ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡាវី​ចាប់​ផ្ដើម​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ពង្រឹង​សមភាព​យេនឌ័រ​ក្នុង​សភា


រូបឯកសារ៖​ មន្ត្រី​គណៈកម្មការ​បោះឆ្នោត​ម៉ាឡាវី អង្គុយលើម៉ាស៊ីនភ្លើង​​ ខណៈការបោះឆ្នោតត្រូវបានពន្យាអស់ប៉ុន្មានម៉ោង នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖​ មន្ត្រី​គណៈកម្មការ​បោះឆ្នោត​ម៉ាឡាវី អង្គុយលើម៉ាស៊ីនភ្លើង​​ ខណៈការបោះឆ្នោតត្រូវបានពន្យាអស់ប៉ុន្មានម៉ោង នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។

ប្រទេស​ម៉ាឡាវី​កំពុង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​ដោយ​ផ្អែក​លើ​សហគមន៍​ ដើម្បី​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៩។ បច្ចុប្បន្ន​ស្ត្រី​មាន​ត្រឹម​តែ​១៥​ភាគរយ​ប៉ុណ្ណោះ​ក្នុងអាសនៈ​សភា​សរុប​ ហើយតួនាទីនៅ​ក្នុង​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​គឺ​មានបុរស​កាន់​តែ​ច្រើន​លើស​លប់។

ប្រទេស​ម៉ាឡាវី​សង្ឃឹម​ថា​នឹង​បង្កើន​ការ​ចូលរួម​នយោបាយ​របស់​ស្ត្រី​ ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៩​ ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​សហគមន៍​នៅ​តាម​ជនបទ។

លោក​ Wisdom Chimgwede គឺ​ជា​អ្នក​ឯកទេស​ផ្នែក​ទំនាក់​ទំនង​សម្រាប់​ការ​ផ្ដួចផ្ដើម​ដែល​ហៅ​ថា​ ទីភ្នាក់ងារ​គ្រប់​គ្រង​យុទ្ធនាការ​បោះឆ្នោត ៥០-​៥០។

​លោក​ Chimgwede និយាយ​ថា៖​

«អ្វី​ដែល​សំខាន់​និង​ជា​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ឥឡូវ​នេះ គឺ​ពិនិត្យ​ទៅលើ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​រចនាសម្ព័ន្ធ​នៅ​តាម​ភូមិ​នានាដើម្បី​ធានា​ថា ​មាន​ស្ត្រី​ចូលរួម​ មាន​ស្ត្រី​ឈរ​ឈ្មោះ​ និង​មាន​ស្រ្តី​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ ដើម្បី​កាន់​តំណែង​ក្នុង​សភា នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៩​ខាង​មុខ​នេះ»។

ទីភ្នាក់ងារ​នេះ​នឹង​សហការ​ជាមួយ​នឹង​ក្រុមអង្គការ​ក្នុង​ស្រុក​ និង​ក្រុម​សាសនា​ជា​ច្រើន​ ហើយ​និងប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គាំទ្រដល់​បេក្ខនារី​ដែល​ឈរ​ឈ្មោះ។

លោក​ Chimgwede និយាយ​ថា៖

«វា​ជា​ឧបករណ៍​ដ៏​សាមញ្ញ​មួយ​ ដែល​អ្នក​អាច​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ​មួយ​ ហើយស្ដាប់​សំឡេង​ដែល​ថត​ទុក។ ប្រសិន​បើ​អ្នក​ចង់​បាន​ព័ត៌មាន​អំពី​សំណួរ​ជាក់​លាក់​ណា​មួយ​ អ្នក​នឹង​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​កាន់​លេខ​ជាក់​លាក់​មួយ​ទៀត​ ដើម្បី​ធានា​ថា​ អ្នក​នឹង​ទទួល​បាន​ចម្លើយ​ទៅ​លើសំណួរ​ដែល​អ្នក​មាន​ ដូចជា​សំណួរ​ថា តើ​អ្នក​អាច​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​យ៉ាង​ដូចម្ដេច? ​តើ​អ្នក​រៀបចំ​គម្រោង​យុទ្ធនាការ​ឃោសនា​បោះឆ្នោតដូចម្ដេច​? ហើយ​តើ​អ្នក​មាន​អ្វី​ខ្លះ​ហើយ?»

ប្រទេស​ម៉ាឡាវី​ បាន​តស៊ូ​អស់​ពេល​ជា​យូរ​មក​ហើយ​ដើម្បី​សម្រេច​សមភាព​យេនឌ័រ​ក្នុង​សភា។ ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៤​ បេក្ខនារី​ឈរ​ឈ្មោះ​ជា​សមាជិក​សភា​ឈ្នះ​ឆ្នោត​បាន​តែ​៣០​អាសនៈ​ប៉ុណ្ណោះ ក្នុង​ចំណោម

​អាសនៈ​សរុប​ចំនួន​ ១៩៣​ ដោយ​ថយ​ចុះ​ពី​ចំនួន​៤៣​អាសនៈ​ក្នុង​ការ​បោះ​ឆ្នោតឆ្នាំ​ ២០០៩។

អ្នកស្រី​ Aisha Mambo សមាជិក​សភា​តំណាង​មណ្ឌល Mangochi-Nkungulu ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាឡាវី​ និយាយ​ថា​ បេក្ខនារី​ឈរ​ឈ្មោះ​ខ្វះ​ខាត​នូវ​ធនធាន​ដែល​គូប្រកួត​ប្រជែង​ជាបុរស​មាន។ អ្នក​ស្រី​និយាយ​បន្ថែម​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ពួក​គេ​នា​ពេល​កន្លង​មក​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​លើស​ដើម ។

អ្នក​ស្រី​ Mambo និយាយ​ថា៖

«ពួក​គេ​បាន​ឲ្យ​អាវ​យឺត​បន្តិចបន្តួចមក​ពួក​យើង​នៅ​ពេល​ចុង​រដូវ​កាល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​យើងមិន​បាន​ចែក​អាវ​យឺត​ទាំង​នោះ​ទេ​ ពីព្រោះអាវ​យឺត​ទាំង​នោះ​វា​មិន​បានជួយ​យើង​ទេ តែ​វា​បែរ​ជា​ធ្វើ​ឲ្យ​ខូច​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​យើង​ទៅ​វិញ។​ ដោយ​សារ​តែ​ពេល​អ្នក​ផ្ដល់​អាវ​យឺត​៥០​ឲ្យ​ទៅ​មនុស្ស​៥០​នាក់​ ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​នោះ​ មនុស្ស​ជា​ច្រើន​នឹង​និយាយ​ថា៖ ទេ! ឲ្យ​អ្នក​ដែល​ទទួល​បាន​អាវយឺត​នោះ​បោះ​ឆ្នោត​ឲ្យ​អ្នកស្រី​ទៅ​ ព្រោះ​អ្នកស្រី​មិន​ចង់​បាន​សន្លឹក​ឆ្នោត​របស់​ពួក​យើង​ទេ»។

អ្នក​ស្រី​និយាយ​ទៀត​ថា​ បេក្ខនារី​ឈរ​ឈ្មោះ​ក៏​ជួប​ប្រទះ​នឹង​ការ​រើស​អើង​ផង​ដែរ។

អ្នក​ស្រី​ Mambo មាន​ប្រសាសន៍​ថា៖​

«ពេល​ខ្លះ​ នៅ​ពេល​ដែល​ស្ត្រី​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មនុស្ស​ជា​ច្រើន​ជេរ​ប្រទេច​ពួកគេដោយប្រើ​ពាក្យ​មិន​សម​គួរ ដូចជា​ស្រី​កញ្ជ្រោង និង​ពាក្យ​អាក្រក់ៗ​ផ្សេង​ទៀត​។ សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ត្រូវ​បាន​គេ​ប្រើ​ពាក្យ​អសុរោះ​ដាក់​ជា​ច្រើន​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រកាន់​នោះ​ទេ។ ខ្ញុំ​ចាប់​អារម្មណ៍​តែ​លើ​អ្វី​ដែល​ខ្ញុំ​ចង់​សម្រេច​បាន​ប៉ុណ្ណោះ»។

លោក​ Vincent Kondowe គឺ​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​ លីឡុងវ៉េ (Lilongwe)។

លោក​ Kondowe ថ្លែង​ថា៖

«ការ​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធនាការ​ ៥០-៥០ ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​ គឺ​ជា​មហិច្ឆតា​ខ្ពស់​ហួស​ហេតុ ហើយ​វា​មិន​អាច​សម្រេច​បាន​នោះ​ទេ។ ត្រូវ​ចាំ​ថា​ នៅ​ក្នុង​ប្រទេស​ម៉ាឡាវី​ មាន​ជំនឿយ៉ាង​ខ្លាំង​ទៅ​លើ​ផ្នត់​គំនិត​វប្បធម៌​និង​គុណ​តម្លៃ​ ដែល​មិន​ចង់​ឲ្យស្ត្រី​ដឹកនាំ​នោះ​ទេ។ ហើយ​ឥឡូវ​នេះ​ បើ​ចង់​បំបែក​របាំង​ប្រពៃណី​វប្បធម៌​ទាំង​នេះ​ គឺ​មិន​អាច​កើត​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​មុនការ​បោះ​ឆ្នោត​នោះ​ទេ»។​

លោក​ Kondowe ​និង​អ្នក​ដទៃ​ទៀត​និយាយ​ថា​ ការ​កំណត់​ចំនួន​ស្ត្រី​គឺ​ជា​វិធី​មួយ​ដែល​មាន​ប្រសិទ្ធភាព​ជាង​ ដើម្បី​បង្កើន​សមភាព​យេនឌ័រ​ ជាពិសេស​តាមរយៈ​ការ​កំណត់ឲ្យ​មាន​ចំនួន​អាសនៈ​ជាក់​លាក់​សម្រាប់​តែ​ស្ត្រី​ប៉ុណ្ណោះ»។

កាល​ពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​បដិសេធ​សំណើ​មួយ​របស់​គណៈកម្មការ​ច្បាប់​ពិសេស ដើម្បី​រក្សា​អាសនៈ​មួយ​ក្នុង​ស្រុក​នីមួយៗ​នៃ​ស្រុក​សរុប​ទាំង​២៨​នៅ​ទូទាំង​ប្រទេស​ឲ្យ​សមាជិក​សភា​ជា​ស្ត្រី។ អាជ្ញាធរ​បាន​អះ​អាង​ថា​ សំណើ​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​បោះឆ្នោត។ ​

គេ​រំពឹង​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ម៉ាឡាវី​នឹង​ចាប់​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោតជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​នេះ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៩ ៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG