ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​រដ្ឋមន្រ្តី​ម៉ាឡាវី​ជាប់​ពន្ធនាគារ ខណៈ​ពេល​មាន​ការព្រួយបារម្ភ​ពី​ការលម្អៀង​ផ្នែក​យុត្តិធម៌


រូបឯកសារ៖ ប្រធានាធិបតី​ប្រទេស​ម៉ាឡាវី​លោក Lazarus Chakwera ថ្លែង​នៅក្នុង​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Chakwera បាន​ចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​ប្រទេស​ម៉ាឡាវី​លោក Lazarus Chakwera ថ្លែង​នៅក្នុង​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Chakwera បាន​ចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ២០២២។

អតីត​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក Henry Mussa និង​ប្រធាន​ផ្នែក​ព័ត៌មាន​ម្នាក់​របស់​លោក​គឺ​លោក Gideon Munthali ដែល​អ្នក​ទាំងពីរ​ជា​សមាជិក​គណបក្ស​ប្រឆាំង Democratic Progressive Party ឬ DPP ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​រយៈពេល​ជាង ៥ ខែ​បន្ទាប់​ពី​ពួកគេ​ទាំង​ពីរ​នាក់ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពុករលួយ។

មន្រ្តី​ទាំង​ពីរ​រូប​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​មន្រ្តី​រដ្ឋាភិបាល​អាណត្តិ​មុន​មួយ​ចំនួន​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​បទ​ពុករលួយ​ក្នុង​យុទ្ធនាការ​បង្រ្កាប ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋបាល​ប្រធានាធិបតីលោក Lazarus Chakwera ​ក្នុង​រយៈពេល​ភ្លាមៗ បន្ទាប់​ពី​លោក​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០២០។

នេះ​រួម​មាន​ការ​ចាប់ខ្លួនលោក​អនុប្រធានាធិបតី Saulos Chilima កាល​ពី​ចុង​ខែ​វិច្ឆិកា ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ទទួល​យក​ប្រាក់ ២៨០.០០០​ដុល្លារ និង​របស់របរ​ផ្សេងៗ​ទៀត​ពី​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​លោក Zuneth Sattar ក្នុង​ការ​ដោះដូរ​នឹង​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ម៉ាឡាវី។ ​

អ្នក​នាំពាក្យ​គណបក្ស DPP លោក Shadreck Namalomba បាន​សាទរ​ចំពោះ​ការ​បង្រ្កាប​នេះ ប៉ុន្តែ​លោក​និយាយ​ថា បញ្ហា​គឺ​ថា​ កិច្ចប្រឹងប្រែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយមាន​ការ​លម្អៀង​ផ្នែក​យុត្តិធម៌។

រូបឯកសារ៖ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក Henry Mussa បង្ហាញខ្លួន​នៅ​តុលាការ​នៅ​ក្នុង​ទីក្រុង​លីឡុងវ៉េ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថត៖ courtesy of Zodiakonline)
រូបឯកសារ៖ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក Henry Mussa បង្ហាញខ្លួន​នៅ​តុលាការ​នៅ​ក្នុង​ទីក្រុង​លីឡុងវ៉េ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថត៖ courtesy of Zodiakonline)

លោក​លើកឡើង​ថា ភាគច្រើន​នៃ​មន្រ្តី​ដែល​ត្រូវ​ចាប់ខ្លួន​គឺ​មក​ពី​អតីត​គណបក្ស​កាន់​អំណាច​ ជាជាង​សម្ព័ន្ធ​គណបក្ស​ Tonse Alliance ដែល​កំពុង​កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​ថ្លែង​ថា៖ «មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាលគណបក្ស Tonse បាន​លា​លែង​ពី​តំណែង និង​បាន​លើកឡើង​ថា មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​ជួរ​រដ្ឋាភិបាលនេះ។ ឥឡូវ​នេះ អ្វី​ដែល​ផ្ទុយ​ស្រឡះ​គឺ​ថា គ្មាន​នរណា​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រដ្ឋាភិបាល​សម្ព័ន្ធគណបក្ស​ Tonse គ្មាន​នរណា​ម្នាក់ត្រូវ​ឆ្លើយតប​នឹង​ករណី​ពុករលួយ​នៅចំពោះ​មុខ​តុលាការ ហើយ​ក៏​គ្មាន​នរណា​ក្នុង​ជួរ​រដ្ឋាភិបាល​ត្រូវជាប់​ពន្ធនាគារ​នោះ​ដែរ»។

លោក Namalomba បាន​និយាយ​ថា ឧទាហរណ៍​ច្បាស់​មួយ​អំពី​ការ​លម្អៀង​ផ្នែក​យុត្តិធម៌​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​គឺ​ការ​ផ្តន្ទាទោស​លោក Mussa និង លោក Munthali ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ ​បើ​ទោះ​បី​ជាអ្នក​ទាំង​ពីរ​បាន​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​បាន​លួចយកត្រឡប់​ទៅ​វិញ​ហើយ​ក៏​ដោយ។

លោក Namalomba ថ្លែង​ទៀតថា៖ «យើង​ឮ​ថា ពួក​ជន​លួច​បន្លំលុយ​កំពុង​ត្រូវ​បាន​លើកលែង​ទោស ដោយសារ​តែ​ពួកគេ​បាន​ប្រគល់​លុយ​ត្រឡប់​ទៅ​វិញ។ នេះ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ។ ស្រប​ពេល​អ្នក​ដទៃ​ទៀត​ដូចជា ករណី​លោក​ Mussa ពួកគេ​បាន​ប្រគល់​លុយ​ត្រឡប់​ទៅ​វិញហើយ ប៉ុន្តែ​លោក​ត្រូវជាប់ពន្ធនាគារ ខណៈ​ជន​ដទៃ​ទៀត​ ដែល​បាន​លួច​បន្លំរដ្ឋាភិបាល​ដូចគ្នា​ ត្រូវ​បាន​លើកលែង​ទោស។ នេះ​ជា​ការ​លម្អៀង​ផ្នែក​យុត្តិធម៌ ហើយ​មិន​គួរ​អត់ឱន​នោះ​ទេ»។ ​

ពាក្យ​ថា «Cashgaters» ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ហៅ​ក្រុម​ជន​ដែល​បាន​លួច​បន្លំលុយ​ក្នុង​រដ្ឋាភិបាល​ម៉ាឡាវី​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០ លាន​ដុល្លារ ក្នុង​អំឡុង​ពេល​រដ្ឋបាល​អតីត​ប្រធានាធិបតី​អ្នកស្រី Joyce Banda ចាប់​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០២១។ គណបក្ស​ People's Party របស់​អ្នកស្រី Banda ស្ថិត​ក្នុង​ចំណោម​គណបក្ស​ចំនួន ៩​ ដែល​បាន​បង្កើត​ជា​សម្ព័ន្ធ​គណបក្ស Tonse Alliance។

​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​កាល​ពី​ដើម​ខែ​មីនា​ថា ជនសង្ស័យ​ពី​បទ​លួច​បន្លំ​រដ្ឋាភិបាល​ចំនួន​ប្រាំ​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ បន្ទាប់ពី​បង់​ប្រាក់​ដែល​ពួកគេ​បាន​លួច​ត្រឡប់​ទៅ​វិញ ហើយ​មនុស្ស​បី​នាក់​ផ្សេង​ទៀត​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ផ្តល់​ប្រាក់​ត្រឡប់​ទៅ​វិញ និងដើម្បី​រួច​ផុត​ពី​ការ​ចោទប្រកាន់។

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក Thabo Chakaka Nyirenda បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ជឿ​ថា ការ​លើកលែង​ទោស​នៅ​តែ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ប្រមូល​ទ្រព្យ​សម្បតិ្ត​រដ្ឋ​ត្រឡប់​មក​វិញ​ពី​ជនសង្ស័យ​ ដែល​ជាប់​ទោស​ពី​បទ​លួច​បន្លំ​រដ្ឋាភិបាល។

អ្នក​វិភាគ​នយោបាយ​លោក George Phiri និយាយ​ថា បញ្ហា​គឺ​ថា រដ្ឋាភិបាល​ម៉ាឡាវី​កំពុង​លាយ​ឡំ​គ្នា​រវាងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​និង​នយោបាយ។

លោក​ថ្លែង​ថា៖ «ពីព្រោះ​ប្រសិន​បើ​អ្នក​មើល​ទៅ​អ្នក​ដែល​ត្រូវបាន​គេ​លើក​ឈ្មោះ​ឡើង ពួកគេ​ជា​សមាជិក​គណបក្ស​ប្រឆាំង Democratic Progressive Party។ តើ​យ៉ាង​ម៉េច​វិញ​ចំពោះ​ករណី​ដូច​ដែល​យើង​បាន​ឃើញ​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​គណបក្ស Tonse? ហើយ​មាន​រឿង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ ដែល​ជនសង្ស័យ​មិន​ត្រូវ​បាននាំ​ខ្លួន​ទៅ​តុលាការ»។

វីអូអេ​មិន​អាច​ទទួល​បាន​ការ​ឆ្លើយតប​ភ្លាមៗ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​ការ​លម្អៀង​ផ្នែក​យុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពុករលួយ​នៅ​ម៉ាឡាវី​នៅ​ឡើយ​ទេ។

ប៉ុន្តែលោក​ប្រធានាធិបតី Chakwera បាន​ប្រាប់​ទៅ​សភា​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ​ថា ការ​ពន្យារពេល​នៅ​ក្នុង​ការ​ពិនិត្យ​មើល​លើ​រឿង​ក្តី​ពុករលួយ​នឹង​បញ្ចប់​នា​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​បង្កើត​តុលាការ​ពិសេស​មួយ​សម្រាប់​ទទួល​បន្ទុក​ប្រឆាំង​នឹង​អំពើ​ពុករលួយ​៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG