ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ថា​ ជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី​ ឆ្លង​ខ្លាំង​ជាង​​ជំងឺ​កូវីដ​១៩​ប្រភេទ​ទូទៅ


រូបឯកសារ៖ បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​កាត់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ដែល​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​នៅ​ដង​វិថី Oxford ទីក្រុង​ឡូងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​កាត់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ដែល​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​នៅ​ដង​វិថី Oxford ទីក្រុង​ឡូងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នក​ស្រាវ​ជ្រាវ​ក្នុង​ប្រទេស​អង់គ្លេសលើក​ឡើង​ថា​ ជំងឺ​កូវីដ​១៩ប្រភេទ​ថ្មី​ ​ដែល​គេ​បានរក​ឃើញ​ក្នុង​ប្រទេស​នេះ មាន​លក្ខណៈ​ឆ្លង​ខ្លាំង​ជាង​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​រាតត្បាត​នៅ​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ ហើយអាចឆ្លងខ្លាំង​ក្នុង​ចំណោម​កុមារ​ផង​ដែរ។​

អ្នក​វិទ្យាសាស្រ្ត​នៃ​ក្រុម​ប្រឹក្សា​ស្តី​ពី​ការ​គំរាម​កំហែងបង្ក​ដោយ​វីរុស​ផ្លូវ​ដង្ហើមប្រភេទ​ថ្មី (New and Emerging Respiratory Virus Threats Advisory Group) ក្នុង​ប្រទេស​អង់គ្លេស​ បាន​បា្រប់​អ្នក​សារព័ត៌មាន​ក្នុងសប្តាហ៍​នេះ​ថា​ វីរុស​ប្រភេទ​ថ្មីដែល​គេ​បាន​រក​ឃើញ​នោះ​ អាច​ឆ្លង​ខ្លាំងជាង​ប្រភេទ​វីរុសក្នុង​ទម្រង់​ផ្សេង​ៗ​រហូត​ដល់​ទៅ ៧១%។

វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ត្រូវ​បាន​គេ​រក​ឃើញ​ថា​ចម្លង​ខ្លាំងក្លា​ទៅ​លើ​មនុស្ស​នៅ​ក្នុង​ប្រទេសអង់គ្លេស​ភាគ​ខាង​ត្បូង​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ប្រមាណ​ជាង ​៤០​ បាន​ដាក់​បម្រាម​អ្នក​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​អង់គ្លេសមិន​ឲ្យ​ចូល​ប្រទេស​របស់​ខ្លួន​នោះទេ។

ប្រទេស​សិង្ហបុរី ហ្វីលីពីន​ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទើប​តែ​បាន​ដាក់​បម្រាម​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ ជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​ ដែល​បាន​ហាម​ប្រាម​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អង់គ្លេស​នោះ។​ ប្រទេស​សិង្ហបុរី​ ​បាន​ដាក់​បម្រាម​ដោយ​មិន​កំណត់​រយៈ​ពេល​ លើរាល់​អ្នក​ដំណើរ​ទាំង​អស់​ដែល​ចេញ​ពី​ប្រទេស​អង់​គ្លេសមិន​ឲ្យ​ចូល​មកប្រទេស​របស់ខ្លួន​ឡើយ​ ​ដែល​បម្រាម​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ​ ថ្ងៃ​ពុធ​ ម៉ោង​ក្នុង​ប្រទេស​សិង្ហបុរី។​ ប្រទេស​ហ្វីលី​ពីន​ បាន​ផ្អាក​គ្រប់​ជើង​ហោះ​ហើរ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អង់គ្លេស​ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​ គឺ​រយៈពេល​មួយ​ថ្ងៃ​មុន​ថ្ងៃបុណ្យ​ណូអែល​។ ​ចំណែក​ឯ​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​ផ្អាក​ជើង​ហោះ​ហើរ​ចេញ​ពីអង់​គ្លេស​មក​ប្រទេស​របស់​ខ្លួន នៅ​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​ក្រោយ គឺ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​សាកល​មួយ​ថ្ងៃ។

ប៉ុន្តែ​ប្រទេស​បារាំង​បានដក​ចេញនូវ​បម្រាម​របស់​ខ្លួន​ ដែល​បាន​ដាក់​រយៈ​ពេល​៤៨​ម៉ោង​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ សម្រាប់ការ​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​អង់គ្លេស​នោះ​ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​និង​រថយន្ត​ដឹក​ទំនិញទាំង​អស់​មក​ពី​ប្រទេស​អង់គ្លេស​ អាច​ចូល​ក្នុងប្រទេស​បារាំង​បាន​ ដ៏​រាប​ណា​អ្នក​ទាំង​នោះ​ ធ្វើ​តេស្ត​ពុំ​មាន​វីរុស​កូរ៉ូណា​ ក្នុង​រយៈ​ពេល​៧២​ម៉ោង​មុន៕​

XS
SM
MD
LG