរ​បាន​ទទួលស្គាល់​អំពី​សារៈសំខាន់​នៃ​ការ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​បរិយាកាស​បើក​ចំហ​និង​មិត្តភាព​មួយ ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ»។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា ដំណើរការ​កិច្ច​ពិភាក្សា​នេះ​បាន​លើកកម្ពស់ «ការ​វិវឌ្ឍ​ទៅ​មុខ​ប្រកប​ដោយ​ភាព​វិជ្ជមាន​និង​ស្ថិរភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន» និង​ធានា​ឲ្យ​មាន​នូវ «សន្តិភាព​និង​ស្ថិរភាព» នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន China.org.cn របស់​ប្រទេស​ចិន។

អ្នក​ជំនាញ​នានា​បាន​ប្រាប់ VOA កាលពី​លើក​មុនៗ​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​ចិន​និង​ហ្វីលីពីន​បាន​ផ្តល់​ឲ្យ​សហរដ្ឋ​អាមេរិក​នូវ​ឥទ្ធិពល​ខ្លាំង​ជាងមុន​នៅ​ក្នុង​បរិបទ​ជម្លោះ​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ក្រុង​ម៉ានីល​មាន​ទំនាក់ទំនង​យោធា​ជិតស្និទ្ធ​ដ៏​យូរ​អង្វែង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ សហរដ្ឋ​អាមេរិក​ចាត់ទុក​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច។

ក្នុង​ឋានៈ​ជា​ប្រទេស​មហា​អំណាច​កំពូល​នៅ​អាស៊ី​និង​ជា​អតីត​សត្រូវ​សង្រ្គាម​ត្រជាក់​ជាមួយ​សហរដ្ឋ​អាមេរិក ប្រទេស​ចិន​មិន​ពេញចិត្ត​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី វៀតណាម និង​កោះ​តៃវ៉ាន់ ក៏​បាន​ទាមទារ​កាន់កាប់​ផងដែរ​នូវ​ដែន​អធិបតេយ្យ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សមុទ្រ​នេះ​មាន​ទំហំ​ប្រមាណ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ និង​សម្បូរ​ទៅដោយ​ធនធាន​ត្រី​និង​ថាមពល។

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ចម្បាំង​ទៅកាន់​សមុទ្រ​ចិន​ខាង​ត្បូង​ចំនួន ១០ លើក កាលពី​ឆ្នាំ​ ២០១៩ និង​ឆ្នាំ ២០២០។ នេះ​គឺជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​គេ​យល់ឃើញ​ជា​ទូទៅ​ថា​ជា​ការ​ព្រមាន​ប្រឆាំង​នឹង​ការ​ពង្រីក​យោធា​បន្ថែម​ទៀត​របស់​ប្រទេស​ចិន​នៅ​ទីនោះ។

ការ​ពិនិត្យ​ឡើង​វិញ​នូវ​មិត្តភាព

លោក Eduardo Araral សាស្រ្តាចារ្យ​មហាវិទ្យាល័យ​គោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (National University of Singapore) បាន​និយាយ​ថា កិច្ច​ពិភាក្សា​រវាង​ចិន​និង​ហ្វីលីពីន​នេះ​បាន​បង្ហាញ​ថា ភាគី​ទាំង​ពីរ​កំពុង​រៀន «បត់បែន​តាម​ស្ថានការណ៍» ក្រោយពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក Whitsun Reef មក ជាជាង​ប្រើប្រាស់​ការទូត​បែប​«បំពង​សំឡេង»។

លោក Araral បាន​បន្ត​ថា មេដឹកនាំ​ចិន​សង្ឃឹម​ថា​នឹង​អាច​ដក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ចេញ​ពី​របៀបវារៈ​នានា​នៅ​ហ្វីលីពីន​បាន មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ហ្វីលីពីន​ចូល​មក​ដល់​នៅ​ឆ្នាំ​ក្រោយ។ លោក Duterte មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សារជាថ្មី​បាន​នោះ​ទេ ដោយសារតែ​អាណត្តិ​ប្រធានាធិបតី​មាន​កំណត់ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​លោក​អាច​មាន​ឥទ្ធិពល​លើ​សំឡេង​ឆ្នោត​របស់​ពលរដ្ឋ​សម្រាប់​បេក្ខជន​ឈរ​ឈ្មោះ​ដទៃ​ទៀត។

លោក Araral ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​ចិន​នឹង​ទទួល​បាន​ប្រយោជន៍ ប្រសិនបើ​ខ្លួន​ផ្ដល់​ជ័យជម្នះ​ខ្លះ​ឲ្យ​លោក Duterte ដែល​ឧទាហរណ៍​ដូចជា លោក Duterte នឹង​មិន​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នៅ​ចិន ហើយ​គូ​បដិបក្ខ​របស់​លោក​នឹង​មិន​មាន​ឥទ្ធិពល​មាន​ប្រៀប​បន្ថែម​ទៀត​ជាង​អ្វី​ដែល​ពួកគេ​ត្រូវការ»។

លោក Duterte បាន​ស្វះស្វែង​ភ្ជាប់​មិត្តភាព​ជាមួយ​ចិន បន្ទាប់ពី​លោក​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​កាលពី​ឆ្នាំ ២០១៦ មក។ ប្រជាពលរដ្ឋ​ហ្វីលីពីន​ដែល​ធ្លាប់តែ​ឃើញ​ប្រទេស​របស់​ខ្លួន​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​សហរដ្ឋ​អាមេរិក មាន​ចម្ងល់​ចំពោះ​ទំនោរ​របស់​លោក Duterte ដែល​ងាក​ទៅ​រក​ចិន បន្ទាប់​ពី​មាន​ហេតុការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ផ្សេងៗ​កើតឡើង ដូចជា​ហេតុការណ៍​នៅ​តំបន់​ថ្មប៉ប្រះទឹក Whitsun Reef ជាដើម។

ចិន​នឹង​រង់ចាំ​ហើយ​សង្កេត​មើល

ប្រទេស​ចិន​អាច​កាត់ផ្តាច់​គម្រោង​វិនិយោគ​ផ្សេងៗ​ចេញពី​ប្រទេស​ហ្វីលីពីន ឬ​បញ្ឈប់​នាវា​នេសាទ​និង​ការ​រុករក​ប្រេង​របស់​ហ្វីលីពីន​នៅ​ក្នុង​សមុទ្រ​បាន ប្រសិនបើ​ហ្វីលីពីន​នៅ​បន្ត​ធ្វើ​ទង្វើ​ដែល​ចិន​ចាត់ទុក​ថា​មិន​ល្អ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Enrico Cau អ្នក​ជំនាញ​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​សមាគម​ស្រាវជ្រាវ​យុទ្ធសាស្រ្ត​កោះ​តៃវ៉ាន់ (Taiwan Strategy Research Association)។

លោក Cau បាន​ថ្លែង​ថា៖ «ហ្វីលីពីន​កំពុង​ព្យាយាម​រក្សា​គោលជំហរ​ឲ្យ​ស្ថិត​នៅ​ចន្លោះ​ស្មើគ្នា [រវាង​សហរដ្ឋ​អាមេរិក​និង​ចិន]។ ជា​ការពិត ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ។ ការ​ធ្វើ​ឲ្យ​ចិន​មាន​ការ​រំខាន​ចិត្ត​ពាក់ព័ន្ធ​នឹង​កោះ​ទាំង​នោះ​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​ជះ​ត្រឡប់​មកលើ​លោក Duterte វិញ»។

ប្រទេស​ចិន​នឹង​មិន​សូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ចាប់​អារម្មណ៍​លើ​ខ្លួន​នោះ​ឡើយ មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​ចូល​មក​ដល់​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ចិន​នឹង​មិន​ផ្លាស់ប្តូរ​ទិសដៅ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Maria Ela Atienza សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកលវិទ្យាល័យ University of the Philippines Diliman។

អ្នកស្រី Atienza បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ដោយសារ​លោក Duterte នៅ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​រហូត​ដល់​ឆ្នាំ​ក្រោយ ប្រទេស​ចិន​នឹង​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​បាន ដោយសារតែ​ពួកគេ​ដឹង​ថា​ហ្វីលីពីន​នឹង​មិន​សូវ​ប្រឆាំង​នឹង​ខ្លួន​ច្រើន​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​ច្បាស់​ថា ចិន​នឹង​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​លើ​អ្វី​ដែល​នឹង​កើតឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ឆ្នាំ ២០២២ និង​ចាំ​មើល​ថា​តើ​នរណា​នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន ដោយ​ហេតុ​ថា ករណី​នេះ​អាច​នឹង​ធ្វើ​ឲ្យ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន​មាន​ការ​ផ្លាស់ប្ដូរ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG