ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​បង្ក្រាប​អ្នក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​វៀតណាម


លោក ​ដេវីដ ស្ហៀរ​ (David Shear) ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​វៀតណាម។
លោក ​ដេវីដ ស្ហៀរ​ (David Shear) ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​វៀតណាម។
ទីក្រុង​ហាណូយ៖ ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះលោក​ដេវីដ ស្ហៀរ​ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​វៀតណាម​ បាន​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​មួយ​ដើម្បី​ទទូច​ឱ្យ​ប្រទេស​នេះ​លើក​កម្ពស់​សេចក្តី​ប្រកាស​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស​ ដែល​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ​១៩៤៨​ដែល​គូស​បញ្ជាក់​ពី​សេរី​ភាព​មូលដ្ឋាន​និង​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក។

លោក​ស្ហៀរ ​និយាយ​ថា​ការសម្រេច​បាន​នូវ​ការរីកចម្រើន​ខាងផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​កម្រិត​គួរ​ឱ្យ​កត់​សម្គាល់​បាន​គឺ​មាន​សារៈ​សំខាន់ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​និង​ប៉ះពាល់​ដល់​គ្រប់​ផ្នែក​ទាំងអស់​នៃ​នយោបាយ​ការបរទេស។

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​ប្រទេស​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការធ្វើ​ទារុណកម្ម​ និង​ទាក់​ទង​អ្នករាយការណ៍​ពិសេស​ស្តី​ពី​សេរី​ភាព​ជំនឿ​និង​សាសនា​ឱ្យ​មក​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម។

ប្រទេស​នេះ​បាន​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​។​

ប៉ុន្តែ​ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ចោទ​សួរ​ថា​តើ​មាន​ការរីកចម្រើន​បាន​ប៉ុន្មាន​ដែរ​កន្លងមក​នេះ។

នៅ​សប្តាហ៍​នេះ​ អ្នក​ចូលរួម​នៅ​ឯ​កន្លែងប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គេរាយការណ៍​មក​ថា​ត្រូវ​កងកម្លាំង​ប៉ូលិស​យាយី​រំខាន។

លោកស្រី​ មេ ណាម (Me Nam) ​អ្នក​សរសេរ​ប្លុក​ដែល​មាន​ឈ្មោះថា​«មេផ្សិត» ​បាន​ទៅចូលរួម​ការជួបជុំ​ស្តី​ពី​ស្ត្រី​វៀតណាម​ដើម្បី​សិទ្ធិ​មនុស្ស​ កាលពីថ្ងៃ​អង្គារ​នៅ​ឯ​ទីវត្ត​មួយ​ក្នុង​ទីក្រុង​ហូជីមិញ ​បាន​បញ្ជាក់​ថា៖

«ថ្ងៃនេះ​យើង​បាន​អញ្ជើញ​មនុស្ស​៥០​នាក់​ឱ្យ​ចូលរួម។ មាន​អ្នក​ខ្លះ​មិន​អាច​ទៅ​ចូលរួម​បាន​ទេដោយ​សារ​តែ​កងកម្លាំង​ប៉ូលិស​បាន​បញ្ឈប់​ពួកគេ​តាំងពី​នៅ​ឯគេហដ្ឋាន​ម្ល៉េះ»។

ក្រុម​នេះ​បាន​ចាប់​ផ្តើម​កាលពី​ខែ​មុន​ដើម្បី​ផ្តល់​ជា​បណ្តាញ​គាំទ្រ​ដល់​ស្រ្តី​ដែល​ចូលរួម​សកម្ម​ភាព​សិទ្ធិ​មនុស្ស។​

«បញ្ហា​សំខាន់​ដែល​យើង​និយាយ​នៅ​ពេល​សព្វថ្ងៃ​នេះ​គឺ​យើង​បង្ហាញ​ផែនការ​ទៅ​សួរ​សុខទុក្ខ​ស្រ្តី​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ឬ​ដែល​មាន​ប្តី​ឬ​បងប្អូន​ប្រុស​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ យើ​ងក៏​បាន​ជួប​ជាមួយ​នឹង​កសិករ​ ដែល​បាត់​បង់​ដីធ្លី​ហើយ​ត្រូវ​អាជ្ញាធរ​ប៉ូលិស​បណ្តេញ​ចេញ»។​

នៅ​ឯ​ព្រឹត្តិការណ៍​មួយ​ទៀត​កាលពី​ថ្ងៃ​អាទិត្យ ​មាន​សកម្មជន​ប្រហែល​១០០​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​សួនច្បារ​មួយ​នៅ​កណ្តាល​ទីក្រុង​ហាណូយ ​ដើម្បី​ចែក​ចាយ​ប៉ោងប៉ោង​ដែល​មាន​អក្សរ​ថា​«សិទ្ធិ​របស់​យើង​ត្រូវ​តែ​ទទួល​បាន​ការ​គោរព» ។ ប៉ុន្តែ​លោក​ង្វៀន ឡានថាំង ​អ្នក​សរសេរ​ប្លុក​និយាយ​ថា​ការជួបជុំ​នោះ​ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​បង្ក្រាប​ភ្លាមៗ​ដែរ។​

លោក​មាន​ប្រសាសន៍​ថា​ប៉ូលិស​បាន​រារាំង​អ្នក​សរសេរ​ប្លុក​ទាំង​នោះ​មិនឱ្យ​ចែកចាយ​ឯកសារ​ស្តី​ពី​ការប្រកាស​សាកល​ស្តីពី​សិទ្ធិ​មនុស្ស។ លោក​មាន​ប្រសាសន៍​ថា​នៅ​ឯ​កន្លែង​ជួបជុំ​គ្នា​មួយ​ទៀត​ដែល​ធ្វើ​សកម្មភាព​ស្រដៀង​គ្នា​នោះ​ដែរ​ក្នុង​ថ្ងៃ​តែមួយ​នោះ​ អាជ្ញាធរ​ប៉ូលិស​បាន​ចោល​ផ្អក​កំពឹស​មក​លើ​អ្នក​ចូលរួម។​

លោក​ថាង​គឺ​ជា​សមាជិក​ម្នាក់​នៃ​បណ្តាញ​អ្នក​សរសេរ​ប្លុក​វៀតណាម​ ដែល​ជា​ក្រុម​សកម្មជន​ធ្វើ​សកម្មភាព​តាម​បណ្តាញ​អ៊ីនធឺណិត​ដោយ​ទាមទារ​ឱ្យ​មាន​សេរីភាព​ក្នុង​កា​របញ្ចេញ​មតិ​ធំ​ជាង​មុន​នៅ​ក្នុង​ប្រទេស​របស់​លោក។​ កាលពី​ថ្ងៃ​អង្គារ​ក្រុម​នោះ​បាន​ចេញផ្សាយ​នូវ​គេហទំព័រ​ថ្មី​មួយ​ដែល​មាន​អាសយដ្ឋាន http://mangluoiblogger.blogspot.com

លោក​ថាង​និយាយ​ថា​បណ្តាញ​នេះ​ថ្មី​ហើយ​បើក​ចំហរ​ និង​ស្វាគមន៍​អ្នក​ណា​ក៏​ដោយ​ដែល​ចាប់​អារម្មណ៍​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​ទូទៅ​ឱ្យ​មក​ចូលរួម​បាន។​

ប្រទេស​វៀតណាម​ទទួល​រង​ការ​រិះគន់​ថា​បាន​ប្រើប្រាស់​ច្បាប់​ដែល​មាន​ពាក្យ​ពេចន៍​មិន​ច្បាស់​លាស់​ដើម្បី​ធ្វើ​ការ​កាត់​ទោស​សកម្មជន។ នៅក្នុង​ចំណាត់​ការមួយ​កាលពី​ខែ​មុន​ដែល​ក្រុម​អ្នក​វិភាគ​ជឿ​ថា​ជា​ការ​ផ្លាស់​ប្តូរ​នូវ​វិធីសាស្រ្ត​របស់​រដ្ឋាភិបាល​ គឺ​ក្រុម​អ្នក​តាក់​តែង​ច្បាប់​បាន​អនុម័ត​ក្រិតច្បាប់​លេខ​១៧៤​ ដែល​ដាក់​កំហិត​លើ​ខ្លឹមសារ​ដែល​ចុះ​ផ្សាយ​តាម​អ៊ីនធឺណិត។​ ច្បាប់​ចុងក្រោយ​នេះ​កំណត់​កម្រិត​ផាក​ពិន័យ​រហូត​ដល់​២.៥០០​ដុល្លារ​ចំពោះ​ការ​ធ្វើការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ​តាម​រយៈ​បណ្តាញ​សង្គម​និង​គេហទំព័រ។

ទ្រិញ ហូឡុង​ មេធាវី​និង​ជា​អតីត​អ្នក​សារព័ត៌មាន​មួយ​រូប​ស្ថិត​ក្នុង​ចំណោម​ក្រុម​សកម្មជន​មួយ​ផ្សេង​ទៀត​ដែល​បាន​ស្នើ​សុំ​ទៅ​សភាជាតិ​ធ្វើ​ការ​បកស្រាយ​មាត្រា​មួយ​ក្នុ​ងរដ្ឋ​ធម្មនុញ្ញ​ដែល​គ្របដណ្តប់​លើ​សេរីភាព​នៃ​ការ​ប្រមូលផ្តុំ​បង្កើត​សមាគម។​

«យើង​ចង់​ឱ្យ​វាច្បាស់​ជាងមុន ​ជាក់​លាក់​ជាងមុន ​មិន​ស្រពេច​ស្រពិល​ដូច​ច្បាប់​នាពេល​បច្ចុប្បន្ន​នេះ​ទេ»។​

ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ទទួល​បាន​ការឆ្លើយតប​បែបណា​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។​

អ្នក​សរសេរ​ប្លុក ថាង ​និយាយ​ថា​ការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​នេះ​នឹង​មិន​បំភ័យ​សកម្មជន​តាម​បណ្តាញ​អ៊ីនធឺណេត​បាន​ឡើយ។ លោក​មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​និយាយ​ចេញ​មក​ដោយសារ​តែ​សហគមន៍​អ្នកសរសេរ​ប្លុក​កាន់តែ​ធំ​ជាងមុន​និង​ខ្លាំង​ជាងមុន៕

ប្រែសម្រួល​ដោយ​លោក​ ម៉ែន គឹមសេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG