ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​សំណើ​បក្ស​ភ្លើងទៀន​រឿង​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់


រូបឯកសារ៖ សកម្មជនគណបក្ស​ភ្លើងទៀនចូលរួមក្បួន​ឃោសនា​នៅអំឡុង​ការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ សកម្មជនគណបក្ស​ភ្លើងទៀនចូលរួមក្បួន​ឃោសនា​នៅអំឡុង​ការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ក្រសួង​មហាផ្ទៃ​ ស្នើ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ ដោះស្រាយសំណើ​របស់​គណបក្ស​ភ្លើង​ទៀន​ ដែល​បាន​ស្វះស្វែង​រក​អន្តរាគមន៍ពី​ក្រសួង​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ​៣៥​រូប ​ដែល​ជាប់​ឆ្នោត​កាលពី​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២​។

ក្នុង​លិខិត​ចុះថ្ងៃទី​ ២៧ ​ខែមីនា​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​លោក​ ប្រាក់​ សំអឿន​ បាន​លើក​ឡើងថា​ គណបក្ស​ភ្លើង​ទៀន​បាន​ផ្តល់​ហេតុផល​ថា​ ក្នុងចំណោម​សមាជិក​ចំនួន ​៣៥​រូបនោះ​ មាន​ខ្លះ​បាន​ទទួល​មរណភាព​ រីឯខ្លះ​ទៀត​បាត់​បង់​សមាជិក​ភាព​ពី គណបក្ស​នយោបាយ​ និង​បាន​លា​ឈប់​ពី​ការ​ងារ​ ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​សមាជិក​ទាំង​នោះ។

លិខិត​ដដែល​បាន​សរសេរ​ថា ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ ក្រសួង​មហាផ្ទៃ​ស្នើ​អភិបាលនៃ​គណៈ​អភិ​បាល​រាជធានី​ ខេត្ត​«​ពិនិត្យ​ស្រាវជ្រាវ​ នឹង​ចាត់​ចែង​ដោះ​ស្រាយ​សំណើ​ខាង​លើ​ស្រប​តាម​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរមាន​»។

ការ​ស្នើ​របស់​ក្រសួង​មហាផ្ទៃ​ពាក់​ព័ន្ធនឹង​ការ​ផ្លាស់ប្តូរ​សមាជិកក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​ ៣៥​នាក់​នោះ​ កើត​ឡើង​ក្រោយ​គណបក្ស​ភ្លើង​ទៀន​បាន​ធ្វើ​សន្និសីទ​រួម​គ្នា​មួយ​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ដែល​សុំឱ្យ​ក្រសួង​ជួយ​ដោះដូរ​អង្គបោះឆ្នោត​ចំនួន ​៣៥នាក់​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ​នាខែ​ឧសភា​ខាងមុខ​។

អគ្គ​លេខាធិការ​គណបក្ស​ភ្លើង​ទៀន​ លោក លី សុធារ៉ាយុត្តិ រំពឹង​ថាការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៣៥​នាក់​នេះ​ នឹង​ធ្វើទៅ​បានឆាប់​ ឬ​មុនការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ​នាខែ​ឧសភា​ខាងមុខ​នេះ ដើម្បី​កុំឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ ​បាត់​បង់​សំឡេង​អង្គបោះឆ្នោត​ទាំង​នោះ​។

លោក​ថ្លែង​ថា៖​ «សម្រាប់​សមាជិក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បញ្ចប់​សមាជិក​ភាព​ ឬ​ក៏​ធ្វើ​ការ​ផ្លាស់​ប្តូរ​ គឺ​យើង​ធ្វើ​ការ​ផ្លាស់​ប្តូរ​តាម​នីតិវិធី​ស្រប​ទៅ​តាម​លក្ខនិ្តកៈ ​និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​។ ​សូម​ជម្រាប​ជាថ្មីទៀតថា​គណបក្ស​ភ្លើង​ទៀន​គោរព​នូវ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ គឺ​យើង​មិន​ដែល​ធ្វើ​អ្វី​ខុស​គោល​ការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ​ ជាពិសេស​គឺ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខន្តិកៈ និង​បទ​បញ្ជារផ្ទៃ​ក្នុង​របស់​គណបក្ស​»។

បើទោះ​បីជា​លោក ​លី សុធារ៉ាយុត្តិ អះ​អាង​ថា​ ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង ​៣៥​នាក់​នោះ ​ធ្វើ​ទៅតាម​នីតិវិធី​ស្របតាម​លក្ខនិ្តកៈ ​និង​បទ​បញ្ជាផ្ទៃ​ក្នុង​របស់​គណបក្ស​យ៉ាងណាក្តី ក៏​នៅ​មាន​តែ​រងការ​រិះគន់ពី​អតីត​សមាជិក​គណបក្សភ្លើង​ទៀន​មួយ​ចំនួន​ដែល​ត្រូវ​បានដក​ចេញ​ពី​បញ្ជី​។ ​

សមាជិក​ក្រុម​ប្រឹក្សា​ម្នាក់មក​ពី​កូតា​គណបក្ស​ភ្លើងទៀន​នៅ​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប​ ខេត្តសៀមរាប​ លោក នង ធារ៉ា ​ដែល​ត្រូវ​បាន​គណបក្សភ្លើង​ទៀន​បញ្ចប់​សមាជិក​ភាព​បក្ស​ ​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទនេះ​ថាគណបក្ស​ភ្លើងទៀន​បាន​ចោទ​លោក​ថា​«ក្បត់​បក្ស»​ និង​បាន​ដក​ហូត​តួនាទី​របស់​លោក ​ព្រោះលោក​មិនមាន​ទំនោរ​គាំទ្រ​គណបក្ស​ឆន្ទៈខ្មែរ ​ដែល​ជា​គណបក្សចង់សម្ពន្ធ​ភាព​ជាមួយ​គណបក្ស​ភ្លើងទៀន​។

លោក​បន្ត​ថា​ ជុំវិញ​បញ្ហា​នេះ​ គឺ​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ដែល​ត្រូវបានគណបក្ស​ដក​ហូត​តំណែង គឺ​ជា​អ្នករងគ្រោះ និង​ជាការ​វាយបំផ្លាញ​គ្រឹះ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា​៖ «និយាយ​ដោយ​ភាពស្មោះត្រង់ ដោយសារ​តែខ្ញុំមិនមាន​ទំនោរ​ទៅ​គណបក្ស​ឆន្ទៈខ្មែរ។​ ហើយ​គណបក្ស​គេបង្ខំឱ្យខ្ញុំ​មានទំនោរ​ទៅគណបក្ស​ឆន្ទៈ[ខ្មែរ]»​។

បើ​តាម​លោក​ នង ធារ៉ា​ ក្រសួង​មហាផ្ទៃ​មិន​ទាន់​ចេញ​សេចក្តី​សម្រេច​បញ្ចប់​មុខ​តំណែង​របស់លោក ​ជា​ចៅ​សង្កាត់​រង​ទី ​២ នៅ​សង្កាត់​សាលា​កំរើក​ក្រុង​សៀម​រាប​នោះទេ​។

ជុំវិញការ​ផ្លាស់ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ចំនួន ​៣៥​រូបនេះ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ទូច សុខៈ ​ប្រាប់​វីអូអេថាក្រសួង​មហាផ្ទៃ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ នឹង​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោកថ្លែង​ថា៖ «កាលណា​ដែល​សមាជិក​ដែលត្រូវស្នើ​សុំផ្លាស់​ប្តូរ​ ប្រឆាំង​តវ៉ា ​ប្តឹងទាស់​ដោយ​ប្រការ​ណាមួយ​នោះ គឺ​នីតិវិធី មានការ​លំបាក​ស្មុគ​ស្មាញ​ ដែលទាម​ទារ​ឱ្យភាគី​ទាំង​សងខាង​ត្រូវតែ​ដោះស្រាយឱ្យ​បានល្អ​ប្រសើរ»។

គួរបញ្ជាក់​ថា ​មុនការ​បោះឆ្នោត​ព្រឹទ្ធ​សភា​កាល​ពីខែកុម្ភៈ ​គណបក្ស​ភ្លើងទៀន​ និង​គណបក្ស​ឆន្ទៈខ្មែរ ​ធ្លាប់​រំពឹងថា ​ខ្លួន​នឹង​ឈ្នះ​បាន​ប្រមាណ​ ៩​អាសនៈ​ ប៉ុន្តែកាលនោះ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ឈរ​ឈ្មោះ​ជំនួស​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ឈ្នះបាន​តែ​៣​អាសនៈ​ប៉ុណ្ណោះ​ ដោយ​សារ​អង្គបោះឆ្នោត​ដែល​ជា​កូតា​ចេញពី​គណ​បក្ស​ភ្លើង​ទៀន​ប្រមាណ​ ៣០​ភាគរយ​ ​មិន​បាន​បោះឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរឡើយ​។

ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ កាលពី​ខែកុម្ភៈ​មាន​ការ​ចូលរួម​ប្រកួតប្រជែង​ពី​គណបក្ស​ចំនួន​បួន​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច គណ​បក្ស​ឆន្ទៈខ្មែរ​ដែល​ឈរ​ជំនួស​គណបក្ស​ភ្លើងទៀន​ និង​គណបក្ស​កម្លាំង​ជាតិ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG