ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈាម​អាច​កើន​ឡើង​ក្រោយ​ពី​ទឹក​ជំនន់


នៅ​ឆ្នាំ​២០១១​ ក្នុង​រយៈពេល​ ៩​ខែ​នេះ​ មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ប្រមាណ​ជា​៤៣.៩៨៧​នាក់​ មាន​អ្នក​ស្លាប់​ចំនួន​៦០​នាក់ ហើយមាន​កុមារ​​ខ្មែរ​​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៥៨០​នាក់​ បានឆ្លង​ជំងឺ​គ្រុនឈាម ​ក្នុង​នោះ​កុមារ​ចំនួន​ ៦​នាក់​បាន​ស្លាប់។
នៅ​ឆ្នាំ​២០១១​ ក្នុង​រយៈពេល​ ៩​ខែ​នេះ​ មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ប្រមាណ​ជា​៤៣.៩៨៧​នាក់​ មាន​អ្នក​ស្លាប់​ចំនួន​៦០​នាក់ ហើយមាន​កុមារ​​ខ្មែរ​​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៥៨០​នាក់​ បានឆ្លង​ជំងឺ​គ្រុនឈាម ​ក្នុង​នោះ​កុមារ​ចំនួន​ ៦​នាក់​បាន​ស្លាប់។

មន្ត្រី​សុខាភិបាល​ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ព្រួយបារម្ភ​ថា​ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយចំនួន​អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​គ្រុនចាញ់ ​និង​គ្រុនឈាម​ក្រោយពី​ទឹកជំនន់​ចាប់​ផ្ដើមស្រក។ ​ទោះជាយ៉ាងណា ​នៅ​មិនទាន់​ មាន​សញ្ញា​ណាមួយ​ពី​ការផ្ទុះឡើង​នៃ​ជំងឺ​ទាំងពីរ​នៅឡើយ​ក្នុង​ពេលនេះ។

ទឹក​ជំនន់​នៅកម្ពុជា​ បាន​ចាប់ផ្ដើម​ចាប់តាំង​ពី​ខែ​សីហា​ ហើយ​បាន​លិច​រាល​ដាល​ក្នុង​ខេត្ត​ចំនួន​១៧។ ​ប្រជាពលរដ្ឋ​យ៉ាងតិច​២៥០​នាក់​ បានស្លាប់​ក្នុង​គ្រោះ​ធម្មជាតិ​នេះ។​ ក៏ប៉ុន្ដែ​ចាប់​តាំង​ពី​ខែ​តុលា ​មក​ទឹកជំនន់​បានស្រក​ជា​បណ្ដើរ​ៗ។

លោក​វេជ្ជបណ្ឌិត​ ច ម៉េងចួ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ទឹក​ស្រក ​មាន​ទឹក​ដក់​ជា​ច្រើន​នៅ​តាម​ភូមិ​ និង​ផ្ទះ​ជាហេតុ​ធ្វើ​ឲ្យ​មូស​មាន​ការ​កើន​ឡើង ​ដែល​ជា​កត្តា​ងាយ​នឹងបង្ក​ឲ្យមាន​ជំងឺ​គ្រុនចាញ់​ និង​គ្រុនឈាម។

«យើង​បារម្ភ។ ជា​ការប្រយ័ត្ន។ ជា​ដាច់ខាត​គឺ​មិន​អាច​ប្រហែស​បាន​ទេ។ កាល​ណា​ទឹកស្រក​ទៅវិញ​ វា​មាន​ទឹកដក​នៅ​ជុំវិញ​ផ្ទះ​ នៅ​តាម​ថ្លុកត្រពាំង។​ យើង​មាន​តែ​អប់រំ​គាត់​ឲ្យ​ប្រយ័ត្ន​ កុំ​ឲ្យ​កុមារ​អង្គុយ​នៅ​កន្លែង​ងងឹត​ ពីព្រោះ​មូស​គ្រុនឈាម​អត់​ខាំ​យប់​ទេ»។

ជាមួយគ្នា​នេះ​ដែរ​ លោក​វេជ្ជបណ្ឌិត ​លី ​សុវណ្ណ ​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ជំងឺ​គ្រុនឈាម​ និង​ជំងឺ​គ្រុនចាញ់​ លោក​ព្រួយបារម្ភ​អំពី​ជំងឺ​មួយ​ចំនួន​ទៀត​ ដែល​អាច​មាន​ការ​កើន​ឡើង​ នៅ​ក្រោយ​ពេល​ទឹក​ស្រក​ដូច​ជា ​ជំងឺរាក​រូស ​ជំងឺ​សើស្បែក ​និង​ជំងឺ​ភ្នែកក្រហម​ជា​ដើម។

លោក​បាន​បញ្ជាក់​ថា​ ក្រសួង​សុខាភិបាល​ បានត្រៀម​ថ្នាំ​ពេទ្យ​ និង​បរិក្ខាពេទ្យ​មួយ​ចំនួន​ នៅ​តាម​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​ទាំងអស់​រួច​ជា​ស្រេច​ ហើយ​ដើម្បី​ទប់ទល់​នឹង​ការផ្ទុះ​ជំងឺ​ទាំងនោះ​ឡើង​ជាយថាហេតុ។

«ទី១​គឺ​ខ្លាច​រឿង​រាគ​ដោយសារ​កន្លែង​ផ្គត់ផ្គង់​ទឹក​ដូច​ជា​ទឹក​អណ្តូង ​ស្រះ ​ត្រពាំង​ នោះ​បាន​លិចលង់ ​ទឹក​កខ្វក់​ចូល ​ដួច្នេះ​គឺ​សូម​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន។ ប្រជាពលរដ្ឋ​ ត្រូវតែ​មាន​ការ​ដាំ​ទឹក​ពុះ​ហើយនឹង​មាន​ការដាក់ថ្នាំ​ក្លូរ៉ាមីន​ ទី​២​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​បើ​កាលណា​លិច​ ទឹក​អញ្ចឹង​ខ្លាច​មាន​គ្រុនឈាម។ ​ទី៣​អាច​សើស្បែក។ ទី៤​ អាច​ជំងឺ​ឈឺ​ភ្នែក​ហើយ​គ្រុនចាញ់​ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួង​សុខាភិបាល​ បាន​សម្រេច​ធ្វើការ​ចែកមុង​ជូន​ដល់​គ្រប់​ខេត្ត​ក្រុង​ ដែល​មាន​សក្តានុពល​ ដែល​អាច​មាន​ជំងឺ​គ្រុនចាញ់»។

តួលេខ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​គ្រុនចាញ់​ បាន​ឲ្យដឹង​ថា​ កាល​ពី​ឆ្នាំ​២០០០ កម្ពុជា​មាន​អ្នក​ជំងឺ​គ្រុនចាញ់​ចំនួន​១២៩.១៦៧​នាក់​ ហើយ​អាត្រា​នេះ​ មាន​ការ​ធ្លាក់​ជា​បន្ត​បន្ទាប់​រហូត​ដល់​ ឆ្នាំ​២០១០​ មាន​ចំនួន​៥៦.២១៧​នាក់។ ចំណែកឯ​នៅ​ឆ្នាំ​២០១១​ ក្នុង​រយៈពេល​ ៩​ខែ​នេះ​ មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ប្រមាណ​ជា​៤៣.៩៨៧​នាក់​ មាន​អ្នក​ស្លាប់​ចំនួន​៦០​នាក់។ ដោយឡែក​គិត​មក​ទល់​ដើម​ខែ​ឧសភា​ ឆ្នាំ​២០១១​នេះ​ មាន​កុមារ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៥៨០​នាក់​ បានឆ្លង​ជំងឺ​គ្រុនឈាម ​ក្នុង​នោះ​កុមារ​ចំនួន​ ៦​នាក់​បាន​ស្លាប់។

ជំងឺ​គ្រុនឈាម​ ភាគច្រើន​កើត​លើ​កុមារ​ ដែល​មាន​អាយុ​តិច​ជាង​១៥​ឆ្នាំ។ ​ជំងឺ​នេះ​ចម្លង​ដោយ​មូស ​ខ្លា។ ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​១០.០០០​នាក់​ទៅ​ ១២.០០០​នាក់ ​ក្នុង​មួយ​ឆ្នាំ​ៗ​ឆ្លង​ជំងឺ​នេះ ​ក៏ប៉ុន្ដែ​អត្រា​ស្លាប់​ ដោយសារ​ជំងឺ​នេះ​ មាន​កម្រិត​ក្រោម​មួយ​ភាគរយ។ ​ម្យ៉ាងវិញ​ទៀត​ជំងឺ​គ្រុន ឈាម​នៅ​កម្ពុជា​តែងតែ​ផ្ទុះ​ឡើង​រាតត្បាត​យ៉ាងខ្លាំង​ក្លា​ ជា​ប្រចាំ​រវាង​ពី​៣​ទៅ​៥​ឆ្នាំ​ម្តង ​ដោយ​ឆ្នាំ​២០១១​នេះ​ គឺ​វដ្ត​នៃ​ការផ្ទុះ​របស់​ជំងឺ​គ្រុនឈាម​ផងដែរ។

លោក ​គឹម ​រតនា ​នាយក​អង្គការ​ការីតាស​កម្ពុជា​ ដែល​ជា​អង្គការ​មួយ​ ដែល​បានធ្វើការ​ទៅលើ​ផ្នែក​សុខភាព​ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា​ទន្លាប់​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិនទាន់​មាន​ការ​កែប្រែ​នៅ​ឡើយ​ ចំពោះ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ និង​បង្គន់​អនាម័យ​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ មាន​ការ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​ផ្សេង​ៗ​ ក្នុងពេល​មាន​ទឹក​ជំនន់​នេះ។

លោក​បាន​បញ្ជាក់​ថា​ កក្តា​ទាំង​នេះ​គួរ​តែ​មន្រ្តី​សុខាភិបាល​ពង្រឹង​បន្ថែម​លើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ មាន​ការផ្លាស់ប្តូរ​ទន្លាប់​ដែល​មិន​ល្អ​ចេញ។

«ប្រជាជន​គាត់​គួរតែ​ប្រុងប្រយ័ត្ន​ ពីព្រោះ​ អី​គាត់​អាច​ប្រឈម​នឹង​ជំងឺ​ឆ្លង​តាមរយៈ​ទឹក​នេះ។​ ការបន្ទោរបង់​របស់​គាត់​នោះ​ យើង​ឃើញ​ថា​ គាត់​មិន​មាន​បង្គន់​អនាម័យ​គ្រប់ៗ​គ្នា​នោះ​ទេ។​ អញ្ចឹង​វា​អាច​នឹង​ធ្វើ​ឲ្យ​ទឹក​នោះ​កាន់​ តែ​កខ្វក់​ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់។ ​បើ​ទោះបី​ ជា​ទឹក​ស្រក​មែន​យើង​ឃើញ​ថា នឹង​អាច​កើត​មូស​ច្រើន​ ហើយ​បើ​ប្រជាជន​ គាត់​មិន​បាន​ប្រុងប្រយ័ត្ន​ដេក​មិន​បាន​ដាក់​មុង​ឲ្យ​ត្រឹមត្រូវ​ទេ​នឹងអាច​បណ្តាល​ឲ្យមាន​ជំងឺ​គ្រុនចាញ់​ និង​គ្រុនឈាម​បាន។

លោក​វេជ្ជបណ្ឌិត ច ​ម៉េងចួ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ​បាន​បញ្ជាក់​ថា​ ក្រសួង​សុខាភិបាល​ បាន​ធ្វើ​កំពុង​ផ្ដល់​ការអប់រំ​នៅ​តាម​មូលដ្ឋាន​ពី​ជំងឺ​ចម្លង​ដោយសារ​សត្វ​មូស​ទាំង​ពីរ​ប្រភេទ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG