ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ព្រៃឈើ​​ដឹកនាំ​ដោយ​ព្រះ​សង្ឃ​ទទួល​បាន​រង្វាន់​ពី​អង្គការ​អភិរក្ស​ជីវ​ចម្រុះ​អន្តរជាតិ


ភ្នំពេញ៖ សហគមន៍​ព្រៃឈើ​មួយ​ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ បាន​ទទួល​ពាន​រង្វាន់​ពី​អង្គការ​អភិរក្ស​ជីវ​ចម្រុះ​អន្តរ​ជាតិ​មួយ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហគមន៍​នោះ​ក្នុង​ការ​ការពារ​ជីវ​ចម្រុះ ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍។

សហគមន៍​ព្រៃឈើ​មួយ​ឈ្មោះ​ថា ​«សង្ឈ​សហគមន៍​រុក្ខាវ័ន»​ ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​សំរោង​ ​ភូមិ​សំរោង​ ​សង្កាត់​សំរោង​ ​ក្រុង​សំរោង​ ​ខេត្ត​ឧត្តរមានជ័យ​ ​បាន​ក្លាយ​ជា​ជ័យ​លាភី​រង្វាន់​Equator Prize​ ប្រចាំ​ឆ្នាំ​២០១០​របស់​គម្រោង​អភិរក្ស​ជីវ​ចម្រុះ​មួយ​ឈ្មោះ​ថា​ ​Equator Initiative​ ដែល​ជា​គម្រោង​ពហុ​ដៃគូ​មួយ​នៅ​ក្នុង​អង្គការ​កម្ម​វិធី​អភិវឌ្ឍ​សហ​ប្រជាជាតិ​UNDP​ មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​ សហ​រដ្ឋ​អាមេរិក​ ​នេះ​បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​អង្គការ​នេះ​ កាល​ពី​ពេល​ថ្មីៗ​នេះ។

«សង្ឃ​សហគម៍​រុក្ខាវ័ន» ​ដែល​ជា​សហគមន៍​ព្រៃឈើ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផ្ទៃដី​ទំហំ​ជាង​១ម៉ឺន​៨ពាន់​ហិកតា ​និង​ជា​ជម្រក​ពពួក​សត្វ​ដែល​រង​ការ​គំរាម​កំហែង​ជា​ច្រើន​ប្រភេទ​ ​ដូច​ជា​ទោច ​ ​គោព្រៃ ​និង​ខ្លារខិន​ជាដើម។ ​សហគមន៍​ព្រៃ​ឈើ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​សង្ឃ​នៅ​ឆ្នាំ​២០០២ ​ដើម្បី​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុសច្បាប់​និង​ការ​បរបាញ់​សត្វព្រៃ​ទាំង​នេះ។

សូម​បញ្ជាក់​ថា​ រង្វាន់​ Equator ​Prize​ គឺ​ជា​រង្វាន់​ដែល​គេ​ផ្តល់​ឲ្យ​រៀង​រាល់​២​ឆ្នាំ​ម្តង​ដល់​សហគមន៍​ឆ្នើម​ចំនួន​២៥​ទូទាំង​ពិភព​លោក​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហគមន៍​ទាំង​នោះ ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​សហគមន៍​តាម​រយៈ​ការ​អភិរក្ស​ជីវ​ចម្រុះ​ និង​ការ​ប្រើប្រាស់​ជីវចម្រុះប្រកប​ដោយ​និរន្តរ​ភាព។

ក្នុង​ចំណោម​សហគមន៍​ឆ្នើម​ទាំង​២៥​នោះ​ ​សហគមន៍​ចំនួន​៥​ត្រូវ​បាន​ជ្រើស​រើស​ចុង​ក្រោយ​ សម្រាប់​ការ​ទទួល​ស្គាល់​ដ៏​ពិសេស​និង​រង្វាន់​ជាទឹក​ប្រាក់​សរុប​ចំនួន​ ២ ​ម៉ឺន​ដុល្លារ​អាមេរិក។

ព្រះ​ភិក្ខុ​ប៊ុន សាលួត ​ព្រះ​ប្រធាន​សហគមន៍​ព្រៃឈើ​ដែល​ទទួល​ពាន​រង្វាន់​ Equator ​Prize​ និង​ទឹក​ប្រាក់​២ម៉ឺន​ដុល្លារ​នេះ​ ​បាន​មាន​សង្ឃ​ដីកា​ថា​ ​ការ​ផ្តល់​រង្វាន់​ដល់​សហគមន៍​ព្រៃ​ឈើ​របស់​ព្រះ​អង្គ ​គឺ​ជា​សារ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ដើម្បី​ឲ្យ​ពួក​គេ​ព្យាយាម​ចូល​រួម​ចំណែក​ថែរក្សា​និង​ការ​ពារ​ព្រៃ​ឈើ​ ​សត្វព្រៃ​ ​និង​ជីវ​ចម្រុះ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស។

«រង្វាន់​នេះ​សម្រាប់​ឲ្យ​បង​ប្អូន​យើង​ ឲ្យ​សហគមន៍​ទាំងអស់​ និង​រាជ​រដ្ឋាភិបាល​សប្បាយ​ចិត្ត​ ​ដោយ​ឃើញ​ថា​ ​ថ្វី​ដៃ​ខ្មែរ​យើង​បាន​រួម​ចំណែក​ការពារ​ព្រៃ​ឈើ ​និង​អភិរក្ស​សត្វព្រៃ​នេះ​ ​ហើយ​ដែល​បាន​ទទួល​រង្វាន់​នេះ។ ​អាត្មា​គិត​ថា​ ​ពួកគាត់​នឹង​មាន​ទឹក​ចិត្ត​ និង​ចូលរួម​ចំណែក​ត​ទៅ​ទៀត»។

ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​ដែល​គេ​ដឹង​ថា​ ​ធ្លាប់​គ្រប់​ដណ្តប់​លើ​ផ្ទៃ​ប្រទេស​ប្រមាណ​៧០%​នោះ​ ត្រូវ​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ហិនហោច​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទស​វត្សរ៍​ចុង​ក្រោយ​នេះ។

កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០០៧​ ​អង្គការ​ការពារ​បរិស្ថាន​អន្តរ​ជាតិ​មួយ​ឈ្មោះ​ Global​ Witness​ បាន​ចេញ​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​មួយ​ឈ្មោះ​ថា​ «ខ្សែ​ស្រឡាយ​អ្នក​លួច​ជាតិ» ​ដោយ​បាន​ភ្ជាប់​ការ​ហិន​ហោច​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​ដោយ​រួម​ទាំង​សាច់ញាតិ​និង​មន្រ្តី​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​មួយ​ចំនួន​ផង​ដែរ។

នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ ​សកម្មភាព​កាប់ឈើ​ខុសច្បាប់​ត្រូវ​បាន​រាយ​ការណ៍​ជា​បន្ត​បន្ទាប់​ថា​ ​ហាក់​ចាប់​ផ្តើម​រើប​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​ ​បើ​ទោះ​ជា​សកម្ម​ភាព​ល្មើស​ច្បាប់​នេះ​មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ ​ក្រោយ​ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ​ក៏​ដោយ។

ព្រះ​ភិក្ខុ​ប៊ុន សាលួត​ ព្រះ​ប្រធាន​«សង្ឃ​សហគមន៍​រុក្ខាវ័ន»​ មាន​សង្ឃ​ដីកា​ថា​ ​ការ​ដែល​សហគមន៍​ព្រៃ​ឈើ​របស់​ព្រះអង្គ​បាន​ទទួល​រង្វាន់ ​Equator Prize ​សម្រាប់​ឆ្នាំ​២០១០​នេះ ​គឺ​ដោយសារ​តែ​មាន​ការចូល​រួម​ពី​ព្រះសង្ឃ​ ​និង​ប្រជា​សហគមន៍​ទាំង​មូល​ក្នុង​ការ​រួម​គ្នា​ការពារ​និង​អភិរក្ស​ព្រៃឈើ ​និង​សត្វ​ព្រៃ​ ​តាម​រយៈ​ការ​ចុះ​ល្បាត​នៅ​ក្នុង​ព្រៃ​ផ្ទាល់​ ដោយ​ទាំង​ព្រះសង្ឃ​ទាំង​គ្រហស្ថ​ ​ដើម្បី​ទប់ស្កាត់​និង​បង្រ្កាប​ការ​បរបាញ់​សត្វ​និង​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ដោយ​ខុស​ច្បាប់។

«អាត្មា​ចុះ​ធ្វើ​សកម្ម​ភាព​ជាក់​ស្តែងចាប់​បទ​ល្មើស​ជាក់ស្តែង ​និង​ឃាត់​ខ្លួន​ជន​ល្មើស​ជាក់ស្តែង​ ​ដូច​ថា​ ​បទ​ល្មើស​អារ​ឈើ​អញ្ចឹង។​ អាត្មា​ក៏​បញ្ជូន​ឲ្យ​សមត្ថ​កិច្ច​ជំនាញ​ ​ឲ្យ​ធ្វើ​សំណុំ​រឿង​ទៅ​តាម​ផ្លូវ​ច្បាប់​ ​ហើយ​បើ​អ្នក​បាញ់​សត្វ​ ​អាត្មា​ចាប់​ខ្លួន​បាន​ក៏​ បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើដើម្បី​ធ្វើ​សំណុំ​រឿង​ទៅ​តុលាការ​ ដើម្បី​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​តាម​ច្បាប់»។

ចាប់​តាំង​ពី«សង្ឃ​សហគមន៍​រុក្ខាវ័ន» ​បាន​ទទួល​សិទ្ធិ​ជា​សហគមន៍​ព្រៃឈើ​ស្រប​ច្បាប់​នៅ​ក្នុង​ឆ្នាំ​២០០៨​មក​ ​សកម្ម​ភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​សហគមន៍​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ដោយសារ​ការ​បង្កើត​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធិ​ភាព​មួយ​ចំនួន​ ដូចជាការ​ល្បាត​ដោយ​ស្ម័គ្រ​ចិត្ត​ ​ការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ការ​បំបួស​ដើម​ឈើ​ទៅ​តាម​ជំនឿ​សាសនា​ជាដើម​ ​នេះ​បើ​យោង​តាម​Equator​ Initiative។

លោក​ស្រី ​Eileen de Ravin ​នាយក​គ្រប់គ្រង​គម្រោង​ Equator ​Initiative ​មាន​ប្រសាសន៍​នៅក្នុង​លិខិត​របស់​លោក​ស្រី​ផ្ញើ​ជូន​ភិក្ខុ​ប៊ុន សាលួត​ ប្រធាន​សហគមន៍​ព្រៃឈើ​នេះ​ ដែល​VOA ​ទទួល​បាន​កាល​ពី​សប្តាហ៍​មុន​ថា​ ​សហគមន៍​ព្រៃឈើ​នេះ​បាន​បង្ហាញ​នូវ​ភាព​ឆ្លាតវៃ​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ក្នុង​មូលដ្ឋាន។

ព្រះ​ភិក្ខុ​ប៊ុន សាលួត​មាន​ស​ង្ឃ​ដីកា​ថា​ ​ដើម្បី​ការ​ពារ​ធនធាន​ធម្មជាតិ​ ​ដូចជា​ព្រៃ​ឈើ​ ​សត្វ​ព្រៃ​និង​ជីវ​ចម្រុះ​ផ្សេងៗ​នេះ​ ​ឲ្យ​នៅ​គង់វង្ស​ត​ទៅ​មុខ​ទៀត​ គឺ​ទាម​ទារ​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​ប្រយោជន៍​ជាតិ​និង​ប្រយោជន៍​រួម​ឲ្យ​ខ្ពស់​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន។

«បើ​គេ​ហាម​ឃាត់​ហើយ​ ​យើង​នៅ​តែ​ចង់​បាន​ ចង់​តែ​បំផ្លាញ​វា​ ចង់​តែ​សម្លាប់​សត្វ​យក​សាច់​មក​បរិភោគ​ ​អានោះ​នឹង​មាន​បញ្ហា។​ បើ​ថា​ ​យើង​យល់​ ​យើង​ស្រឡាញ់​ជីវិត​គេ​ដូច​ជីវិត​យើង។​ បើ​យើង​អត់​ព្រៃ​ឈើ​ ​យើង​មិន​អាច​ទ្រទ្រង់​បាន​ទេ។​ ដូច​សព្វ​ថ្ងៃ​ ​ញោម​ឃើញ​ស្រាប់​ហើយ​ ​ដោយ​សារ​តែ​អស់​ព្រៃ​ឈើ​នេះ​ហើយ​ បាន​ជា​អាកាស​ធាតុ​វា​ប្រែ​ប្រួល។​ វា​ក្តៅ​ ​វា​ភ្លៀង​ ​វា​ព្យុះ​ ​វា​ធ្វើ​ឲ្យ​ភ្នំ​ភ្លើង​កាន់​តែ​ផ្ទុះ​ឡើង»។

សូម​បញ្ជាក់​ថា​ ​ព្រះ​ភិក្ខុ​ប៊ុន សាលួត​នឹង​និមន្ត​ទៅ​កាន់​ទីក្រុង​ញូយ៉ក​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ទទួល​រង្វាន់​Equator​ Prize​ ក្នុង​ពិធី​ប្រគល់​រង្វាន់​នេះ​ ដែល​គេ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​នោះ​ នៅ​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ឆ្នាំ​២០១០​នេះ៕

XS
SM
MD
LG