ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​នឹង​បញ្ជូន​អ្នក​ការទូត​កំពូល​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប


រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង​ លោក Ri Su Yong ដែល​បាន​ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អ.ស.ប.​ក្នុង​ខែ​កញ្ញា ឆ្នាំ២០១៤ នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ខែ​ក្រោយ។
រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង​ លោក Ri Su Yong ដែល​បាន​ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អ.ស.ប.​ក្នុង​ខែ​កញ្ញា ឆ្នាំ២០១៤ នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ខែ​ក្រោយ។

ប្រភព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រាប់​ឲ្យ​ដឹង​ថា ​កូរ៉េ​ខាង​ជើង​នឹង​បញ្ជូន​អ្នក​ការទូត​កំពូល​របស់​ខ្លួនទៅ​កាន់​មហាសន្និបាតសិទ្ធិ​មនុស្សជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ ​នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ទំនង​ទប់​ទល់​ការ​រិះគន់​របស់​អន្តរជាតិ​ពី​ប្រវត្តិ​សិទ្ធិ​មនុស្សរបស់​ប្រទេស​នោះ។

មន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​កូរ៉េកាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក Ri Su Yong ​រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​សុន្ទរកថា​មួយ​នៅ​ឯ​សន្និសីទ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ខែ​ក្រោយ។

​លោក Ri នឹង​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​កូរ៉េ​ខាង​ជើង​លើក​ទី​១​ដែល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​ប្រឹក្សា​នោះ​ដែល​នឹងចាប់​ផ្តើម​សន្និសីទ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​ទី​២ ​ខែ​មិនា ​ខាង​មុខ​នោះ។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ដ៏​ខ្លាំង​ដើម្បី​ដោះ​ស្រាយ​ពី​ការ​កើន​ឡើង​នូវ​គំនាបអន្តរជាតិដល់​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ​ការ​អំពាវនាវ​ឲ្យ​មានភាព​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្សក្នុង​ប្រទេស​កុម្មុយនិស្ត​នេះ ​បាន​ជម្រុញ​ឲ្យ​មាន​របាយការណ៍​ដ៏​អាក្រក់ពីគណៈកម្មការ​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចោទ​ប្រកាន់​កូរ៉េ​ខាង​ជើង​ពី​ការ​ប្រ​ព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

យោងតាម​មន្រ្តី​ម្នាក់​របស់​កូរ៉េ​ខាង​ត្បូង ​អនុ​រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាង​ត្បូង​ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្លែង​នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធ​មនុស្ស​ដែរ ​ហើយ​និង​អំពាវនាវ​ឲ្យ​មាន​ចំណាត់​ការ​បន្ថែម​ទៀតបន្ទាប់​ពី​ការ​អនុម័ត​សេចក្តី​សម្រេច​របស់​មហាសន្និ​បាត​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​នៅ​ខែ​ធ្នូ​ឆ្នាំ​ទៅ។

​អ្នក​វិភាគ​ខ្លះ​ក្នុង​រដ្ឋ​ធានី​សេអ៊ូល​និយាយ​ថា​ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ទំនង​ជា​ប៉ុនប៉ង​ធ្វើ​ឲ្យ​គេ​មិន​ជឿ​សេចក្តី​រាយការណ៍​នោះ​ហើយចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុងសេអ៊ូលពី​ការ​រំលោភ​សិទ្ធិ​មនុស្សដោយ​រិះគន់​ច្បាប់​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG