ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន៖ កម្ពុជា​នឹង​មិន​ផ្តល់​ជម្រក​ដល់​ការបង្កើត​រដ្ឋាភិបាល​និរទេស​​​គ្រួសារ​ស៊ីណាវ៉ាត់​ទេ


នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​លោក ហ៊ុន សែន (ឆ្វេង) ដើរ​ជាមួយ​អតីត​សមភាគី​​​របស់​លោក​​គឺ​លោកស្រី​ Yingluck Shinawatra គ្រាដែល​លោក​ និង​លោកស្រី​ចូលរួម​ក្នុង​​ជំនួប​កំពូល​អាស៊ាន​និង​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ឆ្នាំ២០១១។
នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​លោក ហ៊ុន សែន (ឆ្វេង) ដើរ​ជាមួយ​អតីត​សមភាគី​​​របស់​លោក​​គឺ​លោកស្រី​ Yingluck Shinawatra គ្រាដែល​លោក​ និង​លោកស្រី​ចូលរួម​ក្នុង​​ជំនួប​កំពូល​អាស៊ាន​និង​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ឆ្នាំ២០១១។
នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ហ៊ុន សែនបាន​ប្រកាស​ដាច់​ណាត់​ថា​ កម្ពុជានឹង​មិនផ្តល់​ជម្រក​ដល់​ការ​បង្កើត​រដ្ឋា​ភិបាល​និរទេស​របស់​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ និង​លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត់ ​បងប្អូន​អតីត​នាយក​រដ្ឋ​មន្ត្រី​ដែល​ត្រូវ​ផ្តួល​រំលំ​ដោយ​រដ្ឋ​ប្រហារ​យោធា​របស់​ប្រទេស​ថៃ​នោះ​ទេ។​

លោក​ហ៊ុន សែន​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋ​ប្រហារ​យោ​ធា​នៅ​ប្រទេស​ថៃ​គឺជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ព្រះ​រាជាណាចក្រ​មួយ​នេះ ​ហើយកម្ពុជា​មិន​លូកលាន់​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ​នោះ​ទេ។​

«ខ្ញុំ​សូម​បញ្ជាក់​ថា​ កម្ពុជា​មិន​មែន​ជា​ទី​តាំង​សម្រាប់​ការ​ផ្តល់​ឲ្យ​ប្រទេស​ណា​មួយ​ ឬ​ក្រុម​ណា​មួយ​ មិន​ថា​ឡើយ​តែ​ប្រទេសថៃ​ ឬ​ប្រទេស​ណា​ទេ ​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​និរទេស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ទេ»។​

លោក​ហ៊ុន​ សែន​បញ្ជាក់​យ៉ាង​ដូច្នេះ ​ដោយ​យោង​ទៅ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ​ដែល​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ផ្តល់​ដែន​ជម្រកដល់​ជន​បរទេស​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​ប្រទេស​ឬ​រដ្ឋ​ណា​មួយ​នោះ​ទេ។​

ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​នៅ​ថ្ងៃ​នេះ​ធ្វើ​ឡើងក្រោយ​ពី​សារ​ព័ត៌មាន​បរទេស​បានស្រង់​សម្តី​របស់​លោក​រ៉ូប៊ើត ​អាមស្ទែដាម​ (Robert Amsterdam) ​មេធាវី​របស់​បង​ប្អូន​អតីត​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ដែល​ថា ​លោកថាក់ស៊ីន ​និង​លោក​ស្រី​យីងឡាក់​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត ​រួម​ទាំង​មន្ត្រី​ថៃ​មួយ​ចំនួន​ទៀត​ នឹង​បង្កើត​រដ្ឋា​ភិបាល​និរទេស​មួយ​នៅ​ក្រៅ​ប្រទេស​ ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន។​ ហើយ​មេធាវី​រូប​នោះ​គិត​ថា​ ទីកន្លែង​ដែល​សក្តិសម​គួរ​បង្កើត​រដ្ឋា​ភិបាល​និរទេស​នោះ​គួរ​តែ​ប្រទេស​កម្ពុជា។​

លោក ​ហ៊ុន ​សែន​ ចាត់​ទុក​ថា ការបង្កើត​រដ្ឋា​ភិបាល​និរទេស​នោះ ​នឹង​បង្ក​គ្រោះ​ថ្នាក់ដល់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ទាំង​ពីរ។​

«គំនិត​នេះ​នាំ​ថាក់ស៊ីន​ នាំ​យីងឡាក់ ​នាំ​រដ្ឋាភិបាល​ភឿ​ថៃ​ទៅ​រក​គ្រោះ​ថ្នាក់​ហើយ»។

នៅ​ពេល​នេះ ​ព្រះម​ហាក្សត្រថៃ​បាន​ឡាយ​ព្រះ​ហស្ថ​លេខា​ផ្តល់​អំណាច​ឲ្យ​ក្រុម​យោធា​គ្រប់​គ្រង​ប្រទេសដោយ​រង់​ចាំ​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី។​

ប្រទេស​ថៃ​គឺ​ជា​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់ថា ​អាស៊ាន។​ ​យោង​តាម​គោល​ការណ៍របស់​ប្រទេស​អាស៊ាន​ទាំង​ដប់​ប្រទេស​ ដែល​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​ គឺ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ជា​សមាជិក​នោះ​ទេ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគឯករាជ្យ ​យល់​ថា​ ​កម្ពុជា​គិត​ក្នុង​ផ្លូវត្រូវ​ដែល​មិន​អនុញ្ញាត​ឲ្យអតីត​នាយក​រដ្ឋ​មន្ត្រី​ថៃបង្កើត​រដ្ឋា​ភិបាល​និរទេស​របស់​ក្នុង​ទឹកដី​កម្ពុជា។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ពន្យល់​ថា ​ការជួយ​គាំទ្រ​ដល់​ចលនា​បង្កើត​រដ្ឋាភិបាល​និរទេស​របស់​លោក​ថាក់ស៊ីន ​និង​លោកស្រី​យីងឡាក់​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់អព្យាក្រិត្យភាព ​និង​រំលោភ​គោល​ការ​មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ និង​ចែង​ក្នុង​សន្ធិ​សញ្ញា​អន្តរជាតិ​ស្តីពី​ការបង្កើត​សមាគម​អាស៊ាន។​

«ខ្ញុំ​ថា ​ត្រឹម​ត្រូវ​ហើយ។​ បើ​សិន​ជា​យើង​ជួយ​បក្ស​ខាង​ណា​មួយ ​អាច​នាំឲ្យ​បញ្ហា​នោះ​ធ្លាក់​មក​ដល់​កម្ពុជា​យើង​ ដោយ​មិន​ដឹង​ខ្លួន ​និង​មិន​អាច​ត្រួត​ត្រា​បាន»។​

បើ​ទោះជា​មាន​ការ​សម្រេច​បែប​នេះ​ក្តី​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អះអាង​ថា​ កម្ពុជា​នៅ​តែ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ថៃ​ដែល​គ្រប់គ្រង​ដោយ​របប​យោធានៅ​ពេល​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG