ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មិន​ឃុំ​មេបក្ស​ប្រឆាំង​បន្ទាប់​ពី​សាកសួរ


លោក កឹម ​សុខា (ឆ្វេង) និងលោក សម រង្ស៊ី នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​ការសាកសួរ​របស់​តុលាការ​​​ក្រុង​​ភ្នំពេញ​​ពី​បទ​៖ «ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០១៤។
លោក កឹម ​សុខា (ឆ្វេង) និងលោក សម រង្ស៊ី នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​ការសាកសួរ​របស់​តុលាការ​​​ក្រុង​​ភ្នំពេញ​​ពី​បទ​៖ «ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០១៤។
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក សម រង្ស៊ី​ និង​លោក​ កឹម សុខា​ ព្រម​ទាំង​លោក ​រ៉ុង ឈុន​ ​ត្រូវ​បាន​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​និង​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​អ្វី​នៅឡើយ​ទេ ​បន្ទាប់​ពី​បាន​សាកសួរ​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​អស់​ប្រមាណ​ជាង​បួន​ម៉ោង​ ក៏ប៉ុន្តែ​បាន​ដាក់​ឱ្យស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស និង​ លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ បាន​មក​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ តាម​ដីកា​កោះ​របស់​លោក​ ហៀង​ សុភក្រ​ ព្រះរាជ​អាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ​ពី​បទ​៖ «ញុះញង់​ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»។​

លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​ បានប្រាប់​ក្រុម​អ្នក​គាំទ្រ​នៅ​ចំពោះ​មុខ​តុលាការ​ ក្រោយ​ពីមេដឹក​នាំ​ទាំង​ពីរ​ដើរ​ចេញ​ពី​តុលាការ​ថា ​គណបក្ស​សង្គ្រោះជាតិ​នៅ​បន្តទាម​ទារ​ដោយ​អហិង្សារក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ។

«យើង​ត្រូវ​តែ​ខិត​ខំ​ធ្វើ​យ៉ាង​ម៉េច​ឱ្យការ​ពិត​ត្រូវ​បង​ប្អូន​ជន​រួម​ជាតិ​ដឹង​ឮទាំង​អស់​គ្នា​ហើយ​យើង​នឹង​តស៊ូ​ជាមួយ​គ្នា​រហូត​ទាល់​តែ​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ»។​

មាន​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​ពាន់​នាក់​បាន​មក​តវ៉ា​នៅ​ពី​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ដោយ​មាន​កាន់​បដា​ ទង់​ជាតិ​ព្រះ​រាជាណាចក្រ​កម្ពុជា​និង​ទង់​របស់​អង្គការ​សហ​ប្រជាជាតិ។​

ពួកគេ​បាន​ស្រែក​ព្រមៗ​គ្នា​ថា៖​«ហ៊ុន សែន​ អើយ​ចុះ​ចេញ​ទៅ​ៗៗ។ ​ខ្ញុំ​អាណិត​ខ្មែរ​គ្នា​ឯង​ ខ្មោច​ស្លាប់​យ៉ាង​វេទនា​គេ​ធ្វើ​បាប​គ្រប់​កន្លែង​ទាំង​អស់​ទាំង​ដី​ធ្លី​ បាញ់​សម្លាប់​គ្នា​យក​ទោស​គ្នា​ទៀត»។​

មិន​មាន​កងកម្លាំង​មាន​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​និង​ខែល​ដាក់​ការពារ​នៅ​បរិវេណ​តុលាការ​ទេ។ ក៏​ប៉ុន្តែ​មាន​កងកម្លាំង​សន្តិសុខ​មួយ​ចំនួន​ បាន​ស្លៀក​សម្លៀក​បំពាក់​ជា​ជន​ស៊ីវិល​មក​នៅ​លាយ​ឡំ​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

មន្ត្រី​សិទ្ធិ​មនុស្ស​និង​សាក្សី​ជាច្រើន​បាន​អះអាង​ថា ​គ្មាន​ការ​ប៉ះទង្គិច​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ទេ ​ពោល​គឺ​ដំណើរ​ការ​សាកសួរ​បាន​បញ្ចប់​ដោយ​គ្មាន​អំពើ​ហិង្សា។​

មាន​ក្រុម​អ្នក​គាំទ្រ​លោក​ កឹម សុខា​និង​លោក​ សម​ រង្ស៊ី​ ខ្លះ​បាន​ស្រែក​ទ្រហោ​យំ​នៅ​ខាង​ក្រៅ​របងតុលាការ​ខណៈ​ពេល​ដែល​លោក​ ចៅក្រម​ស៊ើបសួរ​ លី សុផាន់ណា​កំពុង​សាក​សួរ​មេដឹក​នាំ​គណបក្ស​ទាំងពីរ។​

បុរស​ម្នាក់​ឈរ​ស្រែក​យំថា៖​

«​ប្រជា​ពលរដ្ឋ​ខ្មែរ​រង​ទុក្ខ​វេទនា​ គ្រប់​យ៉ាង​បាត់​បង់​អ្វី​គ្រប់​យ៉ាងដោយ​សារ​ពួក​អ្នក​ឯង​តែ​ប៉ុន្មាន​នាក់​ទេ។ ​អ្នក​ឯង​ធ្វើ​បាប​ខ្មែរ​ណាស់។ ​ខ្ញុំ​ឈឺចាប់​ណាស់ៗ»។

លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កា​សែត​មុន​ពេល​ដែល​លោក​ចូល​បំភ្លឺ​នៅ​តុលាការ​ថា​លោក​មិន​បារម្ភ​ពី​ការ​ឃុំ​ខ្លួន​ទេ​ដោយ​សារ​តែ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស។ ​លោក​កឹម សុខា​បាន​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​«​ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ។ ​ខ្ញុំ​អត់​មាន​អ្វី​ទៅ​ប្រើ​អំពើ​ហិង្សា​ អត់​មាន​អ្វី​ដែល​ខ្លាច។ ​ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ហ៊ាន​លះបង់​ដើម្បី​ជាតិ។ ​ខ្ញុំ​សុខ​ចិត្ត​បូជា​ជីវិត​ខ្ញុំ​ដើម្បី​ជាតិ​ ដើម្បី​ប្រជារាស្ត្រ​ខ្មែរ»។

ចំណែក​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​មុន​ពេល​ដែល​លោក​ចូល​បំភ្លឺ​តុលាការ​ជាលើក​ដំបូង​ថា​យុត្តិធម៌​នឹង​ឈ្នះ​សម្រាប់​ពលរដ្ឋ​ខ្មែរ។​

លោក​និយាយ​ថា៖​«យុត្តិ​ធម៌​នឹង​ឈ្នះ​មិន​មែន​យុត្តិធម៌​សម្រាប់​ខ្ញុំទេ​។យុត្តិធម៌​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ។ ​ខ្ញុំ​សូម​ឱ្យបង​ប្អូន​រក្សា​ភាព​ស្ងប់​ស្ងៀម​ជានិច្ច​តស៊ូ​ដោយ​សន្តិវិធី​ជានិច្ច»។​

លោក​ រ៉ុង​ ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​កម្ពុជា​មាន​ប្រសាសន៍​ថា​តុលាការ​មិន​បាន​បង្ហាញ​ថា​មាន​ភាគី​ណា​មួយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ។ ​លោក​ចៅ​ក្រម​ស៊ើប​សួរ​ លីសុផាន​ណា​គ្រាន់​តែ​បង្ហាញ​អំពី​របាយ​ការណ៍​របស់​ប៉ូលិស​តែ​ប៉ុណ្ណោះ។​

លោក​ រ៉ុង ឈុន​បាន​ឱ្យដឹង​ថា​តុលាការ​បាន​ដោះ​លែង​លោក​និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​មក​វិញ​ក៏ប៉ុន្តែ​បាន​ដាក់​ឱ្យស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។​

លោក​បាន​ហៅ​វិធានការ​កោះ​ហៅ​របស់​តុលាការ​នៅ​ថ្ងៃនេះថា​បាន​ធ្វើ​ឡើង​ផ្ទុយ​នឹង​ការពិត។​

លោក​និយាយ​ថា៖​«​ការណ៍​ដែល​លើក​ឡើង​នៅ​ក្នុង​សំណុំ​រឿង​ហ្នឹង​វា​ផ្ទុយ​ទៅ​នឹង​ការ​ពិត​ពីព្រោះ​យើង​ជា​មេដឹក​នាំ​សហជីព​គ្រាន់​តែ​ដើរ​តួនាទី​ដល់​បង​ប្អូន​កម្មករ​កម្មការិនី​នៅ​ពេល​ដែល​ពួកគាត់​ធ្វើ​ការ​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ប៉ុណ្ណោះ»។​

ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​របស់​តុលាការ​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា​ ព្រមទាំងក្រុម​ប្រជា​ពលរដ្ឋ​បាន​ដើរ​ដង្ហែរ​តាម​ផ្លូវ​សាធារណៈ​ឆ្ពោះទៅ​កាន់​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​ ខណ្ឌ​មាន​ជ័យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG