ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​មីយ៉ាន់ម៉ា​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី


លោក Win Myint លើក​ដៃ​​នៅ​ពេល​លោក​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ប្រធាន​សភា​មីយ៉ាន់ម៉ា នៅ​រដ្ឋ​ធានី​ណៃពីដោ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី​២៨ មីនា ២០១៨។
លោក Win Myint លើក​ដៃ​​នៅ​ពេល​លោក​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ប្រធាន​សភា​មីយ៉ាន់ម៉ា នៅ​រដ្ឋ​ធានី​ណៃពីដោ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី​២៨ មីនា ២០១៨។

មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ស្រី អង់សាន ស៊ូជី ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សភា​ថ្មី​នៃ​ប្រទេស​នេះ។ ​លោក ​Win Myint ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើសកាល​ពី​ថ្ងៃ​ពុធ ​ឲ្យ​បន្ត​តំណែង​ពី​លោក Htin Kyaw ដែល​បាន​លាលែង​ពី​តំណែង​កាល​ពី​សប្តាហ៍​មុន ដោយ​លើកឡើង​ថា​មាន​បញ្ហា​សុខភាព។

លោក Win Myint វ័យ​៦៦​ឆ្នាំ ដែល​បាន​កាន់​តំណែង​ជា​ប្រធាន​សភា​ជាន់​ទាប​នៃ​ប្រទេស​មីយ៉ាន់ម៉ា​រហូត​ដល់​សប្តាហ៍​មុន គឺ​ជា​សកម្មជន​ជើងចាស់​ម្នាក់​នៅ​ក្នុង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី អង់សាន ស៊ូជី ដែល​ដឹកនាំ​សភា​ទាំង​ពីរ​ជាន់​ថ្នាក់ ចាប់​តាំង​ពី​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ឆ្នាំ​២០១៥​មក។

លោក​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ក្នុង​ទសវត្សរ៍​៩០ ក្រោម​ការដឹកនាំ​របស់​យោធា ហើយ​ត្រូវ​បាន​បោះឆ្នោត​ទៅ​កាន់​តំណែង​ក្នុង​សភា​នៅ​ឆ្នាំ​២០១២ ខណៈ​ដែល​យោធា​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​មួយ​ដែល​មាន​តែ​នាម។

លោក Win Myint ​បាន​យក​ជ័យ​ជម្នះ​លើ​បេក្ខជន​ពីរ​នាក់​ទៀត​យ៉ាង​ងាយ​ស្រួល​ដោយ​រួម​ទាំង​ជ័យជម្នះ​លើ​លោក ​Myint Swe ដែល​គាំទ្រ​ដោយ​យោធា​ដ៏​មាន​អំណាច​ផង​ដែរ។ យោធា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាន់​កាប់​អាសនៈ​២៥​ភាគរយ​នៅ​ក្នុង​សភា ក្រោម​រដ្ឋធម្មនុញ្ញ​ដែល​យោធា​បាន​ធ្វើ​សេចក្តី​ព្រៀងដោយ​ខ្លួន​ឯង​កាល​ពី​ឆ្នាំ​២០០៨ ដែលនៅ​ទីបំផុត​នឹង​ផ្តល់​ការ​គ្រប់គ្រង​ទៅ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ពេញ​លេញ​មួយ។ យោធា​ក៏​មាន​តួនាទី​ក្នុង​គណៈរដ្ឋមន្ត្រី​ដ៏​សំខាន់​មួយ​ចំនួន​ផង​ដែរ ដោយរួម​ទាំង​ខាង​កិច្ចការ​ការពារ​ជាតិ​និង​ព្រំដែន​ផង​ដែរ។

ថ្វីត្បិត​តែ​លោក Win Myint កាន់​តំណែង​ជា​ប្រធាន​សភា​ក៏​ពិត​មែន ក៏​លោក​ស្រី អង់សាន ស៊ូជី​ នៅ​តែ​ជា​មេដឹកនាំ​មីយ៉ាន់ម៉ា​តាម​ជាក់ស្តែង​ដដែល​ ក្នុង​តំណែង​ជា​ទីប្រឹក្សា​រដ្ឋ ដែល​លោក​ស្រី​បាន​ប្រកាស​ថា ជា​តំណែង​មួយ​ធំ​ជាង​ប្រធានាធិបតី​ទៅ​ទៀត។ លោក​ស្រី​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​ក្រោម​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ពង្រាង​ដោយ​យោធា​ដោយសារ​តែ​កូន​ប្រុស​និង​ស្វាមី​របស់​លោក​ស្រីដែល​បាន​ទទួល​មរណភាព​ហើយ​នោះ​ជា​ជនជាតិ​អង់គ្លេស៕

XS
SM
MD
LG