ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំមើល​ចង់​ឲ្យ​កម្ពុជា​និង​អ.ស.ប.​​ធ្វើ​ផែនការ​ច្បាស់លាស់​សម្រាប់​តុលាការ​​ខ្មែរក្រហម​


ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​អង្គ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ទាមទារ​សំណង​ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃ​​សុក្រ​ទ​១០ ខែ​តុលា ឆ្នាំ​២០១៤។ (រូបថត៖ Reuters/Samrang Pring)
ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​អង្គ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ទាមទារ​សំណង​ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃ​​សុក្រ​ទ​១០ ខែ​តុលា ឆ្នាំ​២០១៤។ (រូបថត៖ Reuters/Samrang Pring)

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​កាត់​ទោស​សំណុំ​រឿង​០០២ ​វគ្គ​២​ ដោយ​ចំណាយ​អស់​ថវិកា​​ជាង​២០០​លាន​ដុល្លារ។

ក្រុម​អ្នក​ឃ្លាំមើល​ចង់​ឃើញ​ភាគី​កម្ពុជា​ និង​ភាគី​អ.ស.ប.នៅ​សាលាក្តី​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម ​ធ្វើ​ផែនការ​ច្បាស់លាស់​សម្រាប់​តុលាការ​កាត់ទោស​ខ្មែរក្រហម ​ក្រោយ​ពេល​មន្ត្រី​ជាន់​ខ្ពស់​របស់​អ.ស.ប.និង​កម្ពុជា​បាន​ជួប​ប្រជុំគ្នា។​ បញ្ហា​មួយ​ចំនួន​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​គឺ​មាន​តែ​ការ​ប្តេជ្ញា​ចិត្ត​ខ្លះ​របស់​ភាគី​ទាំងពីរ​លើ​បញ្ហា​គាំទ្រ​តុលាការ​នេះ។

សាលាក្តី​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​ត្រូវ​ស្តី​បន្ទោស​ថា​ មិន​បាន​គិត​គូរ​ផែន​ការ​ជាក់លាក់​សម្រាប់​គម្រោង​របស់​ខ្លួន​ ​និង​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ព្រួយ​បារម្ភ​ចាស់ៗ​មួយ​ចំនួននៅ​ឡើយ​ទេ។​

ការ​ថ្លែង​យ៉ាង​ដូច្នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​ជំនួប​មួយ​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​វិច្ឆិកា​ រវាង​លោក ​សុខ អាន ​ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ ហើយនឹង​លោក​ Stephen Mathias​ ជំនួយ​ការ​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់។​

​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​ភាគី​អ.ស.ប. និង​ភាគី​កម្ពុជានៅ​សាលាក្តី​ខ្មែរក្រហម ​បាន​បញ្ជាក់​ថា៖​

«ភាគី​ទាំង​ពីរ​ស្វាគមន៍​ចំពោះ​ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គាំទ្រ​ សំណើរបស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.ចំពោះ​មហា​សន្និបាតអ.ស.ប.​ទាក់ទង​នឹង​ថវិកា​ឧបត្ថម្ភ​ដល់​ប្រតិបត្តិការ​របស់​តុលាការ​កាត់ទោស​ខ្មែរក្រហម​ក្នុង​ឆ្នាំ​២០១៦​ ហើយ​នឹង​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ការ​បរិច្ចាគ​ថវិកាគ្រប់គ្រាន់​ដល់​ភាគី​ជាតិ​នៃ​សាលាក្តី​នេះ​ក្នុង​ការ​ធានា​ថវិកាពេញលេញ​ ដោយ​ជំរុញឲ្យមាន​ការ​បរិច្ចាគថវិកាដែល​បាន​សន្យា​ពី​ក្រុម​ភាគី​ម្ចាស់​ជំនួយ​អន្តរជាតិ»។​

លោក​ ឡុង ​បញ្ញាវុធ ​មន្ត្រី​ឃ្លាំ​មើល​សាលាក្តី​នេះ​ បាន​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ស្វះស្វែង​រក​ថវិកាគាំទ្រ​សាលាក្តី​នេះ។​ លោក​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ខកខាន​របស់​អ.ស.ប.ទាក់ទង​នឹង​ការ​បិទបាំង​លើ​ការ​រក​ដំណោះ​ស្រាយ​ស្តី​ពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ហើយនឹង​ការ​មិន​ពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មិន​បាន​សហការ​ជាមួយ​អ.ស.ប. ក្នុង​ការ​ចាត់​វិធាន​ការ​លើ​សំណុំ​រឿង​០០៣​និង​០០៤។​

«កន្លែង​នេះ​គួរ​ឲ្យ​សោកស្តាយ​ដែល​អ.ស.ប.មិន​បាន​លើក​រឿង​ហ្នឹង​ទៅ​ពិភាក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ និង​ឲ្យមាន​តម្លាភាព​ ហើយ​យើង​ឃើញ​ហើយ​ថា ការ​ដែល​អ.ស.ប.ខកខាន​ម្តង​ហើយ​ម្តងទៀត​មិន​បាន​ដោះស្រាយ​រឿង​ នេះ​គឺ​ថា​ ទៅ​មុខទៅ​យើង​គិត​ថា ​សំណុំ​រឿង​០០៣ និង០០៤​ប្រហែល​ជា​បរាជ័យ​ច្រើន​ជាង​ជោគជ័យ»។​

លោក​បាន​បន្ថែម​ថា៖​

«ចំណុច​ទី២​ យើង​ឃើញ​ថា​ មកពី​សាលាក្តី​ញាំញី​ទៅ​ដោយ​រឿងក្តី​ជាច្រើន​

ឧទាហរណ៍​ដូចជា​រឿង​ពុក​រលួយ​កើត​ឡើង​ពី​លើក​មុន​នោះ ​ហើយ​នឹង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​មក​លើ​សាលាក្តី​ខ្មែរក្រហម»។​

លោក​ ឡាត់ គី ​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​មកពី​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​ថ្លែង​ថា​ គាត់​ចង់​ដឹង​ថា​ តើ​សំណុំ​រឿង​០២ ​វគ្គ​២​អាច​ធ្វើ​ចប់ទេ​ ហើយ​ចប់​ឆ្នាំ​ណា? ​ហើយ​សំណង ​តើ​រៀបចំ​យ៉ាងណា?​ ហើយ​មកទល់​ពេល​នេះ ​សំណង​ដែល​សាលាក្តី​រៀបចំ​គ្មានន័យ​សម្រាប់​ជនរង​គ្រោះ​នោះ​ទេ។​

«កង្វះ​ថវិកាជារៀង​រាល់​ឆ្នាំ ​ឆន្ទៈ​ក្នុង​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ជូន​ដល់ សាធារណ​ជន​ ជា​ពិសេស​ដើម​បណ្តឹង​រដ្ឋប្បវេណី​អំពី​ដំណើរការ​ឆ្ពោះ​ ទៅ​មុខ​នៅ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់​ក៏​ដូច​ជា​ការ​អះអាង​នូវ​ដំណើរ​ ការ​សាលាក្តី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​គឺ​មក​ទល់​ពេល​នេះ ​គឺ​មតិ​មហាជន​ទូទៅ​គឺ​ អត់​បាន​ដឹង​អំពី​ភាព​ជាក់លាក់​នៅ​ក្នុង​ផែនការ​អនាគត​ខាង​មុខ​នោះ​ទេ»។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ លោក ​ឯក ថា ​អនុ​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាននៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ប្រាប់ ​VOA ថា​ ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​លើ​ដំណើរការ​ទៅ​មុខ​របស់​តុលាការ​នេះ។​

«ជាក្តី​សង្ឃឹម​គឺ​ថា​ វិធាន​ការ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ស្ថិរភាពសម្រាប់​ សាលាក្តី​ក្នុង​ឆ្នាំ​២០១៦»។​

តែ​ជន​រងគ្រោះ​ជា​អ្នក​ដាក់​ពាក្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​គឺ​លោក​ស៊ុំ រិទ្ធី ​អ្នក រស់​រាន​មាន​ជីវិត​ម្នាក់​ បាន​ថ្លែង​ថា​ លោក​ប្រាថ្នា​ចង់​បង្ហាញ​រឿងរ៉ាវ​ និង​ភស្តុតាង​ដល់​តុលាការ​ឲ្យ​ដឹង​ថា​ កន្លែង​ឃុំឃាំង​ដែល​ត្រូវ​គេ​កាប់​សម្លាប់​ មនុស្ស​ដ៏​សាហាវ​ឃោរឃៅ​ ហើយ​សម្រែក​ត្មះ​តិះដៀល​ក្រុម​ខ្មែរក្រហម​ បាន​ធ្វើ​ឲ្យ​លោក​ចងចាំ​ពី​ការ​ទាមទារ​យុត្តិធម៌។​

«ខ្ញុំ​ក៏​តាំង​ចិត្ត​ថា​ បើ​ខ្ញុំ​មាន​ជីវិត​ ខ្ញុំ​នឹង​រក​យុត្តិធម៌​ជូន​អ្នក​ទាំងអស់​ហ្នុង​ ហើយ​ទាំង​ខ្លួន​ខ្ញុំ​ ​ហើយនឹង​អ្នក​ដែល​ស្លាប់​ទាំង​គ្មាន​កំហុស​ ដែល​ឈឺ​ចាប់ យ៉ាងខ្លាំង​នៅ​ក្នុង​របប​ហ្នុង»។​

សាលាក្តី​ខ្មែរក្រហម​ដែល​មាន​ការ​ចូលរួម​ពីអ.ស.ប.មាន​ការ​ទទួល​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ណាស់​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។​

«ព្រោះ​ថា ​បើ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ឃើញ​ទេ​គឺ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ហើយនឹង​សម្រាប់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ដែល​រស់​រាន​មាន​ជីវិតពី​របប​ខ្មែរក្រហម​ហ្នឹង ​គឺ​អត់មាន​ន័យអី​ទាំងអស់​សម្រាប់​តុលាការ​ហ្នឹង​បាទ»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​កាត់​ទោស​សំណុំ​រឿង​០០២ ​វគ្គ​២​ ដោយ​ចំណាយ​អស់​ថវិកាជាង​២០០​លាន​ដុល្លារ​ ហើយ​តុលាការ​នេះ​ នៅ​សល់​សំណុំ​រឿង​០០៣ ​និង​០០៤​ទៀត​ដែល​ត្រូវ​ចាត់ការ​តែ​តុលាការ​ នេះ​មិន​បាន​កិច្ច​សហការ​ពី​ចុងចោទ​ ពីភាគី​កម្ពុជា​ជាដើម​ដែល​គេ​គិត​ឃើញ​ថា​ ជា​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ៕

ប្រិយមិត្ត​អាច​អាន​ព័ត៌មានផ្សេងៗ​ទៀត​ទាក់ទង​បញ្ហា​ខ្មែរក្រហម​ត្រង់​ទំព័រ​ www.khmer.voanews.com/khmerrouge។​

XS
SM
MD
LG