ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ជំរុញ​​សភា​អំពី​ក្រុម​​រដ្ឋ​ឥស្លាម អ៊ីរ៉ង់ គុយ​បា​ នៅ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​នៅ​មុខ​សភាកាល​ពី​ថ្ងៃ​អង្គារ ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​នៅ​មុខ​សភាកាល​ពី​ថ្ងៃ​អង្គារ ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ​បាន​ប្រើប្រាស់​សន្ទរកថា​ប្រចាំ​ឆ្នាំរបស់​លោក​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ជំរុញ​ឲ្យ​សភា​អនុម័ត​កង​កម្លាំង​ថ្មី​ដើម្បី​ប្រឆាំង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។

​ដោយ​បង្ហាញ​ខ្លួន​នៅ​ខាង​មុខ​សភា​ទើប​បង្កើត​ថ្មី​ដែល​ត្រួតត្រាដោយ​គណបក្ស​សាធារណរដ្ឋ លោក​អូបាម៉ា​បាន​និយាយ​ថា ​កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និងស៊ីរី​កំពុង​បញ្ឈប់​ក្រុម​រដ្ឋ​អ៊ីស្លាម​កុំ​ឲ្យ​បន្ត​ទៅ​មុខ​ទៀត។​ក៏​ប៉ុន្តែ​លោក​បាន​បន្ត​ទៀត​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នឹង​ត្រូវ​ការ​ការផ្តោត​អារម្មណ៍​និង​ចំណាយ​ពេល​វេលា។

ចំពោះ​បញ្ហា​ប្រទេស​អ៊ីរ៉ង់ លោក​ប្រធានា​ធិបតី​បាន​ព្រមាន​ថា​លោក ​នឹង​បោះ​ឆ្នោត​វ៉េតូ​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​នានា​ពី​សភា​ដែល​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ថ្មី។​ លោក​អូបាម៉ា​និយាយ​ទៀត​ថា ​គ្មាន​ការធានា​អំពី​ការចរចា​របស់​អ៊ីរ៉ង់​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​ប្រទេស​មហាអំណាច​៥​ផ្សេង​ទៀត​របស់​ពិភពលោក​នឹងបាន​ទទួល​ជោគជ័យ​ដើម្បី​បង្កើតកិច្ច​ព្រម​ព្រៀង​មួយ​ស្តីពី​កម្មវិធី​នុយក្លែអ៊ែ​ ក៏ប៉ុន្តែ​នៅ​តែ​មាន​«ឱកាស​» ដើម្បី​ទទួល​បាន​ជោគជ័យ។​ លោក​ប្រធានា​ធិបតី​បាន​ព្រមាន​ថា ​ការ​អនុម័តការ​ដាក់​ទណ្ឌកម្ម​ថ្មី​មុន​ពេល​ការ​ចរចា​បាន​បញ្ចប់ ​នឹង​ធ្វើ​ឲ្យ​ការងារ​ការទូត​ទទួល​បរាជ័យ។​

លោក​បាន​បន្ត​ទៀត​ថា ​ប្រជា​ពលរដ្ឋ​អាមេរិក​រំពឹង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ «ការ​ទៅ​ធ្វើ​សង្គ្រាម​គឺ​ជា​ជម្រើស​ចុសក្រោយ» ហើយ​លោក​មាន​គោល​បំណង​នឹង​បន្ត​ធ្វើ​វា​ឲ្យ​បាន។

សន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​លើក​ទី​៧​របស់​លោក​ប្រធានា​ធិបតី បារ៉ាក់ ​អូបាម៉ា ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ការស្ទង់​មតិ​សាធារណៈ​បង្ហាញ​ថា​ ប្រជាប្រិយភាព​របស់​លោក​កំពុង​កើន​ឡើង។​ នេះ​មក​ពី​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​កំពុង​រីក​លូតលាស់​ ដែល​ជា​ប្រធានបទ​មួយ​នៃ​សន្ទរកថា​របស់​លោក​កាល​ពី​យប់​ថ្ងៃ​អង្គារ។ ក៏​ប៉ុន្តែ​សំណើ​សេដ្ឋកិច្ច​របស់​លោក​ប្រធានា​ធិបតី រួម​មាន​ការ​យក​ពន្ធ​ដារ​កាន់​តែ​ច្រើន​លើ​ជនអាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ច្រើន ​ដើម្បី​ជួយ​ពលរដ្ឋ​ថ្នាក់​កណ្តាល ហើយ​សំណើរ​នេះ​ហាក់​ដូចជា​ប្រឈម​នឹង​ការជំទាស់​យ៉ាង​ខ្លាំង​នៅ​ក្នុង​សភា​ដែល​ទើប​នឹង​បង្កើត​ថ្មីដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ។

​នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​គណបក្ស​សាធារណរដ្ឋ​ លោកស្រី Joni Ernst ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋមក​រដ្ឋ Iowa ​បាន​មាន​ប្រសាសន៍​ថា ​សភា ថ្មី ដែល​ត្រួតត្រា​ដោយ​គណបក្ស​របស់​លោក​ស្រី​នឹង​មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ជា​ថ្មី​ ដើម្បី​ដោះ​ស្រាយ​ការព្រួយ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​អាមេរិក ដោយ​ការ​ផ្តួចផ្តើម​ផ្តោត​លើ​ការ​បង្កើត​ការងារ​និង​លុប​ចោល​ច្បាប់​ថែ​ទាំ​សុខភាពជា​ប្រវត្តិសាស្រ្ត​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា។

​ប្រទេស​គុយបា​ជា​ប្រធាន​បទ​មួយ​ទៀតដែល​លោក​ប្រធានា​ធិបតី​បាន​លើក​ឡើង។​លោក​បាន​និយាយ​ថា ​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ខាង​ការទូត​ជា​ប្រក្រតី​ឡើង​វិញ​ជាមួយប្រទេស​គុយបា ​ជា​ចំណាត់ការ​មួយ​ដែល​លោក​បាន​ប្រកាស​កាល​ពី​ខែ​មុន ​ដែល​កត់​សម្គាល់​ពី​ការ​បញ្ចប់​នៃ«​នយោបាយដែល​ហួស​សម័យ«។ ​លោក​បាន​អំពាវនាវ​ដល់​សភា​ឲ្យ​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ឆ្នាំ​នេះ​ ស្តី​ពី​ការ​បញ្ចប់​ការ​ដាក់​ទ័ណ្ឌកម្ម​អស់​រយៈ​ពេល​៥​ទសវត្សរ៍​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។

ក៏​ប៉ុន្តែ​មិន​មែន​សមាជិក​សភា​ទាំងអស់​គាំទ្រ​ការសម្រេច​របស់​លោក​ប្រធានាធិបតី​ទេ​ រួម​ទាំង​សមាជិក​ព្រឹទ្ធសភា Marco Rubio ខាងគណបក្ស​សាធារណរដ្ឋ​ ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​គុយបា​មក​ពី​រដ្ឋ Florida ដែល​ត្រូវ​បាន​គេ​ឃើញ​ថា​មិន​បាន​ទះ​ដៃ​នៅ​ពេល​ដែល​ប្រធានាធិបតី​អូបាម៉ា លើក​ឡើង​ពី​ប្រធាន​បទប្រទេស​គុយបា​នោះ៕

XS
SM
MD
LG