ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍ពីក្រុមមេដឹកនាំពិភពលោក ទោះរងការរិះគន់រឿងសិទ្ធិមនុស្ស


នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានរួម​ជាមួយ​នាយករដ្ឋមន្ត្រីថៃ នៅវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានរួម​ជាមួយ​នាយករដ្ឋមន្ត្រីថៃ នៅវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​ជិត​ ៦ ​ខែមក​ហើយ ​កំពុង​រីករាយ​នឹង​ទំនាក់​ទំនង​ដ៏​កក់​ក្តៅ​ជាមួយ​មេដឹកនាំ​លោក​ខាង​លិច។ លោក​បាន​បញ្ជាក់​ជំហរ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​របស់​លោក​ជា​មួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង​រក្សា​នូវ​យុទ្ធសាស្រ្ត​រឹតត្បិត​ក្នុង​ប្រទេស​បន្ត​ពី​ឪពុក​របស់​លោក គឺ​អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជិត ​៤០ ​ឆ្នាំ។ នេះ​បើ​តាម​អ្នក​តាម​ដានស្ថានភាព​សង្គម​និង​នយោបាយ​នៅ​កម្ពុជា។

ភាព​ផ្ទុយ​គ្នា​នៃ​ការ​ស្វាគមន៍​របស់​មេដឹកនាំ​ពិភព​លោក​ខាង​លិច និង​ការ​រិះគន់​អំពី​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស ​បានបង្ក​ជាក្តី​ព្រួយ​បារម្ភ​សម្រាប់អ្នក​តស៊ូ​មតិ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ចង់​ឃើញ​ប្រទេស​មួយ​ចំនួន​ដូច​ជាសហរដ្ឋអាមេរិក ជប៉ុន និង​សហភាព​អឺរ៉ុប និង​ម្ចាស់​ជំនួយផ្សេង​ទៀត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ថ្មី ដើម្បី​បើក​លំហ​សេរី​ភាព​នយោបាយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា ឆ្នាំ​ ២០២៣ ដែល​មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ដ៏​ចម្បង គឺ​គណបក្ស​ភ្លើង​ទៀន។

លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់​ត្រាល់​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ កត់​សម្គាល់​ថា ​លោក​មើល​មិន​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ឡើយ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដូច​ជា​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​អ្វី​មួយ ឬ​ក៏​ការ​ធ្វើ​ឱ្យ​សេវា​សាធារណៈ​មាន​ភាព​ល្អ​ប្រសើរ។ លោក​បន្ថែមថា ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តែ​មិន​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ឡើយ រហូត​មក​ដល់​ពេល​នេះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មើល​ទៅ​ថា ​វា​អត់​មាន​អី​ដូរ​ទេ។ តុលាការ​នៅ​តែ​ជា​ឧបករណ៍​សម្រាប់​អ្នក​មាន​អំណាច អ្នក​នយោបាយ​អី​ប្រើ ដើម្បី​យក​ឈ្នះ ឬ​ក៏​បំបាក់​នូវគូ​ប្រកួត​ប្រជែង។ អ៊ីចឹងបើ​យើង​ក្រឡេក​មក​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​វិញ​ទៀត ក៏​កាន់​តែ​យ៉ាប់​ដែរ»។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch)​ បាន​ហៅ​លោក ហ៊ុន ម៉ាណែត ដែល​ទទួល​ការ​អប់រំ​នៅ​ក្រៅ​ប្រទេស​ថា​ជា ​«ស្រា​ចាស់​ក្នុង​ដប​ថ្មី»។

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​៖ «លោក ​[ហ៊ុន ម៉ាណែត]​ នៅ​តែ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​គាំទ្រ​របស់​ឪពុក​លោក។ ដូច្នេះ​លោក​មិន​ហ៊ាន​ផ្លាស់​ប្តូរ​អ្វី​ឡើយ ជា​ពិសេស​លើ​បញ្ហា​រសើប ដូច​ជា​សិទ្ធិ​មនុស្ស។ មាន​ផ្លូវ​ជា​ច្រើន​ដែល​លោក ម៉ាណែត អាច​បង្ហាញ​ថា​ លោក​ខុស​ពី​ឪពុក​របស់​លោក ប្រសិន​បើ​លោក​ចង់។ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​សោះ»។

រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ​មិន​មាន​អ្វី​ខុស​គ្នា​ទេ​រវាង​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត និង​អតីត​នាយករដ្ឋមន្រ្តី​លោក ហ៊ុន សែន ដោយ​សារ​មេដឹកនាំ​ទាំង​ពីរ​ដើរ​តាម​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថ្លែង​ថា ​អ្វី​ដែល​សំខាន់ គឺ​មេដឹកនាំ​បំពេញ​តម្រូវ​ការ​របស់​ម្ចាស់​ឆ្នោត។

លោក​ប្រាប់​វីអូអេ​ថា៖ «អ្នក​សារព័ត៌មាន​ជា​ច្រើន​តែង​តែ​ឆ្ងល់ សួរ​មូល​ហេតុ​អី​ការ​ដឹកនាំ​របស់​សម្តេច​ធិបតី​ហ៊ុន ម៉ាណែត មិន​ខុស​អី​ពី​សម្តេច​តេជោ ​ហ៊ុន សែន ពីព្រោះ​យើង​ដឹង​ហើយ​ការ​បោះ​ឆ្នោត​អនុវត្ត​តាម​ប្រព័ន្ធ​សមាមាត្រ។ គណបក្ស​នយោបាយ​ណា​ដែល​ឈ្នះ​ឆ្នោត ហើយ​ឡើង​កាន់​អំណាច ដែល​ជា​រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេស គឺ​អនុវត្ត​កម្មវិធី​របស់គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​នោះ»។

លោក ហ៊ុន ម៉ាណែត តំណាង​ឱ្យ​ការ​ផ្ទេរ​អំណាចជា​ជំនាន់​ក្នុង​ប្រទេស​កម្ពុជា ដោយ​រដ្ឋាភិបាល​ថ្មី​ជា​មនុស្ស​ថ្មី ហើយ​ជា​គ្រួសារ​និង​សែ​ស្រឡាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ឡើង​កាន់​អំណាច​ផ្លូវ​ការ​របស់​លោក ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២២ ខែ​សីហា ឆ្នាំ​ ២០២៣ កើត​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​បន្ត​កម្ទេច​ក្រុម​ប្រឆាំង ដូចអ្វី​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៧ នៅ​មុន​ការ​បោះ​ឆ្នោត។ គណបក្ស​កាន់​អំណាច​ត្រូវ​បាន​រិះគន់​ថា ​កម្ទេច​ក្រុម​ប្រឆាំង និង​រឹតត្បិត​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល។

ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត អាយុ​ ៤៦ ​ឆ្នាំ ដែល​ទទួល​ការ​អប់រំ​នៅបណ្ឌិត្យសភា​ ​West Point​ សហរដ្ឋអាមេរិក ផ្នែក​យោធា និង​មាន​បទ​ពិសោធន៍​ផ្នែក​យោធា​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រឈម​តិច​តួចនឹង​ការ​រិះគន់​ពី​បរទេស ដែល​ឪពុក​របស់​លោក​តែង​តែ​ប្រឈម​ខ្លាំង នៅ​ពេល​លោក​កាន់​អំណាច។ លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​រំពឹង​ថា​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

កញ្ញា លី ស្រីស្រស់ អ្នក​អត្ថា​ធិប្បាយ​នយោបាយ និង​ជា​គ្រូ​ឧទ្ទេស​នៅ​សាកល​វិទ្យាល័យ​ក្នុង​ទីក្រុង​ភ្នំពេញ លើក​ឡើង​ថា​ អ្នក​ការ​ទូត​បរទេស​ឃើញ​តម្លៃ​យុទ្ធសាស្រ្ត​មួយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក ហ៊ុន ម៉ាណែត បើ​ទោះ​មាន​សុទិដ្ឋិនិយម​តិច​តួច​ដែល​លោក​នឹង​ខុស​ពី​ឪពុក​របស់​លោក ដែល​ជា​អតីត​មេដឹកនាំ​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​ដឹកនាំ​បែប​ផ្តាច់​ការ។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា ​ប្រទេស​លោក​ខាង​លិច​ហ្នឹង​នៅ​តែ​ចង់​ស្វែង​រក​នូវ​ទំនាក់​ទំនង​ ឬ​ក៏​កសាង​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជាមួយ​រដ្ឋាភិបាល​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ដែរ។ ហើយ​ទាក់ទង​ជាមួយ​នឹង​ប្រទេស​កម្ពុជា ខ្ញុំ​មើល​ឃើញ​ថា​ ចំណុច​សំខាន់​នោះ ទាក់ទង​នឹង​ភូមិសាស្រ្ត​នយោបាយ​ដែល​កម្ពុជា​ក៏​ជា​តំបន់​យុទ្ធសាស្រ្ត​មួយ​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​នឹង​ចិន។ អ៊ីចឹង​នេះ​ជា​ចំណុច​សំខាន់​ដែល​ប្រទេស​លោក​ខាង​លិច​ត្រូវ​យក​ចំណុច​នេះ​ជា​ចំណុច​ស្នូល នៅ​ក្នុង​ការ​រក្សា​ទំនាក់ទំនង»។

កញ្ញា​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា​ ទំនាក់ទំនង​ដែល​លោក​ខាង​លិច​ព្យាយាម​កសាង​ហ្នឹង អាច​មិន​ប៉ះ​ទៅ​លើ​ចំណុច​សំខាន់ៗ​ខ្លាំង​ទេ អាច​ត្រឹម​នៅ​ក្នុង​កម្រិត​នៅ​ក្នុង​ការ​វិនិយោគ ទាក់ទង​ជាមួយ​នឹង​ជំនួញ ឬ​ក៏​ទាក់ទង​ជាមួយ​នឹង​ការ​កសាង​អភិវឌ្ឍ​ទៅ​លើ​វិស័យ​កសិកម្ម​អី​ជា​ដើម»។

កាល​ពី​ខែ​មករា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ហើយ​លោក​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​បារាំង​ លោក Emmanuel Macron។ នៅ​អឺរ៉ុប លោក ហ៊ុន ម៉ាណែត ក៏​ជួប​អ្នកស្រី Samantha Power អ្នកគ្រប់គ្រង​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ​(USAID) ដែល​បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ទីនោះ។ អ្នកស្រី Samantha Power បាន​លើក​ឡើង​លើ​ប្រព័ន្ធ​សង្គម​ថា​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ឱកាស​ក្នុង​ការ​កសាង​ទំនាក់​ទំនង​ផ្លែផ្កា​បន្ថែម​ទៀត ប៉ុន្តែ​មិន​បាន​លើក​ឡើង​ជា​សាធារណៈ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ឬ​ក៏​ប្រជាធិប​តេយ្យ​ឡើយ។

កាល​ពី​ខែ​តុលា ឆ្នាំ​ ២០២៣ លោក ហ៊ុន ម៉ាណែត ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅ​ក្រៅ​ប្រទេស ក្រោយ​លោក​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ពី​ឪពុក​របស់​លោក។ នៅ​ទីក្រុង​ប៉េកាំង លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping ហើយ​លោក​បាន​សន្យា​ថា ​រដ្ឋាភិបាល​ថ្មី​របស់​លោក​នឹង​បន្ត​មិន​ផ្លាស់​ប្តូរ​នូវ​គោល​ជំហរ​ទៅ​កាន់​ប្រទេស​ចិន។

ចំណែកកាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ​សហរដ្ឋ​អាមេរិក​ក៏​បាន​សម្រេច​ផ្ដល់​ជំនួយ​ឡើង​វិញ​ដល់​កម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ១៨ ​លាន​ដុល្លារ តាម​រយៈ​ទីភ្នាក់​ងារអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ។ អាមេរិក​បាន​ផ្អាក​ជំនួយ​នោះ ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា ដែល​អាមេរិក​រិះគន់​ថា​មិន​សេរីនិង​យុត្តិធម៌។

ខណៈ​លោក ហ៊ុន ម៉ាណែត ពង្រឹង​ទំនាក់​ទំនង​ជាមួយ​មេដឹកនាំ​លោក​ខាង​លិច ការ​រឹតត្បិត​ក្នុង​ប្រទេស​កម្ពុជា​ក៏​បន្ត​កើត​មាន ហើយ​មាន​ក្តី​សង្ឃឹម​តិចតួច​ថា ​វា​នឹង​មាន​ភាព​ប្រសើរ​ឡើង។

កាល​ពី​ខែ​មករា មន្រ្តី​គណបក្ស​ជំទាស់​ភ្លើង​ទៀន​ ៤ ​នាក់​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ក្លែង​បន្លំ​ឯកសារ ក្នុង​ការ​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ជា​សំណុំ​រឿង​កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០២២។ គណបក្ស​ភ្លើង​ទៀន​បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​នេះ ហើយ​ចាត់​ទុក​ជា​ការ​គំរាមកំហែង​ថ្មី និង​ដើម្បី​បំបាក់​ស្មារតី​ប្រជា​ពល​រដ្ឋ​ខ្មែរ មិន​ឱ្យ​ចូល​រួមសកម្ម​ភាព​នយោ​បាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន និង​ធ្វើ​ឱ្យ​បរិយា​កាស​នយោ​បាយ​អាប់អួរ​បន្ថែម​ទៀត មុន​ការ​បោះ​ឆ្នោតជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា នា​ថ្ងៃ​ទី ​២៥ ខែ​កុម្ភៈ​ខាង​មុខ។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin គោរពក្បួន​ព្យុហយាត្រាក្នុងពិធីទទួលស្វាគមន៍ នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin គោរពក្បួន​ព្យុហយាត្រាក្នុងពិធីទទួលស្វាគមន៍ នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

កាល​ពី​សប្តាហ៍​មុន គឺ​នៅ​មុន​ដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ទីក្រុង​បាងកក សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ​៣ ​រូប​ដែល​កាន់​កាត​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ពួកគេ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន។ សកម្មជន​មួយ​ចំនួន​ដែល​គេច​ខ្លួន​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​រាយ​ការណ៍​ថា ​ពួក​គេ​ត្រៀម​ខ្លួន​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត​ក្នុង​ប្រទេស​ថៃ។

កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​សន្និសីទ​រួម​មួយ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ថៃ ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី លោក ហ៊ុន ម៉ាណែត ដែល​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ បាន​អរគុណ​មេដឹកនាំ​ថៃ​ដែល​មិន​អនុញ្ញាត​ឱ្យ​មានសកម្មភាព ​«លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង» ​កម្ពុជា ក្រោយ​ការ​ចាប់​សកម្ម​ជន​នយោបាយ​ខ្មែរ​ដែល​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ថៃ។

ចំណែក​កាល​ពី​ថ្ងៃ​ចន្ទ ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ប្តឹង​លោក ស៊ឹង សែន​ករុណា មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ចំពោះ​ពាក្យ​សម្តី​នៅ​ក្នុង​សារព័ត៌មាន ​The Cambodia Daily ដែល​លោក ហ៊ុន សែន ថា​ប៉ះពាល់​កិត្តិយស​របស់​គណបក្ស​កាន់​អំណាច។ លោក ហ៊ុន សែន បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ​២ ​ពាន់​លាន​រៀល ឬប្រមាណ ៥០ ​ម៉ឺន​ដុល្លារ​ពី​លោក ស៊ឹង សែន​ករុណា។

ទោះ​ជាយ៉ាងណា ប្រជាជន​កម្ពុជា​មួយ​ចំនួន​បាន​ឃើញ​ពី​ភាព​ខុស​គ្នា និង​ក្តី​សង្ឃឹម​ចំពោះ​មេដឹកនាំ​ថ្មី លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ដែល​ដឹកនាំ​បាន​ជិត​ ៦ ​ខែ​មក​នេះ។

លោក ជន សុខធូធារាជ្យ អាយុ​ ២២ ឆ្នាំ និស្សិត​ឆ្នាំ​ទី​ ៤ ​ផ្នែក​រដ្ឋបាល​ធុរកិច្ច​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្លែង​ថា​ លោក​បាន​កត់​សម្គាល់​ឃើញ​រដ្ឋាភិបាល​ថ្មី​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ។ លោក​ក៏​សរសើរ​នាយករដ្ឋមន្រ្តី​ថ្មី លោក ហ៊ុន ម៉ាណែត ថា​«មាន​សិល្បៈ​ក្នុង​ការ​ទំនាក់​ទំនង»។

យុវជន​រូប​នោះ​សង្ឃឹម​ថា ​មេដឹកនាំ​ថ្មី ក៏​ដូច​ជា​រដ្ឋាភិបាល​ថ្មី​នឹង​បង្ហាញ​សមិទ្ធភាពដែល​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​បាន​ទៀង​ទាត់ និង​គ្រប់ជ្រុង​ជ្រោយ ហើយ​សាធារណៈ​ជន​អាច​បង្ហាញ​ទស្សនៈ​ចម្រុះ​លើ​សមិទ្ធផល​ទាំង​នោះ «ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG