ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ឬ​ក្នុង​ពេល​ឆាប់ៗ


មនុស្ស​ម្នា​មើល​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​ពី​កម្មវិធី​ព័ត៌មាន​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។

បើ​តាម​ប្រភព​រដ្ឋាភិបាល​ស.រ.អា. និង​ប្រភព​ឯ​ទៀតៗ​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​ហាក់​ដូចជា​បាន​ដាក់​គ្រឿង​មួយ​នៅ​ក្នុង​រូង​ក្រោម​ដី​មួយ​នៅ​ឯកន្លែង​ពិសោធ​បរមាណូ​របស់​ខ្លួន​ដែល​អាច​ត្រូវ​បំផ្ទុះ​បាន​នៅ​ថ្ងៃ​សៅរ៍​ ឬ​ឆាប់​ជាង​នេះ​ផង។

មន្ត្រី​ម្នាក់​ធ្វើ​ការ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិបាននិយាយ​ប្រាប់ VOA ថា​ «យើង​គ្មាន​អត្ថាធិប្បាយ​ទេ​តែ​យើង​នឹង​តាម​ឃ្លាំមើល​ដោយ​ដិត​ដល់»។ នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​ប្រារព្ធ «ទិវា​នៃ​ព្រះអាទិត្យ» ដើម្បីកំណត់​ខួប​កំណើត​ឆ្នាំ​ទី​១០៥​របស់​លោក Kim Il Sung ដែល​ជា​អ្នក​បង្កើតប្រទេស​នេះ។​

រូប​ថត​តាម​ផ្កាយ​វិទ្យាសាស្ត្រ​នៃ​កន្លែង​ពិសោធ​បរមាណូ​ Punggye-ri កាល​ពី​ថ្ងៃ​ពុធ​បាន​បង្ហាញ​ឱ្យ​ឃើញ​សកម្មភាព​ដែល​មាន​ត​ទៅ​ទៀត​នៅ​ក្នុង​ផ្នែក​ខាង​ជើង

សកម្មភាព​ថ្មីៗ​នៅ​ក្នុង​នៅ​ក្នុង​តំបន់​រដ្ឋបាល​ថ្មី និង​មាន​បុគ្គលិក​តិច​តួច​នៅ​ជុំវិញ​មជ្ឈមណ្ឌល​បញ្ជា​ការ​ នេះ​បើ​តាម​ការ​ប្រាប់ឱ្យ​ដឹង​ដោយ​គេហទំព័រ​ 38 North ដែល​ចាត់ចែង​ដោយ​វិទ្យាស្ថាន​ស.រ.អា. និង​កូរ៉េ​នៃ​មហាវិទ្យាល័យ​ផ្នែក​ការ​សិក្សា​អន្តរជាតិ​ជាន់​ខ្ពស់​របស់​សាកលវិទ្យាល័យ Johns Hopkins។​

បើ​តាម​ការ​ធ្វើ​វិភាគ​មួយ​ដោយ​លោក Joseph Bermudez និង​លោក Jack Liu ថា​ កន្លែង​ធ្វើ​ការ​ពិសោធន៍​បរមាណូ​នេះ​ «មាន​ការ​ប្រុងប្រៀប​រួច​ស្រេច​ហើយ» សម្រាប់​អ្វី​ដែល​ជា​ការ​ពិសោធន៍​បរមាណូ​លើកទី​៦​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Roh Jae-chun អ្នកនាំ​ពាក្យ​នៃ​ក្រុម​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​កូរ៉េខាង​ត្បូង​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​សេអ៊ូល​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រទេស​កូរ៉េ​ខាង​ត្បូង​មិន​ឃើញ​មាន​សញ្ញា​បង្ហាញ​ថា​មាន​ការ​បង្ក​រឿងពី​កូរ៉េ​ខាង​ជើង​ទេ៕

XS
SM
MD
LG