ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​បោះឆ្នោត​ដ៏​ចម្រូងចម្រាស


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥។

សភា​កម្ពុជា​បាន​អនុម័ត​ជា​ឯកច្ឆន្ទនូវ​ច្បាប់​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​ចំនួន​២បន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាចហើយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្ស​ប្រឆាំង ​បាន​សាទរ​ច្បាប់​ទាំង​២​ថា​ ជា​លទ្ធផល​ប្រកប​ដោយ​ជោគជ័យ​បន្ទាប់​ពី​ការ​ចរចា​ដែល​ជា​រឿយៗ​មាន​ការតឹង​តែង​អស់​រយៈ​ពេល​ជា​ច្រើន​ខែក្រោយ​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៣​ ​ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង​បាន​ខិត​ជិត​ជ័យ​ជម្នះ​ហើយ​ដែល​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ​ការ​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ។

លោក សម ​រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​មាន​ប្រសាសន៍​ថា ​ភាគី​ទាំង​២ ​មិន​បាន​ពេញ​ចិត្ត​១០០​ភាគរយ​ទេ ​ក៏​ប៉ុន្តែសម្បទាន​បាន​ត្រូវ​ធ្វើ​ឡើងដើម្បី​ឲ្យ​ភាគី​ទាំង​២​បាន​ទទួល​ជោគជ័យ។

មនុស្ស​ផ្សេង​ទៀត​មាន​សញ្ញា​វិជ្ជមាន​តិចតួច។

នៅ​ដើម​សប្តាហ៍​នេះ ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ព្រមាន​ថា ​ច្បាប់​បោះឆ្នោតនេះ​នឹង​កម្រិតសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ជួប​ប្រជុំ ​ហើយ​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​បាន​ធ្វើ​ការ​រិះគន់​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

លោក អ៊ូ ​វីរៈ ​ប្រធាន​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​មាន​ឈ្មោះ​ថា ​វេទិកា​អនាគត ​និយាយ​ថា ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​របស់​សមាជិក​សភា​ជាតិ ​វែង​អន្លាយ​ស្រពេច​ស្រពិលហើយ​នឹង​ពោរ​ពេញ​ដោយ​ចំណុច​ដែល​អាច​ប្រើ​ខុស។

ក្នុង​ចំណោម​ការ​ព្រួយ​កង្វល់​ដ៏​សំខាន់ៗ​របស់​លោក​គឺ ​ច្បាប់​នោះ ​អនុញ្ញាត​ឲ្យ​សមាជិកកងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ យោធា​កម្ពុជា​មាន​ចំណង​ទាក់ទង​ដ៏​ខ្លាំង​ជាមួយ​គណបក្ស​កាន់​អំណាច ​ហើយ​កងពល​ខ្លះ​របស់​កងទ័ពបាន​ជាប់ជំពាក់​ជំពិននៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ។

លោក ​អ៊ូ ​វីរៈ ​និយាយ​បន្ត​ទៀត​ថា ​ច្បាប់​នោះ ​ក៏​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល​ដែរ។​«ហើយ​នេះ ​ជា​ការប៉ះ​ពាល់​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់ ​មិន​មែន​ត្រឹម​តែ​អង្គការមិនមែន​រដ្ឋាភិបាល​ដែល​ផ្តល់​ថវិកា​ដោយ​បរទេស​ទេ ​ក៏ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់។​ អស់​លោក​អ្នក​មិន​អាច​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ត្រឹម​ត្រូវ​ហើយ​នឹងបញ្ចេញ​ការ​ស្រាវជ្រាវ​នោះ​ក្នុង​អំឡុង​ពេល​យុទ្ធនាការឃោសនា​បោះ​ឆ្នោត ​មិន​មែន​ការ​ស្ទង់​មតិ​ទេ ​អស់​លោក​អ្នក ​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ការ​ប្រមាថ​មើល​ងាយ​គណបក្ស​ណា​មួយ​ទេ‍»។

លោក​និយាយ​ទៀត​ថា ​ច្បាប់​កម្រិត​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិលក្នុង​អំឡុង​ពេល​ដ៏​សំខាន់​ភាគ​ច្រើន​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ។

«ហើយ​ដោយ​គ្មាន​អង្គការ​សង្គម​ស៊ីវិល​ ​ខ្ញុំ​មិន​ដឹង​ថា​ តើ​អស់​លោក​អ្នក ​ធ្វើ​ការ​ជជែក​ដេញ​ដោល​យ៉ាង​ដូច​ម្តេច ​តើអស់​លោក​អ្នក​អាច​មាន​ការ​សង្កេត​មើល​និង​ការ​បញ្ចូលនៃគំនិត​និង​ផល​ប្រយោជន៍​ផ្សេងៗយ៉ាង​ដូចម្តេច។ ​ហើយ​ខ្ញុំ​គិត​ថា ​ច្បាប់​នេះ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងដល់​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​មូល ​ខ្ញុំ​គិត​ថា បើ​និយាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នឹង​មាន​ផល​ប៉ះ​ពាល់​ដោយ​ច្បាប់​ថ្មី​នេះ‍»។

បទប្បញ្ញត្តិ​ខ្លះ ​នឹងធ្វើឲ្យ​គណបក្ស​នយោបាយ ​លែង​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​បាន ​ប្រសិនបើ ​សមាជិក​ណាម្នាក់​របស់​គណបក្ស​រំលោភ​វិន័យ​ខ្លះ។​

លោក ​អ៊ូ​ វីរៈ ​និយាយ​ថា បទ​ប្បញ្ញត្តិដែល​ធ្វើ​ឲ្យ​គណ​បក្ស​នយោ​បាយ​ ​លែង​មាន​សិទ្ធិ​ចូលរួមការ​បោះឆ្នោតប្រសិនបើ ​សមាជិ​ក​ណា​ម្នាក់​របស់​គណ​បក្ស ​រំលោភ​ច្បាប់​បោះឆ្នោត ​អាច​ត្រូវ​បាន​គេ​រំលោភ​បានយ៉ាង​ស្រួល។

«ហើយ​នៅ​ក្នុង​ប្រទេស​ដូចជា​កម្ពុជា ​អ្វី​ដែល ​ជា​សេចក្តី​ត្រូវការ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ស្វែងរក​បេក្ខជន​ណា​ម្នាក់​ដែល​ញុះ​ញង់​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ឬ​រំលោភ​មាត្រា​ហើយ​អាច​ត្រូវ​ដក​គណបក្ស​ប្រឆាំង​ទាំង​មូល​ឬ​ពួកគេ ​អាចបញ្ជូន​មនុស្ស​ណា​ម្នាក់​ឲ្យ​ធ្វើ​ដូច្នេះ‍»។

ច្បាប់​មួយ​ទៀត ​គ្រប់​គ្រង​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត (NEC) ​ដែល​សមាជិក​របស់​គណៈកម្មាធិការ​នោះ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ជា​យូរយារ​ណាស់​មក​ហើយបាន​លម្អៀង​គណបក្ស​កាន់​អំណាច។

សមាជិក​គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោត​៩​រូប ​នឹង​មាន​៤​នាក់​មក​ពី​គណបក្ស​និមួយៗ ​ដោយ​មាន​មនុស្ស​ឯករាជ្យទី​៩​ដែល​ធ្វើ​ការ​បោះ​ឆ្នោត​ដោយ​សេរី។

លោក អ៊ូ ​វីរៈ ​និយាយ​ថា ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ថ្មី ​គួរ​តែ​មាន​ភាព​ប្រសើរ​ឡើង ​ថ្វី​បើ​ចេញ​មក​ពី​ថ្នាក់​ទាប​ក៏ដោយ។

កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍ ​បាន​ដកស្រង់​សម្តី​លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​យក​មក​ចុះ​ផ្សាយ​ថា ​យើង​ ចង់​ធ្វើ​អ្វីៗ​ឲ្យ​បាន​ល្អឥតខ្ចោះ ​ក៏ប៉ុន្តែ ​យើង ​មិន​អាច​ទទួល​បាន​ជោគ​ជ័យតែ​ម្នាក់​ឯង​១០០​ភាគ​រយ​ទេ។

លោក ​អ៊ូ ​វីរៈ​និយាយ​ថា ​គណបក្ស​ប្រឆាំង ​ទំនង​ជា​គិត​ថា ​ខ្លួន ​អាច​ធ្វើ​សម្បទាន ប្រសិន​បើ​ខ្លួន ​បាន​ទទួល​អាសនៈ​៤​នៅ​ក្នុង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​ហើយ​ខ្លួន ​នឹង​ឈ្នះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។ លោក ​និយាយ​ថា ការ​សន្មត់​នេះ ​ជា​កំហុស​មួយ៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG