ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​កាត់​បន្ថយ​វិសាលភាព​ដើម្បី​ពន្លឿន​ការកាត់​ក្តី


សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។
សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។

ក្រុម​ចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​បានអនុម័តនៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​នូវវិសោធន​កម្ម​វិធាន​ផ្ទៃ​ក្នុ​ងដែល​អនុញ្ញាត​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​និងអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កាត់​បន្ថយ​វិសាល​ភាព​ស៊ើប​អង្កេត​និង​វិសាល​ភាព​ក្នុង​សំណុំ​រឿង​សម្រាប់​ការ​ជំនុំ​ជម្រះ។ ​ការ​អនុម័តនេះធ្វើ​ឡើង​ក្នុ​ងកិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១១​ដែល​ជា​កិច្ច​ប្រជុំ​បន្ត​ពី​កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំមុន។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហមនៅ​ថ្ងៃ​នេះការវិវត្តន៍​ថ្មី​នេះ​ដើម្បីបង្កើន​ល្បឿនកាត់​ទោស​ឲ្យ​បាន​ឆាប់​រហ័ស។​

លោក​ឡាស ​អលសិន ​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​កិច្ច​ការ​ច្បាប់​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​បញ្ជាក់​ថា​ការ​ធ្វើ​វិសោធ​កម្មនេះ​មាន​ប្រសិទ្ធភាព​ចំពោះ​សំណុំ​រឿង​ទាំង​ឡាយ​ចំពោះ​តុលាការ។

«​វិសោធនកម្មវិធាន​នេះអាច​អនុវត្ត​បាន​គ្រប់​សំណុំរឿង​ទាំងអស់​នៅ​ចំពោះ​មុខ​តុលាការ។ប៉ុន្តែ​វា​អាស្រ័យ​លើអង្គ​ជំនុំ​ជម្រះសាលា​ដំបូង​និង​សហចៅ​ក្រម​ស៊ើប​អង្កេតតើ​គេ​ត្រូវ​ប្រើ​វិធាន​នេះ​ឬយ៉ាង​ណា​។​នេះ​ជា​ជម្រើស​មួយ»។

មន្ត្រី​តុលាការ​ដដែល​បញ្ជាក់​បន្ថែម​ថា​យោងវិសោធនកម្ម​នេះ​ចៅ​ក្រម​ស៊ើប​អង្កេតមិន​ចាំ​បាច់​ធ្វើ​ការ​ស៊ើប​អង្កេត​គ្រប់ដំណាក់​កាល​នៃអង្គហេតុ​ដែល​មាន​ក្នុង​ដីកា​បញ្ជូន​រឿង​នោះ​ទេ។​ដូច​គ្នា​នេះ​ដែរ​សម្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ក៏​អាច​ធ្វើ​ការ​កាត់​បន្ថយការ​កាត់​ក្តី​លើ​អង្គហេតុ​មួយ​ចំនួន​ដែរ។

ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​ថា​តើ​តុលាការ​អាច​នឹងអនុវត្ត​វិធាន​នេះ​សម្រាប់​កាត់​បន្ថយ​វិសាល​ភាព​មួយ​ចំនួន​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​ដែរ​ឬទេ លោកឡាស អលសិន ​អះអាង​ថា​វា​អាស្រ័យ​លើ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ក្នុ​ងការ​សម្រេច​ចិត្តយក​វិធាន​ផ្ទៃ​ក្នុ​ង​នេះ​មក​ប្រើ​ដែរ​ឬ​យ៉ាង​ណា។​

​កាល​ពី​ខែ​មិនា​ឆ្នាំ​២០១៤ ​ការិយាល័យ​សហព្រះ​រាជអាជ្ញា​បាន​ស្នើលទ្ធភាព​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេតនិង​អង្គជំនុំ​ជម្រះ​សាលា​ដំបូងកាត់​បន្ថយ​វិសាល​ភាព​នៃ​ដែន​ឧក្រិដ្ឋ​កម្មសម្រាប់​សំណុំ​រឿង​បី​ចុង​ក្រោយ​គឺសំណុំរឿង​០០២ ​សំណុំរឿង​០០៣​និង​សំណុំរឿង​០០៤។​មូល​ហេតុ​ដោយសារ​ឧ​ក្រិដ្ឋ​កម្មដែល​ត្រូវ​បាន​យកចិត្ត​ទុក​ដាក់​នោះ​មាន​ច្រើន​ពេក​ហើយ​ទំនង​ជា​បទ​ឧ​ក្រិដ្ឋ​មួយ​ចំនួន​មិន​អាច​យក​មក​កាត់​ទោស​ទាន់​ពេល​នោះ​ទេ។

​សំណើ​នេះ​ទំនង​ជាយោង​ដល់​ភាព​ចាស់ជរា​និង​ភាព​ទន់​ជ្រាយ​ផ្នែក​សុខភាព​របស់​ជន​ជាប់​ចោទនិង​ជន​ជាប់​សង្ស័យ​ទាំង​ប្រាំពីរនាក់​ក្នុ​ងសំណុំ​រឿង​ទាំង​បី។ ​ក្នុង​នោះ​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​និង​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហមដែល​មាន​វ័យ​ជាង​៨០​ឆ្នាំ​ម្នាក់ៗ​កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​ក្នុង​សំណុំរឿង​០០២​វគ្គ​ទី​២។​

​យោងតាម​លោក​ហុង គឹមសួន ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប ការ​កាត់​បន្ថយ​ដែន​ស៊ើប​អង្កេត​ឬ​កាត់​បន្ថយ​អង្គហេតុ​ណា​មួយ​ក្នុ​ងការ​កាត់​ក្តី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ដោយ​ហេតុ​ថា​ដើម្បី​ដាក់​ពាក់​បណ្តឹង​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ត្រូវ​ស្ថិត​នៅ​ក្នុ​ងដែន​វិសាល​ភាព​នៃ​ការ​ស៊ើប​អង្កេត​របស់​តុលាការ។​ដោយ​សារ​ហេតុ​នេះក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណីបាន​ស្នើ​ដល់​តុលាការ​មិន​ត្រូវ​បោះ​បង់​ចោល​អង្គ​ហេតុ​ដែល​ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​ទាំង​ស្រុង​នោះ​ទេ។

«យើង​បាន​ដាក់​ញ្ញត្តិ​ក្នុ​ងនាម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​សុំ​ឲ្យ​តុលាការ​កុំ​បោះ​បង់​ចោល​អង្គ​ហេតុ​តែ​អាច​ទុក​អង្គហេតុ​ស៊ើប​អង្កេត​បន្ត​នៅ​ថ្ងៃ​ក្រោយ​ទៀត»។

​ទោះ​ជាយ៉ាង​ណា​ក៏ដោយ​សាលា​ក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ការ​ធ្វើ​វិសោធនកម្ម​វិធាន​ផ្ទៃ​ក្នុង​ខាង​លើ​នឹង​មិនធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​នៃ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG