ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​អូបាម៉ា​នឹង​ប្តូរ​ជំហរ​បញ្ហា​​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន


រូបភាព​កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១១ បង្ហាញ​ពី​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន។
រូបភាព​កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១១ បង្ហាញ​ពី​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នូវ​ការ​បន្ថយ​ល្បឿន​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​បាន​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​របស់​លោក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា​ លោក​ប្រធានាធិបតី​នឹង​រក្សា​ចំនួន​កងទ័ព​ឱ្យ​នៅ​ដដែល​គឺ​ចំនួន​៩.៨០០នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​២០១៦​មុន​នឹង​កាត់​បន្ថយ​ចំនួន​នោះ​មក​នៅ​ត្រឹម​៥.៥០០នាក់​នៅ​ពេល​ដែល​លោក​ចាកចេញ​ពី​តំណែង​នៅ​ខែ​មករា​ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​សន្យា​កាលពី​ឆ្នាំ​មុន​ថា​ នឹង​ដក​កងកម្លាំង​សហរដ្ឋ​អាមេរិក​ទាំង​អស់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ដំណាច់​ឆ្នាំ​២០១៦ ហើយ​ទុក​តែ​កម្លាំង​មួយ​កង​តូច​ដែល​មាន​ចំនួន​១.០០០នាក់​ឈរ​ជើង​នៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​កាប៊ុល។ លោក​បញ្ជាក់​ថា​ វា​ដល់​ពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​បើក​ទំព័រ​ថ្មី​លើ​បញ្ហា​សង្គ្រាម​ដែល​បាន​ចាប់​ផ្តើម​ក្នុងឆ្នាំ​២០០១​ដើម្បី​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​សហរដ្ឋ​អាមេរិក។​

មន្ត្រី​នានា​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​ជួប​ពិភាក្សា​ជាច្រើន​ខែ​រវាង​សេតវិមាន មេដឹកនាំ​យោធា​នៅ​ក្រសួង​ការពារ​ជាតិ​ និង​បញ្ជាការ​នៅ​មូលដ្ឋាន រួម​ទាំង​មន្ត្រី​អាហ្វហ្គានីស្ថាន និង​ក្រោយ​ពី​កងកម្លាំង​អាហ្វហ្គានីស្ថាន​បាន​បាត់​បង់​ការ​គ្រប់គ្រង​ទីក្រុង Kunduz រយៈពេល​ខ្លីទៅ​ក្រោម​ដៃ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់៕

XS
SM
MD
LG