ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​បី​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ


បាតុករម្នាក់​សរសេរពាក្យ​ថា ​«ដោះលែង»​នៅលើ​បាតដៃ​​របស់ខ្លួន​ ពេល​បាតុកម្ម​នៅមុខ​តុលាការ​ភ្នំពេញ ថ្ងៃទី​១៦ កក្កដា​២០១៤​។
បាតុករម្នាក់​សរសេរពាក្យ​ថា ​«ដោះលែង»​នៅលើ​បាតដៃ​​របស់ខ្លួន​ ពេល​បាតុកម្ម​នៅមុខ​តុលាការ​ភ្នំពេញ ថ្ងៃទី​១៦ កក្កដា​២០១៤​។

សកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​បាន​ចេញ​ផុត​ពី​ពន្ធនាគារ​ព្រៃ​ស​វិញ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​សម្រេច​ឱ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ​ដោយ​តម្រូវ​ឱ្យ​ដម្កល់​ប្រាក់​ចំនួន​៣០​លាន​រៀល។

សកម្មជន​ទាំងបី​នាក់​ត្រូវ​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ​ឆ្នាំ​២០១៤ ​ទាក់ទង​នឹង​សំណុំ​រឿង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា។ អ្នក​ទាំង​៣​រូប​មានលោក​ ឃិន ជំរឿន ​ប្រធាន​ចលនា​យុវជន​រាជធានីភ្នំពេញ​ លោក​សាន គឹមហេង ​ប្រធាន​ចលនា​យុវជន​ខណ្ឌ​ទួលគោក ​និង​លោក នាង សុឃុន​ ហិរញ្ញិក​ចលនា​យុវជន​ខណ្ឌ​ច្បារអំពៅ។

លោក​ហូ វ៉ាន់ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​ពេល​ធ្វើ​ពិធី​អបអរ​សាទរ​ទទួល​យុវជន​នោះ​នៅ​ទីស្នាក់ការ​ថា៖

«ខ្ញុំ​យល់​ថា​នេះ​ជា​ឥទ្ធិពល​នយោបាយ​ដែល​យើង​ធ្វើ​ដោយ​អហិង្សា​ទៅតាម​វប្បធម៌​មួយ​ដែល​យើង​ដោះស្រាយ​តាម​ផ្លូវ​រដ្ឋ​សភា។​ យើង​មិន​ដោះស្រាយ​តាម​ផ្លូវ​បាតុកម្ម​តទៅ​ទៀត​ទេ»។

តុលាការ​ក្រុង​ភ្នំពេញ​ក៏​មាន​គម្រោង​កោះហៅ​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដទៃ​ដែរ​ក្នុង​នោះ​មាន​លោក​មាជ សុវណ្ណារ៉ា ​ប្រធាន​ខាងផ្នែក​ព័ត៌មាន​របស់​គណបក្ស​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ហិង្សា​ក្នុង​ពេល​ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​ក្រោយពី​ទីលាន​នោះ​ត្រូវ​បាន​បិទ​ដោយសារ​តែ​មាន​វិបត្តិ​នយោបាយ​កើតឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣។ ​

លោក​ហូ វ៉ាន់ ​អ្នក​តំណាង​រាស្រ្ត​បានបញ្ជាក់​ថា​ជំហរ​របស់​គណបក្ស​គឺ​មិន​រារាំង​សកម្មជន​ឬ​សមាជិក​របស់​ខ្លួន​ណាមួយ​មិន​ឱ្យចូល​បំភ្លឺ​ឡើយប៉ុន្តែ​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការចោទ​ប្រកាន់​ចោល​ទាំង​អស់។

មេធាវី​ការពារ​ក្តី​យុវជន​ទាំង ៣​រូប ​និង​សកម្មជន​ការពារ​សិទ្ធិ​ម​នុស្ស​បាន​រិះគន់​ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍ ​ដែល​តម្រូវ​ឲ្យជនជាប់​ចោទទាំង ៣​នាក់ ​បង់​ប្រាក់​តម្កល់ ​រហូត​ដល់​៣០​លាន​រៀល ថា​ជា​ចំនួន​ដ៏​ច្រើន​ ដែល​បង្ក​ផល​វិបាក​ដល់​គ្រួសារជន​ទាំង​៣​រូប។

លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា៖

«យើង​សាទរ​ចំពោះ​ការនៅ​ក្រៅ​ឃុំ​របស់​យុវជន​ទាំងបីប៉ុន្តែ​យើង​មាន​ការ​សោកស្តាយ​ត្រង់​សាលាឧទ្ធរណ៍​បាន​តម្រូវ​ឱ្យ​យុវជន​ទាំងបី​ដម្កល់​លុយ​៣០​លាន​រៀល​ប៉ុន្តែ​នៅថ្ងៃ​នេះ​សូម​ឱ្យ​ដម្កល់​បួន​លាន​រៀល​ហើយ​ហើយ​មុន​ថ្ងៃ​៣០​ត្រូវ​ប្រមូលលុយ​ឱ្យ​គ្រប់​៣០​លាន​រៀល។ នេះ​ជាការ​បង្គាប់​យ៉ាង​ធ្ងន់​ធ្ងរ​មួយ​ដែល​យើង​គិត​ថា​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​លុយ​១០​លាន​ម្នាក់​គឺ​មិន​ងាយ​នឹង​រក​ទេ។ បញ្ហា​នេះ​ដែល​យើង​មាន​ការ​សោកស្តាយ​ទោះបី​ជា​គាត់​បាន​នៅ​ក្រៅ​ឃុំ​ក៏ដោយ»។​

លោក​អំ សំអាត​ក៏​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ដោយ​សារ​សំណុំ​រឿង​នេះ​គឺ​គេ​ឃើញ​ថា​ជា​ករណី​នយោបាយ​សុទ្ធ​សាធ។

«ការចាប់​ខ្លួន​នេះ​បើ​យើង​មើល​ទៅ ​គឺ​ជា​ការចាប់​ខ្លួន​បែ​ប​នយោបាយ​តែប៉ុណ្ណោះ​អញ្ចឹង​យើង​សូម​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​តំណាងរាស្រ្ត​ក៏​ដូច​ជា​យុវជន​និងការ​បញ្ឈប់​ការ​កោះហៅ​ជា​បន្ត​ទៀត​ទាក់​ទង​នឹង​បញ្ហា​នេះ»។​

មាន​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​៧​រូប​ក្នុង​នោះមាន​លោកស្រីមូរ សុខហួរ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក៏​ត្រូវ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​រយៈពេល​៧​ថ្ងៃ​ក្នុង​បទចោទ​ដូច​គ្នា​មុន​នឹង​ដោះលែង​មក​វិញ​ក្រោយ​ពី ​មាន​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​កាលពីចុង​ខែ​កក្កដា​ឆ្នាំ​នេះ៕

XS
SM
MD
LG