ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចុះចត​នៃ​យន្តហោះ​ចិន​លើ​កោះ​សិប្បនិមិត្ត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នាំ​ឲ្យ​មានការ​តវ៉ា


រូប​ឯកសារ៖ រូបភាព​ពី​ផ្កាយរណប ដែល​បង្ហាញអ្វី​ដែល​គេ​ជឿ​ថា​ជា​ការ​សាងសង់​ផ្លូវ​យន្តហោះ​នៅ​លើ​កោះ Fiery Cross Reef ក្នុង​ប្រជុំកោះ Spratly ដែល​មាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
រូប​ឯកសារ៖ រូបភាព​ពី​ផ្កាយរណប ដែល​បង្ហាញអ្វី​ដែល​គេ​ជឿ​ថា​ជា​ការ​សាងសង់​ផ្លូវ​យន្តហោះ​នៅ​លើ​កោះ Fiery Cross Reef ក្នុង​ប្រជុំកោះ Spratly ដែល​មាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ភាព​តានតឹង​បាន​កើន​ឡើង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ជិត​ខាង​នៅក្នុង​តំបន់​ ក្រោយ​ពី​ទីក្រុង​ប៉េកាំង​បាន​សាកល្បង​ឲ្យ​យន្តហោះ​ចិន​មួយ​ចុះចត​នៅ​លើ​ផ្លូវ​យន្តហោះ​មួយ​ខ្សែ​នៅលើ​កោះ​សិប្បនិមិត្ត​មួយ​ក្នុង​ចំណោម​កោះ​សិប្បនិមិត្ត​ជាច្រើន​ដែល​ប្រទេស​ចិន បាន​បង្កើត​ឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

យន្ត​ហោះ​ស៊ីវិល​មួយ​គ្រឿង​បាន​ចុះចត​នៅ​នៅ​កោះ​ Fiery Cross Reef ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រែតលី (Spratly) ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ទាមទារ​ដោយ​ប្រទេស​ចិន​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​បាស៊ីហ្វ្រិក​ផ្សេងៗ​ទៀត​ រូម​ទាំង​តៃវ៉ាន់ ​វៀតណាម​និង​ប្រទេស​ហ្វីលីពីន​ផងដែរ។

ប្រទេស​វៀតណាម​បាន​តវ៉ា​ខាង​ផ្លូវ​ទូត​ជា​ផ្លូវការ​ជាមួយ​ចិន​ជុំវិញ​ទង្វើ​របស់​ប្រទេស​ចិន​នេះ រី​ឯ​អ្នក​នាំពាក្យ​ម្នាក់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វីលីពីន​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ហ្វីលីពីន​គ្រោង​នឹង​ចាត់​វិធានការ​ស្រដៀង​នឹង​ចំណាត់ការ​របស់​វៀតណាម​ដែរ។

អ្នក​នាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការបរទេស​ចិន​បាន​មាន​ប្រសាសន៍​ថា យន្តហោះ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​កោះ​នោះ​ដើម្បី​ឲ្យ​ដឹង​ថា​តើផ្លូវ​យន្ត​ហោះ​នោះ​ សម​ស្រប​ទៅ​នឹង​បទដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ដែរ​ឬ​អត់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាប់ផ្តើម​គម្រោង​ដ៏​ធំ​មហិមា​កាល​ពី​ឆ្នាំ​មុន ក្នុង​ការ​ប្រែ​ក្លាយ​តំបន់​ថ្ម​ប៉ប្រះទឹក​ឲ្យ​ទៅ​ជាកោះ ​ដែល​អាច​ទ្រទ្រង់​ផ្លូវ​យន្តហោះ​និង​សំណង់​អាគារ​ផ្សេងៗ​ទៀត​បាន។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក ​លោក ​John Kirby​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ហោះ​សាក​ល្បង​របស់​យន្តហោះ​ចិន​នៅលើកោះ​នោះ​ បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​និង​គំរាម​ដល់​ស្ថេរភាព​ក្នុង​តំបន់។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​នាវាពិឃាត​បំពាក់​គ្រាប់​មីស៊ីល​មួយ​គ្រឿង ស្ថិត​ក្នុង​ចម្ងាយ​២២គីឡូម៉ែត្រ​ពី​កោះ ​Subi​ ក្នុង​តំបន់​ប្រជុំកោះ​ស្ព្រែតលី (Spratly) កាល​ពីខែ​តុលា​ឆ្នាំ​មុន នៅ​ក្នុង​បេសកកម្ម​មួយដើម្បី​បង្កើត​វិធាន​នានា​អំពី​«សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍» ​តាម​ផ្លូវ​ទឹក​អន្តរជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG