ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​កត្តា​ច្រើន​ដែល​អាច​នាំ​ដល់​កាត់​ជំនួយ​របស់​ស.រ.អា.


លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង វិល​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពី​លោក​បាន​និរទេស​ខ្លួន​ឯង​ទៅ​រស់​នៅ​ប្រទេស​បារាំង​អស់​រយៈពេល​បួន​ឆ្នាំ។
លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង វិល​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពី​លោក​បាន​និរទេស​ខ្លួន​ឯង​ទៅ​រស់​នៅ​ប្រទេស​បារាំង​អស់​រយៈពេល​បួន​ឆ្នាំ។
វ៉ាស៊ីនតោន៖ ការបោះឆ្នោត​សេរី និង​យុត្តិធម៌​នៅតែ​ជា​រឿង​ដែល​គេ​សង្ស័យ​នៅ​ឡើយ​ក្នុង​ចំណោម​អ្នក​វិភាគ​អន្តរជាតិ​ខ្លះ​។​ លោក​សុខ ខេមរា​នៃ​វីអូអេ​ពីរដ្ឋធានី​វ៉ាស៊ីនតោន​បាន​រាយ​ការណ៍​ថា​ មាន​កត្តា​ជាច្រើន​រួមទាំង​ការ​ផាត់ចោល​ការ​ប្រកួត​ប្រជែង​ពី​លោក​សម រង្ស៉ី​ផងដែរ​ ដែល​អាច​នាំ​ដល់​កាត់​ជំនួយ​របស់​ស.រ.អា.​ដោយសារ​ថា​ ការ​បោះ​ឆ្នោត​មិន​អាច​ទទួល​យកបាន​នោះ។

មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ នៅ​ថ្ងៃទី​១៩ខែ​កក្កដា​នេះ​ ក្រោយពី​និរទេស​ខ្លួន​រយៈ​ពេល​បួន​ឆ្នាំ​អំពី​បញ្ហា​ព្រំដែន។​ ទោះ​ជា​លោក​ត្រូវបាន​លើកលែង​ទោស​ដោយ​ព្រះមហាក្សត្រ​មែន​ក្តី​ តែ​លោក​សម រង្ស៉ី​មិនទាន់​ត្រូវ​គេ​អនុញ្ញាតជាផ្លូវការ​ឲ្យ​មាន​ឈ្មោះ​បោះឆ្នោត​និង ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​នៅ​ឡើយ​ ទេ។​ រឿងនេះ​ហើយ​ដែល​គេ​មើល​ឃើញ​ថា ​អាច​នាំ​ទៅ​ដល់​ការកាត់​ជំនួយ​ពី​ស.រ.អា.។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា ​រឿង​មិន​ឲ្យ​លោក​សម រង្ស៉ី​បាន​ចូល​ប្រកួត​ក្នុង​ការ​បោះ ឆ្នោត​អាចធ្វើ​ឲ្យ​កម្ពុជា​គ្មាន​ឱកាស​បញ្ជាក់​ពី​ការ​បោះឆ្នោត​សេរី​ និង​យុត្តិធម៌​ទេ។​ រឿងនេះ​អាចនាំ​ឲ្យមាន​សម្ពាធ​ពី​ស.រ.អា.​ដល់​កម្ពុជា។​ សភា​និង​ព្រឹទ្ធសភា​ស.រ.អា.​ដែលរិះគន់​របប​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និយាយ​សប្តាហ៍​ថ្មីៗ​ថា​ ពួក​គេ​ចង់​ជំរុញ​ឲ្យ​កាត់​ជំនួយ​ស.រ.អា.​ដល់​កម្ពុជា​ ជាពិសេស​បើ​ការ​បោះឆ្នោត​មិន​សេរី ​និង​យុត្តិធម៌។​ បញ្ហា​នេះ​មិន​ទាន់​ដឹង​ច្បាស់​មែន​ តែជា​បញ្ហា​ដែល​មាន​ការ​តាម​ឃ្លាំមើល​ទាំងជាតិ​ និង​អន្តរជាតិ។​

លោក​ស្សាការី ​ឌុយប៊ែល ​(Zachary Dubel) ​អ្នកស្រាវ​ជ្រាវម្នាក់​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​ស.រ.អា.​គឺ​Stimson Center ​ផ្នែក​តំបន់​អាស៊ី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​អះអាង​ថា៖

​«ការលើក​លែងទោស​លោក​សម រង្ស៉ី ​និង​ការ​អនុញ្ញាតឲ្យ​វិល​ត្រឡប់​ទៅកម្ពុជា​វិញ​ ដោយ​គ្មាន​ការ​រំខាន​ អាច​ដកចេញ​សម្ពាធ​ខ្លះ​ពីលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។​ តែ​យ៉ាង​ណា​ក៏​ដោយ​វាជារឿង​ពិបាក​សម្រាប់លោក​សម រង្ស៉ី​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ប្រកប​ដោយ​អត្ថន័យ ​ហើយ​បើ​មិន​បាន​ចូលរួម​វិញ​ ការប៉ះ​ទង្គិច​ជា​ទូទៅ​គឺ​ថា ​អាច​មាន​ការ​កាត់​ជំនួយ​ក្នុង​កម្រិត​តិចតួច​នៅ​ច្ចុប្បន្ន​នេះ»។​

ស.រ.អា.​បានកាត់​ជំនួយ​ ​ក្រោយពី​មាន​អំពើ​រដ្ឋ​ប្រហារ​មួយកាល​ពីឆ្នាំ​១៩៩៧​ដែល​ព្រះអង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ នៅ​ពេល​នោះ ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​មុខ​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទី១។​ តែ​នៅ​ឆ្នាំ​២០០៧ ​ស.រ.អា.​បាន​បញ្ចប់​ទណ្ឌកម្ម​ ហើយ​បាន​ផ្តល់​ជំនួយ​ឡើង​វិញ។​

ទោះជា​យ៉ាងណា​ក៏ដោយ ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​សេចក្តី​ព្រាង​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ដែល​ចង់​កាត់​ជំនួយ​ ហើយ​ដែល​ស្នើ​ដោយ​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ Linsay Graham ​និងព្រឹទ្ធ​សមាជិក​ Marco Rubio ​ដែល​អាច​ជំរុញ​ឲ្យ​ក្រសួង​ការ​បរទេស​ស.រ.អា.​និង​ទីភ្នាក់ងារ​ផ្តល់​ជំនួស​ស.រ.អា.​ USAID ​ពិចារណា​កាត់​ជំនួយ ​ប្រសិន​បើការ​បោះឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​មិន​អាច​ជឿថា ​ជា​ការ​បោះឆ្នោត​សេរី​ និង​យុត្តិធម៌។​

នៅឯ​រដ្ឋ​សភា​ស.រ.អា.​វិញ​មាន​ការ​សួរ​ដេញ​ដោល​កាលពី​សប្តាហ៍​មុន​ដែរ។​ សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក ​Steve Chabot ​ថ្លែង​ថា​ លោក​គាំទ្រ​វិធាន​ការ​ដូចគ្នា​នឹង​ព្រឹទ្ធ​សភា​ដែរ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ស្សាការី ​ឌុយប៊ែល​បាន​អះអាង​ថា​ រឿង​ការ​ប៉ុនប៉ង​កាត់​ជំនួយ​របស់​សភា​ស.រ.អា.​នេះ​មិនទាន់​ដឹង​ថា​ ធ្ងន់ធ្ងរ​ប៉ុណ្ណា​ទេ។​

លោក​និយាយថា៖​ «ពេលខ្លះ​មាន​ការ​លំបាក​ក្នុង​ការ​និយាយ​ថា ​សភា​មាន ​ជំហរ​នយោបាយ​នេះ​ ឬ​ពិត​ជា​ចង់​ធ្វើ​ឲ្យ​ការគំរាមកាត់​ជំនួយ​កើត​ឡើង​ពិត​មែន។​ រឿង​នោះ​គេ​បាន​និយាយ​ថា ​ស.រ.អា. ​បាន​រាំង​ខ្ទប់​ជំនួយ​រដ្ឋាភិបាល​ទៅ​រដ្ឋាភិបាល​ចំពោះ​ប្រទេស​កម្ពុជា​ កាល​ពីអតីត​កាល។​ សភា​ទើប​ទែ​លើក​លែង​ទណ្ឌកម្ម​ កាលពី​ឆ្នាំ​២០០៧​ ទាក់ទង​នឹង​ក្តីបារម្ភ​ពីបញ្ហា​ប្រជា​ធិបតេយ្យ។​ ដូច្នេះ​មិនមែន​ជា​វិធាន​ការ​ដែល​មិន​ធ្លាប់​មាន​ពីមុនទេ​សម្រាប់​ស.រ.អា.»។​

លោក​ឌុយប៊ែល​បាន​បញ្ជាក់​ទៀត​ថា៖​ «ប្រសិនបើ​រដ្ឋាភិបាល​ស.រ.អា.​កាត់​ជំនួយ​ប្រទេស​កម្ពុជា ​រឿងនេះ​នឹង​ទំនង​ជា​ជំនួយ​រវាង​រដ្ឋាភិបាល​ទៅ​រដ្ឋាភិបាល។​ បើកាត់​មែន ​តាមមើល​ទៅ​កាត់តែ​ជំនួយ​ទាក់ទង​នឹងយោធា​ទេ​ ខណៈ​ដែល​បញ្ហា​ទាំង​នោះ​ខ្ញុំ​បាន​ឃើញ​លោក​សមាជិក​សភា​ Steve Chabot​ បាន​បញ្ជាក់​ជាក់​លាក់។​ ពេល​និយាយ​ពីជំនួយ​យោធា​ដល់កម្ពុជា​ រឿង​នេះ​មាន​ជំនួយ​តិចតួច​ជា​សរុប​ទៅ​ ដែល​ស.រ.អា.ផ្តល់​ដល់​កម្ពុជា»។​

ដោយឡែក​លោក​ Joel Brinkley ​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​នៃ​សាកល ​វិទ្យាល័យ​ Stanford ​ស.រ.អា.​បាន​អះអាង​ប្រាប់​វីអូអេខ្មែរ​ថា ​ស.រ.អា.​ទំនង​ជា​មិន​កាត់ជំនួយ​សម្រាប់​ប្រទេស​កម្ពុជា​ទេ ​ទោះជា​លទ្ធផល​នៃការ​បោះឆ្នោត​ចេញ​មកយ៉ាង​ណាក៏​ដោយ។​

លោក​ឲ្យដឹងថា៖​ «ខ្ញុំមិន​ជឿ​ថា​ មាន​ការ​កាត់​ជំនួយ​ទេ។​ សមាជិក​សភា​តែង​ធ្វើការ​គម្រាម​ផ្ទាល់​ខ្លួន​ដូច្នេះ​រៀងរាល់​ពេល ​តែ​សមាជិក​សភា​ទាំង​នេះ​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ឲ្យ​មាន​វិធាន​ការពីសភា​ពេញ​អង្គ​ទេ។​ ក្រៅពី​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ធ្វើ​កិច្ចការ​របស់​ខ្លួន​មុន​ពេល​បោះឆ្នោត​ ដូចជា​ការ​សូក​ប៉ាន់​ ទិញ​ទឹក​ចិត្ត ​គម្រាម​កំហែង​ក្រុមអ្នក​បោះឆ្នោត ​ដើម្បី​ឲ្យ​ពួកគេ​បោះឆ្នោត​ឲ្យ​លោក​ហ៊ុន សែន។​ បន្ទាប់​មក​ដល់ថ្ងៃ​បោះឆ្នោត ​ការ​បោះ​ឆ្នោត​មើល​ទៅ​ហាក់​ដូច​ជា​ស្អាត​ល្អ​ណាស់»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ព្រហ្ម សោរ៍នរ៉ា​ជា​អ្នក​សម្រប​សម្រួល​ការ​តវ៉ា​សុំ​ឲ្យ​ស.រ.អា.​ជួយ​អន្តរាគមន៍​ដើម្បី​ផ្លាស់ប្តូរ​នៅ​កម្ពុជា​ទាក់ទង​នឹង​ប្រជា​ធិបតេយ្យ ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​បញ្ហា​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ជាដើម​។ លោក​បាន​អះអាង​ថា​ ទាំង​សភា​អាមេរិកាំង​និង​រដ្ឋបាល​របស់​លោក​អូបាម៉ា​ហាក់​ដូច​ជា​មាន​ចរន្ត​គាំទ្រ​នៃ​ការ​កែ​ទម្រង់​ប្រទេស​កម្ពុជា​ច្រើន។​

លោក​ថ្លែងថា៖ ​«ព្រោះ​ថា ​សេតវិមាន​ចង់​ធ្វើអី​ខ្វះខាត​ សភា​មិនយល់​ព្រម​ក៏​ធ្វើ​អី​មិន​កើត​ដែរ។ ​ដូច្នេះ​ខាង​សភា​ចាប់ផ្តើម​យល់ព្រម​ហើយ ​ខាង​រដ្ឋាភិបាល​ស.រ.អា.​គ្មាន​អ្វី​ទប់​ទេ ​ព្រោះ​រដ្ឋាភិបាល​ធ្វើតាម​សំណើ​ដែល​យើង​សុំ​ហ្នឹង​សឹងតែ​ទាំង​អស់»។​

គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ ថ្ងៃ​បោះ​ឆ្នោត​ទី​២៨​ ខែ​កក្កដាឆ្នាំ​២០១៣​ ដែល​គេ​ពិបាក​ទស្សន៍​ទាយ​បាន​ថាមាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌ ​ក្នុងនោះ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៉ី​ជា​ដៃគូ​ប្រជែង​ និង​មាន​កម្លាំង​នយោបាយ​ប្រហាក់​ប្រហែល​នឹង ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​៣០ឆ្នាំ។ ​ពលរដ្ឋខ្មែរ​ជាង​៩លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​ដើម្បី​ជ្រើស​អ្នក​តំណាង​រាស្ត្រ​ក្នុង​នីតិកាល​ទី៥ ​ហើយ​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មីមួយក្រោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត៕
XS
SM
MD
LG